ពលរដ្ឋ​សាមញ្ញ​បាន​ត្រឹម​​ឈរ​មើល ខណៈ​កម្ពុជា​ជាប់​បំណុល​ចិន​ច្រើន

រូបឯកសារ៖​ ស្ត្រី​ជនជាតិ​ខ្មែរ​កាន់​ទង់​ជាតិ​ចិន​នៅ​ពេល​ដើរ​លើ​ស្ពាន​មិត្ត​ភាព​រវាង​កម្ពុជា​និង​ចិន​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​នេះ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី១៥ ខែសីហា។​ (AP Photo/Heng Sinith)

ភូមិ​ក្ដុល​កណ្ដាល ខេត្ត​ត្បូង​ឃ្មុំ — កាល​ពី​២​ឆ្នាំ​មុន ជីវិត​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​លោក ប៉ោង ឡាត ផ្ដោត​លើ​ការ​ធ្វើ​ស្រែ​ចម្ការ ការ​នេសាទ​ត្រី​ជា​ប្រចាំ និង​ការ​លក់​ដូរ​នៅ​ផ្សារ​ក្នុង​ភូមិ​ និង​ម្ដង​ម្កាល ជា​អ្នក​ធ្វើ​ការ​ស៊ី​ឈ្នួល​ឲ្យ​គេ។

មាន​ទីតាំង​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​មេគង្គ ផ្ទះ​របស់​ពួកគេ​ស្ថិត​ក្នុង​ភូមិ​ក្ដុល​កណ្ដាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ​នៃខេត្ត​ត្បូង​ឃ្មុំ​ ដែល​ជា​ខេត្ត​ថ្មីផ្ដាច់​ចេញ​ពី​ខេត្ត​កំពង់​ចាម។ ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ​ក្នុង​ទឹកដី​ខេត្ត​កំពង់​ចាម គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​សាឡាង និង​ទូក។

ប៉ុន្តែ​ជីវិត​របស់​ពួកគេ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពេល​ដែល​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ ​តម្លៃ​ប្រមាណ​៥៧​លាន​ដុល្លារ​អាមេរិក និង​មាន​ប្រវែង​ប្រហែល​១​គីឡូម៉ែត្រ ត្រូវ​បាន​ចាប់​ផ្ដើម​សាងសង់ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រោម​ជំនួយ​ថវិកា​របស់​រដ្ឋាភិបាល​ប្រទេស​ចិន។ ទឹក​ប្រាក់​នេះ ជា​ផ្នែក​មួយ​នៃ​កម្ចី​របស់​ចិន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​សាងសង់​ផ្លូវ និង​ស្ពាន ដែល​ត្រូវ​បាន​ឯកភាព​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក្នុង​ពេល​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ​២០១៦។

បាត់បង់​ដីធ្លី និង​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ចិន

លោក ប៉ោង ឡាត អាយុ​៦៦​ឆ្នាំ ដែល​មាន​កូន​៦​នាក់ បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ជីវិត​គ្រួសារ​របស់​លោក​បាន​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​ ដោយសារ​ការ​ស្ថាបនា​ស្ពាន​នេះ។ លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យក​សំណង​ប្រមាណ​២ម៉ឺន​ដុល្លារ ដើម្បី​ចាក​ចេញ​ពី​ដី​របស់​លោក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ស្ថាបនា​ស្ពាន​នេះ។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក​ ក៏​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ចិន​ផង​ដែរ។

កូនស្រី​របស់​លោក​បាន​ក្លាយ​ជា​ចុងភៅ​ម្នាក់ ធ្វើ​ម្ហូប​ឲ្យកម្មករ​ចិន ដោយ​ទទួល​បាន​ប្រាក់​ខែ​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ចំណែក​កូនប្រសា​របស់​លោក បាន​ឈប់​នេសាទ​ត្រី មក​ធ្វើ​ជា​កម្មករ​សំណង់​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​រក​ចំណូល​បាន​ប្រហែល​១២​ដុល្លារ​ក្នុង​មួយថ្ងៃ។

លោក ប៉ោង ឡាត មាន​ប្រសាសន៍​ថា ស្ពាន​នេះ​នឹង​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​គ្រួសារ និង​អ្នកភូមិ​ដោយ​មិន​បាច់ប្រើប្រាស់​សាឡាង និង​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ។

លោក​បាន​ថ្លែង​ប្រាប់​VOAនៅ​ផ្ទះ​របស់​លោក​ថា៖

«យើង​ឆ្លង​ស្ពាន​ទៅ​ដល់​ពេទ្យ​ស្ទឹង​ត្រង់​តែ​ម្ដង»។

លោក​បន្ត​ថា លោក​បាន​ស្វាគមន៍​ឱកាស​សម្រាប់​ការងារ​នៅ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​មានការ​ផ្ដល់​សំណង​តិច​តួច​សម្រាប់​ដី​របស់​លោក​ដែល​បាន​បាត់​បង់។

ទោះ​ជា​យ៉ាងណា លោក ប៉ោង ឡាត ​មិន​បាន​ដឹង​តម្លៃ​របស់​ស្ពាននេះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ដឹង​ទេ(តម្លៃ​ស្ពាន) ដឹង​តែ​ចិន​ធ្វើ។ គេ​ថ្នាក់​លើ​ ស្រេច​តែ​គេ​ថ្នាក់​លើ យើង​អត់​ដឹង​ទេ។ យើង​ប្រជាជន (អត់​ដឹង​ទេ)។ ទាល់​ខ្ចី​លុយ​គេ​មក​ធ្វើ​ អញ្ចឹង​ទេ​វា​អត់​កើត​ទេ»។

កូនស្រី​របស់​លោក ប៉ោង ឡាត គឺ​អ្នកស្រី ឡាត ស៊ាងលី អាយុ​៣២​ឆ្នាំ ដែល​មាន​កូន​៣​នាក់ មាន​ប្រសាសន៍​ថា ការ​ចូល​មក​របស់​កម្មករ​ចិន​បាន​ផ្លាស់​ប្ដូរ​តំបន់​នេះ ប៉ុន្តែ​អ្នកស្រី​បារម្ភ​អំពី​អនាគត។

អ្នកស្រី​ដែល​ធ្វើ​ជា​ចុងភៅ​សម្រាប់​កម្មករ​ចិន មាន​ប្រសាសន៍​ថា៖ «មក​ច្រើន​ពេក មក​ចូល​ប្រទេស​ខ្មែរ​ច្រើន​ពេក យូរៗ​ទៅ ខ្មែរ​រក​កន្លែង​នៅ​គ្មាន​ទេ»។

លោក ប៉ោង ឡាត អាយុ៦៦ឆ្នាំ ពលរដ្ឋរស់នៅតាមបណ្តោយទន្លេមេគង្គ ក្បែរសំណង់ស្ពាន ដែលត្រូវបានផ្តល់ជំនួយដោយរដ្ឋាភិបាលចិន ក្នុងខេត្តត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA Khmer)

ប្ដី​របស់​អ្នកស្រី គឺ​លោក សឿន ស៊ាប ដែល​ធ្លាប់ជា​អ្នក​នេសាទ​ត្រី បាន​ធ្វើ​ការ​ជា​កម្មករ​សំណង់​ឲ្យ​ក្រុមហ៊ុន​ចិន។

ក្នុងទសវត្សរ៍​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់​តែ​ខិត​ជិត​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ហើយ​គម្រោង​អភិវឌ្ឍន៍ធំៗ​ជា​ច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវ​បាន​សាងសង់នៅ​តាម​ជន​បទ​ទូទាំង​ប្រទេស ក្រោម​កម្ចី​របស់​ចិន។ ចំណែក​ការ​វិនិយោគ​ធំៗ​របស់​ចិន​ បាន​ហូរ​ចូល​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងទី​ប្រជុំជន និង​ក្នុង​តំបន់​សមុទ្រ ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ។

នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​មាន​កំណើន​អ្នក​រក​ស៊ី​ចិន​ និង​ជន​ជាតិ​ចិន​យ៉ាងគំហុក​ផង​ដែរ។ នៅ​ក្នុង​ខេត្ត​មួយ​នេះ មាន​ការ​រីកដុះដាល​យ៉ាង​ខ្លាំង​នូវ​សំណង់​អគារ​ចិន កាស៊ីណូ ភោជនីយដ្ឋាន ផ្សារ​ និង​ការ​រកស៊ី​ផ្សេងៗ។

ស្ថានទូតចិន​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩ បាន​បង្ហោះ​សារ​នៅ​លើប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង​៣​ពាន់​គីឡូ​ម៉ែត្រ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ទំហំ​បំណុល​សរុប​សម្រាប់គម្រោង​ទាំង​នោះ​ទេ។

ក្នុង​ភូមិ​ក្ដុល​កណ្ដាល ប្រជាជន​រាប់​ពាន់​នាក់​បាន​ទទួល​រង​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ ដោយសារ​មាន​ការ​ពិភាក្សា​យោបល់​តិច​តួច ឬ​ក៏​មិន​មាន​ការ​ពិភាក្សា​ទាល់​តែ​សោះ។ នេះ​បើ​យោង​តាម​អ្នក​ភូមិ។ ដូច​គ្នា​ផង​ដែរ សាធារណជន​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​ទទួល​យក​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍ​គម្រោង​នានា​នោះ​ទេ។

តួយ៉ាង​ដូច​គម្រោងផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​រីក​ដុះដាល​ជាមួយ​ការ​វិនិយោគ​របស់​ចិន​យ៉ាង​សម្បើម កំពុង​ត្រូវ​បាន​សាងសង់ ដែល​មាន​តម្លៃ​ទៅ​ដល់​១,៩​ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រជាជន​កម្ពុជា​រាប់​សិប​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​នេះ បាន​តវ៉ា​ដើម្បី​ទាមទារ​សំណង​ល្អ​ប្រសើរ។

កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​នៃ​បំណុល​ចិន

ការ​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា​ កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ខ្ចី​បុល​របស់​ប្រទេស​ចិន​ច្រើន​ជាង​គេ​មួយ​នៅ​ទូទាំង​ពិភព​លោក ហើយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ ដែល​បាន​បង្កើន​បំណុល​យ៉ាង​លឿន ដោយ​មាន​ការ​ប្រាក់​ខ្ពស់ ឬ​ក៏​លក្ខខណ្ឌ​កម្ចី​ដែល​មិន​មាន​តម្លាភាព។

របាយការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន Kiel Institute ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ខែ​កក្កដា បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​៦​ក្នុង​ចំណោម​ប្រទេស​៥០ ដែល​ជំពាក់​បំណុល​ច្រើនទៅ​ប្រទេស​ចិន ដោយ​គិត​ទាំង​កម្ចី​ផ្លូវ​ការ​រវាង​រដ្ឋ​និង​រដ្ឋ និង​បំណុល​ឯកជន។ របាយការណ៍​បញ្ជាក់​ថា ទីក្រុង​ភ្នំពេញ​បាន​ជំពាក់​បំណុល​ចិន​ប្រហែល​៣០​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប កាល​ពី​ឆ្នាំ​២០១៨ ដែល​មាន​តម្លៃ​ប្រហែល​២៤,៤ពាន់​លាន​ដុល្លារ។

អ្នកស្រាវជ្រាវ​លើក​ឡើង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ដូច​ជា​ប្រទេស​ឡាវ និង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) មាន​សេដ្ឋកិច្ច​តូច​នៅ​ឡើយ ហើយ​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ជិត​ប្រទេស​ចិន ដែល​ងាយ​នឹង​រង​គ្រោះ​ដោយសារ​បំណុល​ចិន។

លោក អ៊ា សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុងLos Angelesរដ្ឋCaliforniaសហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​មែន​ជា​អ្នកស្រាវជ្រាវ​លើ​របាយការណ៍​នេះ​ទេ បាន​ថ្លែង​ប្រាប់​VOA​ថា៖ «វា​ជា​លុយ​ច្រើន​ណាស់​ដែល​ខ្ចី​ពី​ប្រទេស​មួយ។ ប្រទេស​ចិន​មាន​ឥទ្ធិពល​ច្រើន​ណាស់»។

លោក​បន្ថែម​ថា៖ «អ្នក​មិន​ចង់​ខ្ចី​លុយ​ពី​ប្រទេស​មួយ​ច្រើន​បែប​នេះ។ វា​ដូច​ជា​ការ​ដាក់​ស៊ុត​ទាំង​អស់​ចូល​ទៅ​ក្នុង​កន្ត្រកតែ​មួយ ឬ​ក៏​ដូច​ជា​សុភាសិត​របស់​អាហ្វ្រិក​មួយ​និយាយ​ថា ប្រសិន​បើ​អ្នក​ពឹងផ្អែក​លើ​ហោប៉ៅ​លុយ​របស់​អ្នក​ណា​ម្នាក់ អ្នក​ប្រាកដ​ជា​ដើរ​តាម​ផ្លូវណា ដែល​គេ​ដើរ»។

សំណង់ស្ពានតម្លៃប្រមាណ៥៧លានដុល្លារ នៅលើដងទន្លេមេគង្គ តភ្ជាប់ពីខេត្តត្បូងឃ្មុំ ទៅខេត្តកំពង់ចាម។ (ស៊ុន ណារិន/VOA Khmer)

«កម្ពុជា​អាច​ខ្ចី​បន្ត​ទៀត»

យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​កម្ពុជា​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​ក្រៅ​ប្រទេស​សរុប​ប្រមាណ​៧,២ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រហែល​៤៩ភាគរយ​ គឺ​ជា​បំណុល​ជំពាក់​ប្រទេស​ចិន។ តាម​របាយការណ៍​នោះ កម្ពុជា​អាច​នឹង​បន្ត​ខ្ចី​បរទេស​ដល់ប្រហែល​១២,៦​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣។

លោក ប៉ែន ធីរ៉ុង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរ​ជាតិ និង​គ្រប់​គ្រង​បំណុល​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ប្រាប់​VOAថា ប្រទេស​កម្ពុជា​នៅ​មាន​លទ្ធភាព​ខ្ចី​បន្ថែម​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «វា​នៅ​ទំហំ​ជា ​space [ចន្លោះ]​ របស់​វា​នៅ​ធំ ដែល​យើង​អាច​ខ្ចី​បន្ត​ទៀត​បាន ហើយ​អាច​ខ្ចី​ធំ​ជាង​មុន​ទៀត​បាន​សម្រាប់​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ​វិស័យ​អាទិភាព​ទ្រទ្រង់​ចិរភាព​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​វែង»។

លោក​បន្ថែម​ថា កម្ចី​ដែល​ជំពាក់​ចិន ​ជា​កម្ចី​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​មិន​បញ្ចូល​កម្ចី​ឯកជន​នោះ​ទេ។ កម្ចី​នេះ​ស្ថិត​ក្នុង​ទំហំ​ប្រហែល​១៤​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា ដែល​លោក​ថា​អាច​គ្រប់គ្រង​បាន។

ឆ្លើយ​តប​នឹង​ការ​ស្រាវ​ជ្រាវ​របស់​វិទ្យាស្ថាន ​Kiel Institute​ នៅ​ប្រទេស​អាល្លឺម៉ង់ មន្ត្រី​ជំនាញ​ខាង​បំណុល​រូប​នោះ​មាន​ប្រសាសន៍​ថា៖

«តួលេខ​២៥​ភាគរយ[បំណុល​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប] ខ្ញុំ​មិន​ដឹង​ថា​គាត់​យក​ស្អី​ទៅ​ចែក​នឹង​ស្អី​ទេ។ ប្រាកដ​ហើយ​ចែក​ជាមួយ ​GDP ប៉ុន្តែ​មិន​ដឹង​ថា​បំណុល​ហ្នឹង បូក​ជាមួយ​វិស័យ​ឯកជន​ឬ​អត់ ប៉ុន្តែ​ដូច​ខ្ញុំ​ជម្រាប​ខាង​ដើម នៅ​ក្នុង​ការ​គ្រប់គ្រង​បំណុល យើង​គ្រប់គ្រង​បំណុល​សាធារណៈ»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​ស្រាវ​ជ្រាវ​នៃ​របាយការណ៍​នោះ​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ។

របាយការណ៍​បញ្ជាក់​បន្ថែម​ថា កម្ចី​របស់​ប្រទេស​ចិន​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ស្ថិត​ក្នុង​ភាព​លាក់​បាំង ដោយសារ​កង្វះ​ព័ត៌មាន។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ព្រមាន​ប្រទេស​នានា​ប្រឆាំង​នឹង​ការ​ជំពាក់​បំណុលច្រើន​ទៅ​ប្រទេស​ចិន ក្រោម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់​តំបន់​ក្នុង​ទ្រង់​ទ្រាយ​ធំ​របស់​ចិន។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា យុទ្ធសាស្ត្រ​នេះ​គឺ​ជា​អន្ទាក់​បំណុល ហើយ​អាច​នាំ​ឲ្យ​ប្រទេស​ទាំង​នោះ បាត់​បង់​នូវ​ការ​គ្រប់គ្រង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដោយសារ​ម្ចាស់​បំណុល​អាច​រឹបអូស​យក ប្រសិន​បើ​មិន​អាច​សង​បំណុល ដូច​ជា​ប្រទេស​ស្រីលង្កា ដែល​ក្រុង​ប៉េកាំង​បាន​គ្រប់គ្រង​ផែ​សំខាន់​របស់​ប្រទេស​នោះ។

ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​VOA​បាន​សាក​សួរ​តាម​រយៈ​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​នោះ​ទេ។

ក្នុង​ខែ​កក្កដា​ ​កាសែត Wall​ ​Street​ ​Journal​ ​ដ៏​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​ ​បាន​ផ្សាយ​របាយ​ការណ៍​មួយ​ថា​ប្រទេស​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​អាច​មាន​លទ្ធភាព​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ។ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​លើ​បញ្ហា​នេះ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​មិន​មានការ​ចុះ​កិច្ច​ព្រមព្រៀង​បែប​នេះ​ឡើយ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក៏បាន​បដិសេធ​ថា​ខ្លួន​មិន​មានបំណង​ប្រើប្រាស់​កម្ពុជា​សម្រាប់​មូលដ្ឋានទ័ព​នោះ​ទេ។

ការដ្ឋាន​សំណង់​«មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ត្បូងឃ្មុំ» ក្នុង​ខេត្ត​ត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA Khmer)

កម្ចី​ចិនគ្មាន​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ

ក្នុង​កម្ចី​បរទេស​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​ផ្ដល់​កម្ចី ឬ​ជំនួយ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វីភ្ជាប់​នោះ​ទេ។ ចំណែក​ប្រទេស​លោក​ខាង​លិច បាន​ផ្ដល់​កម្ចី​តូច​តាច តែ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ក្នុង​ការ​ចំណាយ។

លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុលចិន​ឡើយ។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​វេទិកា​មួយ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ខែ​ឧសភា​ថា៖ «ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​ ​មិន​ដល់​កម្រិត​នោះ​ទេ។ ប៉ុន្តែ​រឿង​ប្រទេស​ដទៃ​ ​មិនមែន​គ្រាន់​តែ​ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ទៅ​ដល់​២០០​ ភាគរយ​ ​៣០០ ​ភាគរយ​ ​ឬ​៥០០ ​ភាគរយ​នៃ​ផលិត​ផល​សរុប​ក្នុងស្រុក​ ​GDP​ ​ប៉ុន្តែ​មិន​មែន​បាន​ជំពាក់​ចិន​ឯ​ណា។​ ​វា​មិន​មែន​ជា​អន្ទាក់​របស់​ចិន​ទេ។​ ​ប្រទេស​ខ្លះ​អត់​ទាំង​ជំពាក់​ចិន​ផង​ ​ប៉ុន្តែ​ជំពាក់​តាំងពី​មុន​ពេល​ដែល​ចិន​មាន​នយោបាយ​ផ្លូវ​និង​ខ្សែ​ក្រវាត់​ឯ​ណោះ»។

លោក​បន្ថែម​ថា៖ «យើង​រក្សា​បាន​នូវ​អធិបតេយ្យ​របស់​យើង​នៅ​ក្នុង​ការ​ខ្ចី​ គឺ​យើង​ខ្ញុំ​ខ្ចី​ទៅ​តាម​គម្រោង​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ប៉ុណ្ណោះ​ ​ហើយ​ចិន​គោរព​នូវ​ការ​សម្រេច​របស់​យើង។ ​នេះ​គឺ​ជា​ចំណុច​ទី​មួយ​ដែល​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា​ ​ចិន​មិន​បាន​បង្ខំ​ឲ្យ​យើង​ធ្វើ​នេះ ​ឬ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ​ចិន​បាន​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​យើង​ ​តើ​ប្រើប្រាស់​ឥណទាន​ដែល​យើង​ខ្ចី​នេះ​យក​ទៅ​ធ្វើ​អ្វី»។

រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

បារម្ភ​ខ្លាច​សង​គេ​មិន​រួច​

ប្រជាជន​ខ្លះ​នៅ​ក្នុង​ភូមិ​ក្តុលកណ្តាល បាន​និយាយ​ថា ពួកគេ​បាន​ដឹង​ថា​ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​កាន់​តែ​ច្រើន​ទៅ​ប្រទេស​ចិន ដើម្បី​យក​មក​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ ដូច​ជា​ស្ពាន​ដែល​នៅ​ជិត​ពួកគេ។ ប៉ុន្តែ​ពួកគេ​មាន​ការ​ប្រុង​ប្រយ័ត្ន មិន​រិះគន់​រដ្ឋាភិបាល​នោះ​ទេ។

លោក ប៉ោង ឡាត បាន​ថ្លែង​ថា៖ «បារម្ភ​ដែរ​ មិន​ដឹង​ធ្វើ​ម៉េច​។ បារម្ភ​ចេះ​បារម្ភ​ហើយ យើង​ប្រជាពលរដ្ឋ​ ក្រោម​គេ។ បារម្ភ​ខ្លាច​សង​គេ​មិន​រួច​វិញ»។

យុវជន​ម្នាក់ ឈ្មោះ ហួត ដាលីន អាយុ​២៦​ឆ្នាំ ដែល​រស់​នៅ​ក្បែរស្ពាន​នោះ​ដែរ មាន​ប្រសាសន៍​ថា​លោក​បាន​ធ្វើ​ជា​ជាង​ផ្សា​ដែក​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​រក​បាន​ចំណូល​បាន​ជាង​៥០០​ដុល្លារ​ក្នុង​មួយ​ខែ។ លោក​ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ចេញ​យោបល់​លើ​បញ្ហា​ទាក់​ទង​នឹង​ប្រទេស​ចិន បើ​ទោះ​ជា​លោក​បាន​ដឹង​ព័ត៌មាន​នៃ​កម្ចី​របស់​ចិន​នៅ​ប្រទេស​មួយ​ចំនួន​ដែល​មាន​ការ​លើក​ឡើង​ជា​ជា​«អន្ទាក់បំណុល»ហើយ​អាច​ជា​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ណា​មួយ ប្រសិន​បើ​មិន​អាច​សង​បាន។

លោក ហួត ដាលីន ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ថ្លែង​ប្រាប់​VOAនៅ​ផ្ទះ​របស់​លោក​ថា៖ «បង​ឯង​ដឹង​ស្រុក​យើ​ង​ឥឡូវ​ហើយ។ និយាយ​ទៅ​ខ្លាច​ខុស»។

លោក​បាន​ថ្លែង​បែប​នេះ​នៅ​មុខ​ឪពុក​ម្តាយ​របស់​លោក ដែល​ស្ងាត់​ស្ងៀម មិន​ហ៊ាន​បញ្ចេញ​យោបល់។

លោក​បន្ថែម​ថា៖ «ឃើញ​ថា​ខ្ចី​លុយ​ហ្នឹង គិត​ថា​ស្រួល។ វា​មិន​ភ្លឺ​ទៅ​ឲ្យ​លុយ​យើង​ខ្ចី​ហើយ មិន​បាន​ប្រយោជន៍​ទៅ​វា​វិញ​ទេ»។

ប៉ុន្តែ​ម្តាយ​របស់​លោក គឺ​អ្នកស្រី ហ៊ាម គីមសួរ អាយុ​៥០​ឆ្នាំ ដែល​មាន​កូន​២នាក់ ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចិន យល់​ថា​អ្នកស្រី​អាច​ពង្រីក​មុខ​របរ​បន្ថែម ដូច​ជាលក់​អាហារ និង​គ្រឿង​ចាប់ហួយ​តូច​មួយ​ខាង​មុខ​ផ្ទះ ក្រោយ​ស្ពាន​នេះ​សង់​ហើយ ដោយសារ​អាច​មាន​មនុស្ស​ច្រើន​ឆ្លង​កាត់៕