Your browser doesn’t support HTML5
យ៉ាងណាក៏ដោយការចាប់ផ្តើមយុទ្ធនាការនេះកាលពីថ្ងៃទី២ខែឧសភាបានគ្របដណ្តប់ដោយអំពើហិង្សាប្រព្រឹត្តលើសកម្មជនគាំទ្រគណបក្សប្រឆាំងនិងអ្នកសារព័ត៌មានហើយមានការបង្ហាញនូវអាវុធរួមទាំងមានដាក់កាំភ្លើងបាញ់រះប្រភេទបាញ់មិនរើសមុខនៅលើរថយន្តដើម្បីជាការគំរាមកំហែងជាដើម។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា៖ «នេះជាការបង្ហាញនូវសាច់ដុំគំរាមកំហែងទៅលើទិដ្ឋភាពនៃការបោះឆ្នោតដែលអសកលមួយដែលទិដ្ឋភាពនៃការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យមិនគួរមានរូបភាពគំរាមកំហែងនិងរូបភាពហិង្សានៃការប្រមាថដល់អាយុជីវិតបែបនេះទេ ហើយចំពោះខ្ញុំគឺជារឿងមួយដែលខ្ញុំសោកស្តាយមែនទែន»។
មានគណបក្សនយោបាយចំនួន៥ដែលចូលរួមក្នុងការបោះឆ្នោតអសកលនេះក្នុងនោះមានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនិងលោកកឹម សុខា។
ក្នុងខណៈពេលដែលបញ្ជាក់ថាច្បាប់ដែលបានចែងទាក់ទងនឹងការងាររបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកខណ្ឌគឺល្អក្នុងការធានាបាននូវការអភិវឌ្ឍន៍សម្រាប់ថ្នាក់ក្រោមជាតិប៉ុន្តែលោកអ៊ូ វីរៈបន្ថែមថាការអនុវត្តជាក់ស្តែងក្រុមប្រឹក្សាទាំងនោះហាក់មិនមានអំណាចនិងភាពក្លាហានក្នុងការជំទាស់នឹងអភិបាលខេត្តដែលមកពីគណបក្សដូចគ្នាទេហើយលទ្ធផលហាក់ដូចជាកំណត់មុនជាស្រេចបើមិនមានភាពមិនប្រក្រតី។
«ការបោះឆ្នោតអសកលនេះគឺជារូបមន្តមួយដែលបំផ្លាញលុយបំផ្លាញពេលវេលាទាំងស្រុងដោយសារការបោះឆ្នោតដោយ[ក្រុមប្រឹក្សា] ឃុំ សង្កាត់....គាត់ត្រូវតែបោះឆ្នោតទៅតាមឆន្ទៈរបស់គណបក្សហើយបេក្ខជនដែលឈរឈ្មោះជាក្រុមប្រឹក្សាខេត្តនិងស្រុកគឺជាបេក្ខជនមកពីបក្សមិនអាចមានបេក្ខជនឯករាជ្យទេ»។
នេះជាការបោះឆ្នោតក្រុមប្រឹក្សាលើកទីពីរក្នុងប្រទេសកម្ពុជាដែលការបោះឆ្នោតលើកមុនគណបក្សមិនកាន់អំណាចបានបាត់បង់សំឡេងរបស់ខ្លួនមួយចំនួនដែលអ្នកខ្លះចោទថាដោយសារលក់សំឡេងទៅឱ្យគណបក្សកាន់អំណាច។ ហើយបើការបោះឆ្នោតលើកនេះមានកើតឡើងនូវករណីដូចនេះមែនលោកវីរៈបានបញ្ជាក់ថាលោកនឹងមិនភ្ញាក់ផ្អើលទេព្រោះលុយនៅតែមានឥទ្ធិពលក្នុងសង្គមប៉ុន្តែវាជា «ភាពអាក្រក់មួយនៃដំណើរការប្រជាធិបតេយ្យ»៕