លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នៅប្រទេសអាល្លឺម៉ង់ដោយជួបជាមួយថ្នាក់ដឹកនាំសភានិងទីភ្នាក់ងារអភិវឌ្ឍន៍សម្រាប់កិច្ចការអន្តរជាតិដើម្បីទាក់ទាញរកការគាំទ្រពីប្រទេសអាល្លឺម៉ង់។
លោកសម រង្ស៊ីបានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា មានបញ្ហាជាច្រើនដែលប្រទេសអាល្លឺម៉ង់យកចិត្តទុកដាក់ ជាពិសេសការបោះឆ្នោតឱ្យមានតម្លាភាព។
«រដ្ឋាភិបាលអាល្លឺម៉ង់ ដូចរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកអញ្ចឹង។ គេចាប់អារម្មណ៍ណាស់អំពីចលនាប្រជាពលរដ្ឋបះបោរនៅទ្វីបអាហ្រ្វិកខាងជើង ហើយគេអាចនឹងមានការព្រួយបារម្ភថា ព្រឹត្តិការណ៍បែបនេះអាចកើតមានឡើងនៅប្រទេសផ្សេងៗក្នុងពិភពលោក ដូចជាប្រទេសកម្ពុជា បើប្រជាពលរដ្ឋគ្មានសិទ្ធិបោះឆ្នោតត្រឹមត្រូវ បើការបោះឆ្នោតម្តងៗមានការលួចបន្លំសន្លឹកឆ្នោត បំបាត់សន្លឹកឆ្នោត ហើយប្រជាពលរដ្ឋបោះឆ្នោតចង់ផ្លាស់ប្តូរមេដឹកនាំ តែផ្លាស់ប្តូរមិនបាន ដោយសារមេដឹកនាំផ្តាច់ការចេះតែលួចបន្លំសន្លឹកឆ្នោត ចេះតែដណ្តើមយកជោគជ័យ ប៉ុន្តែជោគជ័យក្លែងក្លាយ ជោគជ័យលួចបន្លំសន្លឹកឆ្នោត ដែលធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយ បះបោរ អស់មានជំនឿលើការបោះឆ្នោត ហើយយល់ឃើញថា មានផ្លូវតែមួយគត់គឺបះបោរ ធ្វើបាតុកម្មតាមផ្លូវ។ គេចង់ជៀសវាង មិនចង់ឱ្យមានព្រឹត្តិការណ៍ បែបហ្នឹងទេ បើមិនអញ្ចឹងទេ វាមានអំពើហិង្សា»។
លោកសម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅជិតរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីចុងខែកុម្ភៈកន្លងទៅនេះ ក្នុងដំណើរទស្សនកិច្ចស្វែងរកការគាំទ្រស្រដៀងគ្នាននេះដែរ។
ដូចគ្នានឹងកាលពីធ្វើដំណើរ កាលពីចុងខែកុម្ភៈមកទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោកសម រង្ស៊ីបានធ្វើការព្រមានថា បញ្ហាអយុត្តិធម៌សង្គម ដែលកំពុងកើតមាននៅប្រទេសកម្ពុជា ដូចជាភាពក្រីក្រ អំពើពុករលួយ ការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋ និងការបិទសិទ្ធិសេរីភាព នឹងអាចនាំឱ្យមានបដិវត្តន៍ថ្មីមួយទៀត ដូចចលនាផ្លាស់ប្តូរដែលកំពុងកើតឡើងនៅពិភពអារ៉ាប់។
ប៉ុន្តែការលើកឡើងនេះត្រូវបានអ្នកការទូតខ្មែរបដិសេធ។
លោកហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះថា ការណ៍ដែលលោកសម រង្ស៊ីចង់ទាញសភាពការណ៍នៅមជ្ឈិមបូព៌ាឱ្យទៅស្រុកខ្មែរគឺជាគ្រោះថ្នាក់មួយ ហើយវាដើរផ្ទុយនឹងចរន្តនាពេលបច្ចុប្បន្ន។
«ខ្ញុំគិតថា នេះជាចេតនាមួយដ៏អាក្រក់ ពីព្រោះ ឥឡូវនេះកម្ពុជាយើងទទួលបានឯកភាពជាតិ ទទួលបានសន្តិភាព ទទួលបានសុវត្ថិភាព សន្តិសុខ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ ប្រសិនគាត់ចង់ឱ្យកម្ពុជាធ្វើដូចជាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាគឺគាត់ចង់ឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងនរកមួយសារទៀតហើយ ពីព្រោះខ្មែរយើងឆ្អែតឆ្អន់នឹងសង្គ្រាម ឆ្អែតណាស់នឹងសង្គ្រាម។ ដូច្នេះហើយយើងធ្វើយ៉ាងណាដើម្បីបញ្ចៀសនូវសង្គ្រាម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច»។
លោកហែម ហេងក៏បានបញ្ជាក់បន្ថែមថា ការប្រើកម្លាំងប្រជាពលរដ្ឋដើម្បីផ្តួលរំលំរដ្ឋាភិបាលតាមរយៈបាតុកម្មជាទង្វើមួយមិនប្រជាធិបតេយ្យ។
បច្ចុប្បន្ន លោកសម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង ដោយសារតែរឿងក្តីក្តាំនៅក្នុងតុលាការកម្ពុជាពាក់ព័ន្ធនឹងរឿងព្រំដែនជាមួយប្រទេសវៀតណាម ដោយត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១២និងការបោះឆ្នោតសភានៅឆ្នាំ២០១៣ ហើយលោកសម រង្ស៊ីអាចនឹងបាត់បង់ឱកាសចូលរួមការបោះឆ្នោតនេះព្រោះច្បាប់បោះឆ្នោតប្រទេសកម្ពុជាមិនអនុញ្ញាតឱ្យអ្នកមានទោសឈរឈ្មោះបោះឆ្នោតទេ។ ក្រុមអ្នកវិភាគនានាយល់ថា ករណីលោកសម រង្ស៊ីគួរដោះស្រាយឱ្យបានឆាប់ដើម្បីធានាឱ្យមានការបោះឆ្នោតមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ៕