បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ថា មេដឹកនាំក្រុម អាល់កៃដា (al-Qaida) អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) បានត្រូវសម្លាប់នៅក្នុងកិច្ចប្រតិបត្តិការកងកម្លាំងពិសេសរបស់អាមេរិកនៅប៉ាគីស្ថាន មន្រ្តីជាន់ខ្ពស់របស់រដ្ឋបាលអូបាម៉ាបានផ្តល់សេចក្តីលម្អិតអំពីរឿងនេះ។
ថ្លែងត្រួសៗទៅកាន់អ្នកយកព័ត៌មាននៅក្នុងសន្និសីទព័ត៌មានតាមទូរស័ព្ទបន្ទាប់ពីប្រធានាធិបតីនិយាយ មន្រ្តីរដ្ឋបាលជាន់ខ្ពស់បានផ្តល់សេចក្តីលម្អិតបន្ថែមពីកិច្ចប្រតិបត្តិការដែលបានសម្លាប់ ប៊ិនឡាដិន ទោះគេបានបញ្ជាក់ថា គេមិនអាចនិងមិនផ្តល់សេចក្តីលម្អិតជាច្រើនអំពីបេសកម្មនេះក៏ដោយ។ មន្រ្តីបានពិណ៌នាអ្វីដែលពួកគេហៅថា ការវាយឆ្មក់ប្រកបដោយគ្រោះថ្នាក់ដោយក្រុមប្រតិបត្តិការពិសេសតាមឧទ្ធម្ភាគចក្រធុនតូច ទៅលើបរិវេណដ៏ធំមួយនៅក្នុងទីក្រុង អាប្បុតាបាដ (Abbotabad) ភាគខាងជើង រដ្ឋធានី អ៊ីស្លាម៉ាបាដ (Islamabad) នៃប្រទេសប៉ាគីស្ថាន។
មន្រ្តីបាននិយាយថា បរិវេណនោះសាងសង់ប្រហែលប្រាំឆ្នាំហើយ ហើយមានសន្តិសុខដ៏រឹងមាំ ដោយមានជញ្ជាំងដ៏ក្រាស់ និងមានលួសបន្លាជារង្វង់នៅពីលើ ហើយមានបង្អួចលយចេញទៅក្រៅ ហើយមានច្រកទ្វារពីរដែលមានការ ការពារសន្តិសុខ ហើយមិនមានទូរស័ព្ទនិងសេវាកម្មអ៊ិនធឺណិតទេ។
មន្រ្តីប្រាប់ឲ្យដឹងថា អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) បានតដៃជាមួយកងទ័ព ហើយត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតបតនោះ។ មន្រ្តីអាមេរិកមិនបានផ្តល់សេចក្តីលម្អិតអំពីរយៈពេលនៃការប្រយុទ្ធនោះទេ។
ក្រុមប្រតិបត្តិការពិសេសសហរដ្ឋអាមេរិក បានស្ថិតនៅក្នុងបរិវេណនោះមិនដល់៤០នាទីទេ ហើយក៏មិនបានប្រឈមនឹងអាជ្ញាធរមូលដ្ឋានណាមួយរបស់ប៉ាគីស្ថានដែរ។ មន្រ្តីនិយាយថា បេសកម្មនេះត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យមានការខូចខាត និងគ្រោះថ្នាក់តិចតួចបំផុតដល់អ្នកមិនប្រយុទ្ធនៅក្នុងបរិវេណនោះ ហើយនឹងជនស៊ីវិលប៉ាគីស្ថាននៅក្នុងតំបន់នោះ។ នៅក្នុងប្រយុទ្ធតបតគ្នាមន្រ្តីនិយាយថាក្មេងជំទង់ប្រុសៗបីនាក់បានត្រូវសម្លាប់ រួមមានអ្នកដែលត្រូវគេជឿជាក់ថា ជាអ្នកនាំសាររបស់ប៊ិនឡាដិនពីរនាក់ ហើយបុរសទី៣ ដែលមន្រ្តីនិយាយថា គេជឿជាក់ថា ជាកូនប្រុសរបស់ប៊ិនឡាដិន។ មានស្រ្តី និងកូនក្មេងជាច្រើននៅក្នុងបរិវេណនោះ។ មន្រ្តីនិយាយថា ស្រ្តីម្នាក់បានត្រូវសម្លាប់នៅពេលដែលស្រ្តីនោះត្រូវបានអ្នកប្រយុទ្ធម្នាក់យកធ្វើជាខែលការពារខ្លូន ។ ស្រ្តីពីរនាក់ផ្សេងទៀតបានរងរបួស។
សហរដ្ឋអាមេរិកបានខាតបង់ឧទ្ធភាគមួយគ្រឿងក្នុងកិច្ចប្រតិបត្តិការនោះ ដោយសារតែបញ្ហាមេកានិក ដែលពួកមន្រ្តីមិនបាននិយាយលម្អិត។ គេនិយាយថា យន្តហោះមួយគ្រឿងនោះបានត្រូវកម្ទេចចោលដោយអ្នកបើកបរដោយហេតុផលសន្តិសុខ។ ទ័ពវាយឆ្មក់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រដែលនៅសល់ពីបរិវេណនោះ។ នៅក្នុងការឆ្លើយទៅកាន់សំណួររបស់អ្នកយកព័ត៌មាន មន្រ្តីជាន់ខ្ពស់រដ្ឋបាលបាននិយាយថា គេបានចាត់វិធានការដើម្បីធ្វើឲ្យប្រាកដថាសពរបស់ ប៊ិនឡាដិន នឹងត្រូវចាត់ការស្របទៅតាមការប្រតិបត្តិ និងប្រពៃណីអ៊ិស្លាម។ គេនិយាយថា អាមេរិកបានគិតគូរដ៏ហ្មត់ចត់បំផុតពីបញ្ហានេះ។
នៅពេលដែលសួរអំពីការពិតថា ប៊ិនឡាដិន នៅទីបំផុតត្រូវបានគេរកឃើញនៅប៉ាគីស្ថាន ហើយថាតើការណ៍នេះបញ្ជាក់ពីការជាប់ទាក់ទិនណាមួយ ដែល ប៊ិនឡាដិនមានជាមួយអាជ្ញាធរប៉ាគីស្ថាន មន្រ្តីទាំងនោះនិយាយថា អាមេរិកមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីការពិតដែលថា ប៊ិនឡាដិនបាននៅប៉ាគីស្ថាន ដោយមន្ត្រីទាំងនោះនិយាយបន្ថែមទៀតថា នេះជាបញ្ហាដែលយើងកំពុងបន្តដោះស្រាយជាមួយមន្រ្តីប៉ាគីស្ថាន។
មន្រ្តីជាន់ខ្ពស់រដ្ឋបាលបានរំលឹកឡើងវិញថា ប្រធានាធិបតីអូបាម៉ា បានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា អាមេរិក នឹងធ្វើតាមព័ត៌មានសម្ងាត់ស្តីពីទីកន្លែងរបស់ប៊ិនឡាដិន។ គេនិយាយថា ពួកគេបានជម្រាបត្រួសៗដល់មេដឹកនាំជាន់ខ្ពស់ប៉ាគីស្ថានបន្ទាប់ពីវាយឆ្មក់ ស្តីអំពីគោលបំណង និងលទ្ធផលនៃប្រតិបត្តិការនេះ។
មន្រ្តីជាន់ខ្ពស់រដ្ឋបាលនិយាយថា ព័ត៌មានសម្ងាត់ស្តីពីបរិវេណផ្ទះរបស់ ប៊ិនឡាដិន មិនត្រូវបានចែករំលែកជាមួយប្រទេសផ្សេងទៀតទេរួមមានទាំងប៉ាគីស្ថានផងដែរ ដោយនិយាយថា រឿងនេះមានសារៈសំខាន់សម្រាប់សន្តិសុខនៃកិច្ចប្រតិបត្តិការ ហើយនឹងបុគ្គលិកអាមេរិក។ មន្រ្តីនិយាយបន្ថែមទៀតថាមានតែមនុស្សមួយក្រុមតូចនៅក្នុងរដ្ឋាភិបាលអាមេរិកប៉ុណ្ណោះបានដឹងអំពីប្រតិបត្តិការនេះ។ មន្រ្តីនិយាយបន្ថែមទៀតថា នៅដើមខែកញ្ញា ឆ្នាំកន្លងទៅ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការងារជាមួយប្រធានាធិបតីអូបាម៉ា ពីការវាយតម្លៃជាបន្តបន្ទាប់ដែលបាននាំឲ្យទីភ្នាក់ងារនោះជឿជាក់ថា អូសាម៉ា ប៊ិនឡាដិន ស្ថិតនៅឯបិវេណក្នុងប្រទេសប៉ាគីស្ថាន។ នៅពាក់កណ្តាលខែកុម្ភៈ ពួកមន្រ្តីនិយាយថា ជំនួបដ៏លម្អិតជាបន្តបន្ទាប់ផ្អែកលើព័ត៌មានសម្ងាត់ជាក់លាក់មួយដើម្បីតាមរកចាប់ខ្លួនប៊ិនឡាដិន។
ក្នុងរវាងពាក់កណ្តាលខែមិនា និងចុងខែមេសា មន្រ្តីនិយាយថា ប្រធានាធិបតី អូបាម៉ា បានធ្វើជាអធិបតីនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីអភិវឌ្ឍវិធានការមួយនាំយកប៊ិនឡាដិនទៅកាន់តុលាការ ហើយនឹងបញ្ជាចុងក្រោយធ្វើប្រតិបត្តិការនៅព្រឹក ថ្ងៃអង្គារទី២៩។ មន្រ្តីជាន់ខ្ពស់ម្នាក់និយាយថា កិច្ចប្រតិបត្តិការប្រកបដោយជោគជ័យកើតមានឡើងដោយសារការងារការស៊ើបការសម្ងាត់ដ៏ជឿនលឿនយ៉ាងប្រយ័ត្នប្រយ៉ែងជាច្រើនឆ្នាំ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងារយ៉ាងច្រើន។ មន្រ្តីនោះនិយាយថា នៅពេលដែលករណីត្រូវបានសម្រេចថា បរិវេណក្នុងប្រទេសប៉ាគីស្ថានជាទិសដៅនៃការវាយប្រហារ។ មន្រ្តីនោះនិយាយថា មន្រ្តីចាប់ផ្តើមរៀបចំបេសកម្មជាមួយយោធាដោយការសហការរបស់អាមេរិក។
ចំពោះឥទ្ធិពលនៃការសម្លាប់ ប៊ិនឡាដិន នឹងមានលើពួក អាល់កៃដា នោះ មន្ត្រីជាន់ខ្ពស់រដ្ឋបាលបានហៅការសម្លាប់ ប៊ិនឡាដិន ថាជាជ័យជម្នះដ៏ធំបំផុតមួយនៅក្នុងយុទ្ធនាការដែលដឹកនាំដោយអាមេរិកដើម្បីបង្អាក់ រំលាយ និងធ្វើឲ្យពួកអាល់កៃដា បរាជ័យ ហើយនឹងជាវិធានការសំខាន់ និងមានសារៈសំខាន់គឺដើម្បីកម្ទេចពួកអាល់កៃដានៅទីបញ្ចប់។
ទោះបីមន្រ្តីរដ្ឋបាលនិយាយថា ការស្លាប់របស់ ប៊ិនឡាដិន នឹងធ្វើឲ្យពួកអាល់កៃដា អន់ថយ និងពិបាកត្រឡប់ទៅរកស្ថានភាពដូចដើមវិញក៏ដោយ គេនិយាយថា អង្គការភេវរកម្ម ប្រហែលមិនអាចរលំរលាយនៅពេលឆាប់នេះទេ។
មន្ត្រីនិយាយថា វាជាការល្អណាស់ដែលមរណភាពរបស់ប៊ិនឡាដិន កើតចំពេលដែលមានចលនាដ៏ធំមួយដើម្បីសេរីភាព លទ្ធិប្រជាធិបតេយ្យ ដែលកំពុងបោសសម្អាតមេដឹកនាំនៅពិភពអារ៉ាប់ ដោយបានបន្ថែមថាប៊ិនឡាដិន គឺជាឧបសគ្គរារាំងអ្វីដែលបុរស និងស្រ្តីដ៏ក្លាហាននៅពាសពេញតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងកំពុងប្រថុយប្រថានជីវិតរបស់ពួកគេ គឺដើម្បីសិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន