ការរៀន​តាម​អនឡាញ​នាំ​ឲ្យ​មាន​ការបារម្ភ​ថា សិស្ស​ដែល​មិន​មាន​លទ្ធភាព​ត្រូវ​បាត់បង់​ឱកាស​រៀន

កុមារី​ម្នាក់​កំពុង​រៀន​តាម​អនឡាញ​នៅ​ផ្ទះ​របស់​នាង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ខណៈ​ពេលដែល​សាលារៀន​របស់​នាង​ត្រូវបាន​ផ្អាក ដើម្បី​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ​១៩។ (កាន់ វិច្ឆិកា/វីអូអេ)

បើតាម​ការ​លើក​ឡើង​របស់​ក្រុម​គ្រូ​បង្រៀន ​និង​នៅ​ក្នុង​កាល​វិភាគ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ ​មុខវិជ្ជា​ចំនួន​ប្រាំមួយ​ត្រូវ​បាន​ដាក់​ឲ្យ​សិស្ស​រៀន​តាម​អនឡាញ ​មាន​ដូចជា គណិត​វិទ្យា ​ភាសាខ្មែរ ​រូប​វិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និង​ប្រវត្តិ​វិទ្យា។​

នៅ​ពេល​ដែល​ពិភព​លោក​កំពុង​រង​វិបត្តិ​ជំងឺ​កូវីដ១៩​ ហើយ​កម្ពុជា​កើត​មាន​ការ​ឆ្លង​ចំនួន​៦​ករណី​ កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​ប្រកាស​ឲ្យ​សាលា​រៀន​គ្រប់​កម្រិត​ទាំង​អស់​ផ្អាក​ដំណើរ​ការ ​ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​សួត​ប្រភេទ​ថ្មី​នេះ។ ​ក្នុង​រយៈ​ពេល​ជាង​បី​ខែ​សាលា​រៀន​ទាំង​រដ្ឋ ​និង​ឯកជន​ជាង​១៥. ០០០​ បាន​បិទ​ទ្វារ​ផ្អាក​ការ​បង្រៀនដែល​ប៉ះពាល់​ដល់​សិស្ស​ជាង​បី​លាន​នាក់។​

ក្នុង​អំឡុង​ពេល​បិទ​សាលារៀនដោយ​សារ​ការ​កើត​មាន​ជំងឺ​កូវីដ ​ គ្រូ​បង្រៀន​តាម​សាលា​មួយ​ចំនួន​ទាំង​រដ្ឋ​ និង​ឯកជន​ បាន​ចាប់​ផ្តើម​បង្រៀន​ និង​ដឹកនាំ​សិស្ស​ឲ្យ​រៀន​តាម​អនឡាញ។​

លោក​ អ៊ុំ ភារម្យ ​គ្រូ​បង្រៀន​គណិត​វិទ្យា​ថ្នាក់​ទី​៩ ​នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ​លើក​ឡើង​ថា ​ ចាប់​តាំង​ពី​ខែ​មីនា​មក ​សាលា​បាន​ប្រាប់​ឲ្យ​អនុវត្ត​ការ​បង្រៀន​សិស្ស​តាម​អនឡាញ ​ទៅ​តាម​ការ​ប្រកាស​របស់​ក្រសួង​អប់រំ។ ​លោក​បន្ត​ថា ​ លោក​មិន​បាន​បង្រៀន​សិស្ស​តាម​អនឡាញ​ដោយ​ផ្ទាល់​នោះ​ទេ ​ ប៉ុន្តែ​លោក​តែង​ដឹកនាំ​សិស្ស​ឲ្យ​រៀន​តាម​ទូរទស្សន៍​ និង​អ៊ីនធឺណិត​ ទៅ​តាម​ការ​កំណត់​មុខ​វិជ្ជា និង​ពេល​វេលា​របស់​ក្រសួង​អប់រំ​រួច​ជាស្រេច​។

លោកគ្រូ​ អ៊ុំ ភារម្យបន្ត​ថា ​ ដោយសារ​លោក​បង្រៀន​គណិត​វិទ្យា ​ ដូច្នេះ​លោក​ដឹកនាំ​សិស្ស​រៀន​មុខ​វិជ្ជា​នេះ​នៅ​ពេល​ព្រឹក​ម៉ោង​៧ ប្រហែល​ជា​៤៥​នាទី​ ទៅ​តាម​វីដេអូ​ដែល​ថត​បង្រៀន​ដោយ​គ្រូ​ផ្សេង។ ​លោក​ប្រើ​កុំព្យូទ័រ​យួរ​ដៃ​ និង​ពេល​ខ្លះ​ប្រើ​ទូរស័ព្ទ​ដើម្បី​បង្រៀន​ ប៉ុន្តែ​សិស្ស​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ។​

«តាម​ការ​ណែនាំ​ យើង​គ្រាន់​តែ​ដឹកនាំ​សិស្ស​ឲ្យ​គាត់​ទៅ​មើល​ការ​បង្រៀន​ដែល​ក្រសួង​បាន​រៀប​ចំ។ ​ក្នុង​នោះ​វា​មាន ​App ​ ច្រើន ដូច​ជា​ទទក​២ ​ឬ​ ក៏​វីគី​ធីវី ​ដែល​គេ​មាន​កាល​វិភាគ​ចាក់​តាម​ហ្នឹង ​ ហើយ​ភាគ​ច្រើន​យើង​អាច​ប្រើ​តាម​វីគី​ធីវី ហើយ​មាន​ម៉ោង​មាន​អី​គេ។​ ដល់​ម៉ោង​គឺ​គ្រូ​ទៅ​រើស​ទៅ»។​

លោក​គ្រូ​គណិត​វិទ្យា​ថ្នាក់​ទី​៩​រូប​នេះ​បន្ត​ថា​ លោក​គ្រូ​មិន​អាច​ទាក់ទង​សិស្ស​របស់​លោក​គ្រូ​ចំនួន​៣ ​ទៅ​៤​នាក់​ឲ្យ​រៀន​បានទេ ហើយ​ការ​រៀន​តាម​អនឡាញ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ដូច​ការ​រៀន​ក្នុង​ថ្នាក់​នោះ​ទេ។ ​ចំណែក​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សិស្ស​ក្នុង​ពេល​រៀន​តាម​អនឡាញ​ក៏​ពិបាក​គ្រប់គ្រង​ផង​ដែរ។​

«បើ​សិន​ជា​សិស្ស​ដែល​រៀន ​វា​អត់​បញ្ហា​ទេ​ព្រោះ​វា​ចេះ​ស្រាវជ្រាវ​តែ​សម្រាប់​សិស្ស​ដែល​ខ្សោយ​អាហ្នឹង​គឺ​ពិបាក​ហើយ​ព្រោះ​អី​សិស្ស​ខ្សោយ​បើ​យើង​ជួប​ផ្ទាល់​វិញ​វា​ល្អ​ជាង។​យើង​អាច​ពន្យល់​បាន​ច្រើន។​ ដល់​ពេល​នេះ​ វា​នៅ​ក្នុង​ហ្នឹង​អ៊ីចឹង ​ យើង​ពន្យល់​មួយ​ទៅ ​ ជួន​កាល​គាត់​យល់​តែ​គាត់ ​ អ្នក​ដទៃ​អត់​យល់។ ​វា​ពិបាក។​យើង​ព្យាយាម​ពន្យល់​ទៀត​អ៊ីចឹង​ទៅ»។​

ការ​រៀន​តាម​អនឡាញ​តម្រូវ​ឲ្យ​សិស្ស​រៀន​តែ​មុខ​វិជ្ជា​សំខាន់ៗ​ តែ​ប៉ុណ្ណោះ។​ បើតាម​ការ​លើក​ឡើង​របស់​ក្រុម​គ្រូ​បង្រៀន ​និង​នៅ​ក្នុង​កាល​វិភាគ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ ​មុខវិជ្ជា​ចំនួន​ប្រាំមួយ​ត្រូវ​បាន​ដាក់​ឲ្យ​សិស្ស​រៀន​តាម​អនឡាញ ​មាន​ដូចជា គណិត​វិទ្យា ​ភាសាខ្មែរ ​រូប​វិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និង​ប្រវត្តិ​វិទ្យា។​

យុវតី​ សុខ វណ្ណនីកា ​សិស្ស​ថ្នាក់​ទី១២​ម្នាក់​ទៀត​ដែល​រៀន​នៅ​វិទ្យាល័យ​អង្គរ ​ខេត្ត​សៀមរាប​បាន​ប្រាប់​វីអូអេ​ថា ​កញ្ញា​ចាប់​ផ្តើម​រៀន​អនឡាញ​តាំង​ពី​ខែ​មីនា​ ពេល​មាន​ការ​ប្រកាស​បិទ​សាលា​ដោយសារ​ជំងឺ​កូវីដ។ ​កញ្ញា​បន្ត​ថា​ការ​រៀន​តាម​អនឡាញ​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​រៀន​របស់​កញ្ញា​មាន​កម្រិត​ថយ​ជាង​ការ​រៀន​ក្នុង​ថ្នាក់​ដោយ​ផ្ទាល់​ជា​មួយ​គ្រូ។​

«តាម​ខ្ញុំ​សង្កេត​មើល​ទៅ ​ ការ​រៀន​របស់​ខ្ញុំ​ដូច​វា​រាង​មាន​កម្រិត​វា​អាច​ធ្លាក់​ចុះ​ជាង​មុន។​ពិបាក​ក៏​ថា​បាន​ដែរ។​ដោយ​សារ​រឿង​ចម្បង​គឺ​អ៊ីនធឺណត​ហ្នឹង​ហើយ​បង។ ​ ជួនកាល​យើង​រៀន​តាម​វីដេអូ​ខល​ជាមួយ​លោក​គ្រូ​អ៊ីចឹង​យើង​អត់​យល់​ថា​ លោក​គ្រូ​គាត់​បង្រៀន​ពី​អី​ទេ ​ ដោយ​សារ​យើង​ស្តាប់​គាត់ ​អ៊ី​អឺ ៗ​ អ៊ីចឹង​ ហើយ​អ្វី​ដែល​គាត់​សរសេរ​លើ​ក្តារ​ខៀន​យើង​មើល​អត់​ច្បាស់​ទៀត»។​

យុវសិស្ស​វ័យ​១៧ ​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​ផ្ទះ​របស់​នាង​មាន​ភ្ជាប់​អ៊ីនធឺណិត​Wifiទើប​នាង​មិន​សូវ​ខ្វល់​អំពី​ការ​ចំណាយ​លើ​អ៊ីនធឺណិត​ជា​ប្រចាំ។ ​ ប៉ុន្តែ​នាង​ត្អូញ​ត្អែរ​ថា​នាង​តែង​ប្រឈម​នឹង​ការ​បាត់​បង់​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សារ​អ៊ីនធឺណិត​មាន​ភាព​រអាក់​រអួល។​ ពេល​ខ្លះ​មាន​ការ​រំខាន​ដោយ​សំឡេង​នៅ​ផ្ទះ ​និង​ពេល​ខ្លះ​ត្រូវ​ជួយ​ធ្វើ​ការងារ​ផ្សេងៗ​ពេល​កំពុង​រៀន​ជាដើម។​

«យើង​ទៅ​សាលា​យើង​រៀន​រហូត។​ យើង​រៀន​នៅ​ផ្ទះ​អី​ចឹង​យើង​មិន​ប្រាកដ​ថា​ យើង​រៀន​រហូត​ឯ​ណា!ដូច​ឥឡូវ​អ៊ីចឹង​ខ្ញុំ​នៅ​ផ្សារ​ ជួយ​លក់​អីវ៉ាន់​ផង​ដាក់​តុ​រៀន​ផង»។​

រូបភាពឯកសារ៖ ទិដ្ឋភាព​កូនសិស្ស​រត់ចេញ​ពី​ថ្នាក់រៀន​ នៅ​ឯសាលារៀន​មួយ ​ក្នុង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៦។ (ហ៊ាន ​សុជាតា/ VOA)

ការ​ផ្លាស់​ប្តូរ​ការ​រៀន​ពី​ក្នុង​ថ្នាក់​ទៅ​ជា​រៀន​តាម​អនឡាញ​ធ្វើ​ឲ្យ​សិស្ស​ទទួល​បាន​ឱកាស​នៃ​ការ​រៀន​ខុសៗ​គ្នា ​ទៅ​តាម​លទ្ធភាព និង​តំបន់។​គេ​ឃើញ​ថា ​ សិស្ស​ដែល​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​គ្រាន់​បើ​អាច​ទទួល​បាន​ការ​រៀន​តាម​អនឡាញ​ដោយ​រលូន​ និង​ច្រើន​ម៉ោង ​ ប៉ុន្តែ​សម្រាប់​សិស្ស​ដែល​នៅ​តំបន់​ដាច់​ស្រយាល ​ឬ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ​តែង​ទទួល​បាន​ការ​សិក្សា​តិច​ជាង ​ហើយ​ខ្លះ​ស្ទើរ​តែ​មិន​មាន​លទ្ធភាព​តែ​ម្តង។​

ទើប​តែ​រៀន​ចប់​ម៉ោង​គណិត​វិទ្យា​តាម​អនឡាញ ​ យុវតី ​កាំង ស្រីណុច ​សិស្ស​ថ្នាក់​ទី១២​ នៃ​វិទ្យាល័យ​អង្គរ ​ខេត្ត​សៀមរាប​ ប្រាប់​ថា​កញ្ញា​រៀន​តាម​កម្មវិធី​អនឡាញ​របស់​សាលា​ដែល​មាន​គ្រូ​តាម​មុខ​វិជ្ជា​នីមួយៗ​រយៈ​ពេល​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​និង​៤​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ​ ហើយ​រៀន​គួរ​ និង​រៀន​ខ្លួន​ឯង​រហូត​ដល់​យប់​ជ្រៅ ​ដោយ​ប្រើ​ប្រាស់​ទូរស័ព្ទ​ភ្ជាប់​ជា​មួយ​អ៊ីនធឺណិត​ដែល​មាន​ស្រាប់​នៅ​ផ្ទះ។​

យុវសិស្ស​វ័យ​១៧​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ការ​រៀន​តាម​អនឡាញ​ពិបាក​យល់​ជាង​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្រូ ​ផ្ទាល់​និង​ប្រឈម​ច្រើន​ជា​មួយ​ប្រព័ន្ធ​អ៊ីនធឺណិត។​

«ពេល​ខ្លះ​ពេល​ធ្វើ​លំហាត់​ពិបាក​អ៊ីចឹង​ទៅ​អត់​ដឹង​សួរ​នរណា​គេ។ ​ ដល់​ពេល​ខ្ញុំ​ធ្លាប់​តែ​រៀន​កួ​តាម​សាលា ​ ពេល​ខ្ញុំ​ឆ្ងល់​អី​ទៅ​ខ្ញុំ​អាច​សួរ​គ្រូ​បាន​ភ្លាមៗ។​រៀន​តាម​អនឡាញ ​ ​ពេល​អត់​ចេះ​ធ្វើ​លំហាត់​អី ​ អ៊ីចឹង​ ទៅ សួរ​គេ​អី​អ៊ីចឹង ​ពិបាក​ដែរ​ របៀប​ថា​ គេ​ក្រ​ Reply [ឆ្លើយតប]​មក​វិញ»។​

ស្រីណុច​ លើក​ឡើង​ថា​គ្រួសារ​របស់​នាង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ឲ្យ​នាង​រៀន​តាម​អនឡាញ​ ប៉ុន្តែ​នាង​ថា​ ​មិត្ត​រួម​ថ្នាក់​របស់​នាង​ប្រមាណ​ជា​១០​នាក់​ក្នុង​ចំណោម​៤១​នាក់ ​មិន​បាន​រៀន​តាម​អនឡាញ​គ្រប់គ្រាន់​នោះ​ទេ ​ ដោយសារ​តែ​ប្រព័ន្ធ​អ៊ីនធឺណេត​ខ្សោយ។​

មិត្ត​រួម​ថ្នាក់​របស់​ស្រីណុច​គឺ​យុវតី​គង់ ប៉ូលីន​ដែល​កំពុង​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ និយាយ​ថា ​ ក្នុង​មួយ​ថ្ងៃ​នាង​រៀន​បាន​ត្រឹម​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ​ដោយ​សារ​អ៊ីនធឺណិត​យឺត​ខ្លាំង ​និង​មិនមាន​លុយ​សម្រាប់​ទិញ​សេវា​អ៊ីនធឺណិត។​

នាង​និយាយ​ថា៖ ​«ខ្ញុំ​ចាប់​ផ្តើម​ [រៀន]​តាំង​ពី​ម៉ោង​៧​ទៅ។ ​ រៀន​ពេល​ខ្លះ​ក៏​វា​ Slow ​[យឺត]។​វា​មើល​វីដេអូ​ដែល​គ្រូ ​Send [ផ្ញើឲ្យ]​ មើល​អត់​កើត។ ​ ហើយ​ក៏​ឈប់​សិន​ បន្តិច​ទៀត​ក៏​មក​មើល​ទៅ​ វា​នៅ​តែ​ Slow ​[យឺត]​ ទៀត។​ ហើយ​ពេល​ខ្លះ​ខ្ញុំ​អត់​សូវ​មាន​លុយ​បញ្ចូល​កាត​ទេ។​ ខ្ញុំ​បញ្ចូល​បាន​តែ​ខ្លះ ​រៀន​បាន​តែ​ខ្លះ»។​

ប៉ូលីន ​និង​មិត្ត​រួម​ថ្នាក់​របស់​នាង​និយាយ​ថា​ពួក​គេ​មិន​បាន​រៀន​តាម​កម្មវិធី​ទូរទស្សន៍​របស់​ក្រសួង​នោះ​ទេ ​ ដោយ​លើក​ឡើង​ថា​ ពួក​គេ​មិន​បាន​ដឹង។

ក្នុង​អំឡុង​ពេល​បិទ​សាលារៀន​បណ្តោះ​អាសន្ន​នេះ​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​យន្តការ​សិក្សា​ពី​ចម្ងាយ ​និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​សម្រាប់​សិស្ស​ តាម​រយៈ​ការ​បង្កើត​ជា​វីដេអូ​បង្រៀន​ និង​បង្ហោះ​លើ​បណ្តាញ​សង្គម។ ​ទន្ទឹម​នឹង​នោះ​ សាលារៀន​ជា​ច្រើន​ពី​ថ្នាក់​មត្តេយ្យ​ដល់​ឧត្តម​សិក្សា ​ពិសេស​សាលា​ឯកជន ​បាន​ចាប់​ផ្តើម​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ។​

ប៉ុន្តែ​ការ​រៀន​តាម​អនឡាញ ​មិន​បាន​ធ្វើ​ឲ្យ​ការ​រៀន​សូត្រ​របស់​សិស្ស​មាន​ភាព​ប្រសើរ​ឡើង​ដូច​ពេល​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្រូ​ដោយ​ផ្ទាល់​នោះ​ទេ។​ក្នុង​នោះ ​សិស្ស​មួយ​ចំនួន​គឺ​មិន​បាន​រៀន​តែ​ម្តង​ដោយ​សារ​មិនមាន​អ៊ីនធឺណិត​ និង​ឧបករណ៍​អេឡិច​ត្រូនិក​ ហើយ​ខ្លះ​ទៀត​មិន​បាន​ដឹង​អំពី​កម្មវិធី​ដែល​រៀន​ផង​ក៏​មាន។​

លោក​នាក់ សុទ្ធា ​នាយក​វិទ្យាល័យ​ឥន្ទ្រទេវី​មាន​ប្រសាសន៍​ថា ​ ក្នុង​អំឡុង​ការ​បិទ​សាលា​ដោយ​សារ​ជំងឺ​កូវីដ​វិទ្យាល័យ​ឥន្ទ្រទេវី​បាន​អនុវត្ត​តាម​គោល​ការណ៍​របស់​ក្រសួង​ ដោយ​មាន​រៀបចំ​ការ​បង្រៀន​សិស្ស​តាម​អនឡាញ ​ចាប់​ពី​ថ្នាក់​ទី​៧​ ដល់​ថ្នាក់​ទី​១២​ចំនួន​៤​ ទៅ​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ។​លោក​បន្ត​ថា​ ​ សិស្ស​ប្រមាណ​ជា​៥០​ ទៅ​៦០​ភាគ​រយ​មិន​បាន​រៀន​តាម​អនឡាញ​ទៀង​ទាត់​ទេ​ និង​ខ្លះ​មិន​បាន​រៀន​សោះ​តែ​ម្តង​ដោយ​សារ​ខ្វះ​អ៊ីនធឺណិត ​និង​ខ្វះ​ឧបករណ៍​អេឡិច​ត្រូនិក​ ចំណែក​គ្រូ​មួយ​ចំនួន​មិន​ចេះ​បង្រៀន​តាម​អនឡាញ។​

«ប្រហែលជា​៣០​ទៅ​៤០​ភាគ​រយ​ដែល​បាន​រៀន​ទៀត​ទាត់។ ​ [អ្នក​អត់​បាន​រៀន​ទៀង​ទាត់]​ មាន​មូល​ហេតុ​ច្រើន​ណាស់ ​…​ អត់​មាន​អ៊ីនធឺណិត ​អត់​មាន​អី​សព្វ​គ្រប់»។​

គិត​ត្រឹម​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២០​ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ចំនួន​១២៨​ករណី។ ​ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន​១២៨​នាក់ ​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ពីរ​នាក់។

រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​ប្រកាស​ថា ​ ក្រសួង​នឹង​តាម​ដាន​ការ​វិវត្ត​នៃ​ជំងឺ​កូវីដ​១៩ ​ហើយ​អាច​នឹង​ពិចារណា​បើក​សាលា​រៀន​វិញ​នៅ​ចុង​ឆ្នាំ​២០២០ ​នេះ។​

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល ​និង​កែ​លម្អ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល ​និង​ការ​អប់រំ​ពី​ចម្ងាយ ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​ លោក​ ហង់ ជួនណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​លើក​ឡើង​ថា ក្នុង​ចំណោម​សិស្ស​ជាង​បី​លាន​នាក់ ​ មាន​សិស្ស​ប្រមាណ​ជា​៣០​ភាគ​រយ​ដែល​បាន​រៀន​តាម​អនឡាញ ​និង​៣០​ភាគ​រយ​ទៀត​បាន​រៀន​តាម​ទូរទស្សន៍​ហើយ​ប្រមាណ​ជា​១០​ភាគ​រយ​ទៀត​បាន​រៀន​ដោយ​ខ្លួន​ឯង ​និង​រៀន​ជាមួយ​មិត្ត​ភក្តិ​ជាដើម។​ទោះយ៉ាង​ណា​លោក​ថា ​ ក្នុង​ចំណោម​សិស្ស​៧០​ភាគ​រយ​នេះ ​មាន​សិស្ស​ដែល​មិន​បាន​រៀន​បាន​ពេញ​លេញ​នោះ​ទេ។​

លោក ​ហង់ ជួនណារ៉ុន ​បន្ថែម​ថា ​ សិស្ស​ប្រមាណ​ជា​៣០​ភាគ​រយ​ដែល​មិន​បាន​រៀន​ ភាគ​ច្រើន​រស់​នៅ​តំបន់​ដាច់​ស្រយាល​ និង​មិន​មាន​លទ្ធភាព​ដើម្បី​រៀន។​

«អ្វី​នេះ​គឺ​ជា​ការ​ប៉ាន់​ស្មាន​ទេ ​ ហើយ​ការ​ប៉ាន់​ស្មាន​នេះ​មាន​ន័យ​ថា​ គាត់​ប្រហែល​ជា​មិន​បាន​ទទួល​សេវា​ទេ ​ដោយ​សារ​គាត់​នៅ​ឆ្ងាយ​ពី​សាលា​រៀន ​ទី១។ ​ ទី​២​គាត់​នៅ​តំបន់​ដាច់​ស្រយាល​ដែល​គ្មាន​អ៊ីនធឺណិត​ ហើយ​ក៏​គាត់​ក្រីក្រ​អត់​មាន​ទូរទស្សន៍។​

លោក​បន្ថែម​ថា​ក្រសួង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ដើម្បី​អាច​ជួយ​ឲ្យ​សិស្ស​ប្រមាណ​ជា​៣០​ភាគ​រយ​នោះ​បាន​រៀន​ដូច​គេ​ឯង។

រូបឯកសារ៖ លោក​ ហង់ ​ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៃ​ប្រទេសកម្ពុជា។

បើតាម​លោក​ ហង់ ជួនណារ៉ុន ​រហូត​មក​ដល់​ពេល​នេះ ​ ក្រសួង​មិន​ទាន់​អាច​កំណត់​បាន​ថាតើ​សិស្ស​ដែល​បាន​រៀន​នឹង​ត្រូវ​ឲ្យ​ជាប់​ឡើង​ថ្នាក់ ​ ចំណែក​សិស្ស​ដែល​មិន​បាន​រៀន​នឹង​ត្រូវ​ធ្លាក់​ ឬ​យ៉ាង​ណា​នោះ​ទេ។​

«យើង​អត់​ទាន់​បាន​កំណត់​ទេ ​ អ៊ីចឹង​នៅ​ពេល​ដែល​បើក​សាលា​ឡើង​វិញ​ក្រសួង​នឹង​ធ្វើ​ការ​វាយ​តម្លៃ ​ហើយ​នឹង​សម្រេច​ទៅ​តាម​ជាក់​ស្តែង។​ការ​ប្រឡង​ក៏​ដូច​គ្នា​ដែរ ​ គឺ​ថា​ បន្ទាប់​ពី​បើក​សាលា​ឡើង​វិញ​ គឺ​យើង​ទុក​ពេល​មួយ​រយៈ ​អាច​ថា​ប្រាំ​ប្រាំ​មួយ​ខែ​ឲ្យ​គាត់​រៀន​បន្ត​ទៀត ​ ទើប​យើង​រៀប​ចំ​ការ​ប្រឡង»។​

មិនមែន​តែ​សិស្ស​នោះ​ទេ​ដែល​ត្រូវ​ប្រឈម​ការ​លំបាក​ដោយសារ​ការ​រៀន​តាម​អនឡាញ​នេះ។​ឪពុក​ម្តាយ​ ឬ​អាណា​ព្យាបាល​សិស្ស ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​រំខាន​ដោយសារ​ការ​ផ្លាស់ប្តូរ​សិស្ស​ពី​រៀន​នៅ​ក្នុង​ថ្នាក់​មក​រៀន​នៅ​ផ្ទះ​វិញ​ផង​ដែរ។​

អ្នកស្រី ​ង៉ែត ច័ន្ទថាន ​ពលរដ្ឋ​មួយ​រូប​ដែល​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​លើក​ឡើង​ថា​ចាប់​តាំង​ពី​សាលា​តម្រូវ​ឲ្យ​រៀន​តាម​អនឡាញ​នៅ​ផ្ទះ ​ អ្នកស្រី​ត្រូវ​ចំណាយ​ពេល​ច្រើន​ជាង​មុន​ដើម្បី​ជួយ​បង្រៀន​កូន​ប្រុស​ដែល​កំពុង​រៀន​ថ្នាក់​ទី១​ និង​ត្រូវ​មាន​ភាព​អត់ធ្មត់​ខ្លាំង​ដោយសារ​កូន​ប្រុស​របស់​អ្នកស្រី​មាន​ពេល​លេង​ទូរស័ព្ទ​ច្រើន។​អ្នកស្រី​បន្ត​ថា ​ អ្នកស្រី​បារម្ភ​ថា​ លទ្ធផល​ការ​រៀន​របស់​កូន​ប្រុស​របស់​អ្នកស្រី​ថយ​ចុះ​និង​អាច​ប្រឈម​នឹង​បញ្ហា​ភ្នែក​ដោយសារ​តែ​ទូរស័ព្ទ។​

«ខ្ញុំ​គិត​ថា​ បើសិន​ជា​សាលា​នៅ​តែ​ពន្យារ​ពេល​អត់​ឲ្យ​ចូល​រៀន​រហូត​ដល់​ខែ​១១​ទៀតហើយ​បើ​សិន​ជា​ខ្ញុំ​អត់​តឹងតែង​ អត់​ព្យាយាម​បន្ថែម​ទៀត​ ខ្ញុំ​គិត​ថា​ ពិទូ ​[កូនប្រុស]​ ប្រហែល​មីញូប​ភ្នែក​ហើយ​មើល​ទៅ​ ដោយ​សារ​តែ​គាត់​មាន​ពេល​ច្រើន​ជាមួយ​ទូរស័ព្ទ។ ​ជួនកាល​ពេល​រៀន​អ៊ីចឹង​អារម្មណ៍​និង​ខួរ​ក្បាល​គាត់​នៅ​ឯ​ហ្គេម​ឯ​ណោះ»។

ការ​បិទ​សាលារៀន​ដើម្បី​ការពារ​ការ​រាលដាល​ជំងឺ​កូវីដ​ ហើយ​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​ដាក់​កម្មវិធី​បង្រៀន​ និង​រៀន តាម​អនឡាញ​មាន​សារៈ​សំខាន់​ក្នុង​បរិបទ​បច្ចុប្បន្ន។ ​ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា​សកម្ម​ភាព​នេះ​មិន​គ្រប់គ្រាន់​ និង​មាន​ប្រសិទ្ធ​ភាព​ទាប​សម្រាប់​សិស្ស។​

អ្នកស្រី​ អ៊ុក ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ ​លើក​ឡើង​ថា​ការ​បង្រៀន​តាម​អនឡាញ​មិន​អាច​ធ្វើ​ឲ្យ​សិស្ស​អាច​ទទួល​បាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​នោះ​ទេ ​ ដោយសារ​សិស្ស​ជា​ច្រើន​មិន​ទាន់​ទម្លាប់​រៀន​តាម​អនឡាញ។ ​អ្នកស្រី​បន្ថែម​ថា​សម្រាប់​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ ​ជាពិសេស​សិស្ស​ដែល​នៅ​តំបន់​ដាច់​ស្រយាល ​ ត្រូវ​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​បាន​ចំណេះ​ដឹង​តែម្តង​ ដោយ​សារ​ពួកគេ​មិន​មាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត ​និង​ទិញ​ឧបករណ៍​អេឡិច​ត្រូនិក​ដើម្បី​រៀន។

«ការ​រៀន​តាម​អនឡាញ​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយ​ដាច់​ស្រយាល​ហ្នឹង​គឺ​សឹង​តែ​ហ្សេរ៉ូ​(សូន្យ) ​ ព្រោះ​អី​ទី​នោះ​អត់​មាន​អ៊ីនធឺណិត ​ អត់​មាន​អ្វីៗ​សព្វ​សារពើ​ទាំងអស់។ ​ សូម្បី​តែ​គ្រូ​បង្រៀន​នៅ​តាម​ជនបទ​មួយ​ចំនួន​បើសិន​ជា​ខ្ញុំ​ចុះ​ទៅ​ជួប​គាត់​យើង​ឃើញ​ថា​ គាត់​នៅ​ប្រើ​អិនចុចពិល​ [ទូរស័ព្ទ​មិន​ទំនើប] ​នៅ​ឡើយ។​គាត់​អត់​មាន​សមត្ថភាព​ទិញ​ឧបករណ៍​ដែល​គាត់​អាច​រៀន​តាម​អនឡាញ​បាន​ ឬ​ក៏​ទូរទស្សន៍​ដែល​រដ្ឋាភិបាល​ថា​ ឲ្យ​មើល​តាម​ទូរទស្សន៍ ​ប៉ុស្តិ៍​នេះ ប៉ុស្តិ៍​នោះ​អី​អ៊ីចឹង»។​

អ្នកស្រី​បន្ថែម​ថា​ក្រសួង​អប់រំ​គួរ​តែ​ពិចារណា​បើក​សាលារៀន​ឡើង​វិញ​ឲ្យ​បាន​ឆាប់ៗ​ ដោយ​មាន​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ​ តាម​រយៈ​ការ​រក្សា​គម្លាត ​និង​ការ​រក្សា​អនាម័យ​សម្រាប់​សិស្ស​ឲ្យ​បាន​ខ្ពស់ ​ដើម្បី​ធានា​ថា​សិស្ស​នៅ​ទទួល​បាន​ចំណេះ​ដឹង​ប្រកប​ដោយ​សុវត្ថិភាព។ ​អ្នកស្រី​ថា ​ ការ​បន្ត​បិទ​សាលា​កាន់​តែ​យូរ​នឹង​ធ្វើ​ឲ្យ​សិស្ស​លែង​ចង់​ចូល​រៀន។​ ​សិស្ស​ខាន​រៀន​កាន់​តែ​យូរ​ពួក​គាត់​កាន់​តែ​ខ្ជិល​ក្នុង​ការ​សិក្សា​និង​ការ​ខ្ជិល​ច្រអូស​ផ្សេងៗ។ ​ ខ្លះ​គាត់​ដើរ​លេង​ល្បែង​ ខ្លះ​គ្រឿង​ញៀន​ ដោយសារ​ទំនេរ​ពេក​ ហើយ​ធ្វើ​ឲ្យ​គ្រួសារ​មាន​ទុក្ខ​កង្វល់។

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មេសា ​ ក្រសួង​អប់រំ​បាន​ជូន​ដំណឹង​ឲ្យ​គ្រឹះស្ថាន​ឧត្តម​សិក្សា​បង្កើត​កម្មវិធី​សិក្សា​ ផលិត​វីដេអូ​បង្រៀន​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​គ្រប់​មុខវិជ្ជា ​នៅ​អំឡុង​ខែ​មេសា ​និង​ឧសភា ​និង​ចាប់​ដំណើរ​ការ​ឲ្យ​បាន​លឿន។​ ក្រសួង​ក៏​បាន​បង្កើត​កម្មវិធី​សិក្សា​តាម​ទូរទស្សន៍​ចំនួន​៥៧​ប៉ុស្តិ៍​ដើម្បី​ឲ្យ​សិស្សានុសិស្ស ​អាច​រៀន​ដោយ​ខ្លួន​ឯង ​ក្នុង​អំឡុង​ជំងឺ​កូវីដ១៩ ​កំពុង​រាតត្បាត ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០​ខែ​មេសា​ឆ្នាំ​២០២០​មក។​

ក្រសួង​អប់រំ​បញ្ជាក់​ថា ​ សិស្សានុសិស្ស​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស ​(លើក​លែង​និស្សិត​មហា​វិទ្យាល័យ) ​អាច​សិក្សា​តាម​ទូរទស្សន៍​ទទកទី២ ​ ទូរទស្សន៍​ផ្កាយ​រណប​ Decho TV​ប៉ុស្តិ៍​លេខ​២២ ​ ដែល​ទើប​បង្កើត​ថ្មី​ និង​ទូរទស្សន៍​ខ្សែកាប​៥៥​ប៉ុស្តិ៍​ ដែល​មាន​ស្រាប់។ ​ ទូរទស្សន៍​ទាំងអស់​នេះ​ មាន​ចាក់​ផ្សាយ​កម្មវិធី​សិក្សា ​ចាប់​ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​១២​យប់​ជា​រៀង​រាល់​ថ្ងៃ។​

លោក ​រស់ សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ទី១២​ខែ​មិថុនា​នេះ​ថា ​ ការ​សម្រេច​រៀបចំ​កម្មវិធី​រៀន​តាម​អនឡាញ​សម្រាប់​សិស្ស​គ្រប់​កម្រិត ​គឺ​ដោយសារ​ចង់​ឲ្យ​សិស្ស​នៅ​បន្ត​រៀន​ ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ។​លោក​សុំ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ប្រសិទ្ធ​ភាព​នៃ​ការ​បង្រៀន​តាម​អនឡាញ ​និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​អំពី​ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​រវាង​សិស្ស​ដែល​មាន​ជីវភាព​ល្អ ​និង​សិស្ស​ដែល​មាន​ជីវភាព​មិន​ល្អ ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សានុសិស្ស​សិក្សា​ទៅ​តាម​លទ្ធភាព​ដែល​មាន។​

«ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សានុសិស្ស​សិក្សា​តាម​លទ្ធភាព​ដែល​អាច​មាន​ទៅ​បាន​តាម​រយៈ​ទូរស័ព្ទ​របស់​គាត់​ក្តី ​តាមរយៈ​ទូរទស្សន៍​ក្តី។ ​ សម្រាប់​សិស្សានុសិស្ស​ដែល​មិន​ទាន់​មាន​លទ្ធភាព​មាន​ទូរទស្សន៍​នៅ​តាម​ផ្ទះ​របស់​គាត់ ​ គាត់​អាច​ចូលរួម​ទស្សនា​មើល​តាម​ទូរទស្សន៍​របស់​អ្នក​ជិត​ខាង​ដោយ​មិន​ឲ្យ​លើស​ពី​១០​នាក់ ​ហើយ​រក្សា​គម្លាត​សុវត្ថិភាព​ រួម​ទាំង​វិធាន​ការ​សុខា​ភិបាល​នានា​ ដែល​ក្រសួង​សុខា​ភិបាល​បាន​ដាក់​ចេញ​ជា​វិធានការ»។​

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​អប់រំ​ក្នុង​ឆ្នាំ​២០១៨​ និង​ឆ្នាំ​២០១៩​ស្ថាប័ន​អប់រំ​ រាប់​តាំង​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ឧត្តម​សិក្សា ​មាន​ចំនួន​ជាង​១៥.០០០​ស្ថាប័ន ​និង​មាន​សិស្ស ​និស្សិត​ប្រមាណ​ជា​៣​លាន​៥​សែន​នាក់។​

ខណៈ​កម្ពុជា​ ក៏​ដូច​ជា​ពិភព​លោក​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ​ មិនមែន​តែ​សាលារៀន​នោះ​ទេ​ដែល​ត្រូវ​បិទ​បណ្តោះ​អាសន្ន ​នោះ។ កន្លែង​ជាច្រើន​ទៀត​ដែល​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស ​ក៏​ត្រូវ​បិទ​បណ្តោះ​អាសន្ន​ផង​ដែរ ​ តួយ៉ាង​ដូចជា​ការ​ប្រគំ​តន្រ្តី ​កន្លែង​ច្រៀង​កម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​បៀរ​ហ្គាឌិន​ ក្លឹប​ហាត់​ប្រាណ ​និង​កាស៊ីណូ​ជាដើម។​

ត្រឡប់​មក​យុវតី សុខ វណ្ណនីកា ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​រៀន​តាម​អនឡាញ​វិញ​កញ្ញា​ទន្ទឹង​រង់​ចាំ​ការ​ចូល​រៀន​នៅ​សាលា​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ដើម្បី​អាច​មាន​ពេល​សួរ​គ្រូ​ដោយ​ផ្ទាល់ ​និង​មិន​រង​ការ​រំខាន​ដោយ​សារ​បញ្ហា​បច្ចេក​វិទ្យា។

«ខ្ញុំ​ចង់​រៀន​ជាមួយ​គ្រូ​ផ្ទាល់។​ វា​រលូន​ ហើយ​វា​អត់​សូវ​រំខាន។​នៅ​ឯ​ណេះ ​ ​យើង​បែក​អារម្មណ៍​ធ្វើការ​ងារ​ធ្វើ​អី​ច្រើន​ទៅ​អត់​សូវ​បាន​រៀន​ទេ​បង។​អ៊ីចឹង​ទៅ​ខ្ញុំ​ចង់​ឲ្យ​បើក​សាលា​វិញ​ទៅ​យើង​មាន​ពេល​វេលា​ជាក់​លាក់​មួយ​សម្រាប់​រៀន​ដូច​លើក​មុន»៕