ទីប្រឹក្សា ​និង​ជំនួយ​ការ​ផ្ទាល់​របស់​លោក​​ហ៊ុន សែន​ជាង​១០០​នាក់​​ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

បន្ទាប់​​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​ ​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ក្នុង​អាណត្តិ​ថ្មី​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ ​កាលពី​ថ្ងៃ​អង្គារ​ ​បាន​ត្រាស់​បង្គាប់​តែង​តាំង​​ទីប្រឹក្សា​ផ្ទាល់​ ​និង​ជំនួយ​ការ​ចំនួន​១០១​នាក់​​ដល់​លោក​​ហ៊ុន សែន​ សម្រាប់​​ដឹកនាំរដ្ឋាភិបាល​​រយៈពេល​​៥​ឆ្នាំ​ទៀត។

ទីប្រឹក្សា​ផ្ទាល់​ និង​ជំនួយ​ការ​ថ្មីរបស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ​ចំនួន​១០១​នាក់​ ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​នេះ​ ​ដោយ​មាន​តំណែង​ស្មើ​នឹង​ពី​អគ្គ​នាយកដល់​ទេស​រដ្ឋមន្ត្រី​ និង​ទទួល​ប្រាក់​ប្រៀវត្សរ៍​ពី​រដ្ឋាភិបាល​កម្ពុជា។​ នេះ​បើ​យោង​តាម​ព្រះ​រាជ​ក្រិត្យ​ដែល​ ​VOA​ ​ទទួល​បាន។

ព្រះ​រាជ​ក្រឹត្យ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ចុះ​ហត្ថ​លេខា​ដោយ​លោកសាយ ឈុំ​ ប្រមុខ​រដ្ឋ​ស្ដីទី​ និង​ជា​អនុ​ប្រធាន​បក្ស​កាន់​អំណាច​ ​បញ្ជាក់​ក្នុង​មាត្រា​១​ថា​ ​ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់តំណែង​ទីប្រឹក្សា​ផ្ទាល់​ ​និង​ជំនួស​ការ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ ​ដែល​បាន​ទទួល​ការ​តែង​តាំង​មុន​ថ្ងៃ​ទី៦ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨។​

ក្នុង​មាត្រា​២​នៃ​ព្រះ​រាជ​ក្រឹត្យ​ ​ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់​តែង​តាំង​ទីប្រឹក្សា​ផ្ទាល់​ដល់​លោក​នាយក​រដ្ឋ​មន្រ្តី​ចំនួន​៤៦​រូប​ ក្នុង​នោះ៣រូប​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្រ្ដី​ ​២៤រូប​ មាន​ឋានៈ​ស្មើ​រដ្ឋមន្រ្ដី ​និង​១៩រូប​ទៀត​ មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ។​ ​ក្នុង​ចំណោម​នោះ​ ​ទីប្រឹក្សា​១០​រូប​មិន​ទទួល​ប្រាក់​បៀវត្សរ៍។ ចំណែក​ជំនួយ​ការផ្ទាល់​មាន​ចំនួន​៥៥រូប​ ​ក្នុង​នោះ២២​រូប​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​ ​១៧​រូប​មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ​ ​និង​១៦​រូប​ទៀត​មាន​ឋានៈ​ស្មើ​អគ្គ​នាយក​ ​ដែល​ក្នុង​នោះ​មាន​ជំនួយ​ការ​មួយ​រូប​ មិន​ទទួល​ប្រាក់​បៀវត្សរ៍។

ក្នុង​មាត្រា​៣​នៃ​ព្រះ​រាជ​ក្រឹត្យ​ត្រូវ​បាន​សរសេរ​បញ្ជាក់ក្នុងន័យដើមថា៖​

«សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះ​រាជ​ក្រឹត្យ​នេះ​ ចាប់​ពីថ្ងៃ​ឡាយ​ព្រះ​ហស្ថ​លេខា​តទៅ»។​

លោកផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ប្រាប់​ ​VOA​ ​ថា​ ជំនួយ​ការ​ និង​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ទាំង​ជាង​១០០​នាក់​ ​នឹង​ជួយ​ពិនិត្យតាម​ដានដើម្បី​ឲ្យ​ការ​ដឹកនាំ​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង​គ្រប់​វិស័យ។​

លោក​បញ្ជាក់​ថា៖​

«បើ​យើង​គិត​១០១​នាក់​ ​ដែល​ជា​ជំនួយ​ការ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោហ៊ុន សែន ​ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ​១៦​លាន​នាក់​ ​បើ​យើង​គិត​ជាសមាមាត្រ​មិន​ជា​ច្រើន​ប៉ុន្មាន​ទេ។ ​ខ្ញុំ​ជឿ​ជាក់​ថា ​ជំនួយ​ការសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​ ​លោក​ទទួល​បន្ទុក​គ្រប់​វិស័យ​ទាំងអស់ ​ក្នុងការ​អនុវត្ត​ផែនការ​ឲ្យ​ទៅ​ដល់​ទិសដៅ​ដែល​គេ​ហៅ​ថា​ ​ប្រសិទ្ធភាព​នេះ​ឯង»។​

លោកផៃ ស៊ីផាន មិន​អាច​បញ្ជាក់​ថា​ ​តើ​រដ្ឋាភិបាល​ត្រូវ​ប្រើ​ថវិកា​ជាតិ​ចំនួន​ប៉ុន្មាន​ដើម្បី​ចំណាយ​លើទី​ប្រឹក្សា​ ​និង​ជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តីនោះ​ទេ។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ កាល​ពី​ថ្ងៃទី​២៩​ ខែ​កក្កដា ឆ្នាំ​២០១៨​ ​ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ជា​គណបក្ស​ប្រឆាំង​ដែលទទួល​បាន​សំឡេង​គាំទ្រ​ជាង​៤០​ភាគ​រយនៅ​ទូទាំង​ប្រទេស​ កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។​ អវត្ត​មាន​គណបក្ស​ប្រឆាំង​នា​ពេល​បោះ​ឆ្នោតឆ្នាំ​២០១៨​ គឺ​ដោយ​សារ​តុលាការ​កំពុល​បាន​រំលាយ​គណបក្ស​នេះ​ចោល​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ដោយ​ចោទ​ថា ​គណ​បក្ស​នេះ​បាន​ឃុប​ឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​ក្នុង​អាណត្តិ​ថ្មី​ ​ដោយ​បន្ត​ដឹកនាំ​កម្ពុជា​រយៈពេល​៥​ឆ្នាំទៀត។​ ​គណៈ​រដ្ឋមន្ត្រី​ដែល​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ​ហ៊ុន សែន​ មាន​ឧបនាយក​រដ្ឋមន្ត្រី​ចំនួន​១០​រូប​ ​ទេសរដ្ឋ​មន្ត្រី​១៧​រូប​ ​និង​រដ្ឋ​មន្ត្រី​ចំនួន​២៩​រូប។​ ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​នេះ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ​ ​ប៉ុន្តែ​មាន​ការ​បញ្ចូល​សមាសភាព​ថ្មី​នៃ​តំណែង​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​បង្កើន​ចំនួន​រដ្ឋមន្ត្រី​មួយ​រូប​ ​ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃសមាស​ភាព​រដ្ឋាភិបាល​កើន​ដល់​៥៦​រូប។

លោក​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ រដ្ឋាភិបាល​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​តួនាទី​របស់ទីប្រឹក្សា​ ​និង​ជំនួយ​ការ​ទាំង​នោះ​ ​ដើម្បី​ធានា​ថា​ ​ការ​ចំណាយ​ថវិកា​ជាតិនឹង​ធ្វើ​ឡើង​ដោយ​មាន​ប្រសិទ្ធ​ភាព។​

លោក​បញ្ជាក់​ថា៖​

«ទី​១​គឺ​ត្រូវ​បញ្ជាក់​អំពី​វិស័យ​ណា​ដែល​យើង​ត្រូវ​ការ​ទីប្រឹក្សា​ដើម្បី​ប្រើ​ទីប្រឹក្សា​ហ្នឹង​ ​ហើយ​បាន​យើង​មើល​អំពី​សមត្ថ​ភាព​ ​ហើយ​នៅ​ក្នុង​ហ្នឹង​ក៏​យើង​អាច​ប៉ាន់​ប្រមាណ​បាន​ដែរ​ទៅ​លើ​វិស័យ​នីមួយៗ ថា​តើ​វិស័យ​នីមួយៗ​ហ្នឹង​ត្រូវ​ការ​ទីប្រឹក្សា​ច្រើន​អ៊ីចឹង​ទេ?​ ​អាហ្នឹង​យើង​អាច​ធ្វើ​ការ​ប៉ាន់​ប្រមាណបាន​ហើយ​ថា​ តើ​សម​ ឬ​មិនសម​ ហើយ​មាន​ប្រសិទ្ធភាព​ ឬអត់ក្នុង​ថ្ងៃ​អនាគត»។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ហាម​ឃាត់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ៥​ឆ្នាំ​នោះ​ ​គេ​ឃើញ​សហគមន៍​អន្តរជាតិ​ដែល​ភាគ​ច្រើន​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អូស្រ្តាលី​ ​និង​កាណាដា​ជា​ដើម​ ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ​ជា​បន្ត​បន្ទាប់។​

សហ​រដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ដក​ជំនួយ​អភិវឌ្ឍន៍​មួយ​ចំនួន​ជា​បន្តបន្ទាប់​ ​ព្រម​ទាំង​បាន​ព្រមាន​ជា​ច្រើន​ដង​ថា ​នឹង​ចាត់​វិធានការ​ជាក់​លាក់​ ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ៕