សកម្មជនសង្គម លោក នី ណាក់ ត្រូវបានបញ្ជូនចេញពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកពន្ធនាគារ និងភរិយារបស់លោក នី ណាក់។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោក នី ណាក់ ត្រូវបានបញ្ជូនចេញទៅពន្ធនាគារត្រពាំងផ្លុង កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ដោយសារមានកំណើនជនជាប់ឃុំច្រើននៅពន្ធនាគារព្រៃស។
លោកបន្ថែមថា ការបញ្ជូនលោក នី ណាក់ និងអ្នកជាប់ឃុំផ្សេងទៀតចេញគឺដើម្បីសម្រួលភាពចង្អៀតណែនក្នុងពន្ធនាគារព្រៃស។
ប៉ុន្តែភរិយារបស់លោក នី ណាក់ អ្នកស្រី សុខ ស៊ីណែត អាយុ ៤២ ឆ្នាំ និងមានកូន ២ នាក់ បានស្នើឱ្យអាជ្ញាធរបញ្ជូនស្វាមីមកឃុំខ្លួនក្នុងពន្ធនាគារនៅភ្នំពេញវិញ ដើម្បីអ្នកស្រីងាយស្រួលទៅសួរសុខទុក្ខ ហើយមិនចំណាយប្រាក់ច្រើន។
អ្នកស្រីបន្ថែមថា ពន្ធនាគារត្រពាំងផ្លុងមានការរឹតបន្តឹងខ្លាំង ដូច្នេះវាប៉ះពាល់ស្វាមីរបស់អ្នកស្រី។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ទីនោះ គេរឹតបន្តឹងសេរីភាពខ្លាំង តិច ឬច្រើនគាត់រងនូវសម្ពាធផ្លូវចិត្ត»។
កាលពីកន្លងទៅ អ្នកស្រី សុខ ស៊ីណែត ថ្លែងថា អ្នកស្រីបានជួបស្វាមីនៅពន្ធនាគារព្រៃស ហើយស្វាមីបានផ្តាំផ្ញើថា ខ្លួនបានសុំទោស និងសោកស្ដាយចំពោះកំហុសដែលបានយកព័ត៌មានពីក្រៅស្រុកដែលគ្មានមូលដ្ឋានច្បាស់លាស់មកបង្ហោះក្នុងបណ្ដាញហ្វេសប៊ុក។ ប៉ុន្តែក្រោយមក អ្នកស្រីអះអាងថា ស្វាមីរបស់អ្នកស្រីបានប្តូរជំហរវិញ។
នៅលើហ្វេសប៊ុករបស់លោក នី ណាក់ មានការបង្ហោះព័ត៌មានថា៖ «សូមប្រកាស ខ្ញុំបាទមិនធ្វើការសុំទោស ដើម្បីជាថ្នូរនឹងការមានសេរីភាពឡើយ។ ខ្ញុំបាទនៅតែបន្តធ្វើការតស៊ូមតិ និងសុខចិត្តជាប់ឃុំរហូតដល់រួចទោសជាស្ថាពរ»។
បើតាមសារនៅលើហ្វេសប៊ុកនោះ ការចេញវីដេអូរបស់ភរិយាលោក នី ណាក់ កាលពីកន្លងទៅមិនបានឆ្លុះបញ្ចាំងពីជំហររបស់លោក នី ណាក់ ឡើយ។
គួរបញ្ជាក់ថា លោក នី ណាក់ អាយុ ៤៦ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ ក្រោមបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
លោក នី ណាក់ ម្ចាស់គណនេយ្យសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្ម តែងតែរិះគន់ចំណុចអវិជ្ជមាននានាក្នុងសង្គម តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក ជាពិសេសពាក់ព័ន្ធវិស័យកសិកម្ម។ លោកក៏ធ្លាប់ជួបជាមួយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ ១៨ ខែ ពីបទ «ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីចុងឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងលក្ខណៈកំប្លែង រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩៕