តុលាការ​ចោទ​លោក​ សម ​រង្ស៊ី ពីបទ​រួមគំនិតក្បត់​ថ្មីទៀត​ចំពោះ​ការ​ប្រកាស​ឲ្យ​ពលរដ្ឋ​ក្រោក​ផ្តួល​រដ្ឋាភិបាល​​

រូប​ឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

តុលាការ​រាជធានីភ្នំពេញ​បាន​ចោទ​ប្រកាន់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ និង​សមាជិក​បក្ស​មួយ​ចំនួន​ទៀត​ពីបទ«រួមគំនិត​ក្បត់»​មួយថ្មី​ទៀត​បន្ទាប់ពី​លោកសម រង្ស៊ី​បាន​អំពាវនាវ​តាមប្រព័ន្ធ​ទំនាក់ទំនងសង្គម​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​និង​ប្រជាពលរដ្ឋងើប​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុជា។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក ​សម ​រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​និងក្រុម​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រួម​មាន​លោក អ៊េង​ ឆៃអ៊ាង អ្នកស្រី​ មូរ​ សុខហួរ​ ជា​អនុប្រធាន​បក្ស​និង​លោក ហូរ​ វ៉ាន់​ ក៏ត្រូវ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​«ញុះញង់​បង្កឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃក្រមព្រហ្មទណ្ឌ​កម្ពុជា។

បើតាម​សេចក្តី​ប្រកាស​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះថ្ងៃទី​៧ ខែតុលា​ដែល​វីអូអេ​ទទួល​បាននៅ​ថ្ងៃ​សុក្រនេះ​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ខាងលើ​ដោយ​ផ្អែក​តាម​អង្គហេតុ​នៃ​សេចក្តី​អំពាវនាវមួយរបស់​បុគ្គល​សម​រង្ស៊ី​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​៥ខែតុលា​កន្លង​ទៅ។

អយ្យការ​ចោទ​ថា ខ្លឹមសារ​អំពាវនាវ​នៅ​ពេល​នោះ​បង្កប់​នូវ​«ការ​រៀបចំ​ផែនការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា»​«ដោយ​ប្រើប្រាស់​ព័ត៌មាន​បំផ្លើស​ខុស​ពីការ​ពិត​ក្រោម​ឧបាយកល​អំពាវនាវ​ញុះញង់​កងកម្លាំង​ប្រដាប់​អាវុធ​និង​ប្រជាពលរដ្ឋ​ឲ្យ​ផ្តួល​រំលំរដ្ឋាភិបាល​ស្រប​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​ការចោទ​ប្រកាន់​បទឧក្រិដ្ឋ​ជាថ្មី​ទៀត​របស់​តុលាការ​ទីក្រុង​ភ្នំពេញ​មកលើ​លោក​សម​រង្ស៊ី​ និង​ក្រុម​សហការី​របស់​លោក​កើតឡើងយ៉ាង​ប្រញាប់​ប្រញាល់​បន្ទាប់ពី​មេដឹកនាំ​បក្ស​ជំទាស់​បាន​ប្រកាស​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​កាលពីថ្ងៃទី​ ៥តុលា​ ដោយ​ចោទថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​ជន​ដែល​គ្មានភក្តីភាព​ជាតិ​ចំពោះ​ជាតិ​ព្រោះ​លោកបាន​ទិញ​សញ្ជាតិ​និងលិខិត​ឆ្លងដែន​ពីប្រទេស​អឺរ៉ុប​មួយ​ឈ្មោះ​ស៊ីប​ឬសាយប្រឹស​ (Cyprus)។ លោក​ ហ៊ុន សែន ប្រធាន​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​ច្រាន​ចោល​ភ្លាមៗ​ការចោទ​ប្រកាន់​នេះ។

អ្នកនាំពាក្យ​អយ្យការអម​សាលាដំបូង​រាធានីភ្នំពេញ​លោកប្លង់​សុផល​បដិសេធ​មិន​ផ្តល់ការ​អធិប្បាយលើ​សំណួរទាក់ទង​នឹង​ភាគី​នៅពី​ក្រោយ​ការ​ប្តឹង​លោក​សម រង្ស៊ី​ដែល​នាំ​ឲ្យមាន​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​បន្ថែម​មក​លើ​មេ​បក្ស​ជំទាស់​នេះ​ទៀតនោះ។

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)

អ្នកវិភាគ​នយោបាយ​លោក​សេង​សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រនេះ​ថា​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា​មាន​ភាព​តានតឹង​កាន់​តែខ្លាំងក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះបន្ទាប់​ពីមាន​ជម្លោះ​ពាក្យ​សម្តី​រវាង​លោក សម​ រង្ស៊ី​ និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ក្នុង​សំណុំរឿង​ទិញ​សញ្ជាតិ​ពីប្រទេស​ស៊ីបនោះ។

លោក​កត់​សម្គាល់​បន្ថែម​ថា​ចំណាត់ការ​តុលាការ​មកលើ​ក្រុមមេដឹកនាំ​គណបក្ស​ជំទាស់ នឹង​ធ្វើ​ឲ្យ​បាត់​ឱកាស​ផ្សះផ្សារនយោបាយ​របស់​គណបក្ស​ទាំង​ពីរ​ហើយថា​លោក ​សម រង្ស៊ី​ ក៏​ទំនង​ជា​ត្រូវ​បង្ខំចិត្ត​លះបង់​សញ្ជាតិ​បារាំង​បើ​លោក​ចង់​មក​ចាប់​ផ្តើម​ជីវិត​នយោបាយ​នៅ​កម្ពុជាឡើង​វិញ។

លោក​បញ្ជាក់​ថា៖ «អីចឹង​ហើយ​កត្តា​ទោសទណ្ឌ​ក៏​ជា​កត្តា​ដែល​មិន​អាច​ធ្វើ​ឲ្យ​ឯក​ឧត្តម​ សម រង្ស៊ី​ត្រឡប់​មក​ឆាក​នយោបាយ​វិញ។ ហើយ​ច្បាប់​ហ្នឹង​ក៏កាន់​តែ​រុញមួយ​គន្លាក់​ទៀត​ដែល​ធ្វើ​ឲ្យ​ឯកឧត្តម​សម​រង្សី​ហ្នឹង​ត្រូវ​តែ​លះបង់​សញ្ជាតិ​បើសិន​ជា​ក្នុង​ករណី​មាន​ការ​លើក​លែង​ទោស​ឬ​ក៏​ក្នុង​ករណី​អី​ហ្នឹង​ត្រូវ​ត្រូវ​លះបង់​សញ្ជាតិ​បារាំង​ដែល​គាត់​មាន...ដើម្បី​មក​ត្រឡប់មក​ធ្វើ​នយោបាយ​ឡើងវិញ»។​

អ្នកវិភាគ​នយោបាយ​រូបនេះ​បញ្ជាក់​ទៀត​ថា​ជម្លោះ​នយោបាយ​នៅកម្ពុជា​ស្ថិតនៅជាក្តីបារម្ភ​របស់អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ពី​ក្រៅ​ប្រទេសកម្ពុជា​ហើយ​ប្រទេស​ប្រជាធិបតេយ្យ​សំខាន់ៗ​ដូច​ជា​សហរដ្ឋ​អាមេរិក​ក៏បន្ត​តាមដាន​ពីដំណើរ​ធាក់ថយ​ក្រោយនៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិមនុស្ស​និង​នយោបាយ​នៅ​កម្ពុជា។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​លោក​ អំ សំអាត និយាយ​ថា​ព្រឹត្ត​ការណ៍​នយោបាយ​ដែលបាន​កើតឡើង​ចុង​ក្រោយនេះ​មិនខុស​ពី​ព្រឹត្តិការណ៍​នយោបាយ​កន្លង​មក​ទេ​តួយ៉ាង​ព្រឹត្តការណ៍​នៃ​ផែនការ​របស់​លោកសម​រង្ស៊ីធ្វើ​មាតុភូមិនិវត្តន៍​កាលពី​ថ្ងៃទី៩​ខែវិច្ឆិកា​ឆ្នាំ២០១៩។ ក្រោយ​ព្រឹត្តិការណ៍នោះ​លោកថា​មានករណី​ប្តឹងផ្តល់​ក្រុម​គណបក្ស​ជំទាស់​ជាបន្ត​បន្ទាប់។

លោក​លើក​ទឹកចិត្ត​ឲ្យអ្នក​នយោបាយ​ងាក​ទៅរក​ការផ្សះផ្សារជានាគ្នា​វិញ​ជាជាង​ការព្យាបាទ​គ្នា​តាម​ផ្លូវការ​តុលាការ​ដែល​បាន​កើត​ឡើង​ច្រំដែល​ទៅ​តាមព្រឹត្តិ​ការណ៍​នយោបាយ​ធំៗ​នោះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ដំណោះ​ស្រាយ​ដ៏ល្អហ្នឹង​គឺការ​ឯកភាព​ជាតិ​ការ​សាមគ្គី​ជាតិ​ខ្មែរ​តែ​មួយ​ហើយ​អ្នក​នយោបាយ​ទាំង​អស់​ប្រកួត​ប្រជែង​គ្នាតាមបែប​លទ្ធិប្រជាធិបតេយ្យ​បានន័យ​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​យុត្តិធម៌​ហ្នឹង​រាល់​ប្រាំឆ្នាំ​ម្តងនោះ​វា​ជា​រឿង​ល្អ​បំផុត»។

រូប​ឯកសារ៖ លោក Vitit Muntarbhorn។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​កាលពីទី​៦ ខែតុលា​ ពី​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​លោក​សាស្ត្រា​ចារ្យ​ Vitit Muntarbhorn ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​នៅ​ប្រទេស​កម្ពុជា​ស្នើឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បញ្ឈប់​ការ​តាម​រុក​កួនអ្នក​ជំទាស់​ជំរុញ​ឲ្យ​មាន​ការ​ផ្សះ​ផ្សាយ​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​បញ្ចប់​ការក្តោប​ក្តាប់អំណាច​ផ្តាច់មុខ។ ប្រេសិត​អ.ស.ប.​រូបនេះលើក​ឡើង​យ៉ាងដូច្នេះ​ក្នុង​របាយកាណ៍​ដំបូង​របស់លោក​ដែល​បាន​បង្ហាញនៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សអ.ស.បកាល​ពី​ពេលថ្មីៗ​នេះ។

សេចក្តី​ប្រកាស​របស់ប្រេសិត​សិទ្ធិ​មនុស្ស​រូបនេះ​ធ្វើឡើង​នៅ​ចំពេល​ដែល​កាសែត​ The Guardian ចេញ​ការ​តម្រូវ​សេចក្តី​រាយការណ៍​ខ្លួន​ថា​មេដឹកនាំ​កម្ពុជា​លោក​ ហ៊ុន សែន​មិនស្ថិត​ក្នុង​ចំណោម​បុគ្គល​ដែល​បាន​ទទួល​លិខិត​ឆ្លងដែន​របស់​ប្រទេស​ស៊ីប​ទេ។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​យុត្តិធម៌​កម្ពុជា​សិក្សា​អំពី​ការ​រៀប​ចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​ថ្មីមួយ​ដើម្បី​កំណត់​ឲ្យមាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​សំខាន់ៗ​ក្នុង​ការ​ដឹកនាំជាតិ​ក្នុងនោះ​មាន​តំណែង​នាយក​រដ្ឋមន្ត្រី។ លោក​លើកឡើង​ថាសំណើ​វិសោធ​កម្ម​រដ្ឋ​ធម្មនុញ្ញនេះ​គឺ «ដើម្បី​បង្ហាញ​នូវការ​ស្មោះ​ត្រង់​ចំពោះ​ជាតិ​និង​បញ្ចៀស​នូវ​ការ​ជ្រៀត​ជ្រែក​ពី​បរទេស»។

ប៉ុន្តែ​លោក​សម រង្ស៊ី ​ដែល​កាន់​លិខិត​ឆ្លងដែន​ប្រទេស​បារាំង​តបតវិញ​ដោយបាន​លើកឡើងតាមបណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថា​កាលពី​ថ្ងៃទី​៧ខែតុលា​ក្នុងន័យ​ដើម​ថា៖ «កាសែត​The Guardian ទើប​តែ​បាន​បញ្ជាក់​ថា​ទោះបី​ហ៊ុន សែន​ខ្លួនឯង ​មិន​ទាន់​បាន​ទិញ​សញ្ជាតិ​សាយប្រឹស​(Cyprus)​យ៉ាងណាក៏ដោយ​ក៏មាន​អ្នកនៅ​ជុំវិញ​គាត់​និង​ជិត​ស្និត​ជាមួយ​គាត់​បានទិញ​សញ្ជាតិ​Cyprusនេះ​យ៉ាងពិត​ប្រាកដ»។

កាលពី​ខែ​មីនា​ឆ្នាំ២០២១​តុលា​ការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​ ២៥​ឆ្នាំ ភរិយា​និង​សហការី​របស់​លោក​ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូលៗ​ចំនួន​៧ ​នាក់​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចាប់​ពី​ ២០ ​ដល់​ ២២ ​ឆ្នាំ។​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧបឃាត​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កាល​ពី​អំឡុង​ឆ្នាំ​ ២០១៩ នៅ​ពេល​លោក​ សម រង្ស៊ី ​ប្រកាស​វិល​ត្រឡប់​ចូល​ប្រទេស​វិញ។

មុន​ពីរ​ថ្ងៃ​នៃការ​ប្រកាស​ចូលមក​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី៩ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នោះ​លោក ​សម រង្ស៊ី​បានថ្លែង​ថា​ផែនការ​លោក​នឹង​នាំ​ឲ្យ​មាន​ចលនា​រើ​បម្រាស់​ដ៏​ធំ​មួយ​ពី​សំណាក់​ប្រជាជន​ដោយ​អហិង្សា ដើម្បី​បង្ខំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ​ផែនការ​របស់​លោក​សម រង្ស៊ី​មិន​បាន​ជោគជ័យ នោះ​ឡើយ៕​