ប្រទេសចិន និងភូមា រហូតមកដល់ពេលនេះ នៅតែមិនព្រមចូលជាសមាជិកគណៈកម្មការទន្លេមេគង្គដដែល។ ក្រុមមន្ត្រី និងអ្នកសិក្សាស្រាវជ្រាវតំបន់អាងទន្លេមេគង្គ អះអាងថា មូលហេតុគឺដោយសារប្រទេសទាំងពីរ ជាពិសេសគឺចិន បារម្ភខ្លាចជាប់ផុងនៅក្នុងកិច្ចព្រមព្រៀងមេគង្គ ដែលតម្រូវឲ្យមានការព្រមព្រៀងរវាងប្រទេសជាសមាជិកដទៃទៀត មុននឹងអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ។
នៅឆ្នាំ១៩៩៦ គឺមួយឆ្នាំក្រោយពីកំណើតនៃកិច្ចព្រមព្រៀងមេគង្គ ប្រទេសចិននិងភូមាបានក្លាយជាដៃគូសន្ទនាជាមួយបណ្តាប្រទេសបួនទៀតដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម។
ប៉ុន្តែចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរគឺចិននិងភូមានៅតែមិនព្រមចូលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គនេះដដែល។
លោកវ៉ាត់ បុត្តកុសល អគ្គលេខាធិការរងនៃគណៈកម្មការទន្លេមេគង្គកម្ពុជា សាកល្បងពន្យល់ពីមូលហេតុនេះ៖
«ជាការយល់ឃើញរបស់ខ្ញុំ ទី១គឺស្ថានភាពនៃការអភិវឌ្ឍប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាងទន្លេមេគង្គគឺខុសគ្នា។ ស្ថានភាពរបស់ប្រទេសចិន គាត់ចង់អភិវឌ្ឍបណ្តាទំនប់វារីអគ្គិសនីរបស់គាត់ ហើយបើសិនជាអភិវឌ្ឍដោយមានការចូលរួមរបស់គាត់នៅដំណាក់កាលនេះ កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យមានការពិគ្រោះយោបល់ ដូចទំនប់សាយ៉ាបូរីអញ្ចឹង។ អញ្ចឹងធ្វើឲ្យបង្អាក់ដំណើរការសាងសង់ទំនប់នៅចិន»។
ក្រោមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គត្រូវពិគ្រោះយោបល់គ្នាសិន មុននឹងឈានទៅសម្រេចចិត្តលើការអភិវឌ្ឍទំនប់វារីអគ្គិសនីណាមួយនៅលើដងទន្លេមេគង្គ។
កាលពីដើមខែធ្នូ ឆ្នាំ២០១១ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គបច្ចុប្បន្នគឺកម្ពុជា ថៃ ឡាវនិងវៀតណាមបានសម្រេចផ្អាកគម្រោងសាងសង់ទំនប់សាយ៉ាបូរីរបស់ប្រទេសឡាវ ដើម្បីបើកផ្លូវឲ្យមានការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់នៃទំនប់ដ៏ចម្រូងចម្រាស់នោះ។
សម្រាប់ប្រទេសភូមាវិញ ការចូលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គហាក់ដូចជាមិនមែនជាអាទិភាពចម្បងសម្រាប់ប្រទេសនេះឡើយ។
លោកពេជ្រ សុខេមគឺជាប្រធានកម្មវិធីមេគង្គស្តីពីទឹក បរិស្ថាននិងការចិញ្ចឹមជីវិត ហៅកាត់ថា M-POWER។
«ចំពោះភូមា ច្បាស់ហើយថា ១%នៃប្រទេសភូមាស្ថិតនៅក្នុងទន្លេមេគង្គ ដូច្នេះ មិនមែនជាអាទិភាពធំអីទេសម្រាប់ភូមា ហើយតំបន់នៅភូមានោះ ពីដើមនៅមានពួកឧទ្ទាម ពួកបះបោរនៅ ដូច្នេះហើយមិនមែនជាអាទិភាពសម្រាប់ភូមាទេ»។
លោកពូ សុធារៈគឺជាអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី។
លោកនិយាយថា សមាជិកភាពរបស់ចិននិងភូមានៅក្នុងគណៈកម្មការទន្លេមេគង្គនឹងអាចជួយធានាស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាងទន្លេមេគង្គទាំងមូល។
«ប្រសិនបើគាត់ចូលរួមនៅក្នុងនេះ វាមានអត្ថប្រយោជន៍ខ្លាំងណាស់គឺថា ទី១ កិច្ចសហប្រតិបត្តិការតំបន់ វារឹតតែរីកចម្រើន។ រីកចម្រើនហ្នឹងគឺថា រាល់ការងារដែលប៉ះពាល់នឹងទន្លេមេគង្គហ្នឹងគឺថា មានការពិគ្រោះយោបល់គ្នា ប្តូរយោបល់គ្នា មានការគាំទ្រគ្នាទៅវិញទៅមក មុននឹងធ្វើអ្វីមួយនោះ»។
ពុំទាន់មានប្រតិកម្មណាមួយពីខាងតំណាងប្រទេសភូមានៅឡើយទេទាក់ទងនឹងការចូលជាសមាជិករបស់ខ្លួនទៅក្នុងគណៈកម្មការទន្លេមេគង្គនេះ។
ប៉ុន្តែលោកសាស្ត្រាចារ្យលូ ហ្ស៊ីង (Lu Xing) នាយកមជ្ឈមណ្ឌលសិក្សាមហាអនុតំបន់ទន្លេមេគង្គនៃសាកលវិទ្យាល័យ Yunnan របស់ចិន និយាយថា គ្មានហេតុផលអ្វីដែលចិនត្រូវចូលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គទៀតទេ នៅពេលដែលចិនបានចូលរួមនៅក្នុងវេទិការមហាអនុតំបន់ទន្លេមេគង្គដែលមានប្រទេសទាំង៦ជាសមាជិករួចទៅហើយនោះគឺចិន ភូមា ថៃ ឡាវ កម្ពុជានិងវៀតណាម។
«នៅក្នុងឆ្នាំ១៩៩២ យើងមានវេទិការមហាអនុតំបន់ទន្លេមេគង្គ ហើយបានប្រើវេទិការនេះសម្រាប់ការពិភាក្សា ការអភិវឌ្ឍ ឬក៏ការសហការគ្នា។ ប៉ុន្តែ គណៈកម្មការទន្លេមេគង្គត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥។ ដូច្នេះ ព្រឹត្តិការណ៍ទាំងពីរនេះគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់ខ្ញុំក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ។ ហេតុអ្វីបានជាអ្នកមិនប្រើប្រាស់វេទិការមហាអនុតំបន់ទន្លេមេគង្គ? មានប្រទេសទាំង៦នៅក្នុងវេទិការនេះរួចស្រេចទៅហើយ។ ហេតុអ្វីបានជាចាំបាច់ជ្រើសរើសអង្គការមួយផ្សេងទៀត ដែលផ្តោតទៅលើគណៈកម្មការទន្លេមេគង្គនោះ? តើអ្នកអាចឆ្លើយសំណួររបស់ខ្ញុំនេះបានទេ?»
ប៉ុន្តែសម្រាប់លោកពេជ្រ សុខេម ការផ្តល់ហេតុផលរបស់លោកសាស្ត្រាចារ្យចិន គឺគ្រាន់តែជាការដោះសារមួយប៉ុណ្ណោះ។
«នៅក្នុងឆ្នាំ១៩៩២-១៩៩៣ នៅពេលដែលយើងចរចាកិច្ចព្រមព្រៀងទន្លេមេគង្គថ្មី យើងហៅចិននិងភូមាចូលរួម ប៉ុន្តែពេលនោះ ចិនមានគម្រោងធ្វើទំនប់១៥នៅលើទន្លេរបស់គាត់ហើយ។ អញ្ចឹងនៅពេលដែលលូ ហ្ស៊ីងនិយាយពីGMSហ្នឹង វាគ្រាន់តែជាលេសមួយទេ។ តាមពិតទៅ ការដែលចិនមិនចូលសំខាន់បំផុតគឺគាត់នៅលើគេ។ គាត់មានគម្រោងធ្វើទំនប់របស់គាត់ហើយ។ បើសិនគាត់ចូល កិច្ចព្រមព្រៀងនឹងទាមទារឲ្យមានការចរចា និងការឯកភាពគ្នា។ ដូច្នេះ គាត់ថា វាអត់ចំណេញសម្រាប់គាត់។ គាត់ថា អ្នកឯងចរចាតែគ្នាឯងនៅខាងក្រោមហ្នឹងសិនទៅ ខ្ញុំមិនចាំបាច់ចូលរួមទេ ចាំដល់ពេលណាមួយសមរម្យ បានគាត់ពិចារណា»។
សម្រាប់លោក Larry Harrington នាយកផ្នែកស្រាវជ្រាវកម្មវិធីជំនះលើបញ្ហាទឹកនិងស្បៀងអាហារ (Challenge Program on Water and Food) ពេលវេលាដ៏សមរម្យសម្រាប់ចិនចូលជាសមាជិកគណៈកម្មការទន្លេមេគង្គបានមកដល់ហើយ ប្រសិនបើចិនចង់បង្ហាញថា ខ្លួនជាមេដឹកនាំពិភពលោកមួយ ប្រកបដោយការទទួលខុសត្រូវនោះ។
«ប្រទេសចិនកំពុងប្រែក្លាយទៅជាមេដឹកនាំពិភពលោកមួយដែរ ហើយក្នុងនាម ជាមេដឹកនាំពិភពលោក ប្រទេសនេះនឹងផ្តល់ភាពជាអ្នកដឹកនាំនៅក្នុងបញ្ហាក្រមសីលធម៌ សុជីវធម៌ ព្រមទាំងក្នុងបញ្ហាបច្ចេកទេស វិទ្យាសាស្ត្រ និងនយោបាយផងដែរ»។
ក្រុមអ្នកសិក្សាស្រាវជ្រាវទាំងនេះរំពឹងថា ចិនប្រហែលជានឹងធ្វើខ្លួនជាបងធំដ៏ល្អនៅក្នុងឆ្នាំថ្មីនេះ នៅពេលដែលគម្រោងសាងសង់ទំនប់របស់ចិននៅលើដងទន្លេមេគង្គផ្នែកខាងលើជិតចប់សព្វគ្រប់ទៅហើយនោះ៕