អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី និងប្រជាពលរដ្ឋមួយចំនួន បានអះអាងថា ការបោះបង្គោលព្រំដែនលេខ ១២៥ និង ១២៨ រវាងកម្ពុជា និងវៀតណាម នៅស្រុកពញាក្រែក ខេត្តកំពង់ចាម បានរំលោភចូលបូរណភាពទឹកដីកម្ពុជា។ ក៏ប៉ុន្តែមន្រ្តីជំនាញរបស់រដ្ឋាភិបាលខាងកិច្ចការព្រំដែនបានបដិសេធ។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្បែរបង្គោលឡាក់លេខ ១២៥ និង ១២៨ ដែលមានទីតាំងនៅក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី ចំនួន៣រូប ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបានអះអាងថា ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម បានរំកិលចូលបូរណភាពទឹកដីប្រទេសកម្ពុជា។
លោកស្រីថាក់ ឡាក់នី តំណាងរាស្រ្តមណ្ឌលកំពង់ចាម ព្រមទាំងអ្នកតំណាងរាស្រ្តចំនួនពីររូបផ្សេងទៀត ដែលរួមមាន លោកម៉ៅ មុនីវណ្ណ និងលោកជៀម ចន្នី បានចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ ១២៥ ១២៦ ១២៧ និង ១២៨ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបោះក្នុងរយៈពេលកន្លងទៅនេះ។
លោកស្រីថាក់ ឡាក់នី បានថ្លែងថា បើតាមការរាយការណ៍របស់ប្រជាពលរដ្ឋ ដីស្រែ និងចំការរបស់ពួកគេចំនួន៣ភូមិ គឺភូមិអន្លង់ជ្រៃ ភូមិតាអាំ និងភូមិព្រះស្រែ ដែលមានទីតាំង នៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម បានបាត់បង់។ លោកស្រីបានបន្តទៀតថា៖
«បើតាមខ្ញុំពិនិត្យពិតប្រាកដទៅ ខ្ញុំមិនមែនជាអ្នកបច្ចេកទេសទេ។ ក៏ប៉ុន្តែខ្ញុំយល់ថា ដីហ្នឹង ប្រហែលជាចូលដីខ្មែរ ដោយសារអី ដោយសារផ្លូវដែលខ្ញុំចូលធ្វើការតាំងពីឆ្នាំ២០០១ ខ្ញុំដើរធ្វើការព្រោះខ្ញុំទ្រទ្រង់នៅស្រុកពញាក្រែកនេះ ខ្ញុំដើរធ្វើការរហូតទៅដល់ផ្ទះសម្តេចហេង សំរិន។ ថ្លុកត្រាច អន្លង់ក្រេះ ហើយ តាអាំ ពេញហ្នឹងទាំងអស់ គឺក្នុងឃុំកក់ទាំងមូល ខ្ញុំលុកលុយពេញហ្នឹងទាំងអស់ ខ្ញុំដឹងថា ទឹកដីរបស់កម្ពុជា»។
បើតាមការអះអាងរបស់អ្នកស្រុកខ្លះបាននិយាយថា បង្គោលព្រំដែនលេខ១២៥ ១២៦ ១២៧ និង១២៨ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបោះនៅក្នុងរយៈពេលកន្លងទៅនេះ គឺស្ថិតនៅក្នុងតំបន់ ដែលជាស្រុកកំណើតរបស់លោកហេង សំរិន ប្រធានរដ្ឋសភារបស់ប្រទេសកម្ពុជា។
អ៊ំប្រុសមួយរូបមានសក់ព៌ណស អាយុប្រមាណ៦៧ឆ្នាំ កំពុងអង្គុយនៅលើអង្រឹងខាងក្នុងផ្ទះបាយមួយ បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក ដោយស្នើសុំមិនបញ្ចេញឈ្មោះថា កាលពីពេលមិនទាន់បោះបង្គោលព្រំដែនលេខ ១២៥ ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីបង្គោលព្រំដែន។ អ៊ំប្រុសរូបនោះ បានគិតបន្តិចរួចយកដីច្រត់ចង្កា ដែលមានផ្ទៃមុខជ្រៀវជ្រួញដោយសារភាពចាស់ជរានោះ បានអះអាងយ៉ាងដូច្នេះថា៖
«ពីដើមព្រំដែននៅប៉ុស្តិ៍ត្នោត នៅកន្លែងខាងកើតថ្នល់ វាបាត់ៗហើយ បាត់ច្រើនណាស់»។
ចំណែកអ៊ំស្រីមួយរូបទៀតអាយុ៦៦ឆ្នាំ រស់នៅភូមិថ្លុកត្រាច តាំងពីអាយុ១១ឆ្នាំមកម្លេះមានប្រសាសន៍ថា អ៊ំស្រីបានបាត់បង់ដីស្រែមួយចំនួន តាំងពីឆ្នាំ១៩៩៥ ដោយសារតែភាគីវៀតណាមរំលោភយក ។ អ៊ំស្រីបានថ្លែងដូច្នេះថា៖
«ទាំងអស់ ម៉ាភូមិហ្នឹងណា៎ ១៥ ហិកតា។ កាលពីខ្ញុំស្ទូងពីឆ្នាំ១៩៨៥ វារាំងឆ្នាំហ្នុង រាំងអត់បានទៅស្ទូង ដល់ទៅស្ទូងដកវាអត់ឲ្យយើងស្ទូងទេ។ ប៉ូលីសទៅក៏មិនដឹងធ្វើម៉េចទេ។ បានទៅគេហើយ។ និយាយមិនសោកស្តាយម៉េច។ មានដីឯណា ខ្ញុំនៅតាំងពីអាយុ១១ឆ្នាំ។ ឥឡូវខ្ញុំ៦៦ឆ្នាំហើយ»។
បើទោះបីជាមានការអះអាងពីក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង និងប្រជាពលរដ្ឋមួយចំនួនក៏ដោយ ក៏លោកវ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល បានច្រានចោលការលើកឡើងទាំងនេះ។ លោកវ៉ា គីមហុង បានមានប្រសាសន៍ថា ការបោះបង្គោលព្រំដែនលេខ ១២៥ មិនបានរំលោភចូលមកបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាទេ។
«ខ្ញុំគិតថា បើវាប៉ះពាល់ មិនមែនគណបក្សប្រឆាំងទៅព្រួយចិត្តជំនួសសម្តេចប្រធានរដ្ឋសភាទេ ព្រោះភូមិគាត់ ភូមិកំណើតគាត់តាំងពីជំនាន់សង្គម ជំនាន់បារាំងមក នៅតាំងពីណាពីណីមក។ អ្នកដែលព្រួយចិត្តជាងគេ គឺសម្តេចប្រធាន។ ប្រសិនបើលោកមិនព្រួយទេ សូមអ្នកនៅគណបក្សប្រឆាំងមិនបាច់ទៅព្រួយជំនួសសម្តេចទេ»។
ប្រទេសកម្ពុជា និងប្រទេសវៀតណាម ទើបបានបោះបង្គោលព្រំដែនចំនួន ១៩១ បង្គោលតែប៉ុណ្ណោះ នៅក្នុងចំណោមបង្គោលសរុបចំនួន ៣៧៥ បង្គោល។
បើតាមការបញ្ជាក់របស់លោកវ៉ា គីមហុង បានឲ្យដឹងថា ប្រទេសទាំងពីរនឹងបោះបង្គោលព្រំដែនឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១២ ខាងមុខនេះ៕