ចេញ​ពី​ពន្ធនា​គារ ​តែ​មិន​រួច​ផុត​ពី​តុលាការ៖ ​សំណុំ​រឿង​មិន​ទាន់​បញ្ចប់ ​សកម្មជន​ប្រឹងប្រែង​រស់​ទាំង​ត្រដរ

អ្នកស្រី ឡុង សុគន្ធី សម្លឹង​មើល​សំណុំរឿង​តុលាការ​នៅក្នុង​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ឃុំ​អូរបីជាន់​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយ​មាន​​ជ័យ​ ថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

កាលពី​ ៥ ​ឆ្នាំ​មុន ​ក្រុម​អ្នក​តវ៉ា​ជាច្រើន​នាក់​បាន​អូស​ទីងមោង​ ប្រឡាក់​ដោយ​ឈាម​ក្លែង​ក្លាយ​តំណាង​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ​មួយ​រូប​ ក្នុង​ក្រុង​ប៉ោយ​ប៉ែត។ ​ពួក​គេ​ចង់​ឲ្យ​គេ​ឯង​ដឹង​ឮ​ការ​ជំទាស់​របស់​ពួកគេ​ ចំពោះ​ការ​បណ្តេញ​ចេញ​ពី​ដី​នៅ​សហគមន៍​របស់​ពួក​គេ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក។ ​អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ កំពុង​ប្រឈម​នឹង​ផលវិបាក​ជាច្រើន​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ ​គិត​ចាប់​តាំង​ពី​ការ​ចេញ​តវ៉ា​នោះ​មក។​

លោក ​ឆេង​ ប៊ុនហាក់​ ដែល​ជា​សកម្មជន​និង​មេ​ដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ការ​តវ៉ា​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​រារាំង​ ឬ​ប្រើ​ប្រាស់​មធ្យោបាយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​ និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។​

ប៉ុន្តែ​ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ដោះ​លែង ​ក្រោយ​មាន​ការ​ដាក់​សម្ពាធ​ជាបន្ត​បន្ទាប់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​អន្តរជាតិ​មក​នោះ ​ចៅ​ក្រម​ស៊ើប​អង្កេត​បាន​បញ្ជា​ឲ្យ​លោក​ទៅ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍​ប៉ូលិស ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ រៀង​រាល់​ថ្ងៃ​ទី​ ២៥​ នៃ​ខែ​នីមួយៗ​ ហើយ​លោក​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​នេះ មក​ទល់​នឹង​សព្វ​ថ្ងៃ។​

អង្គុយ​នៅ​ក្នុង​ផ្ទះ​របស់​លោក​ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ដែក​ក្នុង​ក្រុង​ប៉ោយប៉ែត​ លោក ​ប៊ុនហាក់​ អាយុ ​៤២ ​ឆ្នាំ​និយាយ​ថា​ លក្ខខណ្ឌ​ត្រួត​ពិនិត្យ​របស់​តុលាការ​បាន​ធ្វើ​ឲ្យ​ជីវិត​លោក​មាន​ការ​លំបាក។

លោក​និយាយ​ថា​ លោក​មិន​ពេញ​ចិត្ត​នឹង​ស្ថានភាព​រស់​នៅ​បច្ចុប្បន្ន​នេះ​ទេ​ ដោយ​សារ​លោក​បាត់​បង់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ក្រោម​លក្ខខណ្ឌ​ឃ្លាំ​មើល​របស់​តុលាការ។​ លោក​ពន្យល់​ថា ​លោក​មិន​អាច​ចូល​រួម​ចលនា​តវ៉ា​បាន​ទៀត​ទេ​ ដោយ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​ម្តង​ទៀត។​

ក្រៅ​ពី​មិន​អាច​ធ្វើ​សកម្មភាព​តស៊ូ​មតិ​បាន​នោះ លក្ខខណ្ឌ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​កំពុង​ដាក់​ឲ្យ​លោក​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ខាង​ហិរញ្ញ​វត្ថុ។ ​

នៅ​មុន​ពេល​លោក​មាន​ក្តីក្តាំ​នៅ​តុលាការ​ លោក​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ក្នុង​ចន្លោះ​ពេល​ពី​បី​ទៅ​បួន​ខែ​ម្តង​ ឬ​ពេល​ខ្លះ​មួយ​ឆ្នាំ។ ​នៅ​ប្រទេស​ថៃ​ លោក​អាច​រក​ចំណូល​បាន​ពី ​៣០០ ​បាត្រ​ ទៅ​ ៤០០ បាត្រ ​ឬ​ប្រមាណ​ ៤ ​ម៉ឺន​រៀល​ ទៅ​ជាង​ ៥​ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ។​ ប៉ុន្តែ​ នៅ​ខេត្ត​បន្ទាយ​មានជ័យ ​លោក​អាច​រក​បាន​ពី ​២ ​ម៉ឺន​រៀល​ ទៅ​ ៤ ​ម៉ឺន​រៀល​ ពី​ការងារ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ​ឬ​កម្មករ​សំណង់។​

ដោយ​មាន​ជាប់​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​លោក​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​រៀង​រាល់​ខែ ​លោក​និយាយ​ថា​ លោក​មិន​អាច​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​បាន​ទៀត​ទេ។​

«កាលណា​ដែល​ខ្ញុំ​មិនបំពេញ​ចឹង គឺ​ខ្ញុំ​ត្រូវ​មាន​ទោស​ គេអាច​ គេ​នឹង​នាំ​ខ្លួន​មួយសាទៀតអ៊ីចឹង»។

លោក ឆេង ប៊ុនហាក់ សកម្មជន​ដីធ្លី​អង្គុយ​នៅក្នុង​ផ្ទះ​របស់​លោក​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​រថភ្លើង ក្នុង​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

លោក​មាន​ប្រសាសន៍​ថា​ នៅ​ពេល​នេះ​ស្ថានភាព​របស់​លោក​កាន់តែ​ពិបាក​ គ្រា​មិន​មាន​ការ​ងារ​ដែល​អាច​ឲ្យ​លោក​ធ្វើ​បាន​ក្នុង​វិស័យ​សំណង់​ នៅ​កន្លែង​ដែល​លោក​រស់​នៅ។​ ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ រឹតតែ​ធ្វើ​ឲ្យ​លោក​បាត់​បង់​ចំណូល​ទាំង​ស្រុង​ សូម្បី​ចំណូល​ដ៏​តិចតួច​នេះ។​

«មិន​មែន​ផ្អឹប​អ៊ីចឹង​ទេ!​ អ៊ីចឹង​ ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ ​ខ្ញុំ​បាត់​បង់​ពេល​វេលា​...​ ខាត​បង់​ពេល​វេលា​ ដែល​ខ្ញុំ​ចង់​ទៅ​ណា​ ក៏​ទៅ​មិន​កើត។ ​ខ្ញុំ​បាត់​បង់​សិទ្ធិ​សេរីភាព»។​

ដោយ​ថ្លែង​ការ​ពារ​ភាព​គ្មាន​ទោស​ពៃរ៍​របស់​លោក អតីត​សកម្មជន​ដីធ្លី​នេះ​និយាយ​ថា ​តុលាការ​គួរ​តែ​ពន្លឿន​ការ​បើក​សវនាការ​ជម្រះ​ក្តី​លោក​ឲ្យ​បាន​ឆាប់។​

«គួរ​តែ​...​គួរ​តែ​បើក​ការ​ គេ​ហៅ​ថា​សវនាការ​ដើម្បី​ [ដឹង​ថា]​...​ខ្ញុំ​មាន​ជាប់​ ឬ​មួយ​ក៏​ខ្ញុំ​ត្រូវ​មាន​ទោស​អី​ គឺ​ត្រូវ​តែ​...​ត្រូវ​តែធ្វើ​ទៅ»។​

រឿង​ក្តី​របស់​លោក ​ប៊ុនហាក់​ ស្ថិត​ក្នុង​ចំណោម​រឿង​ក្តី​ជិត ​៤ ​ម៉ឺន​សំណុំ​រឿង​ ដែល​ទុក​ចោល​មិន​ទាន់​ចាត់​ការ​នៅ​តាម​សាលា​ដំបូង​រាជធានី​ខេត្ត ​ដែល​ភាគ​ច្រើន​នៃ​សំណុំ​រឿង​ទាំង​នោះ ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។​

ការ​ពន្យារ​ពេល​ដែល​គ្រោង​ទុក​

លោក ​Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ និយាយ​ថា​ ការ​ពន្យារ​ពេល​ជម្រះ​ក្តី​ គឺ​ជា​រឿង​ដែល​មាន​ចេតនា​គិត​ទុក​ជា​មុន។​

លោក​និយាយ​ថា​ តុលាការ​បាន​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច ​និង​រដ្ឋមន្ត្រី​របស់​ខ្លួន។​ ​លោក​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីម៉ែល​ថា៖ ​«អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​សំណុំ​រឿង​ «ចាស់ៗ»​ ទាំង​នេះ​ មក​ធ្វើ​ជា​រនាំង​ ដើម្បី​រាំង​មិន​ឲ្យ​សកម្មជន​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ឬ​ក៏​ទម្រង់​ផ្សេង​ទៀត​នៃ​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​ ឬ​ក៏​អំពើ​ពុក​រលួយ»។​

លោក​បន្ថែម​ថា៖​ «ជា​ធម្មតា​ ករណី​ទាំង​នេះ​គឺ​ដូច​ជា​ការ​យក​ដាវ​មក​គំរាម​សកម្ម​ជន​ ដូច្នេះ​ពួក​គេ​មាន​អារម្មណ៍​មិន​សុខ​ស្រួល​ក្នុង​ចិត្ត​ ហើយ​ភ័យ​ខ្លាច​ថា​ ពួក​គេ​អាច​ប្រឈម​មុខ​ការ​កាត់​ទោស​ និង​ការ​ដាក់​ក្នុង​ពន្ធនាគារ​ នៅ​ពេល​ណា​ក៏​ដោយ​ដែល​រដ្ឋាភិបាល​ចង់​ធ្វើ»។​

លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា និយាយ​ជាមួយ VOA នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមាន​ជ័យ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

បទ​ពិសោធន៍​របស់​លោក​ ឌិន ពុទ្ធី​ ដែល​រង​សម្ពាធ​តុលាការ​រយៈ​ពេល​បួន​ឆ្នាំ​មក​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ទិដ្ឋ​ភាព​រឹតត្បិត​នេះ។ ​កាល​ពី​ចុង​ឆ្នាំ​ ២០១៦​ ករណី​របស់​សកម្មជន​រូប​នេះ​ ក្នុង​ក្រុង​ប៉ោយប៉ែត​ បាន​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​ឃ្លាំមើល​ នៅ​ពេល​ដែល​ប៉ូលិស​ព្រំដែន​មួយ​រូប ​ដែល​ទំនង​ជា​ធ្វើ​ពុតដួល​ ​ហាក់​ដូច​ជា​រថយន្ត​របស់​លោក ពុទ្ធី​ បុក​អ៊ីចឹង។

លោក ​ឌិន ពុទ្ធី​ ដែល​ជា​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ ត្រូវ​បាន​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ រង់​ចាំ​ការ​កាត់​ទោស​បន្ទាប់​ពី​ហេតុ​ការណ៍​នេះ។

នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ប៉ោយប៉ែត​ លោក​ ពុទ្ធី​ បាន​ទាញ​យក​ឯកសារ​ច្បាប់​មួយ​ដុំ​ធំ ​ដែល​បាន​ទុក​ដាក់​ក្នុង​កញ្ចប់​ឯកសារ​ផ្លាស្ទិក​មួយ​យ៉ាង​រៀប​រយ។​

ទោះ​បី​ជា​លោក​ត្រូវ​ដោះលែង​៣​សប្តាហ៍​ក្រោយ​ការ​ឃុំ​ខ្លួន​ក៏ដោយ​ ​ការ​ចោទ​ប្រកាន់​មក​លើ​រូបលោក ​មិន​ដែល​ត្រូវ​បាន​ទម្លាក់​ចោល​នោះ​ទេ។​ លោក​នៅ​មាន​សំណុំ​រឿង​ពីរ​ផ្សេង​ទៀត​ប្រឆាំង​នឹង​លោក​ ដែល​សំណុំ​រឿង​នោះ​មាន​ប្រភព​ចេញ​ពី​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​របស់​លោក។​ ករណី​មួយ​ដែល​ប្រឆាំង​នឹង​លោក​នៅ​ឆ្នាំ ​២០០៩​ នោះ ​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។​

ស្រដៀង​គ្នា​នឹង​លោក​ ប៊ុនហាក់ ​ដែរ​ លោក​ ពុទ្ធី ​និយាយ​ថា​ លោក​កំពុង​ជួប​ការ​លំបាក​រក​លុយ​ចិញ្ចឹម​គ្រួសារ​ ខណៈ​សំណុំ​រឿង​របស់​លោក​មិន​ទាន់​បាន​បិទ​បញ្ចប់​នៅ​តុលាការ។​

ដោយ​មាន​កូន​បី​នាក់​ក្នុង​បន្ទុក​ ​លោក​និយាយ​ថា​ ករណី​ដែល​មិន​ទាន់​ចាត់ការ​នៅ​តុលាការ​ បាន​រារាំង​មិន​ឲ្យ​លោក​ទទួល​បាន​ការងារ ​ដែល​មាន​ប្រាក់​ខែ​សមរម្យ។ ​ជា​ឧទាហរណ៍​ លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​នៅ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ឯកជន​មួយ ​ប៉ុន្តែ​លោក​មិន​ទាន់​បាន​ការងារ​នោះ​ទេ​ ដោយ​សារ​សំណុំ​រឿង​ទាំង​នោះ​មិន​ទាន់​ដោះ​ស្រាយ​ចប់​នៅ​តុលាការ។​

នៅ​ពេល​អង្គុយ​ក្នុង​ហាង​លក់​ហ្គាស​ និង​ទឹក​បរិសុទ្ធ​តួច​មួយ​ ដែល​ស្ថិត​ក្នុង​ផ្ទះ​របស់​លោក​ នៅ​ជាប់​នឹង​ចិញ្ចើម​ផ្លូវ​បេតុង​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត​ លោក​ ពុទ្ធី​ និយាយ​ថា​ អ្នក​រក​ស៊ី​មួយ​ចំនួន​មិន​ចង់​ធ្វើ​អាជីវកម្ម​ជា​មួយ​លោក​ ដោយ​សារ​ពួក​គេ​ដឹង​ថា​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ។​

លោក​ ពុទ្ធី​ ជឿ​ថា​ តុលាការ​រក្សា​ការ​ចោទ​ប្រកាន់​នេះ​ ដើម្បី​ធ្វើ​ឲ្យ​លោក​មិន​អាច​ត្រឡប់​ទៅ​ធ្វើ​ជា​សកម្មជន​ដែល​រិះគន់​មិន​សំចៃ​មាត់​ដូច​មុន។​ សព្វថ្ងៃ​នេះ​ លោក​ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ​ប៉ុន្តែ​លោក​និយាយ​ថា​ ដោយ​សារ​រង​សម្ពាធ​ពី​តុលាការ ​សកម្មភាព​តស៊ូ​មតិ​របស់​លោក​មិន​ខ្លាំង​ក្លា​ដូច​មុន​ទេ។​

ដោយ​មាន​ការ​ចោទ​ប្រកាន់​ដែល​មិន​ធ្លាប់​ត្រូវ​បាន​ទម្លាក់​ចោល​នោះ​ ​លោក​ ពុទ្ធី​ បន្ត​ថា​ វា​ងាយ​ស្រួល​សម្រាប់​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុកម្នេញ​លោក​តាម​ផ្លូវ​ច្បាប់។​ អាជ្ញាធរ​អាច​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ ប្រសិន​បើ​លោក​ហ៊ាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​តស៊ូ​មតិ។​ លោក​បន្ត​ថា ​លោក​ត្រូវ​ចំណាយ​ច្រើន​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​តុលាការ​ខេត្ត​ម្តងៗ។​

«ចង់​និយាយ​ថា​យើង​រក​...​ រក​លុយ​ទៅ​គ្រាន់​តែ​ដោះស្រាយ​រឿង​ទៅ​មកៗ​ រឿង​តុលាការ​ដែរ​ហ្នឹង!​ វា​អត់​នេះ​ វា​ពិបាក​ ស្មុគ​ស្មាញ​ដែរ​ហ្នឹង!»​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ ការ​ពន្យារ​សំណុំ​រឿង​មាន​ចេតនា​គំរាម​កំហែង​សកម្មជន។​

«ពួក​គាត់​...​គាត់​មិន​ដែល​ទទួល​គាត់​ មិន​ដែល​ទទួល​ថា​ ពួក​គាត់​ហ្នឹង​ ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ផង​ នៅ​ពេល​ដែល​គាត់​បង្ក​ភាព​ចលាចល។​ ហើយ​គេ​អនុវត្ត​ច្បាប់​ចំពោះ​ពួក​គាត់​គាត់​ថា​ អា​ហ្នឹង​ការ​អនុវត្ត​សិទ្ធិ។​ អា​ហ្នឹង​ពួក​គាត់​មាន​ ដែល​ទទួល​ស្គាល់​ពី​អង្កាល់​មក?»​

លោក​បន្ថែម​ថា៖​ «សម្រាប់​សមត្ថកិច្ច​ គឺ​គេ​អនុវត្ត​ច្បាប់​ ជា​ទូទៅ។​ គេ​មិន​គិត​ថា ​សកម្មជន​ មិន​សកម្ម​ជន​អី​នោះ​ទេ។​ ក៏​ប៉ុន្តែ​ជា​គោល​ការណ៍​ច្បាប់​ គឺ​ថា​ មិន​មាន​នរណា​មួយ​អាច​បញ្ជា​ទៅ​តុលាការ​ឲ្យ​ទម្លាក់​ ឬ​មិន​ទម្លាក់​បាន​ទេ។​ អា​ហ្នឹង​ជា​ការ​សម្រេច​របស់​តុលាការ»។​

អ្នកស្រី ​ឡុង សុគន្ធី​ វ័យ​៤៨​ឆ្នាំ​ ជា​សកម្ម​ជន​ដីធ្លី​មួយ​រូប​ទៀត​ ដែល​កំពុង​តស៊ូ​ជា​មួយ​សំណុំ​រឿង​មិន​ទាន់​បញ្ចប់​ នៅ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ។​ អ្នកស្រី​ជា​តំណាង​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​មាន​ទំហំ​ជាង​ ១៤០០ ​ហិកតា​ នៅ​ឃុំ​អូរបី​ជាន់​ ស្រុក​អូរជ្រៅ។ ​

អ្នកស្រី​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១២ ​ខែ ​តាម​ការ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​កម្ម​សិទ្ធិ​ឯកជន។​ ទោះ​បី​ជា​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នេះ​បាន​កើត​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ​២០១៣ ​និង ​២០១៥​ ក៏ដោយ​ ​ក៏ដីកា​ចាប់​ខ្លួន​អ្នក​ស្រី​ត្រូវ​បាន​ចេញ​ដោយ​តុលាការ ​កាលពី​ខែ​មីនា​ ឆ្នាំ​២០១៨​ គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន។​

បើ​ទោះ​ជា​អ្នក​ស្រី​ត្រូវ​បាន​ដោះ​លែង ​អ្នក​ស្រី​ សុគន្ធី ត្រូវ​បាន​តម្រូវ​ឲ្យ​ទៅ​បង្ហាញ​មុខ​នៅ​តុលាការ ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ជា​ច្រើន។​

ក្រៅពី​សំណុំ​រឿង​ទាំង​អស់​ដែល​មាន​ចំនួន​ ១៤ ​សំណុំ​រឿង​ គិត​ចាប់​ពី​ឆ្នាំ ២០១៤ ​រហូត​មក​ដល់​ឆ្នាំ​ ២០១៧​ អ្នក​ស្រី​នៅ​មាន​សំណុំ​រឿង​ចំនួន ​១០​ ទៀត ​ដែល​មិន​ទាន់​ដោះស្រាយ​រួច។​ នេះ​មាន​ន័យ​ថា​ ​ពេល​ខ្លះ​ អ្នកស្រី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការ ​៣ ​លើក ​ក្នុង​មួយ​ខែ។ ​

អ្នកស្រី​បាន​ទៅ​តុលាការ​ កាល​ពី​ចុង​ខែ​ឧសភា​ សម្រាប់​សំណុំ​រឿង​ដែល​អ្នកស្រី​ត្រូវ​គេ​ចោទ​ថា​ បង្ក​ហិង្សា​ដោយ​ចេតនា​នៅ​ក្នុង​ឆ្នាំ​ ២០១៥។​ សាលក្រម​សម្រាប់​សំណុំ​រឿង​នេះ ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ១៥ ​ខែ​មិថុនា​នេះ។​ ដូច​ករណី​ឯ​ទៀត​ដែរ ​អ្នកស្រី​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

នីតិ​វិធី​រឿង​ក្តី​ដែល​ត្រូវ​ចំណាយ​ច្រើន​

លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្តបន្ទាយមានជ័យ ​និយាយ​ជាមួយ VOA នៅ​ការិយាល័យ​របស់​លោក​ក្នុង​ខេត្តបន្ទាយមានជ័យ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

លោក​ ស៊ុំ​ ច័ន្ទគា​ មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ និយាយ​ថា ​អំពើ​ពុក​រលួយ ក្នុង​ផ្នែក​តុលាការ​នៅ​តែ​ជា​បញ្ហា​ព្រួយ​បារម្ភ។​

«នៅ​ពេល​ដែល​យើង​.... ​ការ​គ្រប់​គ្រង​យឺតយ៉ាវ​ ទាក់ទង​ទៅ​លើ​ឯកសារ​ ទាក់​ទង​ទៅ​លើ​អី​ផ្សេងៗតែង​តែ​មាន​បទ​ល្មើស​ គេ​ហៅ​ថា​ ទាក់​ទង​ទៅ​លើ​សូក​ប៉ាន់​ ...​ ឲ្យ​ណេះ​ក្រោម​ណេះ ​ក្រោម​តុ​ ក្រោម​ណេះ​ក្រោម​ណុះ​ ដែល​គេ​មើល​ឃើញ​ថា​ ទៅ​តុលាការ​ថ្ងៃ​ណា​ក៏​អស់​លុយ!​ ទៅ​អស់​លុយ!​ ចង់​បាន​រឿង​លឿន ​ហុច​ខ្លះ​មក! អ៊ីចឹង​ទៅ»។​

លោក​ ច័ន្ទគា​ បន្ត​ថា​ មន្ត្រី​តុលាការ​មួយ​ចំនួន​បាន​បង្កើត​បញ្ជី​សំណុំ​រឿង​នៅ​កក​ មិន​ចាត់ការ​ដោយ​ការ​ពន្យារ​ពេល​សវនាការ​របស់​ជន​ជាប់​ចោទ​ ដើម្បី​ពន្យឺត​ដំណើរ​ការ​កាត់​ក្តី។ ​ចៅក្រម​ខ្លះ​បាន​ពន្យារ​សវនាការ​ដោយ​ការ​ជូន​ដំណឹង​ភ្លាមៗ​ បើ​ទោះ​បី​ជា​ជន​ជាប់​ចោទ​បាន​ធ្វើ​ដំណើរ​មក​ពី​ទី​ឆ្ងាយ ​ដើម្បី​ចូលរួម​សវនាការ។​

«ប៉ុន្តែ​ បើ​សិន​ជា​បើ​នៅ​ពេល​បើក​សវនាការ​ បើ​ប្រជា​ពលរដ្ឋ​អត់​បាន​មក​ គេ​នឹង​កាត់​កំបាំង​មុខ»។​

អ្នកស្រី​ ឡុង សុគន្ធី​ ដែល​សំណុំ​រឿង​កំពុង​ជាប់​គាំង​នៅ​តុលាការ​ ក៏​បាន​ដឹង​ពី​ផលវិបាក​ទាំង​អស់​នេះ​ផង​ដែរ។

អង្គុយ​ក្នុង​ហាង​លក់​ទំនិញ​របស់​អ្នកស្រី អ្នកស្រី​ សុគន្ធី​ មាន​ប្រសាសន៍​ថា អ្នក​ស្រី​បាន​បាត់​បង់​ប្រាក់​ចំណូល​និង​ប្រាក់​សន្សំ​ដោយសារ​ជម្លោះ​ដីធ្លី។​ ជា​ផ្នែក​នៃ​ការ​ចាយ​វាយ​ទៅ​លើ​សេវា​ច្បាប់​ អ្នក​ស្រី​បាន​យក​ប្រាក់​កម្ចី​ប្រមាណ​ ១ ​ម៉ឺន​ដុល្លារ​អាមេរិក​ ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ។ ​

អ្នកស្រី​និយាយ​ថា​ ពេល​ដែល​អ្នក​ស្រី​សង​បំណុល​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នេះ​រួច​មក​ អ្នកស្រី​នៅ​ជាប់​បំណុល​អ្នក​ឲ្យ​ខ្ចី​ប្រាក់​ឯកជន​ផ្សេង​ទៀត​ ក្នុង​នោះ​ក៏មាន​សាច់​ញាតិ​គ្រួសារ​របស់​អ្នកស្រី​ផង​ដែរ។​

រាល់​ពេល​ដែល​អ្នកស្រី​ទៅ​តុលាការ ​អ្នក​ស្រី​មិន​អាច​មាន​ពេល​លក់​ដូរ​គ្រឿង​ទេស​ និង​ភេសជ្ជៈ​ផ្សេង​ទៀត​បាន​ទេ។ ​អ្នកស្រី​និយាយ​ថា ​ខណៈ​ដែល​អ្នកស្រី​ត្រូវ​ទុក​ចំណូល​ប្រចាំ​ថ្ងៃ​មួយ​ភាគធំ​ ដើម្បី​ទូទាត់​បំណុល​នោះ អ្នកស្រី​ចំណាយ​ប្រមាណ​ ១ ​ម៉ឺន​រៀល​ប៉ុណ្ណោះ ​ក្នុង​មួយ​ថ្ងៃ​ស ម្រាប់​អាហារ​និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។​ ដូច្នេះ​អ្នកស្រី​និយាយ​ថា​ ការ​ទៅ​តុលាការ​ម្តងៗ​នោះ​ជា​បន្ទុក​មួយ។​

«ខ្ញុំ​ខាត​បង់​ពេល​វេលា​រក​ស៊ី​ សឹង​តែ​អស់​ទឹកចិត្ត​រក ​ អស់​ទឹកចិត្ត​នៅ​កន្លែង​នេះ។​ មក​ និយាយ​រួម»។​

អ្នកស្រី​បន្ថែម​ថា​ រាល់​បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកស្រី​ពិបាក​ខាង​ផ្លូវ​ចិត្ត​ផង​ដែរ។​ អ្នកស្រី​និយាយ​ថា ​អ្នកស្រី​គ្មាន​ទឹក​ចិត្ត​លក់​ដូរ​ពេល​ខ្លះ​ ព្រោះ​អារម្មណ៍​អ្នកស្រី​ចេះ​តែ​ច្របូក​ច្របល់។​

ដូច​លោក ​ប៊ុនហាក់ ​ដែរ​ អ្នកស្រី​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ដើម្បី​ធ្វើ​ជា​កម្មករ​សំណង់​ ប៉ុន្តែ​ដរាប​ណា​រឿង​ក្តី​មិនទាន់​ដោះស្រាយ​អស់​ នោះ​អ្នកស្រី​មិន​អាច​ចាក​ចេញ​ទៅ​ប្រទេស​ថៃ​បាន​ទេ។​

«ខ្ញុំ​មិន​ចង់​នៅ​ទេ​ ខ្ញុំ​[ចង់]​ទៅ​ថៃ​ឲ្យ​បាត់»។​

លោក​ រឿន​ លីណា​ អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ។​ វីអូអេ ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ងួន ណារ៉ា​ ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទេ។

រូបឯកសារ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌​ ចូលរួមកិច្ចប្រជុំមួយជាមួយតំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ក្រសួង​យុត្តិធម៌​ រាជធានីភ្នំពេញ កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី៧ ខែឧសភា ឆ្នាំ២០២០។

ការ​បោស​សម្អាត​សំណុំ​រឿង​កក​ស្ទះ​

ប្រឈម​មុខ​ការ​រិះគន់​ជា​ច្រើន​ឆ្នាំ ​ចំពោះ​ដំណើរ​យឺតយ៉ាវ​របស់​តុលាការនោះ ក្រសួង​យុត្តិធម៌​ដែល​ទើប​មាន​រដ្ឋមន្រ្តី​ថ្មី ​កាល​ពី​ខែ​ឧសភា ​បាន​បើក​យុទ្ធនាការ​មួយ ​ដើម្បី​បន្ថយ​ការ​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​និង​សំណុំ​រឿង​កក​ស្ទះ​នៅ​តុលាការ។ ​ក្រសួង​យុត្តិធម៌​ឲ្យ​ដឹង​ថា​ យុទ្ធនាការ​នេះ​នឹង​ពន្លឿន​ការ​កាត់​ក្តី​និង​បង្កើន​ការ​ប្រើប្រាស់​នីតិវិធី​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ និង​ការ​ព្យួរ​ទោស។​

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក ​កើត រិទ្ធ ​មាន​ប្រសាសន៍​ កាល​ពី​ខែ​ឧសភា​ថា​ ចំនួន​រឿង​ក្តី​ និង​អ្នក​ជាប់​ក្នុង​ពន្ធនាគារ​បាន​កើន​ឡើង ​ដោយ​សារ​តែ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០១៧។​ ក្រសួង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នៃ​ចំនួន​សំណុំ​រឿង​ដែល​ទុក​ចោល​មិន​ទាន់​ចាត់​ការ​នៅ​តាម​សាលា​ដំបូង​ខេត្ត​នីមួយៗ​នោះ​ទេ។​ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​ បាន​និយាយ​ថា​ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តែ​ឯង​ មាន​សំណុំ​រឿង​ចំនួន​ ១២០០ ​សំណុំ​រឿង ​ដែល​មិន​ទាន់​ចាត់​ការ។​

លោក ​Phil Robertson​ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(Human Rights Watch)​ បាន​និយាយ​ថា​ យុទ្ធនាការ​នេះ ​គួរតែ​ដោះ​ស្រាយ​ការ​កែ​ទម្រង់​រយៈ​ពេល​វែង ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​ និង​ពន្ធនាគារ។ រាល់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា​ ដែល​គ្មាន​ភស្តុតាង​បញ្ជាក់​ត្រឹម​ត្រូវ​នោះ គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល។ ​

លោក​មាន​ប្រសាសន៍​ថា៖ ​«រដ្ឋាភិបាល​កម្ពុជា​ គួរតែ​ទម្លាក់​ចោល​រាល់​សំណុំ​រឿង​នៃ​បទ​ចោទ​ប្រកាន់​សកម្មជន ​ដែល​នៅ​មិន​ទាន់​ចាត់​ការ​នោះ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​អនុវត្ត​សិទ្ធិ​សាមញ្ញ​របស់​ពួកគេ​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ និង​សិទ្ធិ​ស៊ីវិល​ និង​នយោបាយ​ផ្សេង​ទៀត»។ ​

ដោយ​បាន​បន្ទរ​តាម​ការ​ទាមទារ​របស់​លោក ​Robertson​ លោក ​ពុទ្ធី ​បាន​និយាយ​ថា ​លោក​នឹង​ពិភាក្សា​ជា​មួយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ ដើម្បី​សុំ​ឲ្យ​ទម្លាក់​ចោល​រឿង​ក្តី​របស់​លោក។ ​

«ឯកឧត្តម​ កើត រិទ្ធ​ ហ្នឹង​គាត់​ថា​ នឹង​សម្អាត​រឿង​ឲ្យ​អស់​កុំ​ឲ្យ​មាន​សល់​ណា៎!​ កុំ​ឲ្យ​សំណុំ​រឿង​កក​ស្ទះ​ អ៊ីចឹង។ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​គាត់​ហ្នឹង​បញ្ចប់....​បើសិន​ជា​បាន​បញ្ចប់​ទៅ​ ទម្លាក់​ការ​ចោទ​ប្រកាន់ ​ឬក៏​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ ​គឺ​យើង​មាន​ការ​ត្រេក​អរ​ច្រើន​ ព្រោះ​វា​បាន​ជ្រះស្រឡះ​ មិន​ឲ្យ​មាន​អា​ពាក់​ព័ន្ធ​បន្ត​ទៅ​ទៀត​ មាន​ឈ្មោះ​នៅ​តុលាការ​បន្ត​ទៅ​ទៀត»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​នេះ ​មាន​គោល​ដៅ​ដោះស្រាយ​រាល់​បញ្ហា​ទូទៅ​នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​កក​ស្ទះ​នៅ​តុលាការ ​ហើយយុទ្ធនាការ​នេះមិន​មើល​ទៅ​លើ​ករណី​ជាក់​លាក់​របស់​សកម្មជន​សិទ្ធិ​មនុស្ស ​ឬ​ដី​ធ្លី​ណា​មួយ​នោះ​ទេ។​

«ក្នុង​យុទ្ធនាការ​ យើង​មិន​ពិនិត្យ​ទៅ​លើ​សំណុំ​ដោយ​ឡែកៗ​ ឬ​មួយ​ក៏​កំណត់​គោលដៅ​សកម្មជន​ ឬ​មិន​សកម្ម​ជន​ទេ។​ យើង​ពិនិត្យ​ជារួម​តែ​ម្តង»។​

ប៉ុន្តែ​ លោក​ ប៊ុនហាក់​ ដែល​មាន​សំណុំ​រឿង​មិន​ទាន់​បញ្ចប់​នៅ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ឡើយ​នោះ​ មិន​បោះ​បង់​ក្តី​សង្ឃឹម​ទេ។​ លោក​និយាយថា​ តុលាការ​នឹង​បញ្ចប់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។​

«ចង់​បាន​បំផុត​...​ សំខាន់​បំផុត​ គឺ​ខ្ញុំ​មាន​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ជា​មនុស្ស​ថ្លៃថ្នូរ​ដូច​គេ​ ព្រោះ​អី​អ្វី​ដែល​គេ​ធ្វើ​សព្វ​ថ្ងៃ​នេះ​ គេ​ចង​ខ្ញុំ។​ ខ្ញុំ​បាត់​បង់​សិទ្ធិ​សេរីភាព។​ ខ្ញុំ​ខាត​ពេល​វេលា។​ ខ្ញុំ​អត់​បាន​រក​ស៊ី​អី ​..... ​ទៅ​ណា​ មក​ណា។​ ខ្ញុំ​ចង់​ទៅ​ណា​មួយ​ខែ ​ក៏ខ្ញុំ​ទៅ​អត់​កើត​ ព្រោះអី​ខ្ញុំ​បាត់​បង់​សិទ្ធិ​សេរីភាព»៕