ភ្នំពេញ៖ ប្រទេសកម្ពុជាទើបរកឃើញជំងឺប្រភេទថ្មីដែលបានកើតឡើងទៅលើសត្វជ្រូក។ ជំងឺនេះមានឈ្មោះថា ជំងឺប៉េស្តជ្រូកនិងជំងឺត្រចៀកខៀវជ្រូក។ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសជាបន្ទាន់មួយឲ្យទប់ស្កាត់ការនាំជ្រូកចូលដោយខុសច្បាប់ពីប្រទេសជិតខាង ក្រោយពីសត្វជ្រូកច្រើនរាប់រយក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងខេត្តក្រុងមួយចំនួន។ ក៏ប៉ុន្តែមន្ត្រីជំនាញបសុព្យាបាលបាននិយាយថា ជំងឺនេះមិនបានឆ្លងដល់មនុស្សទេ។
បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីចំនួនសត្វជ្រូកច្រើនរាប់រយក្បាលបានងាប់ជាបន្តបន្ទាប់ នៅក្នុងខេត្តក្រុងមួយចំនួនក្នុងរយៈពេលប៉ុនា្មនចុងក្រោយនេះ នាយកដ្ឋានផលិតកម្មនិងបសុព្យាបាលរបស់ក្រសួងកសិកម្ម ទើបតែរកឃើញមូលហេតុដែលបានបណ្តាលឲ្យសត្វជ្រូកទាំងនោះងាប់។
ជំងឺដ៏អាថ៌កំបាំងនេះគឺជំងឺប៉េស្ដជ្រូក និងជំងឺត្រចៀកខៀវជ្រូក ដែលធ្លាប់បានកើតមាននៅសហរដ្ឋអាមេរិក ប្រទេសចិន ហើយក្រោយមកត្រូវបានរកឃើញនៅប្រទេសវៀតណាម ប្រទេសឡាវ និងចុងក្រោយគេត្រូវបានរកឃើញនៅកម្ពុជា។
លោក កៅ ផល ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាល បាននិយាយថា ជំងឺនេះបានឆ្លងចូលមកប្រទេសកម្ពុជា ដោយសារការនាំជ្រូកពីប្រទេសវៀតណាមនិងថៃដោយខុសច្បាប់។
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីអំពីវិធានការទប់ស្កាត់ជំងឺប៉េស្ដជ្រូក និងជំងឺត្រចៀកខៀវជ្រូក ដោយមានការចូលរួមពីមន្រ្តីបសុព្យាបាលចំនួន ៦២នាក់មកពីទូទាំងប្រទេសកម្ពុជានោះ លោកកៅ ផលបានលើកឡើងថា ជំងឺប៉េស្ដជ្រូកនិងជំងឺត្រចៀកខៀវជ្រូក ជាជំងឺថ្មីបំផុតដែលទើបនឹងត្រូវបានរកឃើញនៅប្រទេសកម្ពុជា។
នាយកដ្ឋានផលិតកម្មនិងបសុព្យាបាលបានធ្វើការវិភាគឈាមជ្រូកចំនួន៨០មកពីបណ្តាខេត្តមួយចំនួន។ លទ្ធផលបានបង្ហាញឲ្យឃើញថា វត្ថុវិភាគចំនួន ៨មានវត្តមានជំងឺត្រចៀកខៀវជ្រូក ដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល កំពង់ចាម តាកែវ និងខេត្តព្រៃវែង និងវត្ថុវិភាគចំនួន៨ទៀតមានជំងឺប៉េស្ដជ្រូក ដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កំពង់ចាម និងខេត្តតាកែវ។
លោកចាន់ សារុន រដ្ឋមន្រ្តីរុក្ខាប្រមាញ់ និងនេសាទបានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំនៅឯនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលថា សត្វជ្រូកដែលងាប់កន្លងមកនេះមិនមែនមកពីជំងឺប៉េស្ដជ្រូក ឬក៏ជំងឺត្រចៀកខៀវជ្រូកទាំងអស់នោះទេ។ លោកបានមានប្រសាសន៍ថា មានជ្រូកមួយចំនួនបានងាប់ដោយសារជំងឺកញ្ច្រិលផងដែរ។
«យើងទើបនឹងរកឃើញថា វាមានអង់ទីគ័រនៃជំងឺហ្នឹង ចង់និយាយថា វាមានវត្តមានហើយ តែវានៅមានអង្គរក្សការពារ»។
ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតក្នុងសកលវិទ្យាល័យក្នុងទីក្រុងភំ្នពេញ នៅក្នុងថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអំពាវឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម និងប្រទេសថៃ ជួយទប់ស្កាត់ការនាំជ្រូកចូលមកប្រទេសកម្ពុជា ដើម្បីបង្ការជំងឺឆ្លងពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។
«អំពាវនាវចំពោះអាជ្ញាធរនៅតាមព្រំដែនទាំងអស់ ជាពិសេសព្រំដែនជាមួយនឹងវៀតណាម និងព្រំដែនជាមួយថៃ ដែលមាននាំជ្រូកចូល ត្រូវផ្អាកសិន ជួយទប់ស្កាត់។ កម្លាំងឈរជើងត្រូវទប់ស្កាត់។ ទាំងគយ ទាំងកាំកុងត្រូល ទាំងនគរបាលត្រូវទប់សិន»។
ជំងឺប៉េស្ដជ្រូកនិងជំងឺត្រចៀកខៀវជ្រូកបានកើតមានឡើងនៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០០៦ក្នុងប្រទេសចិន ហើយនៅខែឧសភាឆ្នាំ២០១០នេះ វាបានកើតមានឡើងនៅក្នុងប្រទេសវៀតណាមនិងប្រទេសឡាវ។ ចំណែកប្រទេសថៃ ជំងឺនេះទើបនឹងកើតឡើងនៅក្នុងខែកក្កដាឆ្នាំ២០១០នេះ៕