សាកលវិទ្យាល័យ​អូហៃយ៉ូ​នឹង​រៀប​ចំ​វេទិកា​ខេមរសិក្សា​លើក​ទី​៣

ទិដ្ឋភាព​មួយ​នៅ​សាកលវិទ្យាល័យ​អូហៃអូ​ រដ្ឋ​អូហៃអូ សហរដ្ឋ​អាមេរិក។

សាកលវិទ្យាល័យ​អូហៃយ៉ូ (Ohio University) នឹង​រៀប​ចំវេទិកា​ខេមរសិក្សា​លើក​ទី​៣​របស់​ខ្លួន​នៅ​ចុង​ខែមេសា​នេះ។ វេទិកា​នេះ​ផ្តល់​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់អ្នកសិក្សា​ស្រាវ​ជ្រាវអំពី​កម្ពុជា​ដើម្បី​ចែក​រំលែក​ស្នាដៃ និង​ការ​រក​ឃើញ​របស់ខ្លួន។

វេទិកា​ខេមរសិក្សាលើក​ទី​៣ នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​ផ្តល់​ឱកាស​ឲ្យ​មាន​ការពិភាក្សា​អំពី​បញ្ហា​កម្ពុជា​។ នៅ​ក្នុង​វេទិកា​ពីរថ្ងៃ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៩ មេសានោះ អ្នកសិក្សា​ស្រាវជ្រាវ​កម្ពុជា ​អ្នក​សិក្សា​អំពីកម្ពុជា​ និង​អ្នក​ចង់​ដឹង​អំពី​កម្ពុជានឹង​ជួប​ជុំ​គ្នា​នៅ​សាលកវិទ្យាល័យ​អូហៃយ៉ូ ក្នុងទីក្រុង​អាថិន (Athens) រដ្ឋអូហៃយ៉ូ​ សហរដ្ឋ​អាមេរិក​ ដើម្បី​ចែក​រំលែក​គំនិត ស្នាដៃ​ និង​ការ​រកឃើញ​របស់​ខ្លួន។

បណ្ឌិត​គ្រិស្ទីន ស៊ូ (Christine Su) អ្នក​រៀប​ចំ​វេទិកា​នេះ​និយាយ​ថា​ វេទិកា​មាន​អ្នក​ចូលរួម​ចម្រុះ​ទាំង​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​ក្រុម​បញ្ញវន្ត​ ក៏​ដូច​ជា​អ្នក​ចាប់​អារម្មណ៍​ខាង​វប្បធម៌​និង​សហគមន៍។

«វេទិកា​ខេមរសិក្សាសំខាន់​ណាស់ ពី​ព្រោះ​វេទិកា​នេះ​ជា​ឱកាសសិក្សា​អំពី​កម្ពុជា​ជា​ពិសេស​ និយាយ​អំពីប្រវត្តិសាស្ត្រ​កម្ពុជា​ វប្បធម៌​កម្ពុជា បញ្ហា​ថ្មីៗ​របស់​កម្ពុជា ហើយនឹង​ជា​ឱកាស​សម្រាប់​បុគ្គលិក​សិក្សា​ និង​សហគមន៍​ដែល​ប្រហែល​មិន​បាន​ដឹង​ច្រើន​អំពី​កម្ពុជា រៀនពី​និស្សិត​ និង​អ្នក​ធ្វើ​បទ​បង្ហាញ»។

បណ្ឌិត​ ស៊ូ ប្រាប់​វីអូអេ​ខ្មែរ​ តាម​ទូរស័ព្ទ​ថា វេទិកា​នឹង​មាន​ប្រធានបទ​ច្រើន​ចាប់​ពីភាសាសាស្ត្រ​ សំណេរ​ខ្មែរ​បុរាណ​ បញ្ហា​អ្នក​រួច​ជីវិតពី​អំពើប្រល័យ​ពូជសាសន៍​ ភាពយន្ត​ ប្រព័ន្ធផ្សព្វផ្សាយ​នៅ​កម្ពុជា បញ្ហា​ឆ្លង​កាត់​ព្រំដែន​ ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​ដោយ​បង្ខំ ការបណ្តេញ​ចេញពីលំនៅ​ស្ថាន​ដោយ​បង្ខំ ការ​អភិវឌ្ឍ និង​នយោបាយ​កម្ពុជា។

បណ្ឌិត​ ស៊ូ ថ្លែង​ថា នឹង​មាន​ការ​បង្ហាញ​ក្បាច់​គុណ​បូរាណខ្មែរល្បុក្កតោ ម្ហូបខ្មែរ និង​របាំ​បូរាណខ្មែរ បន្ថែម​ទៅ​លើ​ឯកសារ​សិក្សា​ស្រាវជ្រាវ។

លោក ដន​ ដ្យេម៉ឺសាន់ (Don Jameson) ជា​អតីត​អ្នកការទូត​អាមេរិក​ ដែល​ធ្វើ​ការ​នៅ​កម្ពុជា​ពី​ឆ្នាំ ១៩៧០ ដល់ ១៩៧៤​។ លោក​នឹង​ធ្វើ​បទ​បង្ហាញ​កិច្ចការ​របស់​លោក​មួយ​ ដែល​មាន​ចំណង​ជើង​ថា «កម្ពុជា​នៅ​លើ​ផ្លូវរលាក់ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ»។ លោក​មាន​ប្រសាសន៍​ថា វេទិកា​នេះ​បង្ហាញអំពីថា​តើមាន​ការ​សិក្សា​ស្រាវជ្រាវ​អំពី​កម្ពុជា​ប៉ុន្មាន​នឹង​ត្រូវ​ចេញផ្សាយ។

«នៅពេល​ខ្ញុំ​ទៅ​ទី​នោះ​នៅ​ដើមទសវត្សរ៍​១៩៧០ មានសៀវភៅ​ប្រហែល​ពីរ​បី​ក្បាលអំពី​កម្ពុជា។ មាន​តិចណាស់​ដែល​ជា​ការ​ពិបាក​ក្នុង​ការ​ស្វែង​យល់​អំពី​កម្ពុជា​ និង​អ្វីដែល​កើត​ឡើង​នៅ​ទីនោះ។ ពេល​នេះ មានឯកសារ​ស្រាវជ្រាវ និង​សៀវភៅ​ច្រើន​ត្រូវបាន​ចេញផ្សាយ»។

លោក​ស្រី ណារិន ដ្យេម៉ឺសាន់ (Narin Jameson) អ្នក​និពន្ធ​សៀវភៅ​ធ្វើ​ម្ហូប​ខ្មែ​រ ដែល​មាន​ចំណង​ជើង​ថា «ធ្វើម្ហូប​តាម​របៀប​ខ្មែរ» ឬ “Cooking the Cambodian Way” នឹង​បង្ហាញ​របៀប​ធ្វើ​ម្ហូបខ្មែរ​នៅ​ឯវេទិកានោះ​ដែរ​។ លោកស្រី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា ម្ហូប​គឺជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណជាតិ។

«ម្ហូប​ក៏​ជា​វប្បធម៌​ខ្មែរ​មួយ​ដែរ។ ម្លោះហើយ​យើង​គួរ​តែ​បង្ហាញ​ម្ហូប​ខ្មែរ​យើងឲ្យ​គេ​ស្គាល់។ ការ​បង្ហាញ​ម្ហូបខ្មែរ​ហ្នឹង​មាន​ប្រយោជន៍​ណាស់​ចា៎​ ពីព្រោះ​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្នែរ​យើង​ឡើង​ ព្រោះអី​ម្ហូប​គឺ​ជារឿង​មួយ​សំខាន់​ក្នុង​ជីវិត មនុស្ស»។

អ្នក​រៀបចំ​វេទិកា​ខេមរសិក្សានៃសាកលវិទ្យាល័យ​អូហៃយ៉ូ​ ថ្លែង​ថា ​វេទិកា​ទី​១ និង​ទី​២ បាន​ទទួល​ជោគជ័យ​ ដូច្នេះ​ពួកគេ​ចង់ធ្វើ​ឲ្យ​វេទិកា​ខេមរសិក្សានេះ​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ៕