មន្រ្តី​ជួយ​សម្រួល​ធ្វើ​លិខិត​ឆ្លង​ដែន​ទទួល​ប្រាក់​កម្រៃ​បន្ថែម​លើ​តម្លៃ​សេវា​ដើម

រូបថតតំណាងធ្វើ​ត្រាប់​តាម​ការប្រគល់លិខិតឆ្លងដែននិងប្រាក់ចំនួន១១៥ដុល្លារ ដែលលើសតម្លៃកំណត់ត្រឹមតែ១០០ដុល្លារ សម្រាប់សេវាធ្វើលិខិតឆ្លងដែនធម្មតា។ (ខាន់ សុគុំមនោ/VOA)

បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​ចេញ​​លិខិត​ឆ្លង​ដែន​រហូត​ដល់​មាន​ការ​បិទ​តារាង​តម្លៃ​ក៏ដោយ ​ការ​រត់​ការ​យក​កម្រៃ​ជើងសារ​នៅ​តែ​មាន ​ហើយ​មន្រ្តី​ចេញ​លិខិត​ឆ្លង​ដែន​មួយ​ចំនួន​ជា​អ្នក​បំពេញ​ការងា​រទាំង​នេះ ​ដោយ​យក​តម្លៃ​សេវា​លើស​ពី​តម្លៃ​ដើម។

វា​ជា​រឿង​ចម្លែក​មួយ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ទៅ​សុំ​លិខិត​ឆ្លង​ដែន​ ហើយ​ចង់​បំពេញ​ឯកសារ​ដោយ​ខ្លួន​ឯង។ ​បើ​ទោះ​ជា​ប្រជាពលរដ្ឋ​ចង់​បំពេញ​ដោយ​ខ្លួន​ឯង តែ​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ ​ដោយសារ​មាន​អ្នក​ចាំ​ទទួល​ស្វាគមន៍​ក្នុង​ការ​ជួយ​សម្រួល​កិច្ចការ​នេះ។​

គ្រាន់​តែ​ទៅ​ដល់​ខាង​មុខ​ខ្លោង​ទ្វារ​ការិយាល័យ​ចេញ​លិខិត​ឆ្លងដែន​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូ​ម៉ែត្រ​ពី​ទី​ប្រជុំ​ជន​នៅ​ភ្នំពេញ​ អ្នក​រត់​ការ​ឲ្យ​មន្រ្តី​ចេញ​លិខិត​ឆ្លងដែន​បាន​មក​ស្វាគមន៍​ ហើយ​សួរ​ថា​«មាន​ណាត់​ហើយ​ឬ​នៅ»​ ដែល​សំដៅ​ថា​តើ​មាន​អ្នក​ជួយ​រត់​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ហើយឬ​នៅ?​

ប្រសិន​បើ​នៅ​ទេ ​ពួកគេ​នឹង​នាំ​ទៅ​ជួប​មន្រ្តី​ចេញ​លិខិត​ឆ្លង​ដែន ​ដែល​នឹង​ជួយ​សម្រួល​កិច្ចការ​ទាំង​នេះ។ ​ពលរដ្ឋ​ខ្លះ​ដែល​ធ្លាប់​ស្គាល់​មន្រ្តី​នៅ​ទីនោះ​អាច​មក​ជួប​មន្រ្តី​ដោយ​ផ្ទាល់ ​ហើយ​មន្រ្តី​នោះ​នឹង​ជួយ​បំពេញ​ឯកសារ​ប្រវត្តិរូប​មួយ​ច្បាប់​ ការ​ថត​ចម្លង​អត្ត​សញ្ញាណ​ប័ណ្ណ ​និង​ឯកសារ​ផ្សេងៗ។​

ទីធ្លាសម្រាប់បំពេញឯកសារ និងកន្លែងអង្គុយរង់ចាំ នៅក្នុងការិយាល័យធ្វើលិខិតឆ្លងដែន(ស៊ុន ណារិន/VOA)

មន្រ្តី​ស្លៀកពាក់​ឯកសណ្ឋានការិយាល័យ​ចេញ​លិខិតឆ្លង​ដែន​នៅ​ទី​នោះ​បាន​យក​តម្លៃ​លើស​ពី​ការ​កំណត់ ​ជា​ថ្នូរ​នឹង​ការ​ជួយ​បំពេញ​ឯកសារ ​ការ​ជួយ​សម្រួល​ដំណើរ​ការ ​និង​ការ​ជូន​ដំណឹង​ពេល​លិខិត​ឆ្លង​ដែន​ធ្វើ​រួច​ហើយ។​ តម្លៃ​ដែល​មន្រ្តី​ទាំង​នោះ​យក​គឺ​អាស្រ័យ​លើ​ពួក​គេ​ម្នាក់ៗ​ មិន​ដូច​គ្នា​នោះ​ទេ។​ ប៉ុន្តែ​ជា​ទូទៅ ពួក​គេ​យក​ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ​លើស​តម្លៃ​កំណត់។ ​ប៉ុន្តែ​មាន​អ្នក​ខ្លះយក​រហូត​ទៅដល់​៥០​ដុល្លារ។​

ការ​ធ្វើ​លិខិត​ឆ្លង​ដែន​មាន​បែង​ចែក​ជា​បី​សេវា ​គឺ​សេវា​ធម្មតា​ត្រូវ​បង់​តម្លៃ​១០០​ដុល្លារ​អាមេរិក​ ហើយ​មាន​រយៈ​ពេល​កំណត់​ធ្វើ​គឺ​២០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ​សេវា​រហ័ស​កម្រិត​មធ្យម​តម្លៃ​១៥០​ដុល្លារ​ រយៈ​ពេល​កំណត់​១០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ​និង​តម្លៃ​២០០​ដុល្លារ​សម្រាប់​សេវា​រហ័ស ​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦។ ​ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ រដ្ឋាភិបាល​បាន​ប្រកាស​ថា ​រយៈពេល​នៃ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​២០​ថ្ងៃ ​ត្រូវ​ប្តូរ​មក​១៥​ថ្ងៃ​វិញ។ ​ចំណែក​១០​ថ្ងៃ​ត្រូវ​ប្តូរ​មក​៧​ថ្ងៃ​វិញ ​ហើយ​តម្លៃ​សេវា​គឺ​នៅ​ដដែល។​

នៅ​ការិយាល័យ​ចេញលិខិត​ឆ្លង​ដែន តារាង​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ត្រូវ​បាន​ដាក់​ព្យួរ​នៅ​លើ​ជញ្ជាំង​ដើម្បីឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង។​ តែ​នេះមិន​មាន​ន័យ​សម្រាប់​អ្នក​សុំ​លិខិត​ឆ្លង​ដែន​នោះ​ទេ ​ដោយសារ​ពួក​គាត់​មាន​អ្នក​ជួយ​រត់​ការ​ឲ្យទៅ​ហើយ។​

បុរស​ម្នាក់​ដែល​ជា​អ្នក​នាំ​ភ្ញៀវ​ឲ្យ​មន្រ្តី​ចេញ​លិខិត​ឆ្លង​ដែន​បាន​និយាយ​ដោយ​មិន​បញ្ចេញឈ្មោះ​ថា ​លោក​ធ្លាប់​បាន​នាំ​ភ្ញៀវ​ឲ្យ​មន្រ្តី​នៅ​ទីនោះ ​ដោយ​ទទួល​បាន​ប្រាក់​ពី​មន្រ្តី​ចាប់​ពី​១០០០០​ទៅ​១៥០០០​រៀល​សម្រាប់​ភ្ញៀវ​ម្នាក់។​

អ្នកស្រី​កុលាប ​អាយុ​៤១​ឆ្នាំ ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប ​និង​ជា​អ្នក​លក់​គ្រឿង​រថយន្ត​ម្នាក់ ​មាន​ប្រសាសន៍​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ ​អ្នកស្រី​បាន​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​ដើម្បី​សុំ​លិខិត​ឆ្លង​ដែន ​ទុក​គ្រាន់​ធ្វើ​ដំណើរ​ទៅ​ទិញ​សម្ភារៈ​រថយន្ត​នៅ​ប្រទេស​ថៃ។​ អ្នកស្រី​មាន​ប្រសាសន៍​ថា ​អ្នកស្រី​បាន​ចំណាយ​ប្រាក់​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន​ចំនួន​១១៥​ដុល្លារ ​និង​បង់​ថ្លៃ​រូបថត​ចំនួន​១៦០០០​រៀល។​

អ្នកស្រី​បាន​បញ្ជាក់​ថា ​ការ​រក​ជំនួយ​ពី​អ្នក​រត់​ការ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​មន្រ្តី​ចេញ​លិខិត​ឆ្លងដែន ​គឺ​ដើម្បី​កុំ​ឲ្យ​ចំណាយ​ពេល​យូរ​ នៅ​ពេល​មក​រាជធានី​ភ្នំពេញ ​ដើម្បី​បំពេញ​ឯកសារ​សុំ​លិខិត​ឆ្លង​ដែន។​

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ ​

«កាល​ហ្នឹង​ថា​ យើងនៅ​ឆ្ងាយ។ ​បង​ចង់​ថា​ ឲ្យ​សេវា​គេ​ធ្វើ​ទៅ ​ដើម្បី​យើង​ចំណាយ​ពេល​ទៅ​គេង​នៅ​ភ្នំពេញ​ឆាប់ ​ដូច​ថា​ តែ​មួយ​យប់​ទៅ ​យើង​អាច​ធ្វើ​ហើយ។​ យើង​អាច​វិលមក​វិញ។​ ប៉ុន្តែ​បើ​យើង​ទៅ​ធ្វើ​ដោយ​ខ្លួន​ឯង ​បង​ខ្លាច​ចំណាយ​ពេល​យូរ»។​

អ្នកស្រី​បន្ថែម​ថា ​ការ​រក​ឯកសារ​បំពេញ​ដោយ​ខ្លួន​ឯង​ជា​រឿង​លំបាក​មួយ។​ អ្នក​ស្រីមាន​ប្រសាសន៍​ថា៖ ​

«បង​គិតថា​ ​ពិបាក​ត្រង់​ថា​ ទៅ​សុំ​ពាក្យ​គេ​ហ្នឹង​ ​គេ​ថា​ ក៏​យ៉ាប់​នឹង​សុំ​ដែរ។ ​បង​អត់​បាន​ទៅ​សុំ​អា​ពាក្យ​ដែល​យើង​ត្រូវ​បំពេញ​ហ្នឹង​ បង​អត់​បាន​ទៅ​សុំ​ទេ។​ ប៉ុន្តែ​អ្នក​ដែល​ឈរ​ជិត​យើង​ គេ​និយាយ​គ្នា​គេ​ហ្នឹង​គឺ​គេ​ថា​ អត់​ស្រួល​ទេ។ ​គេ​ថា ​អីចឹង»។​

អ្នក​សុំលិខិត​ឆ្លង​ដែន​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​បំពេញ​ឯកសារ​ឲ្យ​អ្នកស្រី​ ជា​អ្នក​ស្លៀក​ពាក់​ស៊ីវិល​ធម្មតា​ និង​ជា​ភ្នាក់ងារ​របស់​មន្រ្តី​នៅ​ទីនោះ។​

ទោះ​ជា​យ៉ាងណា ​ អ្នកស្រី​មាន​ប្រសាសន៍​ថា ​អ្នកស្រី​អាច​មាន​សមត្ថភាព​បំពេញ​ឯកសារ​សុំលិខិត​ឆ្លង​ដែន​បាន​ដោយ​ខ្លួន​ឯង។​

អ្នកស្រី​បាន​ថ្លែង​ថា៖​

«បង​បំពេញ​បាន​អីតើ​អូន! ព្រោះ​បង​ចេះ​អក្សរទេតើ! ​ប៉ុន្តែ​បង​អត់​ដឹង ​ចង់​ថា​ ​ដំបូង​ គឺ​បង​ត្រូវ​ការ​ពឹង​គេ ហើ​យ​វា​ស្រួល។ ​បើ​តាម​ថា ​បំពេញ​ខ្លួន​ឯង​ បង​ធ្វើ​បាន​ទេ​តើ»។

ប្រជា​ពលរដ្ឋ​ប្រមាណ​១៥​នាក់ ​ដែល​ VOA​ បាន​សាកសួរ​នៅ​កន្លែង​ចេញ​លិខិត​ឆ្លង​ដែន​ បាន​អះអាង​ដូចៗ​គ្នា​ថា ​ឯកសារ​របស់​ពួក​គេ​ត្រូវ​បាន​បំពេញ​ឲ្យ​តាម​រយៈ​មន្រ្តី​នៅ​ទី​នោះ ​អ្នក​រត់​ការ​ឲ្យ​មន្រ្តី​ ឬ​ភ្នាក់ងារ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន។​

អ្នក​សុំ​លិខិត​ឆ្លង​ដែន​ម្នាក់​ក្នុង​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ​មិត្ត​ភ័ក្តិ​របស់​កញ្ញា​បាន​ណែនាំ​ឲ្យ​ស្គាល់​មន្រ្តី​ចេញ​លិខិត​ឆ្លង​ដែន​នៅ​ទីនោះ​ ហើយ​មន្រ្តី​បាន​រៀបចំ​ឯកសារ​ឲ្យ​កញ្ញា។​ កញ្ញា​បន្ត​ថា ​កញ្ញា​បាន​ចំណាយ​ថវិកា​១១០​ដុល្លារសម្រាប់លិខិត​ឆ្លងដែន​រយៈ​ពេល​២០​ថ្ងៃ។​

កញ្ញា​និយាយ​ថា៖​

«គេ​សរសេរ​ឲ្យ។ ​មន្រ្តី​ចេញលិខិត​ឆ្លង​ដែន​បំពេញ​ឲ្យ»។​

ពាក្យសុំធ្វើលិខិតឆ្លងដែន ដែលមន្រ្តីជួយបំពេញឲ្យអ្នកធ្វើលិខិតឆ្លងដែន។ (ស៊ុន ណារិន/VOA)

ពលរដ្ឋ​ម្នាក់​ទៀត ​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ​បាន​លើក​ឡើង​ថា អ្នកនាង​បាន​ចំណាយ​ប្រាក់​២៥០​ដុល្លារ​សម្រាប់​សុំ​លិខិត​ឆ្លងដែន​រយៈ​ពេល​មួយ​ថ្ងៃ​ ហើយ​មន្រ្តី​នៅ​ទី​នោះ​បំពេញ​ឯកសារ​ឲ្យ។​

ឯកសារ​មួយច្បាប់​ដែល​មន្រ្តី​ ឬ​អ្នក​រត់​ការ​ជួយ​បំពេញ​ឲ្យ​នោះ​គឺ​ជា​ពាក្យ​សុំ​ចេញលិខិត​ឆ្លង​ដែន​ដែល​បំពេញព័ត៌មាន​តាម​អត្ត​សញ្ញាណ​ប័ណ្ណ ​បញ្ជាក់​មុខរបរ ​អាស័យដ្ឋាន​បច្ចុប្បន្ន​ ឈ្មោះ​ឪពុកម្តាយ ​និង​អាយុ​របស់​ពួកគាត់ ​និង​ឈ្មោះ​បង​ប្អូន​សម្រាប់​ទំនាក់​ទំនង។​

បន្ទាប់​ពី​បំពេញ​ពាក្យ​សុំ​ធ្វើ​លិខិត​ឆ្លង​ដែន ​មន្រ្តី​នោះ​នឹង​ថត​ចម្លង​អត្ត​សញ្ញាណ​ប័ណ្ណ​ភ្ជាប់​នឹង​ពាក្យ​សុំនោះ ​ហើយ​បញ្ជូន​ទៅ​វាយ​ត្រា​ថា​«បាន​ចម្លង​ត្រឹមត្រូវ​តាម​ច្បាប់​ដើម» ​ដោយ​យក​ប្រាក់​១​ពាន់​រៀល​ពី​អ្នក​សុំ​លិខិត​ឆ្លង​ដែន។ ​បន្ទាប់​ពី​វាយ​ត្រា​រួច​ហើយ ​ដំណើរ​ការ​បន្ទាប់​គឺ​អ្នក​សុំ​លិខិត​ឆ្លង​ដែន​ត្រូវ​ធ្វើ​ខ្លួន​ឯង​ទាំង​អស់​គឺ​ត្រូវ​ចាប់​លេខ​រង់ចាំ ​ដើម្បី​ផ្តិត​យក​ស្នាម​ខ្ចៅ​ម្រាម​ដៃ ​ថតរូប ​បិទ​រូប​ថត​ វាស់​កម្ពស់ ​និង​សម្ភាស ​ដែល​ជា​ដំណាក់​កាល​ចុង​ក្រោយ។ ​អ្នក​សុំលិខិត​ឆ្លងដែន​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​មួយ​ម៉ោង​កន្លះ ​ខណៈមាន​ប្រជា​ពលរដ្ឋ​ច្រើន​មក​ធ្វើ​ដំណាល​គ្នា។​

បន្ទាប់​ពី​ផ្តិត​ខ្ចៅ​ម្រាម​ដៃ​ អ្នក​សុំលិខិត​ឆ្លងដែន​ត្រូវបង់ថ្លៃថត​រូប​ចំនួន​១៦០០០​រៀល។ ​នៅ​លើ​តុ​មន្រ្តី​បិទ​រូបថតមាន​កាត​ទំនាក់ទំនង​របស់​មន្រ្តី​ចេញ​លិខិត​ឆ្លងដែន​ ដែល​ទុក​ឲ្យ​អ្នក​សុំលិខិត​ឆ្លង​ដែន​យក​ទុក​ដើម្បី​ទាក់​ទងសុំ​លិខិត​ឆ្លង​ដែន​នៅ​ពេល​ក្រោយ។​

បន្ទាប់​ពី​បំពេញ​ដំណើរ​ការ​ទាំង​អស់​នេះ​ ​ពួកគេ​ត្រូវ​យក​ឯកសារ​មួយ​ច្បាប់​នេះ​ទៅ​ឲ្យ​មន្រ្តី​រត់​ការ​របស់​ខ្លួន ​ហើយ​បង់​ប្រាក់។ ​ការ​បង់​ប្រាក់​នោះ​មិន​មាន​វិក្ក័យប័ត្រ​នោះ​ទេ ​ហើយ​ក៏​មិន​មាន​ចុង​សន្លឹក​ណា ​ដែល​បញ្ជាក់​ពេល​វេលា​មក​យក​លិខិត​ឆ្លង​ដែន​នោះ​ដែរ។​

បើ​តាម​ព័ត៌មាន​ដែល​បិទ​នៅ​លើ​ជញ្ជាំង​ មន្រ្តី​ត្រូវ​ចេញ​បង្កាន់​ដៃ​បង់​ប្រាក់ ​និង​ចុង​សន្លឹក​សម្រាប់​មក​ទទួល​លិខិត​ឆ្លង​ដែន ​តាម​ពេល​កំណត់។​

អ្នក​សុំ​លិខិត​ឆ្លងដែន​រង់ចាំ​ការ​ហៅទូរស័ព្ទ​ពី​មន្រ្តី​ នៅ​ពេល​លិខិត​ឆ្លងដែនធ្វើហើយ ​ឬ​អ្នកសុំ​លិខិត​ឆ្លង​ដែន​ត្រូវ​ហៅ​ទូរស័ព្ទ​សួរ​ថា​ តើ​លិខិត​ឆ្លង​ដែន​ធ្វើហើយ​ឬ​នៅ។​

មន្រ្តី​ចេញលិខិត​ឆ្លង​ដែន​ម្នាក់​គឺអ្នកស្រី ​ស៊ីម ថានី​ បាន​ទទួល​ស្គាល់​ថា ​អ្នកស្រី​ពិត​ជា​បាន​ជួយ​បំពេញ​ឯកសារ​ជូន​ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ​ដែល​អ្នកស្រី​ថា​ មិន​អាច​បំពេញ​ឯកសារ​បាន។ ​អ្នកស្រី​ក៏​បាន​ទទួល​ស្គាល់​ថា ​អ្នកស្រី​ពិត​ជា​បាន​ទទួល​ប្រាក់​កម្រៃ​មួយ​ចំនួន​ពី​អ្នក​មក​សុំលិខិត​ឆ្លង​ដែន។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ធម្មតា​គាត់​អីចឹង​មក​ពី​ខេត្ត​ គាត់​អត់​ដឹង​របៀប​របប​បំពេញ​ឯកសារ។​ ដល់​ពេល​អីចឹង​ ​យើង​ជួយ​បំពេញគាត់​ទៅ។​ យើង​រត់​ពី​ទីនេះ​ទៅ​ទីនោះ ​សព្វ​កន្លែង​អីចឹង។​ នៅ​ហ្វូតូ​ នៅ​ពិនិត្យ​ឯកសារ ​ដល់​ពេល​អីចឹង ​គេ​រុញ​ចុះ ​រុញ​ឡើងៗ។ ​ អី​ចឹង​ទៅ​ គាត់​ពឹង​យើង​ឲ្យ​ជួយ។​ ជួយ​ថា ​ឲ្យ​បង​តិចតួច​ទៅ ​បង​ជួយ​បាន»។​

អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ធម្មតា ​អ្នក​ខ្លះ​គេ​ជូន​យើង​អីចឹង​ទៅ​អូន។​ ដូចថា​ យើង​ខំ​ជួយ​ខ្នះខ្នែង​ឲ្យ​គាត់​អីចឹង​ គាត់​អាណិត​យើង​ គាត់​ឲ្យ»។​

មន្រ្តី​ចេញ​លិខិត​ឆ្លងដែន​ម្នាក់​ទៀត​ លោក​ វិន សុវិចិត្រ​បាន​បដិសេធ​ថា​ ​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​តម្លៃ​លើស​ការ​កំណត់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខាង​មន្រ្តី​យើង​ខ្ញុំ​អត់មាន​យក​អីចឹង​ទេ។​ អត់​មាន​រឿង​សេវា​កម្ម​ជូន​ចុះ ​ជូន​ឡើង​អី​អីចឹង​ទេ។ ​មន្រ្តី​ខាង​យើង​ខ្ញុំ​គឺ​អត់​មាន​សេវា​កម្មណា​យក​បន្ថែម​ទេ។​ តម្លៃ​អាករ ​បង់​ចូល​រដ្ឋ​ហ្មង»។ ​

លោក​បញ្ជាក់​បន្ថែម​ថា៖​

«ខ្ញុំ​ចង់​បញ្ជាក់​ថា​ តើ​សមត្ថកិច្ច​មួយ​ណា​ដែល​យកសេវា​បន្ថែម​ទៀត​ហ្នឹង ​បង?»​

លោក​ប្រុក ម៉ៃឧត្តម​ អគ្គនាយក​រង ​និងជា​អ្នកនាំ​ពាក្យ​របស់​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម ​មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ដឹង​អំពី​ករណី​មន្រ្តី​ការិយាល័យ​ចេញ​លិខិត​ឆ្លង​ដែន ​ជួយ​បំពេញ​ឯកសារ​យក​តម្លៃ​លើស​ច្បាប់​កំណត់​នោះ​ទេ។​ តែ​លោក​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ​បញ្ហា​នេះ ​ដាក់​ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​ចេញ​លិខិត​ឆ្លង​ដែន​ ដើម្បី​លោក​អាច​ចាត់​វិធានការ។​

លោក​បាន​ថ្លែង​ប្រាប់​ VOAថា៖​

«ខ្ញុំ​មិន​បាន​ជ្រាប​ឡើយរឿង​ហ្នឹង ​ព្រោះ​វា​អត់ទាន់មាន​បណ្តឹង​ណា​ប្តឹង​មក​ដល់​ខ្ញុំ​ថា ​មន្រ្តី​ក ​មន្រ្តី​ខ ​គាត់​បាន​ប្រើ​ប្រាស់​តួនាទី​គាត់ ​យក​តម្លៃ​ជើង​សារ​លើស។ ​ចង់​និយាយ​អីចឹង​ណា ​អាហ្នឹង​ទី​មួយ។​ ទី​ពីរ​ប្រយ័ត្ន​គាត់​ពឹង​ទៅ​ក្រុម​ហ៊ុន ​គាត់​ចេះ​តែ​ថា​ មន្រ្តី​ខាង​ខ្ញុំ​ដែរ។ ​អី​ចឹង​បាន​ថា ​អ្នក​ទាំង​នោះ ​គាត់​មាន​ការ​ច្រឡូក​ច្រឡំ​គ្នា»។​

លោក​ក៏​បាន​ទទួល​ស្គាល់​ថា​ មាន​អ្នក​រត់ការ​មួយ​ចំនួន​នៅ​កន្លែង​ចេញ​លិខិត​ឆ្លង​ដែន ​ជា​ភ្នាក់ងារ​របស់ក្រុមហ៊ុន​ទទួល​ធ្វើ​លិខិត​ឆ្លង​ដែន។​ តែ​លោក​ថា ​មិន​បាន​ដឹង​ពិត​ប្រាកដ​ថា ​មាន​អ្នកណា​ខ្លះ​ទៀត​នោះ​ទេ ​ដោយ​សារ​ក្តាប់ព័ត៌មាន​មិនគ្រប់​ជ្រុង​ជ្រោយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​នឹង​យក​ព័ត៌មាននេះ។ ​ខ្ញុំ​នឹង​ឆែក​ជាមួយ​ប្រធាន​នាយកដ្ឋាន​ដើម្បី​ដឹង​ថា​ តើ​មាន​កិច្ចការ​ហ្នឹង​ឬអត់?​ ហើយ​ខ្ញុំ​សូម​អញ្ចេះ​ ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​និយាយ ​សុំ​ឲ្យ​គាត់​ប្តឹង​មក​! អ្នក​ណា?​ ​ចង់​និយាយ​ចញ្ចេះ!​ ​ព្រោះ​កាល​ណា ​យើង​និយាយ​ជា​ទូទៅ​អីចឹង​ ប៉ះពាល់​ដល់​គេ​ច្រើន»។​

មន្រ្តី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នក​សុំ​លិខិត​ឆ្លង​ដែន​នឹង​ទទួល​បាន​ចុង​សន្លឹក​ ដែល​មាន​កំណត់​ថា​ តើ​អាច​មក​យក​លិខិត​ឆ្លង​ដែន​នៅ​ពេល​ណា។ ​លោក​បញ្ជាក់​ថា ​ជា​ធម្មតា ​លិខិត​ឆ្លង​ដែន​ត្រូវ​ធ្វើ​ហើយ​ តាម​កាល​កំណត់​ មិន​ដែល​យឺត​យ៉ាវ​នោះ​ទេ។​

បើ​តា​ម​លោក ​ប្រុក ម៉ៃឧត្តម​ ជា​មធ្យម ​ក្នុង​មួយ​ថ្ងៃ ប្រជា​ពលរដ្ឋ​ប្រមាណ​៣០០០​ទៅ​៤០០០​នាក់​ បាន​មក​សុំ​លិខិត​ឆ្លង​ដែន ​ក្នុង​នោះ​១០​ភាគរយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​ការ​សេវា​ឆាប់​រហ័ស។​

លោក ​ព្រាប កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​ចាត់​ទុក​ការ​យក​លុយ​លើស​ពី​ការ​កំណត់​សម្រាប់​សេវា​សាធារណៈ​គឺ​ជា​ភាព​មិន​ប្រក្រតី​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រសិន​ជា​គាត់​ទារ​លើស​ពី​តម្លៃ​កំណត់​ដោយ​ច្បាប់​គឺ​ជា​បទល្មើស​ហើយ ​ហើយ​បទ​ល្មើស​ហ្នឹង​ វាអាច​ជា​បទ​ល្មើស​ទារ​ប្រាក់​បន្ថែម​លើស​ចំនួន​កំណត់ ​នៅ​ក្នុង​ហ្នឹង​ជា​បទ​ល្មើស​ពុក​រលួយ​ហើយ»។​

លោក​បន្ត​ថា ​ករណី​មន្រ្តី​យក​កម្រៃ​ជើង​សារ​នេះ ​នៅ​តែ​កើត​មាន​ឡើង​នៅ​តាម​ស្ថាប័ន​រដ្ឋ​ បើ​ទោះ​ជា​មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយ។​

លោក ​ព្រាប កុល ​ជំរុញ​ឲ្យ​មន្រ្តី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ ​និង​ដាក់​ទោស​ទណ្ឌ​មន្រ្តី​ដែល​ប្រព្រឹត្ត​បែប​នេះ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ក្រសួង​ដែល​មាន​សមត្ថកិច្ច ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ហ្នឹង​ ត្រូវ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​មន្រ្តី​ក្រោម​ឱវាទ​ដែល​ចេញ​លិខិត​ឆ្លង​ដែន​ហ្នឹង។​ គាត់​ត្រូវ​តែ​ទប់​ស្កាត់ ​គាត់​ត្រូវ​តែ​ហាម​ឃាត់ ​ហើយ​ត្រូវ​តែ​ដាក់​ទោស​មន្រ្តី​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ហ្នឹង។ ​មិន​អាច​ឲ្យ​អីចឹង​ត​ទៅ​ទៀត​ទេ ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​ឲ្យ​អ្នក​ដែល​គាត់​ប្រព្រឹត្ត​ខុស​ហ្នឹង​ឈប់​ប្រព្រឹត្ត​ហើយ​និង​ដាក់​ទោស​ទណ្ឌ​គាត់​ ទៅ​តាម​ច្បាប់​ កុំ​ឲ្យ​មាន​រឿង​នេះ​បន្ត​ទៀត»។​

VOA ​បានព្យាយាម​សុំ​អត្ថាធិប្បាយ​ពីលោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU)​ តែ​មិន​ទាន់​អាច​សុំ​ការ​បាន​នៅ​ឡើយ​ទេ។​

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​ក៏​បាន​សង្កេត​ឃើញ​មាន​មន្រ្តី​រត់​ការ​នៅ​ការិយាល័យ​ចេញលិខិត​ឆ្លង​ដែន​ផង​ដែរ។​ លោក​មាន​ប្រសាសន៍​ថា ​ការ​រត់​ការ​នេះ​បង្ហាញ​រូប​ភាព​មិន​ល្អ​ដល់​ការ​ផ្តល់​សេវា​សាធារណៈ​ និង​នាំ​ឲ្យ​មានភាព​រញ៉េ​រញ៉ៃ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចុង​ក្រោយ​ដែល​យើង​ចង់​ឲ្យមាន​ការដោះស្រាយ​ហ្នឹង​គឺលុប​បំបាត់​ការ​រត់​ការ ​ឬក៏​ការ​ជួយ​សម្រួលណា​ដែល​ជា​ថ្នូរ​នឹង​លុយ​កាក់»។​

លោក​បន្ត​ថា ​រដ្ឋាភិបាល​អាច​បង្កើត​ការិយាល័យ​សម្រាប់​ពលរដ្ឋ​ដែល​មិនមាន​សមត្ថ​ភាព​ក្នុង​ការបំពេញ​ឯកសារ​ដោយ​ខ្លួន​ឯង​ ហើយមន្រ្តី​អាច​ជួយ​បំពេញ​ឲ្យ​ពួក​គេ។ ​លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​មួយ ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បំពេញ​ឯកសារ​ និង​បង់​ប្រាក់​ជា​មុន​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដើម្បី​កាត់​បន្ថយ​ការងារ​នៅ​ហ្នឹង​កន្លែង៕