ភ្នំពេញ — ស្ថិតក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ ផ្សារអូរឬស្សីតែងតែមានសភាពអ៊ូអរតាំងពីពេលព្រឹកដល់ពេលល្ងាច ដោយសារផ្សារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មបណ្តុំទៅដោយការទិញលក់ដុំ និងរាយស្ទើរគ្រប់មុខទំនិញ រួមទាំងសម្លៀកបំពាក់ អាហារស្រស់ គ្រឿងម៉ាស៊ីននិងគ្រឿងអេឡិចត្រូនិចជាដើម។
ប៉ុន្តែចាប់តាំងពីថ្ងៃសៅរ៍ ទី៣ ខែមេសា រហូតមកដល់ពេលនេះ ផ្សារនេះបាននិងកំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់ ដោយនៅខាងមុខផ្សារមានដាក់ខ្សែរចងហ៊ុមព័ទ្ធមិនឲ្យមានការចេញចូល។ កាលពីថ្ងៃទី៣ ខែមេសា ករណីឆ្លងជំងឺកូវីដ១៩ បានផ្ទុះឡើងក្នុងចំណោមអាជីវករនិងសន្តិសុខជាង ៣០ នាក់ នៅក្នុងផ្សារអូរឬស្សីនេះ។ នៅថ្ងៃសៅរ៍ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទផ្សារនេះរយៈពេល ១៤ ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើង។
អាជីករទាំងអស់ត្រូវបានសមត្ថកិច្ចតម្រូវឲ្យស្ថិតនៅតាមផ្ទះរៀងៗខ្លួន និងខ្លះទៀតតម្រូវឲ្យទៅធ្វើតេស្តរកជំងឺកូវីដ១៩ជាដើម។
ធ្លាប់តែប្រកបរបរប្រចាំថ្ងៃដោយលក់ទំនិញ និងផ្តល់សេវាដល់អតិថិជនដែលដើរផ្សារ អាជីកររាប់រយនាក់ត្រូវបង្ខំចិត្តផ្អាកអាជីវកម្មរបស់ខ្លួនដោយគោរពតាមការណែនាំរបស់អាជ្ញាធរ ទាំងខាតបង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
អ្នកស្រី កុយ ពុទ្ធី ជាជាងអ៊ុតសក់ម្នាក់ក្នុងផ្សារអូរឬស្សី។ ក្នុងមួយថ្ងៃ អ្នកស្រីអាចប្រាក់ចំណេញបានពី ៨ ម៉ឺន ទៅ ១០ ម៉ឺនរៀល មុនពេលជំងឺកូវីដ១៩ បានឆ្លងរាលដាលខ្លាំងចាប់ពីខែកុម្ភៈមក។ ប៉ុន្តែនៅពេលករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ បានចាប់ផ្តើមរាលដាលខ្លាំង ចំណូលប្រចាំថ្ងៃរបស់អ្នកស្រីបានថយចុះយ៉ាងខ្លាំងផងដែរ។
«អំឡុងកូវីដហ្នឹង ជួនកាលថ្ងៃណា អត់កៅឆាយផង [អត់មានភ្ញៀវ]។ បីថ្ងៃ បួនថ្ងៃអី អត់បានផង។ ដល់ពេលអីចឹង យើងត្រូវប្រឈមមុខច្រើន។ អត់ដាច់ហើយ អស់ទឹក អស់ភ្លើងហើយ នៅមេរោគទៀត»។
នៅពេលផ្សារត្រូវបានបិទដំណើរការ បច្ចុប្បន្ននេះ ស្ថានភាពប្រាក់ចំណូលរបស់អ្នកស្រីកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។
«ឥឡូវនិយាយរួមទៅ វាពិបាក ព្រោះអីឥឡូវ យើងនៅតែផ្ទះ។ អ៊ីចឹង អត់មានចំណូលចូល»។
បច្ចុប្បន្ននេះ អ្នកស្រី កុយ ពុទ្ធី កំពុងធ្វើចត្តាឡីស័កនៅផ្ទះស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ។ ក្រៅពីអាក់ខានមិនបានប្រកបរបររកចំណូលប្រចាំថ្ងៃ អ្នកស្រីថា អ្នកស្រីត្រូវបន្តបង់ថ្លៃតូប ដែលមានតម្លៃ ៤០០ ដុល្លារជារៀងរាល់ខែ បើទោះបីជាផ្សារត្រូវបានបិទក៏ដោយ។
«និយាយរួមពិបាកទាំងអស់។ និយាយរួមឥលូវគាត់ថានេះអត់យក ទឹកភ្លើងយើងអត់បញ្ហាតែសំខាន់ថ្លៃតូបហ្នឹងថ្លៃណាស់ដល់ពេលអញ្ចឹងគ្នារត់អត់រួចទេ ទាំងអស់គ្នាហ្នឹង។ តែបើពិបាកក៏មិនដឹងយ៉ាងម៉េច បើម្ចាស់តូបគេក៏ថាគេនេះ គេមានហេតុផលរបស់គេដែរ»។
ដូចគ្នានឹងអ្នកស្រី កុយ ពុទ្ធី អាជីវករក្នុងផ្សារអូរឬស្សីជាច្រើននាក់ទៀត ក៏កំពុងប្រឈមនឹងបញ្ហាជីវភាពខ្វះខាតដោយសារការបិទផ្សារ។ អ្នកស្រី ជា មុំ គឺជាអាជីករលក់ធូបមួយរូបនៅក្នុងផ្សារអូរឬស្សី។ អ្នកស្រីបានប្រាប់ VOA ថា អ្នកស្រីកំពុងព្រួយបារម្ភខ្លាំងពីបញ្ហាជីវភាព។
«ពីមុនមកយើងតែមួយថ្ងៃ ដោះស្រាយតែមួយថ្ងៃពីរថ្ងៃអញ្ចឹងទេ។ យើងអត់ដែលមានសល់លុយច្រើនទេយើងលក់ដូររកស៊ីយើងដោះស្រាយអញ្ចឹងទៅ។ដល់ពេលឥលូវបិទឈឹង មិនត្រឹមតែបិទផ្សារ ភូមិខ្ញុំនៅស្ទឹងមានជ័យហ្នឹងក៏គេបិទដែរ ចេញទៅណាអត់រួចទេ»។
ខណៈខ្វាយខ្វល់ពីប្រាក់ចំណូល អ្នកស្រី ជា មុំ បានរៀបរាប់ថា នៅមុនពេលអាជ្ញាធរប្រកាសបិទផ្សារ អ្នកស្រីបារម្ភយ៉ាងខ្លាំងពីការឆ្លង នៅពេលដែលតូបលក់ដូរក្បែរៗតូបរបស់អ្នកស្រីត្រូវបានប្រធានផ្សារប្រកាសថាមានវិជ្ជមានជំងឺកូវីដ១៩។
«ផ្ទុះមកគឺផ្ទះខាងណេះ ខាងណោះ កន្លែងតូបនេះ តូបនោះ តូបលេខប៉ុណ្ណេះឆ្លងហើយ តូបនេះតូបនោះអញ្ចឹងទៅបានប្រធានផ្សារយើងធ្វើការទប់ស្កាត់បាញ់អាល់កុលបាញ់អីទៅ ពាក់ម៉ាសពាក់អី គេដើរចែកម៉ាសចែកអីទៅ។ដល់ពេលផ្ទុះខ្លាំងមែនទែនទៅគណៈកម្មការផ្សារប្រកាសឲ្យបិទ។ បិទហើយឲ្យយើងទៅធ្វើតេស្តកូរ៉ូណាហ្នឹង។ ធ្វើតេស្តទៅអ្នកណាមានឡានគេមកយកយើងទៅពេទ្យទៅអីអញ្ចឹងទៅ»។
សព្វថ្ងៃនេះអ្នកស្រីកំពុងធ្វើចត្តាឡីស័កនៅផ្ទះក្នុងសង្កាត់ស្ទឹងមានជ័យ ក្រោយពីបានទៅធ្វើតេស្តរកជំងឺកូវីដ១៩ ដែលលទ្ធផលបង្ហាញថាអ្នកស្រីមិនបានឆ្លងជំងឺរលាកផ្លូវដង្ហើមនេះទេ។
គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ ផ្សារអូឬស្សីដែលមានអាជីវករប្រមាណជា៤,៥០០នាក់ត្រូវបានបិទអស់រយៈពេលជាង១០ ថ្ងៃមកហើយ។បើគិតត្រឹមថ្ងៃទី១៤ខែមេសានេះ អ្នកឆ្លងជំងឺកូវីដ១៩ក្នុងផ្សារអូឬស្សីដែលបានរកឃើញមានចំនួន ៣៧៨ នាក់។ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
អាជីវករមួយរូបទៀត គឺអ្នកស្រី ស្រឺ គង់ អ្នកលក់គ្រាប់ធញ្ញជាតិក្នុងផ្សារអូរឬស្សីក៏បានលើកឡើងថា ចាប់តាំងពីខែកុម្ភៈបន្ទាប់ពីមានការរាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញការលក់ដូររបស់អ្នកស្រីបានធ្លាក់ចំណូលយ៉ាងខ្លាំង រហូតដល់ពេលដែលមានការប្រកាសបិទផ្សាររយៈពេល២សប្តាហ៍។
នៅពេលនេះអ្នកស្រីត្រូវបង្ខំចិត្តនៅតែផ្ទះ ហើយមិនអាចរកចំណូលបានតទៅទៀត។ អាជីវករវ័យ ៥៥ ឆ្នាំដែលកំពុងរស់នៅក្នុងសង្កាត់ទួលស្លែងរូបនេះ បាននិយាយបន្ថែមថា អ្នកស្រីចង់ឲ្យផ្សារបើកមកវិញឆាប់ៗ ដើម្បីអ្នកស្រីត្រឡប់ទៅរកចំណូលទប់ទល់ជីវភាពដែលកំពុងប្រឈមឡើងវិញ បើទោះបីជាអ្នកស្រីក៏នៅបារម្ភថា ជំងឺផ្លូវដង្ហើមមួយនេះអាចនឹងឆ្លងកាន់តែខ្លាំងក៏ដោយ។
«បើសិនជាយើងបើកហើយវាអាចប៉ះពាល់ការឆ្លងទៀត យើងវាប្រឈមមុខនឹងការរីករាលដាលកាន់តែច្រើន។សំខាន់នៅលើការជាក់ស្តែង។ អាជីវករយើងចង់តែបានលក់ឆាប់ៗ ព្រោះយើងអត់លក់វាអត់មានអីចំណូល»។
រហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ថា ផ្សារអូរឬស្សីនឹងត្រូវបើកវិញនៅថ្ងៃទី១៧ ខែ មេសានេះ ឬអាចបិទបន្តនោះទេ ស្របពេលដែលអាជ្ញាធររកឃើញករណីឆ្លងថ្មីក្នុងចំណោមអាជីវករ និងសន្តិសុខក្នុងផ្សារជាបន្តបន្ទាប់។
ក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី ៣ ខែមេសា អាជ្ញាធរសាលារាជធានីភ្នំពេញ បាន «ធានារ៉ាប់រងផ្នែកសន្តិសុខនិងសុវត្ថិភាពចំពោះសម្ភារៈនិងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិនឲ្យបាត់បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាផ្សេងៗឡើយ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ VOA កាលពីថ្ងៃទី១៤ ខែមេសាថា អាជ្ញាធរអាចជួយក្នុងការរក្សាការពារទំនិញរបស់អាជីវករ ព្រមទាំងសម្រួលអំពីការមិនយកថ្លៃសេវាផ្សេងៗ។ ប៉ុន្តែលោកថា សម្រាប់ថ្លៃឈួលតូប អាជ្ញាធរមិនអាចជួយអន្តរាគមន៍បានទេ។
លោក ម៉េត មាសភក្តី បន្ថែមថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅផ្សារអូរឬស្សីចាប់ផ្តើមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែលោកថា អាជ្ញាធរនៅបន្តសិក្សាមើលអំពីស្ថានភាពនៃការឆ្លងដើម្បីសម្រេចថានឹងត្រូវបើកផ្សារអូឬស្សីវិញក្រោយបិទរយៈពេល១៤ថ្ងៃ ឬត្រូវបន្តបិទបន្ថែម។
លោកបញ្ជាក់ថា៖ «បើសិនជាស្ថានភាពក្នុងការគ្រប់គ្រងការរីករាលដាលក្នុងតំបន់របស់ទីតាំងមួយៗ ជាពិសេសឧបមាថាយើងនិយាយពីផ្សារអូរឬស្សីអញ្ចឹងបានល្អប្រសើរ អាហ្នឹងយើងនឹងពិនិត្យលទ្ធភាពបើកឲ្យដំណើរការឡើងវិញ»។
ក្រៅពីផ្សារអូឬស្សី ផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញក៏ត្រូវបានបិទដោយសារមានការឆ្លងរាលដាលជំងឺកូវីដ១៩ប្រមាណជា ១៨ ករណីផងដែរ។
គិតត្រឹមថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅកម្ពុជា មានចំនួន ៥២១៨ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៨៥៨ នាក់ អ្នកជាសះស្បើយសរុប ២៣១៩ នាក់ និងស្លាប់សរុបចំនួនប្រមាណ ៣៧នាក់៕