ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បង្ហាញការងឿងឆ្ងល់ជុំវិញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក ដែលលោកទទួលបាននៅក្នុងសំណុំរឿង ដែលមានរយៈពេលមួយឆ្នាំមកហើយ។
លោក មាជ សុវណ្ណារ៉ា បានបង្ហាញដីកាចាប់ខ្លួនមួយចុះថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយការថ្លែងបកស្រាយរបស់លោក។
អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលមានសញ្ជាតិអាមេរិកាំងរូបនេះបានចោទសួរថា ហេតុអ្វីបានជាតុលាការ និងអាជ្ញាធរមិនចាប់ខ្លួនលោក នៅមុនពេលដែលលោកបានក្លាយជាប្រធានគណបក្សជំនាន់ថ្មី កាលពីខែមិថុនា ឆ្នាំ ២០២៤ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងអំឡុងពេលដែលលោកស្ថិតក្នុងប្រទេសកម្ពុជា។
លោក មាជ សុវណ្ណារ៉ា ថ្លែងថា លោកទើបតែទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីសប្តាហ៍មុន តាមរយៈមិត្តភ័ក្តិម្នាក់ដែលលោកមិនបញ្ចេញឈ្មោះ ក្នុងពេលដែលលោកកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក។
នៅក្នុងវីដេអូដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក លោក មាជ សុវណ្ណារ៉ា ថ្លែងនៅថ្ងៃទី ៣ ខែកញ្ញាថា៖ «អ៊ីចឹងខ្ញុំអត់យល់ថា តុលាការខេត្តរតនគិរីលេងសើចក្នុងនាមជាតុលាការឯករាជ្យ ឬក្នុងនាមជាសម្ពាធនៃឥទ្ធិពលអ្នកនយោបាយ។ អាហ្នឹងគឺខ្ញុំចង់សួរ ចង់ឆ្ងល់?»។
បន្ថែមពីនេះ លោក មាជ សុវណ្ណារ៉ា បង្ហោះសារជាអក្សរ អមដោយដីកាបង្គាប់ឱ្យចាប់ខ្លួននោះថា ចំណាត់ការរបស់តុលាការបែបនេះបានប៉ះពាល់ដល់សិទ្ធិនៃការជំនុំជម្រះដោយយុត្តិធម៌ ដោយហេតុថា តំណាងអយ្យការមិនដែលចេញដីកាកោះហៅរូបលោក ចំណែកចៅក្រមស៊ើបសួរ ក៏មិនដែលចេញដីកាបង្គាប់ឱ្យលោកចូលខ្លួនសូម្បីតែម្តង។
បើតាមលោក មាជ សុវណ្ណារ៉ា តុលាការខេត្តរតនគិរីបានចោទប្រកាន់លោកពីបទ «ញុះញង់ឱ្យមានការរើសអើង» ចំពោះការថ្លែងរបស់លោកកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកដែលនិយាយអំពីកម្មករខ្មែរទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ តិចជាងកម្មករវៀតណាម ដែលបានធ្វើការក្នុងចម្ការកៅស៊ូ និងចម្ការចេករបស់ក្រុមហ៊ុនវៀតណាមក្នុងខេត្តរតនគិរី។
ការចេញបកស្រាយរបស់ប្រធានគណបក្សជំនាន់ថ្មីរូបនេះកើតឡើង បន្ទាប់ពីសារព័ត៌មានក្នុងស្រុកដូចជាសារព័ត៌មានអប្សរា និងសារព័ត៌មាន BTV បានចុះផ្សាយអំពីដីកាចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ហើយភ្ជាប់ទៅនឹងកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ វៀតណាម CLV។
លោក មាជ សុវណ្ណារ៉ា ថ្លែងក្នុងវីដេអូដដែលនោះថា៖ «អ៊ីចឹងខ្ញុំចង់បង្ហាញថា កុំបំភាន់ភ្ជាប់រឿងអតីតកាលមួយឆ្នាំជាងយកមកបូកដកនឹង CLV។ កុំយកហេតុផលនយោបាយមកបូកដក។ ជាទម្លាប់គឺថាឱ្យតែមនុស្សចេញក្រៅស្រុក ច្រើនតែមានរឿងរបៀបហ្នឹង។ អាងតែគេមិនហ៊ានចូលឱ្យចាប់ ឬក៏យ៉ាងម៉េច?»។
អ្នកនយោបាយដែលធ្លាប់ជាប់ពន្ធនាគារពីរលើករូបនេះ អះអាងថា លោកនឹងចូលមកតតាំងក្តីនៅកម្ពុជាវិញ។ ប៉ុន្តែលោកមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ថា ពេលណាលោកនឹងវិលមកកម្ពុជាវិញនោះទេ ដោយលោកត្រឹមតែបញ្ជាក់ថា រង់ចាំកូនស្រីពៅរបស់លោកបញ្ចប់ថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិកសិន។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងលោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការបញ្ជាក់ពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានដែរ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធមិនអត្ថាធិប្បាយ ដោយប្រាប់អ្នកសារព័ត៌មានវីអូអេសួរទៅតុលាការ និងនគរបាលជំនួសវិញ។
អ្នកនាំពាក្យគណបក្សជំនាន់ថ្មី លោក នី សោភ័ណ្ឌ ប្រាប់វីអូអេថា រហូតមកដល់ថ្ងៃពុធនេះ គណបក្សមិនទាន់ទទួលបានព័ត៌មានអ្វីជាក់លាក់នៅឡើយទេ ជុំវិញដីកាបង្គាប់ឱ្យចាប់ខ្លួននោះ។
លោកថ្លែងថា៖ «យើងអត់ទាន់មានទទួលអីច្បាស់លាស់ពីខាងអាជ្ញាធរ ឬខាងតុលាការខេត្តរតនគិរីហ្នឹង។ យើងអត់ទាន់ទទួលបានអ្វីទេ ហើយខាងមេធាវីរបស់គណបក្សក៏កំពុងសិក្សាលើរឿងហ្នឹងដែរ»។
លោក នី សោភ័ណ្ឌ បន្ថែមថា សកម្មភាពនិងរចនាសម្ព័ន្ធគណបក្ស នៅតែប្រព្រឹត្តទៅដោយរលូន ក្រោមការដឹកនាំរបស់លោក ប៉ាត មុន្នី ប្រធានស្តីទីគណបក្សជំនាន់ថ្មី៕