ការ​រឹតត្បិត ភាព​ភ័យខ្លាច និង​បញ្ហា​ជីវភាព រុកកួន​អតីត​មន្ត្រី​បក្ស​ជំទាស់​និង​គ្រួសារ

ព្រំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ភ្នំពេញ — កាល​ពី​ ៤ ​ឆ្នាំ​មុន អតីត​ចៅ​សង្កាត់​បឹង​ទំពុន​ ២ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ជា យ៉ាម៉ន បាន​កំពុង​ឃោស​នា​រក​ការ​គាំទ្រ​នៅ​ក្នុង​សង្កាត់​របស់​ខ្លួន និង​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ចៅ​សង្កាត់ កាល​ពីខែ​មិថុនា ឆ្នាំ​២០១៧។

ប៉ុន្តែ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ ហើយ​អតីត​មន្ត្រី​ឃុំ​សង្កាត់​និង​សកម្មជន​ជាច្រើន​ទៀត រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ លោក ជា យ៉ាម៉ន​ បានចាប់​យក​មុខ​របរ​ជា​អ្នក​លក់​ពង​ទា​ចិញ្ចឹម​ជីវិត​ជំនួស​វិញ ដើម្បី​ចិញ្ចឹម​គ្រួសារ ដែល​មាន​ភរិយា និង​កូន​ប្រុស​ពីរ​នាក់។

​អតីត​ចៅ​សង្កាត់​គណបក្ស​ប្រឆាំងដែលបាត់​បង់​តំណែង​រូបនេះ​បន្ត​ថា​ មុខ​របរ​លក់​ពងទា​របស់​លោក​មិន​ងាយ​ស្រួល​ដូច​អ្នក​លក់​ពង​ទា​ទូទៅ​នោះ​ទេ ដោយ​លោក​ថា លោក​តែង​ត្រូវ​បាន​អាជ្ញាធរ​ឃ្លាំ​មើល និង​ធ្វើ​ឲ្យ​រំខានដល់​ការ​លក់​ដូរ។

ពាក់​អាវ​ពណ៌​គគី​ដៃ​វែង​អង្គុយក្នុង​បរិវេណ​ផ្ទះ​នៅសង្កាត់​បឹង​ទំពុន​២​ខ ណ្ឌ​មាន​ជ័យ ដែល​មាន​ស្តុក​ពង​ទាគរ​គ្នា​ជាច្រើន​ថ្នាក់​ផង លោក យ៉ាម៉ន មាន​ប្រសាសន៍​ថា៖

«ប្រជា​ការ​ពារ​គេ​ឲ្យ​ទៅ​អង្គុយ​ពី​ក្រោយ​តែ​ម្តង ហើយ​ខ្ញុំ​មាន​ទាំង​រូប​ថត​ទៅ​ទៀត ខ្ញុំ​ថត​បាន​ប្រជា​ការពារ​ហ្នឹង​ដែល​មក​អង្គុយ​ចាំ​មើល​ពី​ក្រោយ​យើង ហាក់បីដូច​ជា​អ្នក​ទោស​ដ៏​ធំ​មួយ​តែ​អង្កាល់​ហ្នឹង​អត់​ទាន់​មាន​ដីកា​ទេ។ អញ្ចឹង​យើង​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​លក់​ដូរ​ហ្នឹង។ ធម្មតា​ភ្ញៀវ​តែ​កាល​ណា​ឃើញ​ប្រជា​ការ​ពារ​អង្គុយ​ខាង​ក្រោយ គេ​មាន​អារម្មណ៍​អត់​ល្អ​ទេ​អញ្ចឹង​ការ​ចូល​ទិញ​របស់​ប្រជា​ពលរដ្ឋ​គឺ​មាន​ការ​រួញ​រា។ អញ្ចឹង​ផ្លូវ​សេដ្ឋកិច្ច​គឺ​គេ​បិទ​តែ​ម្តង»។

អតីត​ចៅ​សង្កាត់​វ័យ​ ៥៣​ ឆ្នាំ​រូប​នេះ​បន្ថែម​ថា ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តែង​កើត​មាន​ជា​រឿយៗ​លើ​លោក​នា​ពេល​កន្លង​មក។

លោក ជា យ៉ាម៉ន អតីតចៅសង្កាត់បឹងទំពុន២ របស់គណបក្សសង្គ្រោះជាតិ កំពុងផ្តល់សម្ភាសន៍ដល់ VOA នៅផ្ទះរបស់លោកក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ទាំង​នោះ​រួម​មាន​ការ​ប៉ុនប៉ង​ប្រើ​ហិង្សា ការប៉ុនប៉ង​យាយី​តាម​បណ្ដាញ​អ៊ិនធឺណិត​និង​ការ​តាម​ឃ្លាំ​មើល​ជា​ប្រចាំ​ជាដើម។ លោក​បន្ថែម​ថា​ ចំណែក​បទ​ចោទ​ដែល​ចោទ​ប្រកាន់​លោក​ថា ​សម​គំនិតក្បត់​ជាតិ ក៏​កំពុង​ធ្វើ​ឲ្យ​លោក​រស់​នៅ​ទាំង​រង​ការ​រំខាន​ខ្លាំង​ផង​ដែរ។

«ខ្ញុំ​ជិះ​មក​ពី​កម្មវិធី មក​ពី​ការ​គេ មនុស្ស​ពីរ​នាក់​ពាក់​មួក​ឃ្លុប​ជិតៗ​ដេញ តែ​ខ្ញុំ​ចេះ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​សារ​ម៉ូតូ​ខ្ញុំ​មាន​ក​ញ្ចក់ អញ្ចឹង​ខ្ញុំ​មើល​ឃើញ មើល​ឃើញ​ទើប​យើងជិះ​គេច​ទម្រាំ​តែ​ផុត អត់​ហ៊ាន​ចូល​ផ្ទះ​ទេ ត្រូវ​ទៅ​ដល់​ផ្ទះ​បង​ស្រី​នៅ​ខេត្ត​ស្វាយ​រៀង។ យើង​ទុក​ម៉ូតូ​នៅ​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្បែរ​ហ្នឹង បាន​យើង​ឡើង​ឡាន​ទៅ​ហ្នឹង​សិន»។

លោក យ៉ាម៉ន ស្ថិត​ក្នុង​ចំណោម អតីតមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជា​ ១៣៧ នាក់ ទាំង​កំពុង​ស្ថិត​ក្នុង​ប្រទេស និង​អ្នក​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កំពុង​រង​ការចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ សម​គំនិត​ក្បត់​ជាតិ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាដើម។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អតីត​មន្ត្រី​និង​សកម្មជន​បក្ស​នេះ​និង​អ្នក​ឃ្លាំមើល​បាន​លើកឡើង​អំពី​ការ​តាម​ឃ្លាំមើល​ជា​ប្រចាំ ការ​គំរាមកំហែង ការ​ប៉ុនប៉ង​ប្រើ​ហិង្សា និង​ការ​ប្ដឹង​ផ្ដល់​តាមផ្លូវ​តុលាការ​ដែល​នៅ​បន្ត​លង​បន្លាច​ពួកគេ ជាពិសេស​អ្នក​ដែល​នៅ​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី។​

មានអតីតមន្ត្រី និង​សកម្មជនបក្ស​ប្រឆាំងយ៉ាង​ហោចណាស់២៩​នាក់​រង​ការប្រើ​ហិង្សាពីជន​មិន​ស្គាល់មុខ ចាប់ពី​ឆ្នាំ​២០១៩​ មក។ នេះ​បើ​តាម​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្កេត​ឃើញ​ថា​អតី​តមន្ត្រី​ឃុំ​សង្កាត់​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​បក្ស​នេះ​ត្រូវ​រំលាយ បាន​ក្លាយ​ជាគោល​ដៅ​នៃការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រោម​រូបភាព​ផ្សេងៗ រហូត​ពួក​គេ​មួយ​ចំនួន​សម្រេច​ភៀស​ខ្លួន​ទៅ​ក្រៅប្រទេស។

អ្នកស្រី​បន្ត​ថា សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​តែង​រង​ការ​គំរាម​កំហែង ការ​ប្រើ​ហិង្សា​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ ព្រមទាំង​ការ​ចោទ​ប្រកាន់​ផ្សេងៗ។

«សកម្មជន​នយោបាយ​មួយ​ចំនួន​ហ្នឹង​រង​នូវ​ការ​វាយ​ប្រហារដោយ​ជន​ទី​៣ ឬ​ជន​ដែល​មិន​ស្គាល់​មុខ​អីហ្នឹង រហូត​ដល់​មាន​គ្រោះ​ថ្នាក់បែក​ក្បាល បែក​អី​ជាដើម​ហ្នឹង។ នេះ​ជា​រូបភាព​មួយ​ដែល​ហិង្សា ហើយ​ដែលអាជ្ញាធរ​ត្រូវ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក​យុត្តិធម៌​ជូនពួក​គាត់​បើមិន​ដូច្នោះទេ ​បាន​ន័យ​ថាយើង​ក៏​គាំទ្រ​ហិង្សា​ផ្នែក​នយោបាយ​ ដែល​ធ្លាប់​តែ​កើត​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ​ ៩០ ជាង ឬ​ក៏​ដើម​ឆ្នាំ​ ២០០០ ​ហ្នឹង»។​

​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​អះអាង​ថា ​ខ្លាច​បាត់​បង់​ការងារ​និងបារម្ភ​ពី​សុវត្ថិភាព​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស និយាយ​ថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ កញ្ញា​បានធ្វើ​ការងារ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយ​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

កញ្ញា​បន្ត​ថា កញ្ញា​ត្រូវ​បាត់​បង់​ការងារ​បន្ទាប់​ពី​កញ្ញា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្បត់ និង​ត្រូវ​រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​ រហូត​ស្ថិតនៅ​តែ​ក្នុង​ផ្ទះ​មិន​ហ៊ាន​ចេញ​ក្រៅ។

អតីត​សកម្មជន​បក្ស​ប្រឆាំង​វ័យ ​២៦ ​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ក្រោយ​រស់​នៅ​តែ​ក្នុង​ផ្ទះដោយ​ក្តី​បារម្ភ​ពី​សុវត្ថិ​ភាព កញ្ញា​ក៏​សម្រេច​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា​តាម​ច្រក​របៀង​មិន​ផ្លូវ​ការ​ កាល​ពី​ដើម​ឆ្នាំ​ ២០២០។

​ខណៈ​កំពុង​ស្ថិត​ក្នុង​ផ្ទះ​ជួល​ដែល​មាន​ទំហំ​ប្រមាណ​ជា​ ៤​ គុណ ​៦ ​ម៉ែត្រ កញ្ញា​ប្រាប់​វីអូអេ តាម​ការ​សម្ភាស​ពី​ចម្ងាយ​ថាខ្លួន​នឹក​ផ្ទះ នឹក​ឪពុក​ម្ដាយ​មិន​ចង់​រស់​នៅ​ក្រៅ​ប្រទេស​តែ​ម្នាក់​ឯង​ដូច្នេះ​ទេ។

«ប៉ុន្តែ​ដោយ​សារ​តែ​រឿងនយោបាយទេ​បាន​យើង​ឃ្លាត​ឆ្ងាយ​ពី​ពួក​គាត់​ខ្ញុំ​ក៏​អត់​ចង់​ឲ្យ​ពួកគាត់​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ដូចគ្នា​ព្រោះ​ពួក​គាត់​ចាស់​ហើយ។ គាត់​ក៏​ឈឺ​ដូចគ្នា ហើយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទឹក​នោម​អី អញ្ចឹង​ខ្ញុំ​អត់​ចង់​នៅ​ទី​នេះ​យូរ​ទេ ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​អត់មាន​ឱកាស​បាន​ជួប​គាត់​ទៀត»។

មិនមែន​តែ​អតីត​មន្ត្រី​និង​សកម្មជន​បក្ស​ជំទាស់​នោះ​ទេ សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ក៏​បាន​រអ៊ូ​រទាំ​ពី​ការ​យាយី​ផងដែរ។

រូបឯកសារ៖ រថយន្តដឹកអ្នកទោសជាច្រើននាក់រួមមានសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ និងលោក រ៉ុង ឈុន មេដឹកនាំសហជីព បានមកដល់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

អ្នកស្រី ព្រុំ ចាន់ថា ភរិយា​របស់​លោក កាក់ កុម្ភារ អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង ក្រោម​បទ​ចោទ «ក្បត់ជាតិ» បាន​ប្រាប់​VOA​ថា ក្រោយ​ពេល​ស្វាមី​របស់​អ្នក​ស្រី​ត្រូវ​បាន​ចាប់​ខ្លួន​គ្រួសារ​របស់​អ្នកស្រី​តែង​មាន​ការ​ឃ្លាំ​មើល​ពី​ជន​ប្លែក​មុខ​ស្ទើរ​រាល់​ថ្ងៃ។

អ្នកស្រី​ចាន់​ថា ដែល​មាន​កូនពីរ​នាក់​ក្នុង​បន្ទុក​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព ដោយ​សារ​មិន​មាន​ការងារ​ធ្វើ តែង​តែ​នៅ​ក្នុង​ផ្ទះ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព។

អ្នកស្រី​បន្ថែម​ថា ការ​ចាប់​ស្វាមី​របស់​អ្នកស្រី​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មិថុនា ឆ្នាំ​ ២០២០ និង​ឃ្លាំ​មើល​គ្រួសារ​របស់​អ្នក​ស្រី​បែប​នេះ គឺ​បង្ហាញ​អំពី​ការ​រឹត​ត្បិត​ដល់​សេរីភាព​របស់​គ្រួសារ​អ្នក​ស្រី​យ៉ាង​ខ្លាំង។​

«អត់​ត្រូវ​ធ្វើ​ចឹង​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​សេរីភាព​បុគ្គល ជា​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​អត់​ត្រូវ​មក​ឃ្លាំ​មើល​អីចឹង​ទេ តើ​បាន​ន័យ​ថា​ម៉េច? អ៊ីចឹង​ពួក​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ណាស់ ដោយសារ​អី បើ​មាន​ប្រការអី​កើត​ឡើង​តើ​ធ្វើ​ម៉េចទៅ? អញ្ចឹង​បង​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ឯង​មែន​ទែន និង​កូន ជាពិសេស​កូន​ខ្ញុំ​តែម្តង ព្រោះ​វា​ក្មេងៗ»។

ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មិថុនា ឆ្នាំ​២០១៧​ គណបក្ស​សង្គ្រោះ​ជាតិបាន​ដណ្តើម​អាសនៈ​ពី​គណ​បក្ស​កាន់​អំណាច​បាន​ជា​ច្រើននៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ធំៗ​ រួម​មាន​ខេត្ត​សៀមរាប​កំពង់​ចាម​ បាត់ដំបង​និង​កំពង់ធំ។​

គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយនេះ​បាន​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ជិត ​៥០០​ ក្នុង​ចំណោម​ ១៦៤៦ ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស និង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​សរុបចំនួនជាង​៥​ពាន់​អាសនៈ។ តែ​អសនៈ​និង​តំណែង​ទាំង​នោះ​ត្រូវ​បាត់បង់ នៅ​ពេល​បក្ស​ត្រូវ​បាន​រំលាយ។​

លោក ជា យ៉ាម៉ន បាន​ដឹកនាំ​ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ​សង្កាត់​បឹង​ទំពន់​ទី​ពីរ ទទួល​បាន​ការ​គាំទ្រ៧​អាសនៈ ក្នុង​ចំណោម ​១១ កាល​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ​២០១៧។

អតីត​ចៅ​សង្កាត់​រូប​នេះ​ថា បន្ទាប់​ពី​លោក​ត្រូវ​បាន​ដក​តំណែង​មាន​មន្ត្រី និង​អ្នក​ស្គាល់​គ្នា​ក្នុង​គណបក្ស​កាន់​អំណាច បបួល​លោក​ឲ្យ​ចុះ​ចូល​ដោយ​ឲ្យ​លោក​បន្ត​ធ្វើ​ជា​ចៅ​សង្កាត់​ដដែល ប៉ុន្តែលោក​បដិសេធមិន​ទទួល​យក។

លោក ជា​ យ៉ាម៉ន​ ដែល​បាន​កាន់​តំណែង​ជា​ចៅ​សង្កាត់បាន​រយៈពេល​៣​ខែ​កន្លះ​ផង​នោះ​ ត្រូវបាន​ដក​ហូត​មុខ​ដំណែង ពេល​បក្ស​ជំទាស់​ត្រូវ​បាន​រំលាយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២ ០១៧ ខណៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​ ៥ ​ពាន់​នាក់​ផ្សេង​ទៀត​ក៏ ​ជួប​វាសនា​ស្រដៀង​គ្នា​នេះ​ដែរ។

«ខ្ញុំ​នៅ​តែ​សោកស្តាយ ពីព្រោះ​ប្រជា​ពលរដ្ឋ គឺ​គាត់​ទុក​ចិត្ត​យើង។ ទី១​ គឺ​ទុក​ចិត្ត​គណបក្ស ទី​២ ​គឺ​គាត់​ទុក​ចិត្ត​មនុស្ស​ដែល​នៅ​មូលដ្ឋាន​ផ្ទាល់​ជាមួយ​គាត់ គឺ​គាត់​ទុកចិត្ត។​ដូច្នេះ​ហើយ​គឺ​ខ្ញុំ​មាន​កា​រ​សោក​ស្តាយ​ជា​ទីបំផុត​ដែលខ្ញុំ​បម្រើ​ប្រជា​ពលរដ្ឋ​អត់​គ្រប់ឆ្នាំ ជា​អាណត្តិ​ជា​ចៅ​សង្កាត់»។

​អំពើ​ហិង្សា​លើអតីត​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កើត​ឡើង​យ៉ាង​ផ្ទួនៗ​ កាល​ពី​ឆ្នាំ​ ២០១៩។ ក្នុង​នោះរួមមាន​ លោក ​ពូក ចន្តា ​ប្រធាន​ក្រុម​កង​ការពារ​របស់​លោក ​សម រង្ស៊ី ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ដោយ​ដំបង​ដែក​លើ​ក្បាល នៅ​ពេល​លោក​ចេញ​ពី​ទិញ​ម្ហូប​នៅ​ផ្សារ។​

ចំណែក​លោក ស៊ិន បូណា អតីត​ចៅ​សង្កាត់​កោះ​ដាច់​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ​របស់​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​ជន​មិន​ស្គាល់​មុខពាក់​មួក​ឃ្លុប​បិទ​មុខ​ជិត​មាន​មាឌ​ធំ​ដំបង​ស្លៀក​សម្លៀក​បំពាក់​ជា​ជន​ស៊ីវិល មាន​សៀត​កាំភ្លើង​ខ្លី​នៅ​ជាប់​នឹង​ចង្កេះ​ធាក់​ផ្តួល​ម៉ូតូ​របស់​លោកពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ រួចបាន​ដេញ​វាយ​សំពង​ពី​ក្រោយ។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលជំរឿនចុងក្រោយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ឆ្លើយ​តបនឹង​សំណួរ​របស់​ VOA ​ពាក់​ព័ន្ធ​នឹង​ការ​រំខាន និង​ការ​ប្រើ​ហិង្សា​លើ​អតីត​មន្ត្រី​ឃុំ​សង្កាត់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អង្គារ ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ហៅ​ការ​លើក​ឡើង​ទាំង​នេះ​ថា​ ជា​ការ «សាច​ទឹក​ដាក់​គ្នា»។​

«មែន​ទែន​ទៅ​ខ្ញុំ​គិត​ថា​អាហ្នឹង​សុទ្ធ​តែ​នាំ​គ្នា​សាច​ទឹក​ដា​ក់គ្នា​ទេ សាច​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ ខ្ញុំ​គិត​ថារឿង​អតីត​កាល​ឲ្យ​វា​កន្លង​ផុត​ទៅ យើង​គិត​នាំ​គ្នា​ធ្វើ​អី​ថ្មីសម្រាប់​ប្រទេស​ជាតិ។ អាហ្នឹង​ខ្ញុំ​អត់​អាច​ធ្វើ​ការ​ជំនួស​តុលាការ​ទេ ទុក​ឲ្យ​តុលាការ​គេ​ធ្វើ​ទៅ»។

លោក សាន សុខសីហា អ្នកនាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ VOA ​ថា សមត្ថកិច្ចកំពុង​បន្ត​ស៊ើប​អង្កេត​ករណី​ប្រើ​ហិង្សា​លើ​អតីត​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ ប៉ុន្តែ​លោក​ថា មិន​ទាន់មាន​ការ​រក​ឃើញ​តម្រុយ​ណា​មួយ​នៅ​ឡើយ។

«គ្រប់​ករណី​ទាំងអស់ មិន​ថា​ករណី​អ្វី​ទេ ឲ្យ​តែ​ករណី​បទ​ល្មើស ឬ​ក៏ករណី​អី​ផ្សេងៗ គឺ​សមត្ថកិច្ច​គ្រប់​ជំនាញ​គឺតែង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​គ្រប់​វិធី​ដើម្បី​ស្វែង​រក​ជន​បង្ក​ហ្នឹង តែ​គ្រាន់​តែ​ថា​ករណី​ខ្លះ​វា​ត្រូវ​ការ​ពេល​វេលា​យូរ​ករណី​ខ្លះ​ក៏​លឿន​អញ្ចឹង វា​តាម​ករណី​ជាក់​ស្តែង មិនមែន​ថា​តាម​ចិត្ត​អ្វី​ដែល​គាត់​ចង់​បាន​ទេ ព្រោះ​គ្រប់​រឿង​ទាំងអស់​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​គឺ​យើង​តែងតែ​ធ្វើ​ជានិច្ច»។

អ្នកស្រី ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​ដើម្បី​ធានា​ការ​រស់នៅ​ដោយ​សុខដុម​របស់​ពលរដ្ឋ​ដែល​មាន​គ្រប់​និន្នាការ​នយោបាយ។

​«ដំណោះ​ស្រាយ​នោះ​គួរ​តែ​មានការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ព្រោះ​ថា ​វាជា​ករណី​នយោ​បាយ អញ្ចឹង​សង្ឃឹម​ថា​នឹង​មាន​ការ​ទម្លាក់​បទ​ចោទ ឬ​ក៏​ធ្វើ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ណា​មួយ​ដើម្បី​អាច​ឲ្យ​យើង​ធ្វើ​ការ​រួមគ្នា ជាជាង​ការ​នៅ​តែ​បន្ត​ការ​ដេញ​ដោល និង​ចោទ​គ្នា​ទៅវិញ​ទៅ​មក ដូចជា​បទ​ចោទ​ក្បត់​ជាតិ ឬ​ក៏​អំពើ​ក្បត់​អីហ្នឹង»។​

​ស្រប​ពេលដែលអតីត​មន្ត្រី និងសកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​កំពុង​ភៀស​ខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស និង​ខ្លះ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​រួបរឹត​ដោយ​បទ​ចោទ និង​បញ្ហា​ជីវភាព លោក ជា យ៉ា​ម៉ន នៅ​តែ​រំពឹង​ថា លោក​នឹង​អាច​ត្រឡប់​ចូល​កាន់​តំណែង​ជា​ចៅ​សង្កាត់​វិញ នៅ​ពេល​ដែល​មាន​គណ​បក្ស​នយោបាយ​ណា​មួយ​ដែល​លោក​ជឿ​ទុក​ចិត្ត​បាន។

«បើ​គណបក្ស​ណា​ ខ្ញុំ​មើល​ទៅ​ឃើញ​ថា​គណបក្ស​ហ្នឹងជា​ប្រជាធិបតេយ្យ​ស្រប​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន យើងចូល​ទៅ​ឈរដើម្បី​ធ្វើ​ការ​បោះឆ្នោត​បន្ត​ទៀត។ នេះ​បើ​មាន តែ​បើ​មិន​មាន​យើង​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ នៅ​ធ្វើ​អ្នក​លក់​ដូរ​ធម្មតា»។

លោក​ថ្លែង​ដូច្នេះ​ទាំង​ទឹក​មុខ​ញញឹម​ស្ងួត ហើយ​យូរៗ​ម្ដង​លោក​ងាក​មើល​ទៅ​ថ្នល់​ដែល​នៅ​ក្បែរ​នោះ​រាល់​ពេល​លោក​ឮ​សំឡេង​ម៉ូតូ​ជិះ​កាត់​មុខ​ផ្ទះ​ដែល​ជា​ស្តុក​ដាក់​ពងទា​របស់​លោក​ម្ដងៗ៕