លោក​ហ៊ុន សែន​តាំងចិត្ត​ខ្ពស់​​ដោះស្រាយ​ជម្លោះ​រវាងខ្មែរ​និងខ្មែរ

លោក​ ហ៊ុន ​សែន​បាន​លើក​យក​បញ្ហា​លោក​សម រង្ស៊ី​ដែល​ធ្លាប់​មាន​ដំណោះ​ស្រាយ​តាម​នយោបាយ​ ហើយ​នឹង​បាន​បញ្ជាក់​ពី​ជំហរ​ជា​ធំ​របស់​លោក ​គឺ​ការ​ដោះស្រាយ​ដោយ​អហិង្សា​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បីកុំ​ឲ្យ​ខ្មែរ​បែកបាក់ដូច​ក្នុង​ប្រវត្តិសាស្ត្រ​ទៀត។

អត្ថាធិប្បាយ​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ទាក់ទង​នឹង​ការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាងខ្មែរ​និងខ្មែរ​ ទំនង​ជា​នាំ​ឲ្យមាន​ការ​សម្រប​សម្រួល​នយោបាយ​ចំពោះ​ករណី​លោក​សម រង្ស៊ី។

នៅពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ថ្លែង​ជា​សារធារណៈ​ថា​ ទំនាស់​នយោបាយ​រវាងខ្មែរ​ និងខ្មែរ​អាច​ដោះស្រាយ​ជាមួយ​គ្នា​បាន​នោះ​ មន្ត្រី​ផ្លូវការ​របស់​គណ​បក្ស​សម រង្ស៊ី​បង្ហាញ​ជំហរ​ស្របគ្នា​ ដោយ​បាន​ទទូច​ថា​ ដល់​ពេល​វេលា​ក្នុង​ការ​ដោះស្រាយ​ឲ្យ​លោក​សម រង្ស៉ី​បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ​នេះ​ហើយ។​ នេះ​បើ​តាម​ការ​អះអាង​ របស់​លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ដែល​បាន​ថ្លែង​ប្រាប់​VOA​ តាម​ទូរស័ព្ទ​កាល​ព្រហស្បតិ៍។

«យើង​គាំទ្រ​ចំពោះ​អ្នក​នយោបាយ​ដែល​មាន​ឆន្ទៈ​នយោបាយ​បង្រួមបង្រួម​គ្នា​ សាមគ្គី​ភាពគ្នា​ ឯកភាព​គ្នា​ ក្នុង​ចំណុច​ដែល​បម្រើ​ផល​ប្រយោជន៍​ជាតិ​របស់​យើង​ ពីព្រោះ​យើង​មិន​ចង់​បង្ក​ឲ្យ​មាន​ភាព​តានតឹង​អ្វី​ទាំងអស់។​ ដូច្នេះ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​គណបក្ស​សម រង្ស៊ី​ គឺ​មិន​ចាត់​ទុក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ​ទេ​ ​គឺ​យើង​ ទាំង​អស់​គ្នា​ជា​ខ្មែរ។​ យើង​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា ​ក៏​ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​ទាំង​អស់​គ្នា។​ ដូច្នេះ​ក្នុង​គោល​បំណង​គោល​ការណ៍​ ឯកភាព​គ្នា​ សាមគ្គី​ភាព​គ្នា​ អាធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ហ្នឹង​គឺ​ជា​គោល​ការណ៍​ដើម​របស់​គណបក្ស​សម រង្ស៊ី​តាំង​តែ​ពី​ដើម​មក»។

លោក​យឹម សុវណ្ណ​ថ្លែង​យ៉ាង​ដូច្នេះ​ ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​មន្ត្រី​រាជការ​នៅ​សាលា​ភូមិន្ទ​ រដ្ឋបាល។​ ពេល​នោះ​លោក​ ហ៊ុន ​សែន​បាន​លើក​យក​បញ្ហា​លោក​សម រង្ស៊ី​ដែល​ធ្លាប់​មាន​ដំណោះ​ស្រាយ​តាម​នយោបាយ​ ហើយ​និង​បាន​បញ្ជាក់​ពី​ជំហរ​ជា​ធំ ​របស់​លោក​គឺ​ការ​ដោះស្រាយ​ដោយ​អហិង្សា​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បីកុំ​ឲ្យ​ខ្មែរ​បែក បាក់ ​ដូច​ក្នុង​ប្រវត្តិ​សាស្ត្រ​ទៀត។​ លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ផ្តាំផ្ញើ​ ដល់​មន្ត្រី​រាជការ​ទាំងឡាយ​ ដែល​ត្រូវ​ចេញ​ទៅ​ធ្វើការ​តាម​ក្រសួង​មន្ទីរ​ថ្នាក់​ជាតិ​និង​មូលដ្នាន។

«ប៉ុន្តែ​អាហ្នឹង​ខ្ញុំ​ចង់​និយាយ​ថា​ ការ​ស្អី​ក៏ដោយ​ យើង​មិន​ពេញ​ចិត្ត​ជា​មួយ​គ្នា​អ្វី​ ក៏ដោយ​ តែ​យើង​ត្រូវ​និយាយ​គ្នា​ ល្អ​ជាង​កាប់​ចាក់។​ ល្អ​ជាង​ការ​កាប់​ចាក់។​ អញ្ចឹង​បាន​ជា​ប្រទេស​មួយៗ​ត្រូវ​មាន​ប្រជា​ធិបតេយ្យ​ ត្រូវ​មាន​សេរី​ពហុបក្ស​ ត្រូវ​ផ្តល់​ឲ្យ​គេ​បង្កើត​គណបក្ស​នយោបាយ​ ត្រូវ​ផ្តល់​ឱកាស​ឲ្យ​គេ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ឲ្យ​គេ​មាន​សេរីភាព​សារព័ត៌មាន​ វា​ជា​ការ​ចាំបាច់»។

លោក​សម រង្ស៉ី​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ដែល​អន្តរជាតិ​និង​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភថា​ ការ​រារាំង​ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​ជ្រើស​រើស​សមាជិក​សភា​នៅ​ក្នុង​ឆ្នាំ​២០១២​និង២០១៣​ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ។​ ប្រធាន​គណបក្ស​ជំទាស់​នេះ​បាន​និរទេស​ខ្លួន​ បន្ទាប់​ពី​លោក​ដក​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ចុង​ឆ្នាំ​២០០៩​ ដែល​នាំ​ឲ្យ​មាន​ការ​កាត់ទោស​លោក​ជាប់​គុក​១២​ឆ្នាំ។

លោក​យឹម សុវណ្ណ​បានចាត់​ទុក​ថា​ ទង្វើ​របស់​លោក​សម រង្ស៊ី​ជា​ទង្វើ​ស្នេហា​ជាតិ​រារាំង​កុំ​ឲ្យ​បរទេស​រំលោភ​បំពាន​ទឹកដី។​ ហើយ​គណបក្ស​សម រង្ស៊ី​ ក្នុង​លិខិត​ជា​ផ្លូវការ​ថ្មីៗ​នេះ​ បាន​ស្នើ​សុំ​ឲ្យ​មេ​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​ពិចារណា។​ ក៏​ប៉ុន្តែ​ លោក​សុវណ្ណ​បាន​អះអាង​ថា​ មេ​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​សកម្មភាព​ផ្ទុយពី​ការ​និយាយ​ទាក់ទង​នឹង​ករណី​លោក​សម រង្ស៊ី ​ដែល​គួរ​ត្រូវ​មាន​ការ​ដោះស្រាយ​ជាមួយ​គ្នា។

«នេះ​ស​ឲ្យ​ឃើញ​ថា​ ពាក្យ​សំដី​ដែល​សម្តេច​លោក​លើក​ឡើង​ ហើយ​នឹង​ទង្វើ​ជាក់​ស្តែង​វា​ខុស​គ្នា។​ បើ​សិន​ជា​គណបក្ស​ប្រជាជន​ចង់​សម្តែង​នូវ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ ខ្ញុំ​ថា​ វា​សម​ល្មម​នឹង​ដោះ​ស្រាយ​ហើយ។​ ហើយ​ម៉្យាង​ទៀត​ ការ​បោះឆ្នោត​ វា​ខិត​ជិត​មក​ដល់»។

លោក​ជាម យៀប ដែល​ជា​សមាជិក​សភា​និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អះអាង​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ថា​ អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គឺ​អាច​និយាយ​យោង​ទៅ​ដល់​ការ​ដោះស្រាយ​រឿង​ករណី​លោក​សម រង្ស៊ី​ ដែល​បាន​ប្រព្រឹត្ត​រឿង​ដក​បង្គោល​ព្រំដែន។​ លោក​ជាម យៀប​អះអាង​ថា ការ​សម្រប​សម្រួល​គឺ​ផ្អែក​លើ​លោក​សម រង្ស៊ី​ខ្លួនលោក​ទេ។

«លោក​សម រង្ស៊ី​ត្រូវ​ជាប់​គុក​មិន​ដឹង​ប៉ុន្មាន​ដង​ទេ។ ​ហើយ​គាត់​ត្រូវ​ព្យួរ​អភ័យ​ ឯក​សិទ្ធិ​មិន​ដឹង​ប៉ុន្នាន​ដង​ហើយ​ទេ។​ កន្លង​ទៅ​មាន​ការ​អត់​ឱនទោស​ដោយសារ​ សម្តេច​នាយក​រដ្ឋមន្ត្រី ​លោក​មាន​មនោ​សញ្ចេតនា​ក្នុង​នាម​ជា​ខ្មែរហ្នុង​ហើយ​ ​ដែល​គាត់​បាន​មក​កម្ពុជា​វិញ​នោះ។​ តែ​យើង​ខ្ញុំ​សុំ​ជម្រាប​ថា​ គាត់​ហ្នឹង​រពិះ​ដៃ​ចង្រៃ​ ខ្លួន ​រពិះ​អណ្តាត​ចង្រៃ​ខ្លួន​ឯង។​ គាត់​ប្រព្រឹត្ត​បទ​ល្មើស​ ហើយ​គាត់​ត្រូវ​ទទួល​ ទោស​ទណ្ឌ​តាម​ហ្នុង​ តែ​គាត់​មិនព្រម​ធ្វើ​ឲ្យ​គេ​អាណិត​អាសូរ​ទេ។​ បើ​គាត់​ទោ ទន់​ខ្លះ​ទៅ​មាន​ស្អី»។

លោក​ជាម យៀប​បាន​ខឹង​សម្បារ​នឹង​ការ​ប៉ុនប៉ង​ដាក់​ពាក្យ​បណ្តឹង​របស់​លោក​សម រង្ស៊ី​នៅ​ឯ​តុលាការ​បរទេស​រឿង​កេណ្ឌ​ពលរដ្ឋ​ធ្វើ​ទាហាន​ ក​៥​ក្នុង​ទសវត្ស​ ៨០។​ លោក​បាន​ចាត់​ទុក​ថា​ ពាក្យ​បណ្តឹង​របស់​លោក​សម រង្ស៊ី​មិន​ត្រឹមត្រូវ​ទេ។

លោក​យឹម សុវណ្ណ​ស្វាគមន៍​ចំពោះ​ការ​គំរាម​បញ្ចេញ​ឯកសារ​សម្ងាត់​ផ្សេង​ទៀត​ទាក់ទង​នឹង​គណបក្ស​សម រង្ស៊ី​ ដូច​ករណី​លោក​កឹម សុខា។​ លោក​យឹម សុវណ្ណ​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​ឲ្យ​កាន់​តែ​ឆាប់ ដោយ​អះអាង​ថា​ ដើម្បី​បញ្ចប់​បញ្ហា​ឲ្យ​បាន​ឆាប់។​ លោក​បាន​អះអាង​ថា​ លោក​សម រង្ស៊ី​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​បរទេស​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែ​ប្រធាន​របស់​លោក​មិនទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ លោក​បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពី​បទ​ល្មើស​អ្វី ហើយ​នៅ​ប្រទេស​ណា​ទេ។

ពេលនេះ​លោក​សម រង្ស៊ី​កំពុង​ស្ថិត​នៅ​ស.រ.អា.​ ដែល​លោក​បាន​អះអាង​ថា​ លោក​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ហ៊ុន​ សែន​ពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​គល់ បញ្ញា ​នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ ឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល​បាន​ចាត់​ទុក​ថា ​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អាច​នឹងនាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ។​ លោក​បង្ហាញ​ក្តី​សង្ឃឹម​ថា​ បញ្ហា​លោក​សម រង្ស៊ី​នឹង​អាច​ដោះស្រាយ​បាន​ ដោយ សារ​ថា​ អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ថែម​ទៀត​ ចំពោះ​សិទ្ធិ​បញ្ចេញ​មតិ​ខាង​នយោបាយ​ស្របតាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ។

«អាហ្នឹង​ជា​ដំណើរ​ការ​នៃ​វប្បធម៌​ ឬ​ក៏​ទម្លាប់​មួយ​ល្អ​សម្រាប់​អ្នក​នយោបាយ​ក្នុង​ការ​ស្រុះស្រួល​គ្នា​ ហើយ​នឹង​អត់​ឱន​ឲ្យគ្នា​ខាង​នយោបាយ​ហ្នឹង»។

លោក​គល់ បញ្ញា​បាន​បន្ថែម​ថា​ បទ​ពិសោធន៍​កន្លង​មក​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​ ពេល​នេះ​ផង​ តែ​អ្នក​នយោបាយ​កម្ពុជា​នៅ​តែ​អាច​ដោះស្រាយ​បាន។​ លោក​បញ្ញា​បាន​អះអាង​ថា​ ករណី​លោក​សម រង្ស៊ី​ជា​ករណី​បញ្ចេញ​មតិ​ខាង​នយោបាយ​ មិន​មែន​ជា​ករណី​ឧក្រិដ្ឋ​កម្ម​ទេ៕