តុលាការបានកាត់ទោសលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគារពីរឆ្នាំបន្ថែមទៀតនៅថ្លៃច័ន្ទទី២៥នេះ ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។ កាត់ទោសនេះ បានធ្វើឲ្យទោសជាប់ពន្ធនាគាររបស់លោកសម រង្ស៊ី បានកើនឡើងដល់១៤ឆ្នាំក្នុងការកាត់ទោសចំនួនបីលើក។
លោក សម រង្ស៊ី បានចោទប្រកាន់លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែកនៅក្នុងសម័យខ្មែរក្រហមក្នុងពេលលោកបានធ្វើពិធីរំលឹកពីការកាប់សម្លាប់របស់ពួកខ្មែរក្រហមនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងឆ្នាំ២០០៨។
លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានប្តឹងប្រឆាំងនឹងលោក សម រង្ស៊ី អំពីបទបរិហារកេរ្តិ៍នៅក្នុងតុលាការក្រុងភ្នំពេញនិងតុលាការបារាំង។ តុលាការបារាំងបានកាត់សេចក្តីឱ្យលោក សម រង្ស៊ី ចាញ់ក្តី។
លោក សេង នាង ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមថា តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យ៨លានរៀល ស្មើនឹង២ពាន់ដុល្លារអាមេរិកអំពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
លោក កា សាវុធ មេធាវីការពារក្តីរបស់លោកហោ ណាំហុង បានហៅការកាត់ក្តីរបស់តុលាការថា ជារឿងយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។
«សាលក្រមនេះគឺមានភាពយុត្តិធម៌ត្រឹមត្រូវចំពោះកូនក្តីរបស់ខ្ញុំ ដែលត្រូវលោកសម រង្ស៊ី បរិហារកេរ្តិ៍និងញ៉ុះញ៉ង់ឱ្យមានការរើសអើងផងដើម្បីឱ្យគេស្អប់លោកហោ ណាំហុង ក៏ដូចជាស្អប់រាជរដ្ឋាភិបាល។ ការញ៉ុះញ៉ង់ឱ្យមានការរើសអើងនេះ គឺជាកំហុសធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកហោ ណាំហុង»។
លោក សម រង្ស៊ី បានហៅការកាត់ទោសប្រឆាំងនឹងរូបលោកនេះថាជារឿងនយោបាយ។
«ចំពោះខ្ញុំ សម រង្ស៊ី មិនចាប់អារម្មណ៍អ្វីទាល់តែសោះ (ចំពោះការកាត់ទោសរូបលោកនេះ) ពីព្រោះតុលាការនៅទីក្រុងភ្នំពេញ តុលាការនៅប្រទេសកម្ពុជា គឺជាតុលាការឡប់ឡែ ជាតុលាការអយុត្តិធម៌ ហើយតុលាការនេះមិនមែនអយុត្តិធម៌ចំពោះតែរូបខ្ញុំសម រង្ស៊ី ទេ គឺអយុត្តិធ៌ចំពោះប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់ពាន់រាប់ម៉ឺននាក់ដែលបាត់បង់ដីធ្លី ស្រែចម្ការ ផ្ទះសម្បែង ដោយសារតុលាការឡប់ឡែនេះ»។
រហូតមកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន១៤ឆ្នាំ ក្នុងការកាត់ទោសចំនួនបីលើកចាប់តាំងពីឆ្នាំ២០០៨មក។
នៅក្នុងខែមករាឆ្នាំ២០១០ តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឱ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារចំនួន២ឆ្នាំចំពោះការដកតម្រុញបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនៅក្នុងស្រុកចន្ទ្រានៅក្នុងខែតុលាឆ្នាំ២០០៩។
នៅក្នុងករណីមួយផ្សេងទៀតតុលាការក្រុងភ្នំពេញបានកាត់ទោសកំបាំងមុខឱ្យលោក សម រង្ស៊ីជាប់ពន្ធនាគារចំនួន១០ឆ្នាំ ចំពោះបទចោទប្រកាន់អំពីការផ្សព្វផ្សាយផែនទីក្លែងក្លាយរវាងព្រំដែនកម្ពុជា និងវៀតណាម៕