កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ គណបក្សសង្គ្រោះជាតិ បានសម្រេចដកពាក្យស្លោកដែលមានចំណងជើងថា«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» តាមការទាមទាររបស់គណបក្សកាន់អំណាច។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចស្វាគមន៍ចំពោះការសម្រេចនេះ ព្រោះថាវានឹងធ្វើឲ្យបរិយាកាសនយោបាយមានភាពធូរស្រាលជាងមុន មុននឹងការបោះឆ្នោតឈានមកដល់។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា គណៈកម្មាធិការនាយកគណបក្សប្រឆាំងបានសម្រេចដកពាក្យស្លោក ដែលមានចំណងជើងថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលជាការចង់បានរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
ការថ្លែងរបស់លោក អេង ឆៃអ៊ាង ធ្វើឡើងក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ ដែលត្រូវបានធ្វើឡើងអស់រយៈពេលជាង ១ម៉ោង នៅឯទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងរាជធានីភ្នំពេញ។
លោក អេង ឆៃអ៊ាង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា ការដកពាក្យស្លោកនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនៅពេលខាងមុខនោះទេ។
«ការប្រកួតប្រជែងក្នុងការបោះឆ្នោតហ្នឹង វាមិនសំខាន់ទៅលើពាក្យស្លោកនោះទេ សំខាន់ទៅលើគោលនយោបាយទេ។ ពាក្យស្លោកហ្នឹងគ្រាន់ជាពាក្យចុងជួន ដើម្បីទាក់ទាញចិត្តមនុស្ស ឲ្យមនុស្សចាប់អារម្មណ៍តែប៉ុណ្ណឹងទេ។ ប៉ុន្តែអត្ថន័យសំខាន់ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើសេចក្តីសម្រេចហ្នឹងគឺគោលនយោបាយរបស់គណបក្ស»។
លោក អេង ឆៃអ៊ាងបានប្រាប់ VOAថា គណបក្សសង្គ្រោះជាតិ នឹងផ្ញើលិខិតមួយទៅក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់ពីការកែសម្រួលនេះនៅថ្ងៃចន្ទនេះ។
កិច្ចប្រជុំរបស់គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ធ្វើឡើង ក្រោយគណបក្សនេះ បានផ្ញើលិខិតមួយជូនក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងថា ក្រសួងមហាផ្ទៃបានទទួលស្គាល់ពីដំណើរការសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ។
នៅក្នុងសមាជវិសាមញ្ញបក្សកាលពីដើមខែមីនានេះ គណបក្សសង្គ្រោះជាតិបានបង្កើតពាក្យស្លោកនយោបាយមួយ ដោយភ្ជាប់ជាមួយនឹងគោលនយោបាយ៥ចំណុចរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៤ ខែមិថុនាខាងមុខ។
បន្ទាប់ពីប្រកាសនូវគោលនយោបាយនិងពាក្យស្លោកនោះបានប៉ុន្មានថ្ងៃ គណបក្សប្រជាជនកម្ពុជាបានប្រតិកម្មដោយទាមទារឲ្យកែតម្រូវ និងបានគំរាមប្ដឹងគណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា ខ្លឹមសារនៃពាក្យស្លោកនោះមានចរិតញុះញង់ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំ-សង្កាត់ដែលកំពុងបម្រើការងារទូទាំងប្រទេសនាពេលបច្ចុប្បន្ន។
លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប៊ុន ហុន សុំមិនធ្វើការអធិប្បាយ ហើយបង្វែរសំណួរទៅអ្នកនាំពាក្យក្រសួងមហាផ្ទៃគឺលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលកំពុងជាប់បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់។
«បងអញ្ចេះ ខ្ញុំសុំទោស ដោយសារខ្ញុំមិនមែនជាអ្នកនាំពាក្យ។ អញ្ចឹងបងចាំទាក់ទងសួរអ្នកនាំពាក្យ ព្រោះអ្វីដែលខ្ញុំធ្វើ អាហ្នឹងវាពាក់ព័ន្ធជាមួយនឹងការងារដែល គេសម្រេចឲ្យខ្ញុំធ្វើ។ ប៉ុន្តែពាក់ព័ន្ធនឹងការនាំពាក្យសួរអីហ្នឹង បងចាំសួរអ្នកនាំពាក្យ»។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA កាលពីយប់ថ្ងៃអាទិត្យថា ការសម្រេចដកពាក្យស្លោក«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» របស់គណបក្សប្រឆាំងនឹងរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងវិញនូវបរិយាកាសនយោបាយ នៅមុនការបោះឆ្នោត ដែលនឹងត្រូវឡើងនៅខែមិថុនាខាងមុខនេះ។
«យើងសន្មតថា ការសម្រេចចិត្តលុបចោលនូវពាក្យស្លោក ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រនេះ វាជាកាយវិការមួយគួរឲ្យស្វាគមន៍ ព្រោះបានរួមចំណែកនៅក្នុងការធ្វើឲ្យបរិយាកាសនយោបាយឆ្ពោះទៅរកការបោះឆ្នោតហ្នឹងវាធូរស្រាល»។
លោកបានបញ្ជាក់បន្ថែមថា ពាក្យស្លោកនេះ មានខ្លឹមសារផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ខ្លឹមសារច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ និងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់មេឃុំនិងចៅសង្កាត់ ដែលកំពុងបម្រើការជូនរាជរដ្ឋាភិបាលកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិដែលចេញក្រោយកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គប្រជុំគណៈកម្មាធិការនាយកសម្រេចទុកលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិរហូតដល់ចប់អាណត្តិ ជំនួសលោក សម រង្ស៊ី ដែលបានលាឈប់ ស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈគណបក្ស។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មាធិការនាយក ក៏បានសម្រេចជាឯកច្ឆ័ន្ទ ក្នុងការផ្តល់ការគាំទ្រ ដល់សមាសភាពអនុប្រធានគណបក្ស ដែលរួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហូរ និងលោក អេង ឆៃអ៊ាង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងថា ការរក្សាទុកក្បាលម៉ាស៊ីនដឹកនាំគណបក្សនេះ គឺជាសិទ្ធិរបស់គណបក្សនេះ ដោយគ្មាននរណាម្នាក់អាចលូកដៃក្នុងបញ្ហាផ្ទៃក្នុងគណបក្សនេះបាននោះទេ។
បញ្ហាចម្រូងចម្រាសពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិកើតមានឡើងក្រោយពេលគណបក្សបក្សប្រឆាំងរៀបចំសមាជវិសាមញ្ញមួយកាលពីថ្ងៃទី២ ខែមីនា ដើម្បីជ្រើសរើសមេដឹកនាំបក្សបន្ទាប់ពីលោកសម រង្ស៊ី បានលាលែងពីតំណែងជាប្រធានគណបក្សភ្លាមៗ។
នៅពេលធ្វើសមាជវិសាមញ្ញនោះ គណបក្សសង្គ្រោះជាតិបានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួនចំនួនពីរប្រការ និងបានជ្រើសរើសលោកកឹម សុខា ជាប្រធានថ្មីរបស់គណបក្ស និងអនុប្រធានថ្មីចំនួន៣រូប គឺលោកប៉ុល ហំម លោកស្រីមូរ សុខហួរ និងលោកអេង ឆៃអ៊ាង៕