ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង នៅថ្ងៃពុធនេះ បានទទូចស្នើដល់មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិឲ្យជួយធ្វើអន្តរាគមន៍ ដើម្បីបើកផ្លូវឲ្យលោកសម រង្ស៊ី ដែលកំពុងស្នាក់នៅឯក្រៅប្រទេស បានវិលត្រឡប់មកកាន់មាតុប្រទេសវិញមុនការបោះឆ្នោតឆ្នាំ២០១៣។
ការទទូចស្នើសុំនេះបានកើតមានឡើងនៅក្នុងជំនួបដាច់ដោយឡែកមួយរវាងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួនបីរូប ដែលដឹកនាំដោយលោកគង់ គាំ ប្រធានស្តីទីនៃគណបក្សសម រង្ស៊ី ជាមួយលោក លីន ប៉ាស្កូ (Linn Passcoe) អគ្គលេខាធិការរងអង្គការសហប្រជាជាតិសម្រាប់កិច្ចការនយោបាយនៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ក្រុងភ្នំពេញ។
បន្ទាប់ពីជំនួបអស់រយៈពេលជិតមួយម៉ោង លោកគង់ គាំ ប្រធានស្តីទីនៃគណបក្សសម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា បាននិយាយថា លោកបានស្នើឲ្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើរតួនាទីសម្របសម្រួលមួយឲ្យលោកសម រង្ស៊ី បានវិលត្រឡប់មកកាន់កម្ពុជាវិញ។
លោកគង់ គាំបានបញ្ជាក់ទៀតថា ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ពុំអាចគ្មានលោក សម រង្ស៊ីបានទេ។
«មធ្យោបាយ ឬវិធីណាយើងអត់ដឹងទេ គឺថា សុំឲ្យគេជួយធ្វើម៉េចឲ្យលោកប្រធានសម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ ចូលរួមការបោះឆ្នោត បំពេញតួនាទីជាតំណាងរាស្រ្តបច្ចុប្បន្នផង ហើយដឹកនំាគណបក្សប្រឆាំងហ្នឹងដើម្បីបោះឆ្នោតផង»។
មន្រ្តីអង្គការសហប្រជាជាតិមិនអាចស្នើសុំ ការបំភ្លឺបានទេ នៅថ្ងៃពុធនេះ។
លោក លីន ប៉ាស្កូ បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកចំនួនបីថ្ងៃជាមួយ និងលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បាននិយាយថា លោកមិនមានជំនឿថា អង្គការសហប្រជាជាតិលូកលាន់នៅក្នុងកិច្ចការផ្ទៃក្នុងតុលាការកម្ពុជាទេ។
«បាទ អានេះជានីតិរដ្ឋ។ យើងទាំងអស់គ្នា យើងយល់ថា នៅតាមរយៈអ្វីដែលទំនើប រដ្ឋទំនើប គឺមានតែតុលាការទេ ដែលមានអធិបតេយ្យភាព ឯករាជ្យរបស់ខ្លួន គ្មានស្ថាប័នណាអាចគាបសង្កត់មកលើស្ថាប័នតុលាការ»។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ នៅក្នុងរឿងដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជានិងវៀតណាម និងញុះញ៉ង់ឲ្យមានការរើសអើងជាតិសាសន៍ ហើយតុលាការក្រុងភ្នំពេញបានកាត់ទោសលោកសម រង្ស៊ី មួយករណីទៀតពីបទក្លែងឯកសារសាធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកសម រង្ស៊ី បានអះអាងថា បណ្តឹងរបស់លោកទៅតុលាការអន្តរជាតិមួយចំនួន អំពីអំពើឧក្រិដ្ឋដែលប្រព្រឹត្តដោយលោកហ៊ុន សែន មិនមែនជាថ្នូរនឹងការដោះដូរឲ្យលោកបានវិលមកកាន់មាតុប្រទេសវិញទេ។ លោកធ្លាប់បានមានប្រសាសន៍ទៀតថា អ្វីដែលលោកចង់បាននោះ គឺចង់ឲ្យតុលាការអន្តរជាតិនាំយកឧក្រិដ្ឋជនទៅផ្តនា្ទទោសតាមច្បាប់។
ចំណែកឯគណបក្សសិទ្ធិមនុស្សវិញ នៅថ្ងៃពុធនេះបានស្នើសុំឲ្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កោះអញ្ជើញប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ឲ្យមកពិនិត្យមើលលទ្ឋផលរយៈពេល១៩ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។
លិខិតរបស់គណបក្សសិទ្ធិមនុស្ស ដែលមានស្នាមចុះហត្ថលេខាពីអ្នកតំណាងរាស្រ្តទាំងបីរូបរបស់គណបក្សនេះ ដាក់ជូនលោក បាន គីមូន បានបញ្ជាក់ថា គណបក្សសិទ្ធិមនុស្សបានរកឃើញថា កម្ពុជា ក្រោយពីចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែមានការខ្វះខាតយ៉ាងច្រើនចំពោះការអនុវត្តការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ បញ្ហាគោរពសិទ្ធិមនុស្ស បញ្ហាតុលាការ បូរណភាពទឹកដី និងអធិបតេយ្យភាព៕