ពិធីបុណ្យអុំទូកប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ទៅដោយមានអ្នកចូលរួមកម្សាន្តសប្បាយចំនួនជាង៣០០នាក់បានស្លាប់នៅក្នុងការរត់ផ្អើលជាន់គ្នា នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីមានសមត្ថកិច្ច។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ មានប្រសាសន៍ថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្រោយពេលអ្នកមកលេងក្នុងពិធីបុណ្យអុំទូក បានជាប់ស្ទះដំណើរនៅលើស្ពានដែលទើបត្រូវសាងសង់ថ្មីមួយដែលភ្ជាប់ទៅតំបន់អភិវឌ្ឍន៍កោះពេជ្រក្នុងក្រុងភ្នំពេញ។ ក្រោយមកមានអ្នកចូលរួមខ្លះបានដួលសន្លប់ដែលបានបណ្តាលឲ្យមានការភ័យផ្អើលឆោឡោ។
រថយន្តសង្គ្រោះបន្ទាន់និងរថយន្តប៉ូលីសបានបើកទៅវិញទៅមករវាងតំបន់មាត់ទន្លេនិងមន្ទីរពេទ្យ ដើម្បីដឹកជញ្ជូនអ្នករងគ្រោះ។
«ពូអើយ! ហៅពេទ្យសិនមក។ នៅបីបួននាក់ទៀតមិនទាន់រកឃើញផង។ ពូអើយពូ ជួយខាងនេះសិនពូ»។
នៅមន្ទីរពេទ្យកាល់ម៉ែត្រ អ្នករបួសត្រូវគេលើកចេញពីរថយន្តសង្គ្រោះបន្ទាន់យកទៅដាក់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែដោយឧបករណ៍សម្ភារៈរបស់មន្ទីរពេទ្យមិនគ្រប់គ្រាន់ អ្នករបួសជាច្រើនត្រូវគេលើកយកទៅដាក់នៅកន្លែងផ្សេងទៀត រួមទាំងតាមច្រកផ្លូវដើរក្នុងមន្ទីរពេទ្យផង។
អ្នករងរបួសខ្លះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។
វេជ្ជបណ្ឌិតបានប្រាប់ឲ្យអ្នករបួសខំប្រឹងតាំងអារម្មណ៍។
«ជាន់គ្នាហ៎្មងហ្នឹង ជាន់គ្នា។ ដល់ពេញអញ្ចឹងដណ្តើមគ្នាលោតពីលើស្ពាន ខ្លះបាក់ដៃបាក់ជើង។ ស្ទះផ្លូវតែម្តង ទៅមុខក៏មិនរួច មកក្រោយក៏មិនរួច លោតក៏លោតមិនចង់កើត បើយើងមិនលោតយើងងាប់»។
បើតាមសាក្សី មានសាកសពមនុស្សទាំងក្មេងទាំងចាស់ នៅលើស្ពានកោះពេជ្រនោះ។
«ប្រឹងដកមួយៗ វែងៗណា៎ អត់អី ហើយតាំងអារម្មណ៍ អត់អីទេកុំភ័យ ណា៎យល់ទេ?»
អ្នករងរបួសខ្លះស្រែកយំថ្ងូរដោយការឈឺចាប់។
«ពូ ខ្ញុំឈឺជើងណាស់! ពូ! ជួយខ្ញុំឈឺជើងណាស់ពូ!»
មានពលរដ្ឋជាច្រើនម៉ឺននាក់ច្រើនពាន់នាក់បានចូលរួមក្នុងពិធីបុណ្យអុំទូកនៅពេលមានព្រឹត្តិការណ៍ផ្អើលជាន់គ្នានេះកើតឡើង៕