រូបភាព​ជុុំវិញ​ពិភពលោក ១៩ តុលា ២០១៨

ស្ត្រី​ម្នាក់​កំពុង​ទិញ​ឆ្នោត​ Mega Millions នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ឆ្នោត​នេះ​មាន​ទឹក​ប្រាក់​រហូត​ដល់​៩៧០​លាន​ដុល្លារ។

ទៀន​និង​ផ្កា​ត្រូវ​បាន​គេ​ដាក់​នៅ​ជិត​រូបថត​លោក Ara Guler ជន​ជាតិតួកគី ក្នុង​ហាង​កាហ្វេ​មួយ​ដែល​មាន​ឈ្មោះ​ថា  Ara Cafe។ លោក​ Ara Guler គឺ​ជា​អ្នក​ថត​​រូប​ដែល​​មានភាពល្បី​ល្បាញ​ដោយ​ការ​ថត​រូប​ប្រវត្តិសាស្ត្រ​ទីក្រុង​អ៊ីស្ដង់​ប៊ុល អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់។ លោក​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី​១៧ តុលា ក្នុង​ជន្មាយុ ៩០​ឆ្នាំ។

ក្រុម​បាតុករ​ស្លៀក​ពាក់​ជា​រូប​រាជទាយាទ​អារ៉ាប៊ីសាអូឌីត Mohammed bin Salman និង​ជា​រូប​លោក​ ដូណាល់ ត្រាំ។ ពួក​គេ​ធ្វើ​បាតុកម្ម​នៅ​មុខ​សេត​វិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​កាសែត​ជន​ជាតិ​អារ៉ាប៊ីសាអូឌីត Jamal Khashoggi ដែល​បាត់​ខ្លួន។

ពន្លឺ​ចាំង​ទៅ​នឹង​កញ្ចក់​ថ្លា​នៅ​ឯ​អាគារ​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ប្រ៊ុចសែល ក្នុង​ពេល​ដំណើរ​ការ​ជំនួប​កំពូល​អាស៊ី​-អឺរ៉ុប។

អ្នក​គោរពសាសនា​ហិណ្ឌូ​ម្នាក់​យក​រូប​ព្រះនាង Durga ដែល​ជា​ព្រះ​ក្នុង​សាសនា​ហិណ្ឌូ ទៅ​ជ្រមុជ​ទឹក​នៅ​ទន្លេ Ganges ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ Durga Puja ក្នុង​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា។

ក្រុម​អ្នក​​ស្មោះ​ស្ម័គ្រ​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ Senor de Los Milagros (ឬ​ព្រះ​នៃ​ភាព​អស្ចារ្យ) នៅ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ។

ព្រះ​អង្គម្ចាស់ Harry និង​នាង Meghan និយាយ​ទៅ​កាន់​សមាជិក​នៃ​អ្នក​ផ្សព្វផ្សាយ​អំពី​​សុខភាព​ផ្លូវ​ចិត្ត​និង​សុខុមាលភាព ដែល​មាន​ឈ្មោះ​ថាក្រុម​ OneWave នៅ​ឆ្នេរ​ South Bondi នៃ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

រូប​ចម្លាក់​ដែល​សាង​ឡើង​ដោយ​វិចិត្រករ​ជន​ជាតិចិន Mu Boyan ត្រូវ​បាន​ដាក់​តាំង​នៅ​​កន្លែង​ដើរ​កម្សាន្ត​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៍​រូប​ចម្លាក់​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

ប៉ូលិស​អ៊ីស្រាអែល​ថត​វីដេអូ​លើ​ជន​ជាតិ​ប៉ាឡេស្ទីន​ម្នាក់​ ខណៈ​ប៉ូលិស​ផ្សេង​ទៀត​ចាប់​គាត់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ភូមិ Khan al-Ahmar តំបន់ Bedouin របស់ប៉ាឡេស្ទីន នៅ​ខាង​កើត​ទីក្រុង​ហ្ស៊េរុយសាឡិម នៃ​តំបន់​ West Bank។ តំបន់​នេះ​ត្រូវ​បាន​អ៊ីស្រាអែល​គ្រោង​នឹង​កម្ទេច​ចោល។

ក្មេង​ស្រី​ម្នាក់​លើក​ជើង​ខ្ពស់​នៅ​ជិត​រទេះ​ក្មេង​ នៅ​មាត់​ទន្លេ Moskva ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ផ្លេក​បន្ទោរ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ពេល​មាន​ព្យុះ​ភ្លៀង​នៅ​ Auberge de Castille ដែល​ជា​ការិយាល័យ​ធ្វើ​ការ​របស់​លោក Joseph Muscat នាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​ម៉ាលត៍ ក្នុង​ទីក្រុងវ៉ាឡែត​ ប្រទេស​ម៉ាលត៍។