គណបក្ស​ប្រឆាំង​សុំ​ឲ្យ​នាយករដ្ឋ​មន្ត្រី​ការ​ពារព្រៃ​ឡង់

ចំការ​កៅស៊ូ​នៅ​ខេត្ត​រតនគីរី

ភ្នំពេញ៖ បន្ទាប់​ពី​ទទួល​បាន​ស្នាម​ផ្តិត​មេដៃ​ចំនួន​ជិត​៣ម៉ឺននាក់​ពី​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង​ និង​ខេត្ត​ព្រះវិហារ ក្រុម​អ្នកតំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃចន្ទ័ ​បាន​សរសេរ​លិខិត​មួយ ច្បាប់​តាមរយៈ​លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដើម្បី​សុំ​លុប​ចោល​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​មួយ ដែល​មាន​ឈ្មោះ​ថា CRCK សម្រាប់​ដាំ​ដើមកៅ​ស៊ូ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​អាណាធិបតេយ្យ​នៅ​តំបន់​ព្រៃ​ឡង់។

ព្រៃឡង់​គឺជា​ព្រៃ​ឈើ​បៃតង​ទំនាប​ដ៏ធំ​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ​ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ៥.២៥០​គីឡូម៉ែត្រ​ការ៉េ ​ហើយ​ព្រៃ​នេះ​បាន​គ្រប​ដណ្តប់​ផ្នែក​ខ្លះ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​គឺ ​ខេត្ត​កំពង់ធំ​ ព្រះវិហារ ក្រចេះ ​និ​ងខេត្ត​ស្ទឹងត្រែង ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​មាន​ស្នាម​ចុះហត្ថលេខា​ពី​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​៩រូប និង​ដែល​ត្រូវ​បាន​ដាក់​ជូន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ឲ្យដឹង​ថា ធនធាន​ធម្មជាតិ​នៅតំបន់​ព្រៃឡង់​នេះ​កំពុង​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​ពី​ក្រុមហ៊ុន​CRCK ដោយ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អនុផល​ព្រៃឈើ​ សត្វព្រៃ ​ជីវសាស្រ្តចម្រុះ វប្បធម៌​ជនជាតិ​ដើម និង​ការប្រែប្រួល​អាកាសធាតុ​ទៀត​ផង។

លោក​ឈុន ឈន់​ អភិបាល​ខេត្តកំពង់​ធំ ​បាន​ថ្លែង​ការពាររដ្ឋាភិបាល​ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋ កិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ លោក​បាន​មា​នប្រសាសន៍​ថា ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ ងារ​ធ្វើ​ស្របនឹង​យុទ្ឋសាស្រ្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាពក្រីក្រ។ លោក​មាន​ប្រសាសន៍​ថា៖

«ព្រៃ​នោះ ខ្ញុំ​ដឹងថា វា​មាន​ ក៏ប៉ុន្តែ​បើគិត​តម្លៃ​នៃ​ចំណូល​ថវិកា​របស់​ជាតិ​ គឺ​គ្មាន​ទេ គឺ​គ្រាន់​តែ​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​រយឆ្នាំ​ហើយ។ រស់​ដោយ​សារព្រៃ ​សួរថា​រីកចម្រើន​អ្វីទៅ។ ក្រីក្រ​នៅ​តែ​ក្រីក្រ​ដដែល»។

លោក​ម៉ែន សុថារិន្រ្ទ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ធំ បាន​មាន ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរៗ​តំបន់​ព្រៃឡង់​បាន​ទទួល​រងគ្រោះ​ដោយសារ​តែ​ការ​ផ្តល់​ដី​សម្បទាន សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ លោក​បាន​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អាច​មាន​ប្រយោជន៍​ បើ​សិន​ជា​ធ្វើតាម​គម្រោង​របស់​រាជរដ្ឋាភិបាល​ពិតប្រាកដ។ គម្រោង​ ដែល​ធ្វើ ជួយ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ល្អ ក៏ប៉ុន្តែ​គម្រោង​នេះ​មិនមែន​សម្រាប់​ប្រជាពលរដ្ឋ។ គម្រោង​បាន​ត្រឹមតែ​ បុគ្គល​មួយ​ចំនួន​បាន​ចំណេញ​ ហើយ​ប្រជាពលរដ្ឋ​អត់​បាន​ទទួល​ផលប្រយោជន៍។ គម្រោង​សេដ្ឋកិច្ច​ល្អ​ហើយ គម្រោង​ឃើញ​ល្អ​ដាក់​ធ្វើ​អ្វីៗ​ ឃើញថា​ល្អមែន​ ក៏ប៉ុន្តែ​វា​អត់​បាន​ធ្វើអ្វី​ដូច​អញ្ចឹង»។

ក្រុម​ហ៊ុន​CRCK​របស់​វៀតណាម​នេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​កសិកម្ម​សម្រាប់​ដាំដើម​កៅស៊ូ​រយៈ ពេល​៧០ឆ្នាំ ​ដោយ​គ្របដណ្តប់​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង​៥.០០០គីឡូម៉ែត្រ​ការ៉េ។

លោក​ឈិត វុធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​មាន​ប្រសាសន៍​ថា​ តំបន់​ព្រៃឡង់​នៅក្នុង​ ខេត្ត​ព្រះវិហារ​ត្រូវបាន​កាប់បំផ្លាញ​ប្រមាណ​៣០​ភាគរយ ។ លោក​បាន​មាន​ប្រសាសន៍​ទៀតថា​ សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​តែ​ដី​ក្នុង​តំបន់​ព្រៃស្រោង​ និង​រិចរិល​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន ​មិន​បាន​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ទេ។ លោក​ថ្លែង​ថា៖

«បើ​និយាយ​ពី​ផលប៉ះពាល់​ ខ្ញុំ​ជឿថា ​ការ​ធ្វើនេះ ​បាន​ចំណេញ​ទៅ​ដល់​ម្ចាស់ដី​សម្បទាន​ គាត់​កាប់​ឈើ យក​ទៅ​លក់​ គាត់​បាន​ថវិកា​ទៅប្រើប្រាស់​ ហើយ​បន្ទាប់មក​គាត់​គិត​រឿង​ដាំ​កៅស៊ូ​ជា​វគ្គ​ក្រោយ​ទេ។ តែ​គោលដៅ​របស់​គាត់​សំខាន់​ជាង​គេ​ គឺ​គាត់​យកព្រៃ​នេះ​តែម្តង»។

អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ និង​មជ្ឈមណ្ឌល​សិទ្ឋិមនុស្ស​កម្ពុជា​នៅថ្ងៃ​អង្គារ៍នេះ​ បាន​រៀបចំ​វេទិកា សម្តែង​មតិ​មួយ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​តំណាងរាស្រ្ត​ផ្តល់​យោបល់ ​និង​រក​ដំណោះស្រាយ​អំពី​ផលប៉ះពាល់​នៅ​តំបន់​ព្រៃឡង់។ អង្គការ​យូអិនឌីភី (UNDP) និង​អង្គការ​បរិដ្ឋាន​ពិភពលោក ​គ្រោង​នឹង​ផ្តល់​ថវិកា​ចំនួន​៣.៩​លាន​ដុល្លារ​អាមេ រិក ​សម្រាប់​អភិវឌ្ឍ​ព្រៃឈើ ​និង​ជីវសាស្រ្ត​ចម្រុះ​នៅក្នុង​ខេត្ត​ចំនួន​បួន​ គឺ​ខេត្ត​កំពង់ស្ពឺ​ កំពង់​ឆ្នាំង​ ពោធិសាត់​ និងខេត្ត​បាត់ដំបង៕