គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​​មិន​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ច្រើនពេក​នាំ​ឲ្យ​ខូច​មិត្តភាព

ពីឆ្វេង៖ លោក ហេង សំរិន ប្រធាន​កិតិ្តយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ ៧មករា ឆ្នាំ២០១៤។

លោក​ហេង​ សំរិន ​ប្រធាន​កិតិ្តយស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ព្រមាន​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ​ មិន​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិធ្វើ​សេចក្តី​អត្ថាធិប្បាយ​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ទំនាក់​ទំនងនៃ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។​

ថ្លែង​នៅ​ក្នុងពិធី​រំឭក​ខួប​៣៦​ឆ្នាំ​នៃការរំដោះ​ប្រទេស​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម​ថ្ងៃ​ទី​៧​មករា​ លោក​ហេង សំរិន ​បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋ​សភា​ផង​ដែរ​ ​បាន​និយាយ​យោង​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ ក្រោយ​ពី​ការ​បោះ​ឆ្នោត។ ហើយ​លោក​គូស​បញ្ជាក់ដោយ​មិន​បញ្ជាក់​ចំៗ​លើ​មន្ត្រី​គណបក្ស​ជំទាស់​ថា​ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​និយាយ​ជា​សាធារណៈ។​

«យើង​ក៏​សង្ឃឹម​ថា​ ឥស្សរជន​នយោបាយ​ទាំង​ឡាយនឹង​មាន​ភាព​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ជា​សាធារណៈ​ផ្សេងៗ​ឲ្យ​មាន​ប្រយោជន៍ដល់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ ​ដោយចៀស​វាង​ការ​ប្រើ​វោហា​សាស្ដ្រ​វាយ​ប្រហារនិង​ប្រឌិត​បញ្ហា​ដែល​គ្មាន​ចំណេញ​អ្វី​ដល់​សភាព​ការណ៍​ទូទៅ​នោះ»។​

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​គណបក្ស​ប្រជាជន​កម្ពុជាធ្វើ​សេចក្តី​ព្រមាន​លើ​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​ ​ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​តស៊ូ​នឹង​គ្នា​យ៉ាង​តឹង​តែង​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។​

គណបក្សកាន់​អំណាច​ធ្លាប់​បាន​ព្រមាន​ដល់​គណបក្ស​សង្គ្រោះ​ជាតិឲ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​រួច​ម្តង​ហើយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​បន្ទាប់​ពី​គណ​បក្ស​ជំទាស់​បាន​ធ្វើ​ការ​រិះ​គន់​លើ​ខ្លួន។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​ស្តី​ពី​លទ្ធផល​នៃ​ជំនួប​កំពូលរ​វាងគណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​បាន​បញ្ជាក់​ថា ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ចប់​សេចក្តី​ពា្រង​ច្បាប់​ស្តី​ពីការ​រៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅនៃ​គ.ជ.ប.​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធន​កម្មច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​រួច​រាល់​ចប់​សព្វគ្រប់​ជា​មួយ​គ្នា​យ៉ាងយូរ​នៅ​ដំណាច់​ខែ​កុម្ភៈ​ឆ្នាំ​២០១៥។ ​ក្នុង​នោះ​ដែរ​ក៏​មាន​ការ​សម្រេច​ផ្តល់​ស្ថានីយ​ទូរទស្សន៍​ និង​វិទ្យុ​បន្ត​នៅ​តាម​បណ្តា​ខេត្ត ​សម្រាប់​គណ​បក្ស​ជំទាស់​ផង​ដែរ។ ​ជា​បន្ថែម​គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ដើម្បី​រៀប​ចំ​ឲ្យ​មាន​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ ​និង​រៀប​ចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋ​សភា​ដើម្បី​សន្ទនា​ជា​មួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​ទាក់​ទិន​នឹង​បញ្ហា​របស់​ប្រទេស​ជាតិ។ ​ហើយ​ប្រធាន​ក្រុម​តំណាង​រាស្ដ្រ​ភាគ​តិចនេះ​នឹង​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី។​

ដោយ​ឡែក​កិច្ចព្រម​ព្រៀង​ថ្ងៃ​ទី​២២​ខែ​កក្កដា​រវាង​គណបក្ស​ទាំង​ពីរ​បាន​ធានា​នូវ​បរិយាកាស​ល្អ​ផ្នែក​នយោបាយ។​

លោក​ហេង ​សំរិន​បញ្ជាក់​បន្ថែម​ថា គណបក្ស​របស់​លោក​រក្សាជំហរ​«អនុវត្ត»​រាល់​ប្រការ​ដែល​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ស្តី​ពី​លទ្ធ​ផល​នៃ​ជំនួប​កំពូល​រវាង​លោក​សម រង្ស៊ី ​និង​លោក​ហ៊ុន សែន​និង​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​រួម។​

លោក​ស្រីមូរ សុខហួរ ​តំណាង​រាស្ដ្រ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្សសង្គ្រោះ​ជាតិ​ឆ្លើយ​តប​ថា ​គណបក្ស​របស់​លោក​ស្រី​បាន​ថ្លឹង​ថ្លែង​ចំពោះ​ផល​ប៉ះពាល់​លើ​ខ្លឹម​សារ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី។ ​ប៉ុន្តែ​គណបក្ស​របស់​លោក​ស្រី​មិន​អាច​ធ្វើ​តាម​លក្ខណៈ​បង្គាប់​បញ្ជា​នោះ​ទេ។​

«ច្បាប់​កំពូល ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ហើយ​ក្នុង​ការ​បញ្ចេញ​មតិ។​ យើង​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ជាតិ​ មិន​មែន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​បុគ្គល​ ឬ​ចំពោះ​ក្រុម​ណា​ទេ​ ​គឺ​យើងមិន​អាច​កាត់​ត​ទៅ​តាម​អ្វី​ដែល​គេ​បញ្ជា​បាន​ទេ។ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ធ្វើ​ជា​ដាច់​ខាត»។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​ជា​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​មួយ​រូប​ យល់​ឃើញ​ថា សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ហេង សំរិន​គ្រាន់​តែ​បង្ហាញ​អំពី​ទម្លាប់​របស់​គណបក្សប្រជាជន​កម្ពុជា​នា​ពេល​កន្លង​មក។​

«ឲ្យ​តែ​មាន​ការ​ព្រម​ព្រៀង​គ្នាគឺ​អ្នក​ឯង​មិន​ត្រូវ​និយាយ​ស្តី​អ្វី​ទាំង​អស់​ ត្រូវ​តែ​ហៃ​អើ​ តាម​អ្វី​ដែល​គណ​បក្ស​ប្រជាជន​ចង់​បាន។​ ខ្ញុំ​យល់​ថា​ វប្បធម៌​នេះ​ដូច​ជាហួស​ពេល​ហើយ។​ អ្នក​ដែល​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិមិន​សម្ងំ​ឲ្យគណបក្ស​ហ្នឹង​ធ្វើ​អ្វី​ដូច​គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច​ពី​មុន​ទេ»។​

គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវ​គេ​រិះ​គន់​ថា​ ជា​គណបក្ស​សម្រប​សម្រួល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​មិន​ហ៊ាន​ធ្វើ​ការ​រិះគន់ និង​ទាមទារ​លើ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល។​ ហើយ​គណបក្ស​នេះ​បាន​ឃ្លាត​ចេញ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​រហូត​ដល់​អស់​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា៕