រូបភាព​ជុំវិញ​ពិភពលោក៖ ៥ តុលា ២០២២

រូបថត​បង្ហាញ​ពី​រថក្រោះ​និង​យាន្តយោធា​រុស្ស៊ី​ដែល​ត្រូវ​បាន​បំផ្លាញ ក្នុង​អំឡុង​ពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន នៅ​ក្រុង​ Lyman ដែល​ទើប​នឹង​ត្រូវ​បាន​រំដោះ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​តំបន់​ Donetsk ប្រទេស​អ៊ុយក្រែន។

នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Liz Truss និង​ស្វាមី​លោក Hugh O'Leary បក់ដៃ​ទៅ​កាន់​ក្រុម​ប្រតិភូ​ដែល​ទះដៃ​អបអរសាទរ បន្ទាប់​ពី​អ្នកស្រី​ធ្វើ​សុន្ទរកថា​​នា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណបក្ស​ Conservative Party នៅ​ក្រុង Birmingham ប្រទេស​អង់គ្លេស។

រូបថត​ពី​អាកាស​បង្ហាញ​ពី​អេស្កាវ៉ាទ័រ​មួយ​កំពុង​ចូក​​គំនរ​សំរាម នៅ​កន្លែង​ចាក់​សំរាម​ឯកជន​មួយ​ក្នុង​ក្រុង Viggianello ជិត​ក្រុង Propriano ភាគនិរតី​កោះ Corsica តំបន់​សមុទ្រ​មេឌីទែរ៉ានេ​នៃ​ប្រទេស​បារាំង។

អ្នក​តវ៉ា​ក្នុង​យុទ្ធនាការ «Just Stop Oil» ម្នាក់​ បង្ខាំង​ផ្លូវ​មួយ​ទៅ​កាន់​តំបន់ Westminster ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ពលរដ្ឋ​អ៊ីរ៉ង់​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​​​ដើម្បី​​បង្ហាញ​ការ​គាំទ្រ​​ដល់​រដ្ឋាភិបាល​អ៊ីរ៉ង់​ នៅ​ទីលាន Tajrish ភាគខាង​ជើង​ក្រុង​តេរ៉ង់ ដោយ​ថ្កោលទោស​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​កាល​ពី​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ស្រ្តី​ឈ្មោះ Mahsa Amini អំឡុងពេល​ស្ថិត​ក្រោម​ការ​ឃុំឃាំង​របស់​ប៉ូលិស​ផ្នែក​ក្រម​សីលធម៌​អ៊ីរ៉ង់។

រ៉ុក្កែត​ SpaceX Falcon 9 ត្រូវ​បាន​បង្ហោះចេញ​ពី​ទីតាំង​បង្ហោះ Pad-39A ក្នុង​បេសកកម្ម​ដែល​មាន​ផ្ទុក​មនុស្ស ៥​ នាក់ ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ពី​មជ្ឈមណ្ឌល​អវកាស​ Kennedy Space Center ក្នុង​ក្រុង Cape Canaveral រដ្ឋ​ Florida សហរដ្ឋអាមេរិក។

លោក Yuri Shapovalov ចែវ​ទូក​មួយ​ផ្ទុក​ទៅ​ដោយ​ទំនិញ​ផ្សេងៗ ស្រប​ពេល​រូប​លោក​ និង​យោធា​អ៊ុយក្រែន​ម្នាក់​ឆ្លង​កាត់​ទន្លេ Siverskyi-Donets ក្រោម​ស្ពាន​ដែល​ត្រូវ​បាន​បំផ្លាញ​មួយ​នៅក្រុង Staryi-Saltiv ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Shapovalov ជួយ​ពលរដ្ឋ​ក្នុង​ស្រុក​ ដើម្បី​ឆ្លង​កាត់​ទន្លេ​ជា​រៀងរាល់​ថ្ងៃ​ ខណៈ​ស្ពាន​បាន​រងការ​ខូចខាត​មួយ​ភាគធំ​​អំឡុងពេល​ការ​ប្រយុទ្ធគ្នា។

សំណល់​បាក់បែក​ពី​ភោជនីយដ្ឋាន ហាង​លក់ និង​អាជីវកម្ម​ដទៃ​ទៀត បន្ទាប់​ពី​ព្យុះសង្ឃរា Ian បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ ក្នុង​​ក្រុង Fort Myers Beach រដ្ឋ Florida សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០២២។

សាស្រ្តាចារ្យ​សាកលវិទ្យាល័យ Stanford អ្នកស្រី Carolyn Bertozzi សញ្ជឹង​អារម្មណ៍​បន្តិច អំឡុងពេល​​ហៅ​ទូរសព្ទ​មួយ ក្រោយ​ពី​ដឹង​ថា អ្នកស្រី​ទទួល​បាន​ពានរង្វាន់​ណូបែល​ផ្នែក​គីមីវិទ្យា ក្នុង​ក្រុង Palo Alto រដ្ឋ​ California សហរដ្ឋអាមេរិក។

ទស្សនា​រូបភាព​ជុំវិញ​ពិភពលោក ពី​​ប្រទេស​អ៊ុយក្រែន អង់គ្លេស បារាំង អ៊ីរ៉ង់ និង​ សហរដ្ឋអាមេរិក៕