បាត់​បង់​ស្ទើរ​មួយ​គ្រួសារ​នៅ​ស្ពាន​ពេជ្រ

លោក ចាន់​ សេរី បាត់​បង់​ប្រពន្ឋ និង​កូន​បី​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​សោកនាដកម្ម​កាល​ពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ឆ្នាំ ២០១០ នៅ​លើ​ស្ពាន​ពេជ្រ និយាយ​ជាមួយ​អ្នកកាសែត នៅ​ក្នុង​ពេល​រ៉ៃអង្គាស​ប្រាក់​នៅ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន។

ភ្នំពេញ៖ លោក ចាន់​ សេរី បាត់​បង់​ប្រពន្ធ និង​កូន​បី​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍សោកនាដកម្ម​កាល​ពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ឆ្នាំ ២០១០ នៅ​លើ​ស្ពាន​ពេជ្រ។

លោក ចាន់ សេរី​ បាន​រំពឹង​ថា ​នឹង​បាន​ជួប​ភរិយា​របស់​លោក និង​កូន​ទាំងបី​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កំសាន្ត​កោះពេជ្រ ​នាយប់​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​អ៊ុំទូក។ ក៏​ប៉ុន្តែ​ដោយសារ​តែ​ហ្វូង​មនុស្ស និង​ការ​ស្ទះ​ចរាចរណ៍ បាន​ធ្វើ​ឲ្យ​លោក​មក​ដល់​ត្រឹមតែ​ផ្សារ​សូរិយា​ប៉ុណ្ណោះ។ ការ​ស្ទះ​ចរាចរណ៍​នេះ​ បាន​ជួយ​ជីវិត​លោក ប៉ុន្តែ​បាន​រារាំង​មិន​ឲ្យ​លោក​ទៅ​ជួប និង​ជួយ​ជីវិត​ប្រពន្ធ និង​កូន​ជាទី​ស្រឡាញ់​ទាំងបី​ទេ។

នៅ​ក្នុង​វ័យ៣៧ឆ្នាំ​ មន្រ្តី​យោធា​រូបនេះ បាន​បាត់​បង់​សមាជិក​ចំនួន​បួន​នាក់​ រួម​មាន​ភរិយា​ឈ្មោះ​ឈឹម ស្រីទូច ​កូន​ស្រី​ឈ្មោះ​យស សោមស្រីនាង​ និង​កូន​ប្រុស​ពីរនាក់ យស សោមលីណា ​និង​យស សោមចាន់តារ៉ា។ អ្នក​ទាំង​បួន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មួយ​នៅ​លើ​កោះពេជ្រ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​សរុបចំនួន ​៣៥៣នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ និង​ជាង​៣៩០នាក់​ផ្សេង​ទៀត​ បាន​ទទួល​រងរបួស។

លោក ចាន់ សេរី​ បាន​និយាយ​ថា​ លោក​មិន​ដែល​ភ្លេច​ទេ ចំពោះ​ព្រឹត្តិការណ៍​នៅ​តំបន់​កោះពេជ្រ​ ដែល​បាន​ធ្វើ​ឲ្យ​ទឹកភ្នែក​របស់​លោក​ហូរ​ដោយ​មិន​ដឹង​ខ្លួន។ លោក​ថ្លែង​ថា៖

«បាទ! ​នៅ​តែ​នឹក​ឃើញ​ជាប់​ជានិច្ច ​ពេល​យប់​ឡើង​ដេក​មិន​លក់​ទេ។ យប់​ឡើង​ភ្ញាក់​ម៉ោង១២ ​ម៉ោង១២កន្លះ​ ម៉ោង១ ​ដើរ​នៅ​ផ្ទះ ដើរ​ទៅ​ដើរ​មក​ មិន​ដឹង​គិតអ្វី​ ទឹក​ភ្នែក​ចេះ​តែ​ហូរ»។

រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​សព​ជនរងគ្រោះ​ក្នុង​ម្នាក់​ទទួល​បាន​ទឹកប្រាក់​ ប្រមាណ​ជាង​១២.០០០​ដុល្លារ​អាមេរិក។ សម្រាប់​លោក​ចាន់ សេរី ​លោក​បាន​ទទួល​ទឹកប្រាក់​សរុប​ជាង​៤០.០០០​ដុល្លារ​អាមេរិក​ហើយ​ ក៏ប៉ុន្តែ​លោក​មិន​ទាន់​មាន​គំនិតថា ​នឹង​បើក​មុខ​របបរ​រក​ស៊ី​អ្វី​នៅ​ឡើយ​ទេ​ ដោយសារ​តែ​លោក​រងចាំ​ធ្វើ​បុណ្យ​ខួប​១០០ថ្ងៃ ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​ជាមុន​សិន។

លោក​ចាន់ សេរី ​បាន​មាន​ប្រសាសន៍ថា​ ទឹកប្រាក់​ទាំងនេះ​វា​ហាក់​បី​ដូចជា​ច្រើន​សន្ធឹក​សន្ធាប់ណាស់​សម្រាប់​រូបលោក​ ក៏​ប៉ុន្តែ​មិន​អាច​ប្រៀប​ធៀប​ទៅ​នឹង​ការ​បាត់​បង់​ជីវិត​ប្រពន្ឋ ​និង​កូន​ទាំងបី​របស់​លោក​បានទេ។ លោក​បន្ត​ថា៖

«មិន​អាច​យក​មក​ប្រៀបធៀប​បាន​ទេ ​គ្រាន់​តែ​ជារង្វាន់​លួង​ចិត្ត​ដើម្បី​ជួយ​ឲ្យ​យើង​បាន​លុយ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ឲ្យ​ប្រពន្ធ​កូន។ បើ​ប្រៀប​ធៀប​ និង​ការ​បាត់បង់​ជីវិត​ប្រពន្ធកូន​ខ្ញុំ​អត់​បាន​ស្មើទេ»។

អ្នក​ជិត​ខាង​របស់​លោក​ចាន់ សេរី​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​ បាន​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។

លោក មាស សុខន ​អាយុ២៥ឆ្នាំ អ្នក​ជិត​ខាង​មួយ​រូប និង​ជា​មន្រ្តី​ប៉ូលីស​នៅ​ឃុំ​លង្វែក​ បាន​និយាយ​ថា ​ អ្នក​ជិត​ខាង​ទាំង​អស់​មាន​ការអាណិត​អាសូរ​លោក​ចាន់ សេរី ​យ៉ាងខ្លាំង ពីព្រោះ​លោក​ជា​មនុស្ស​ល្អ​គួរ​ឲ្យរាប់​អាន។ លោក មាស សុខន​ថ្លែងថា៖

«និយាយ​ទៅ មនុស្ស​គាត់​ គឺ​អ្នក​ភូមិ​ចូល​ចិត្ត ស្រឡាញ់​គាត់​ និយាយ​ទៅ ​គាត់​ជា​មនុស្សល្អ​ អ្នក​ភូមិ​ចូល​ចិត្ត​គាត់​ ទៅ​ត្រង់​ណា​ក៏​គេ​ចូល​ចិត្ត​គាត់។ គាត់​ជាមនុស្ស​ចំណូល​ថ្មីមែន​ ប៉ុន្តែ​គាត់​មាន​អាកប្បករិយា​ស្លូតបូត ​សុភាពរាបសារ ​រាប់អាន​អ្នកជិតខាង ​ចេះ​គោរព​ចាស់ទុំ»។

បន្ទាប់ពី​សមាជិក​ក្រុមគ្រួសារ​របស់​លោក​ចាន់ សេរី ​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ ផ្ទះ​របស់​លោក​ ដែល​មាន​ទីតំាង​ក្នុង​ឃុំ​លង្វែក​នោះ​ ត្រូវ​បាន​ចាក់សោរ​ និង​បិទទ្វារ​មួយរយៈ​សិន​ដោយសារ​តែ​លោក​ជា មន្រ្តីយោធា​មួយរូប ​នៅ​ត្មាតពង ខេត្ត​កំពង់ស្ពឺ​ ក៏ប៉ុន្តែ​ផ្ទះនេះ ត្រូវបាន​អ្នកជិតខាង​ជួយ​មើល​ថែ​រក្សា។ នេះ​ បើតាម​ការអះអាង​របស់​លោក​មាស សុខន។

លោក​ចាន់ សេរី​ បាន​មាន​ប្រសាសន៍ថា​ ឥឡូវនេះ​ លោក​បាន​បាត់បង់​អ្វីៗ​ទាំង​អស់​ ក៏ប៉ុន្តែ លោក​មិនទន់​ខ្សោយ​ទេ លោក​នៅតែ​តស៊ូ​ ដើម្បី​ជីវិត។ មាន​ពាក្យ​ចចាម​អារាម​មួយ​ បាន​លើក​ឡើង​ថា ​លោក​ចាន់ សេរី​ បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ដោយសារ​ការ​ធ្វើ​អត្ថឃាដ។ លោក​ចាន់ សេរី​មាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋអាមេ​រិក​ថា៖

«គិត​ផ្តេសផ្តាស​ ដូចថា ​យើង​គិត​ប្រពន្ធ​កូន​ ដូច​គេ​ចង់​និយាយថា​ គិតខ្លី​ណាស់ ​អ្នកស្រុក​ អ្នក​ភូមិ​ល្បីថា ​ខ្ញុំ​ចងក​សម្លាប់​ខ្លួន ​អ្នកខ្លះ​ថា ​ខ្ញុំ​លេបថ្នាំ​សម្លាប់​ខ្លួន»។

ចំនួន​អ្នកស្លាប់​ក្រោយពី​ឧបទ្ទវហេតុ​នៅលើ​កោះពេជ្រ​នេះ​ បាន​កើនឡើង​រហូត​ដល់ ​៣៥៣​នាក់ ហើយ​នាក់​ស្លាប់​ចុងក្រោយ​គេ ​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍មុន​ គឺ​កញ្ញា​ កាស ម៉ារីណា​ អាយុ​២៣ឆ្នាំ​ជនជាតិ​ ខ្មែរ​ឥស្លាម​មួយរូប​រស់​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឬស្សីកែវ៕