អ្នក​នយោបាយ​ប្រឆាំង​ តស៊ូ​ការ​ទូត​ដើម្បី​បង្កើត​បក្ស​ឡើង​វិញ តែ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដនិយម

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​រដ្ឋសភា​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជំនួស​ឲ្យ​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ប្រទេស អ្នក​នយោបាយ​នៃគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជ្រើស​រើស​យក​ផ្លូវ​មួយ​ទៀត ​គឺ​ការ​ធ្វើ​នយោបាយ​ការ​ទូត​ជា​មួយ​បណ្តា​ប្រទេស​មួយ​ចំនួន​នៃ​លោក​ខាងលិច។

លោកស្រី​ មូរ សុខ​ហួរ អនុ​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា នយោបាយ​ការទូត​ គឺ​ដើម្បី​ស្វែង​រកសម្ពាធ​ពីអន្តរជាតិ​ក្នុង​គោល​ដៅ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ។ គណបក្ស​សង្គ្រោះ​ជាតិត្រូវ​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​រំលាយ​ចោល​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោកស្រី មូរ សុខហួរ បាន​លើក​ឡើង​ក្រោយ​ពី​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​បារាំង​ ដែល​លោក​ស្រី​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ក្រុម​មេដឹក​នាំ​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​ជា​បន្ត​បន្ទាប់​តាម​ទូរស័ព្ទ​និង​ជួប​ផ្ទាល់ក្នុង​ពេល​កន្លងមក ជាមួយ​អគ្គនាយក​ក្រសួង​ការបរទេស​បារាំង កាណាដា ទទួល​បានសារ​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា ជួប​ជាមួយ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេសហ្វាំងឡង់ ជួប​ជាមួយ​ក្រុម​មន្ត្រី​តំណាង​សហភាព​អឺរ៉ុប រួម​ទាំង​មន្ត្រី​ការបរទេស​ និង​សមាជិក​សភា និង​ព្រឹទ្ធសភា​អាមេរិក​ជាដើម។

បើ​តាម​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូបនេះ ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ ​បាន​លើក​ពី​កង្វល់​នៃ​ការ​និវត្ត​នៃ​ក្រុម​តំណាង​បក្ស​ប្រឆាំង និង​សម្ពាធ​លើ​សកម្មជន​បក្ស​ប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា រួមទាំងភាព​ជិត​ស្និទ្ធ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោកស្រី មូរ សុខហួរ អះអាង​ថា ​ប្រទេស​ទាំង​នោះ បាន​សន្យា​បន្ត​តាម​ឃ្លាំ​មើលស្ថានការណ៍​កម្ពុជា​យ៉ាង​ដិត​ដល់។

«ក្នុង​បី​ឆ្នាំ​នេះ យើង​បាន​ធ្វើ​កិច្ច​ការ​បរទេស ​និង​ការ​ទូត​ដ៏​សកម្ម​មែន​ទែន»។

នៅក្នុង​ខួប​បី​ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ថ្ងៃទី១៦​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ហៅ​ការ​រំលាយ​គណបក្ស​របស់​ខ្លួន​ថា ​ជា​ផែន​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

ស្ថិត​ក្នុង​ការ​និរទេស​ដោយ​ស្ម័គ្រ​ចិត្ត​អស់​រយៈ​ប្រាំ​ឆ្នាំ​មក​ហើយ លោក សម រង្ស៊ី បាន​ផ្តោតជំនឿ​លើ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក គឺ​លោក​ Joe Biden​ អាច​ជួយ​ឲ្យ​បក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ​បាន។

​ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល វាយតម្លៃ​ថា​ ការព្យាយាមពី​ក្រៅ​ប្រទេស«មិន​អាច​បង្កើត»​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​បាន​ទេ។

​ជាមួយ​គ្នា​នេះ លោក ​សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គូស​បញ្ជាក់​បន្ថែម៖

«បក្ស​ហ្នឹង​ងាប់​អស់រយៈ​ពេល​ជាង​បីឆ្នាំ​ហើយ។ ដូច្នេះគ្មាន​ផ្លូវ​រស់​ឡើង​វិញ​ទេ»។

​គណបក្ស​សង្គ្រោះ​ជាតិ ​គឺជា​គូ​ប្រជែងអំណាច​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភបំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ក្តោប​ក្តាប់​អំណាច​ជាង​៤០​ឆ្នាំ​មក​ហើយ។ មុន​នឹង​ត្រូវ​រំលាយ​ សន្ទុះ​ប្រជា​ប្រិយ៍ភាព​និង​ការគាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​លើ​គណបក្សជំទាស់​នេះ បាន​កើន​ឡើងជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧។

រូបឯកសារ៖ លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ប្រធាន​គណបក្ស​ គឺ​លោក​ កឹម សុខា ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារក្រោម​បទ​ចោទ​ថា​បាន​ឃុប​ឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំរដ្ឋា​ភិបាល។ អ្នក​នយោបាយ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ត្រូវ​បានដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ​ ប៉ុន្តែ​ក្រោយ​មក​សិទ្ធិ​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ពួកគេ​វិញ​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ ដែល​តម្រូវឲ្យ​ពួកគេ​សុំ​សិទ្ធិ​ជា​បុគ្គល​ដើម្បី​ធ្វើ​នយោបាយ។

សហគមន៍អន្តរជាតិ ​បាន​ថ្កោល​ទោស​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល ហើយ​បាន​ដាស់​តឿន​ឲ្យ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ ​ផ្តល់​សម្បទា​ដល់​គណបក្ស​សង្គ្រោះជាតិ​ឡើងវិញ​ និង​បើក​ចំហ​ឲ្យ​មានលទ្ធិ​ប្រជា​ធិបតេយ្យ។

សហគមន៍អឺរ៉ុប កាល​ពីខែ​សីហា ឆ្នាំ​២០២០ បាន​ចាប់​ផ្តើម​ដាក់​គំនាប​លើ​ប្រទេស​កម្ពុជា​ដោយ​ដក​ការ​អនុគ្រោះពន្ធ​ចំនួន​២០%​ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៃ​ទំនិញនាំ​ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​ ឬ EBA។ ប៉ុន្តែ​សហរដ្ឋអាមេរិក ​ដាក់​ទណ្ឌកម្ម​បែប​បុគ្គល​លើ​ឥស្សរជន​នៃ​គណបក្ស​កាន់​អំណាច។

លោក ​ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ក្នុង​ទីក្រុង​ភ្នំពេញ យល់​ថា ​សម្ពាធ​អន្តរជាតិ​មក​លើ​កម្ពុជា​មិន​ទាន់​ធ្ងន់​ធ្ងរ​ទេ ហើយ​រដ្ឋា​ភិបាលនឹង​បន្តស៊ូទ្រាំ​តទៅ​ទៀត​បាន។

លោក សុវណ្ណារ៉ា បាន​បន្ថែម​ថា៖

«នៅ​ក្នុង​លក្ខខណ្ឌ(នេះ)​ ខ្ញុំ​គិត​ថា ​គណ​បក្ស​កាន់​អំណាច​អាចទ្រាំ​បាន ប្រសិន​បើ​រដ្ឋា​ភិបាល​ត្រូវ​បាន​ដាក់​ទណ្ឌកម្មដោយ​អឺរ៉ុប​ដក EBA ឬ​ក៏​ GSP ខ្លះ​ពី​សហរដ្ឋ​អាមេរិក​ឬ​ពី​អង់គ្លេស​ ក៏​រដ្ឋា​ភិបាល​អាចពន្យារពេល​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កាន់​តែ​ខ្សោយ​ អាច​ឈាន​ទៅ​រក​ការ​បែកបាក់ និងអាច​ផ្ទេរអំណាច​នៅ​ក្នុង​ជួរ​បក្ស​មាន​និរន្តរភាព​ជាង»។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត បាន​លើក​ឡើង​ថាគណបក្ស​សង្គ្រោះ​ជាតិ«នៅ​មាន​ឥទ្ធិ​ពល​នៅឡើយ»​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​គណបក្ស​កាន់​អំណាច​ បន្តរឹតត្បិត​លើ​ក្រុម​សកម្មជន និង​ថ្នាក់​ដឹក​នាំ​នយោបាយ​នៃ​បក្ស​ប្រឆាំង​នេះ។

«ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​ដែរ មេដឹកនាំ​ចលនា​អ្វី​ក៏​ដោយ​ដែល​ត្រូវ​បង្ខំ​ភៀស​ខ្លួនទៅ​នៅ​បរទេស មាន​ឥទ្ធិពល សូម្បី​តែ​នៅ​ក្នុង​គុក​ ឬ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ»។

លោក ​ឡៅ ម៉ុង​ហៃ បាន​លើក​ពី​ករណី អតីត​មេដឹក​នាំ​កុម្មុយនីស្ត​នៃ​អតីត​សហភាព​សូវៀត ឡេ នីន និង​មេដឹក​នាំ​អ៊ីរ៉ង់ Ayatollah Khomeini សុទ្ធ​តែ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​មុន​នឹង​អាច​ឡើង​ទៅ​ដឹក​នាំ​ប្រទេស​បាន។

ប៉ុន្តែ​ទោះជា​យ៉ាង​ណា​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ មិន​បាន​ប្រមើល​មើល​ថា​ តើ​ការ​តស៊ូ​ការ​ទូត​នៅ​ខាង​ក្រៅ​ប្រទេស​របស់​លោក​ សម រង្ស៊ី និង​លោក​ស្រី មូរ​ សុខហួរ អនុ​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​រស់​ឡើង​វិញ​បាន ​ឬ​យ៉ាង​ណា។

ការ​ប៉ុនប៉ង​ធ្វើឲ្យ​ព្រលឹង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ ទំនង​ជា​ស្ថិត​ក្នុង​ផែន​ការ​របស់​មេដឹកនាំ​នៃ​គណបក្ស​នេះ។ ប៉ុន្តែ​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ ហាក់​ដូចជា​បែកខ្ញែក​គ្នា​អស់​មួយ​ចំនួន​ទៅ​ហើយ។

ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​ត្រូវ​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ បាន​ស្នើ​សុំ​នីតិ​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ក្នុង​ពេល​ថ្មីៗនេះ ប៉ុន្តែ​ពួកគេ​ត្រូវ​បើក​គណបក្ស​នយោបាយ​ផ្ទាល់​ខ្លួន។ ​ដោយឡែក​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន ក៏​បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ការណ៍​នេះ​ដែល​ធ្វើ​ឲ្យពួកគេប្រឈមនឹង​ការ​កសាងកម្លាំង​នៅ​ក្បាល​ម៉ាស៊ីនដឹក​នាំ ប្រសិន​បើ​គណបក្ស​នេះ​ មាន​ឱកាស​រស់​ឡើង​វិញ។

ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជាហាក់​ដូចជា​នៅ​សល់​សន្លឹក​បៀ​ច្រើន​ទៀត សម្រាប់​លេង​ដើម្បី​ខ្ទប់​ដង្ហើម និង​បន្សាប​កម្លាំង​បក្ស​គូ​ប្រជែង​របស់​ខ្លូន​ ជា​ពិសេស​តាម​រយៈ​ការ​បំបែក​កម្លាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នៃ​អ្នក​នយោបាយ​ទាំង​១១៨​រូប ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​កាត់​ទោស​សកម្មជន​និង​ថ្នាក់ដឹកនាំជិត​១៤០​នាក់ និងពន្យារពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ របស់​លោក​ សម រង្ស៊ី លោក​ស្រី មូរ សុខហួរ និង​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត។ ដំណាល​គ្នា​នេះ គណបក្ស​កាន់​អំណាច​ អាច​នឹង​មាន​ពេលវេលា​សម្រាប់​រៀប​ចំ​ខ្លួនដោះ​ស្រាយ​សម្ពាធ​អន្តរជាតិ​ជាយថា​ហេតុ​ណា​មួយ​ក្នុង​ពេល​ខាង​មុខ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​មិន​បន្ធូរដៃ​រហូត​ដល់​មាន​អន្តរាគមន៍ពី​សហគម​ន៍​អន្តរជាតិ​នោះ​ទេ។ ប៉ុន្តែ​លោក​គិត​ថា អន្តរាគមន៍ពី​ក្រៅ​ប្រទេស​ ប្រហែល​ជា​អាច​លេច​ចេញ​ជា​រូប​រាង​ច្រើននៅ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​ទៀត ពោល ​គឺ​រហូត​ដល់​ឆ្នាំ​២០២៣។

ទោះ​ជា​បែប​នេះ​ក្តី លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាង​ថា សហគមន៍អន្តរជាតិ​មិន​សូវ​ផ្តល់​តម្លៃ​ដល់​ការ​ទទូច​របស់​អ្នក​នយោបាយ​នៃបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ទេ។

«ក្រុម​សមាជិក​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិនៅ​ខាង​ក្រៅ​វត្តមាន​របស់​ផង​ខ្លួន​មក​វិញ។ ឯ​ការ​បរទេស​របស់​គេ​មិនមែន​ជា​ផល​ប្រយោជន៍​អ្នក​រត់​ចោល​ស្រុក​ទេ»។

រហូត​មក​ទល់​ពេល​នេះ សហគមន៍​អន្តរជាតិ ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ថ្មី​បែប​ណាមួយ​ទាក់​ទង​នឹងអនាគត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ។

សម្រាប់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ គណបក្ស​សង្គ្រោះ​ជាតិ​ អាច​រស់​ឡើង​វិញ​បាន ​ឬ​មិន​បាន​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​នយោបាយ​ប្រឆាំង​អាច​មាន​ឱកាស​ធ្វើនយោបាយ​ឡើង​វិញ ហើយ​ពួកគេ​អាច​បង្កើត​ប្រជាប្រិយ៍​ភាព​ឡើងវិញ បើ​ទោះ​បី​ត្រូវ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ក៏​ដោយ។ ហើយ​ការ​គាំទ្ររបស់​ពួកគេ​ទំនង​ជា​មិន​បាត់​បង់​នោះ​ទេ៕