ភ្នំពេញ — នៅពេលដែលលោក អ៊ូច មករា បញ្ចាំងរឿង «ឆ្មាំព្រៃ» សម្រាប់ក្រុមគ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រនិងក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានាទស្សនា នៅវិចិត្រសាលនៃវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ ផលិតករភាពយន្តរូបនេះ បានអង្គុយកំដទស្សនិកជនដែលកំពុងទស្សនាភាពយន្តឯកសាររបស់ខ្លួនយ៉ាងស្ងៀមស្ងាត់។
ជាផលិតករភាពយន្តវ័យ ៣០ឆ្នាំ លោក មករា ចូលចិត្តអង្គុយមើលកុនរបស់លោកជាមួយទស្សនិកជនផ្ទាល់ ដើម្បីលោកអាចសង្កេតមើលប្រតិកម្មរបស់ពួកគេដោយផ្ទាល់។
រឿង «ឆ្មាំព្រៃ» ដែលមានរយៈពេលមួយម៉ោង បានបង្ហាញអំពីបេសកកម្មរបស់ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន សាឡួត ដែលស្ម័គ្រចិត្តដឹកនាំសមាគមព្រះសង្ឃ ដើម្បីការពារព្រៃសហគមន៍មួយនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ព្រៃនោះគឺ «ព្រៃសង្ឃរុក្ខវ័ន» មានទំហំប្រមាណ ២ម៉ឺនហិកតា និងជាអតីតទីតាំងតស៊ូចុងក្រោយរបស់កងទ័ពខ្មែរក្រហម។
ផ្ទាំងសំពត់សនៃរឿង «ឆ្មាំព្រៃ» បានផ្ដិតយកបរិយាកាសស្ងប់ស្ងាត់របស់ធម្មជាតិសកម្មភាពដុតភ្លើងយកជ័រទឹកតាមបែបប្រពៃណីរបស់ប្រជាពលរដ្ឋ និងការនេសាទត្រីដោយបង់សំណាញ់ ឬចាប់ត្រីដោយប្រើស្នចាក់។
ទិដ្ឋភាពទាំងនេះបានញែកផលិតកម្មនៃភាពយន្តរបស់លោក អ៊ូច មករា ពីភាពយន្តដទៃទៀតដែលជាប្រភេទភាពយន្តមនោសញ្ចេតនា ភាពយន្តភ័យរន្ធត់តក់ស្លុតដែលពេញនិយមនៅក្នុងទីផ្សារភាពយន្តកម្ពុជា និងតាមកញ្ចក់ទូរទស្សន៍។ តែ លោក អ៊ូច មករា មិនមានបំណងផលិតភាពយន្តដើម្បីតម្រូវទីផ្សារនោះទេ។ លោកបែរមកចាប់អារម្មណ៍ការផលិតភាពយន្តឯកសារទាក់ទងនឹងការអប់រំអំពីសង្គម និងប្រវត្តិសាស្ត្រទៅវិញ។
«ខ្ញុំគិតថា ប្រវត្តិសាស្ត្រគឺជាមេរៀនមួយដែលសំខាន់ សម្រាប់ឲ្យយើងរៀន ឲ្យយើងយល់ពីអ្វីដែលបានកើតឡើង ដើម្បីជាជំនួយដល់ការគិត ជាគ្រឹះដល់ការគិតសម្រាប់អនាគត ហើយយើងគួររៀបចំអនាគតបែបណា ដើម្បីកុំឲ្យវាជាន់ច្រំដែលនឹងប្រវត្តិសាស្ត្រដែលបានកើតឡើង»។
លោក អ៊ូច មករា បច្ចុប្បន្នជាប្រធានផ្នែកផលិតភាពយន្តនៃស្លឹករឹតភាពយន្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកបានប្រើប្រាស់ពេលវេលា ៥ឆ្នាំកន្លងមកដើម្បីផ្តោតទៅលើការផលិតភាពយន្តឯកសារជាច្រើនទាក់ទិននឹងប្រវត្តិសាស្ត្រខ្មែរក្រហម និងការអប់រំអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅកម្ពុជានិងភាពយន្តឯកសារនានាដែលអបរំអំពីការអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ជាតិផងដែរ។
ភាពយន្តដែលលោកផលិតត្រូវបានយកទៅបញ្ចាំងនៅតាមសាលារៀន និងទីវត្តអារ៉ាមជាដើម ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដែលការអប់រំនានាមិនទាន់រីកចម្រើនទូលំទូលាយនៅឡើយ។
លោក អ៊ូច មករា ដែលមានវ័យ៣០ឆ្នាំ កើតនៅទីក្រុងភ្នំពេញ។ តែនៅក្នុងវ័យជំទង់ លោកបានទៅរស់នៅ និងសិក្សានៅខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ម្តាយលោក។ លោកជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រី ៤នាក់ នៅក្នុងគ្រួសារមួយដែលមានម្តាយ និងឪពុកជាកសិករ។ នៅឆ្នាំ ២០០៦ លោកបានចាកចេញពីខេត្តកំពង់ស្ពឺ មករស់នៅភ្នំពេញម្តងទៀតដើម្បីការសិក្សា។ កាលនោះលោក រៀនថ្នាក់ទី១១ ហើយរៀនបណ្តើរ ធ្វើការបណ្តើរ។ លោកបានរៀនជំនាញសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយ។ ប៉ុន្តែក្រោយមកលោកបានទម្លាក់ចោលការសិក្សាលើជំនាញនេះ បន្ទាប់ពីបានរកឃើញថា លោកចូលចិត្តវិស័យសោតទស្សន៍។
«ដោយសារតែយើងមានចំណូលចិត្តខាងហ្នឹងផង ក៏វាទៅរាងលឿនបានគ្រាន់បើ។ អញ្ចឹងខ្ញុំបានចាប់ផ្តើមក្លាយទៅជា អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសសំឡេងនៅ [ផលិតកម្មភាពយន្ត] ខ្មែរមេគង្គ។ ហើយចាប់ផ្តើមមានប្រាក់ខែ មានអីមក ទ្រទ្រង់ការរៀនសូត្ររបស់ខ្ញុំផង»។
លោក អ៊ូច មករា ចង់ដុះខាត់ជំនាញផលិតកុន។ ប៉ុន្តែ លោកពុំអាចរកស្វែងរកជំនាញដែលលោកចង់រៀនទេ នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសកម្ពុជា។ ដូច្នេះ លោកបន្តបណ្តុះជំនាញផលិតកុន នេះតាមរយៈការងារ។ ដោយសារលោកត្រូវធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ លោកឆ្លៀតយកថ្ងៃសៅរ៍ និងអាទិត្យ ដើម្បីរៀនថ្នាក់បរិញ្ញាបត្រ។
លោក អ៊ូច មករា ក៏បានទៅសិក្សាជំនាញផ្នែកសិល្បៈភាពយន្ត នៅក្នុងសាលាភាពយន្តដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក គឺ USC School of Cinematic Arts នៅទីក្រុង Los Angeles រយៈពេលពីរសប្ដាហ៍កាលពីឆ្នាំ ២០១៨។
លោក មករា បានអភិវឌ្ឍខ្លួនពីអ្នកបច្ចេកទេសសំឡេងនៃផលិតកម្មភាពយន្តក្នុងស្រុកមួយ បន្ទាប់មកទៅជាអ្នកថតរូប មុននឹងក្លាយជាផលិតករភាពយន្ត។ ហើយក្រោយមកលោកបានចូលធ្វើការនៅមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ ២០១៣។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា លោកបានឃើញស្នាដៃដំបូងរបស់លោក មករា តាមគេហទំព័រ យូធូប (Youtube)។ ហើយក្រោយពីបានជួបផ្ទាល់ជាមួយលោក មករា លោក ឆាំង យុ យល់ថា លោក មករា ជាយុវជនដែលចេះតស៊ូពុះពារ និងមានទេពកោសល្យ។
«ពូមើលរបៀប មករា ថត។ ទោះបីរឿងសិទ្ធិមនុស្ស ទោះបីរឿងមនុស្សស្រីគម្នាក់ ទោះបីរឿងប្រាសាទបាក់បែកទ្រុឌទ្រោមពេលយប់ក៏ដោយ ក៏យើងអាចមើលឃើញពីសោភ័ណភាពនៅក្នុងភាពខ្មៅងងឹត។ មករា អាចផ្ដោតយកសោភ័ណភាពក្នុងភាពខ្មៅងងឹត។ ហើយពូចង់បានអញ្ចឹង ពីព្រោះរឿងខ្មែរក្រហមគឺជារឿងគ្រោតគ្រាត ជារឿងធុញថប់កាលណាយើងស្ដាប់ទៅ តែបើសិនជាយើងចេះបង្ហាញវានៅក្នុងសោភ័ណភាពមួយ មនុស្សចងចាំបាន អាចយល់ដឹងបាន ហើយចូលកៀកបាន»។
ក្នុងការបំពេញការងារជាច្រើនឆ្នាំមកនេះ លោក អ៊ូច មករា បានធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើន។ ហើយលោកបានផ្តិតយកទិដ្ឋភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំងនោះមកបញ្ចូលក្នុងខ្សែភាពយន្តឯកសាររបស់លោក។
រហូតមកទល់ពេលនេះ លោក អ៊ូច មករា បានផលិតភាពយន្តខ្លីៗនិងភាពយន្តឯកសារចំនួនប្រមាណ ១៥ រឿង ដូចជារឿង« ផ្លូវដ៏វែងឆ្ងាយទៅកាន់ការអប់រំ»។ រឿងនេះឆ្លុះបញ្ចាំងអំពីការពុះពារក្នុងការធ្វើឲ្យកុមារនៅក្នុងសង្កាត់ត្រើយកោះនៃខេត្តកំពត ទទួលបានការអបរ់រំដ៏សមស្របក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។ លោកថតជាវីដេអូមួយ បង្ហាញពីស្ថានភាពនៃសាលាបឋមសិក្សាមួយ ដែលគេសង់លើអតីតរោងបាយក្នុងជំនាន់ខ្មែរក្រហម។រឿងចុងក្រោយនេះគឺរឿង «ឆ្មាំព្រៃ»។
ប៉ុន្តែ រឿងមួយទៀតដែលលោកទទួលបានជោគជ័យលើឆាកអន្តរជាតិនេះ គឺរឿង «ប្រសិនបើថ្មចេះនិយាយ»។ ឈុតឆាកនៃរឿងនេះ បង្ហាញអំពីអតីតកាលដ៏រុងរឿងរបស់កម្ពុជានាសម័យអង្គរ ដែលពេលនោះប្រជាជនមានជឿលើសាសនាហិណ្ឌូនិងសង់ប្រាសាទរាប់រយពាន់នៅទូទាំងប្រទេស និងការជួញដូរវត្ថុបុរាណដោយខុសច្បាប់ ក្រោយពីកម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលក្នុងមួយរយៈពេលយ៉ាងវែង។
ខ្សែភាពយន្តនេះក៏ត្រូវយកទៅបញ្ចាំងនៅក្នុងកម្មវិធីសិក្ខាសាលាអំពីការផលិតភាពយន្ត American Film Showcase នៅទីក្រុង Los Angeles រដ្ឋ California នៃសហរដ្ឋអាមេរិក។
ប្រធានកម្មវិធី American Film Showcase លោកស្រី Rachel Gardin Mark បានទស្សនារឿង «ប្រសិនបើថ្មចេះនិយាយ» ។ លោកស្រីបានឲ្យដឹងថា លោក មករា មានបំណងប្រាថ្នាដ៏ខ្លាំងក្លា ដើម្បីប្រាប់ពីរឿងរ៉ាវនៃប្រទេសខ្លួន ឲ្យពិភពលោកបានមើលឃើញ។ ហើយតាមរយៈភាពយន្តនេះក្រុមគណកម្មាធិការ មើលឃើញអំពីភាពបន្ទាន់ដែលត្រូវការការអន្តរាគមន៍ទៅលើបញ្ហាជួញដូរវត្ថុបុរាណនៅកម្ពុជា។
លោកស្រីប្រាប់ VOA តាមសារអេឡិចត្រូនិចថា៖
«មករា ចង់បង្ហាញថាកន្លែងឧទ្ទិសដល់សាសនាទាំងនេះមានអត្ថន័យចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន មិនមែនតែនៅអតីតកាលនោះទេ។ នៅក្នុងបទបង្ហាញ [pitch] មករា បានលើកឡើងថា ប្រជាជនកម្ពុជាកំពុងបន់ស្រន់ទៅរូបតំណាងទេវតាដែលគ្មានព្រះសិរសា។ ពាក្យពេចន៍ដែលលោកបានថ្លែង គឺមានឥទ្ធិពលយ៉ាងខ្លាំង ចំពោះក្រុមវាគ្មិនដែលផ្ចង់ស្តាប់បទបង្ហាញទាំងអស់។ វាអាចបញ្ចុះបញ្ចូលពួកគេឲ្យយល់ថា គម្រោងភាពយន្តឯកសាររបស់ មករា មានសារសំខាន់ចំពោះទស្សនិកជននៅថ្ងៃនេះ»។
លោក អ៊ូច មករា មានបំណងពង្រីកខ្សែភាពយន្ត «ប្រសិនបើថ្មចេះនិយាយ» ឲ្យទៅជាខ្សែភាពយន្តឯកសារពេញលេញខ្នាតវែងមួយ ដែលស្រាវជ្រាវបន្ថែមអំពីរឿងរ៉ាវចាក់ឫសពីក្រោយចរាចរណ៍វត្ថុបុរាណខ្មែរទៅក្រៅប្រទេស និងប្រព័ន្ធការងារគ្រប់គ្រងថែរក្សាវត្ថុបុរាណទាំងនោះ។
ថ្មីៗនេះ លោក អ៊ូច មករា បានចូលរួមគម្រោងផលិតសៀវភៅកម្រងព្រះឆាយាល័ក្ខនៃព្រះមហាក្សត្រកម្ពុជា និងរាជវង្សានុវង្ស។ សៀវភៅនោះបោះពុម្ពក្រោមចំណងជើងថា «The Royal House of Cambodia» សរសេរដោយលោក Julio A. Jeldres ជាទីប្រឹក្សាព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រកម្ពុជា និងជាអតីតស្មេរព្រះរាជជីវប្រវត្តិរបស់អតីតព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ។ ព្រះឆាយាល័ក្ខ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ដែលលោកបានថតដោយផ្ទាល់ត្រូវបានដាក់ជាក្របមុខនៃសៀវភៅ។
នេះជាលើកដំបូងហើយដែល លោក អ៊ូច មករា បានគាល់ព្រះមហាក្សត្រ និងទទួលគ្រឿងឥស្សរិយយសពីទ្រង់ព្រះករុណា ចំពោះស្នាដៃរបស់លោក៕