ក្រុម​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​បង្ហាញ​ថា ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាកាន់តែ​អាក្រក់​ឡើង

រូបឯកសារ៖ វិទ្យុ​ និងទូរទស្សន៍​​នៅតែ​ជាឧបករណ៍​ប្រើសម្រាប់​​ទទួលព័ត៌មាន​ ដែល​មាន​តំលៃសមរម្យ​បំផុត​ និងអាចប្រើប្រាស់ជាបាន​ប្រចាំ​សម្រាប់​ពួកគេ នៅខេត្តបាត់ដំបង នៅថ្ងៃទី១១ ​ខែកញ្ញា ​ឆ្នាំ ២០១៩។ (ខាន់ ​សុគុំមនោ/VOA)

សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេលបី​ឆ្នាំ​ជាប់ៗ​គ្នា​ ចាប់​តាំង​ពី​ឆ្នាំ២០១៧​មក ដោយសារ​តែ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គមស៊ីវិល និង​សំឡេង​ក្រុម​ប្រឆាំង​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ។ ស្ថានការណ៍​នេះ មាន​លក្ខណៈ​កាន់តែ​អាក្រក់​ឡើង​ថែម​ទៀត​នៅ​ឆ្នាំ ​២០២០​ នេះ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន Reporters Sans Frontières ​(Reporters Without Borders) ​ឬ​ហៅកាត់​ជា​ភាសា​បារាំង​ថា RSF ដែល​ចេញ​ផ្សាយនៅ​មុន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក នៅ​ថ្ងៃអាទិត្យ​ទី​៣​ឧសភា​នេះ។

អង្គការ​ឃ្លាំមើលសេរីភាព​សារព័ត៌មាន​នេះ ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​ចុងក្រោយ​មួយ​របស់​ខ្លួន​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​ជាង​ ៣៥ ​ឆ្នាំ​មក​ហើយ ​«បាន​បង្កើន​ប្រព័ន្ធ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង»។

សន្ទស្សន៍​ស្តីពី​សេរីភាព​សារព័ត៌មានពិភពលោក​ឆ្នាំ ​២០២០​ របស់​អង្គការ​ RSF​ នេះ បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​កាន់​តែអាក្រក់ ដោយ​បានទម្លាក់​ពិន្ទុ​របស់​កម្ពុជា​មួយ​លេខ​ថែម​ទៀត​ គឺ​រហូត​ដល់​លំដាប់​លេខ​រៀង​ទី​១៤៤​ក្នុង​ចំណោម​ប្រទេស​ ១៨០ បើ​ធៀប​នឹង​ពិន្ទុ​ឆ្នាំ​ ២០១៩។​

លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ដែលបាន​លា​ចេញ​ពី​តំណែង​ពី​អង្គការ​សារព័ត៌មាន​ឯករាជ្យ​មួយ​នេះ ក្នុង​ចំណោម​អង្គការ​សារព័ត៌មាន​ឯករាជ្យ​តែ​ពីរ​បី​ ដែល​នៅ​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​ ២៤ ​ខែ​មេសា​ យ៉ាង​ដូច្នេះ​ថា៖

«ការគំរាមកំហែង​ទៅ​ដល់​សេរីភាព​អ្នក​សារព័ត៌មាន​ ការ​បំភិតបំភ័យ​តាម​រយៈការ​ប្តឹងផ្តល់​ ការ​ចោទប្រកាន់ ការ​ចាប់​ខ្លួន​ជាដើម​និង ប្រព័ន្ធផ្សព្វផ្សាយ​គ្មាន​ភាព​ចម្រុះ​គឺ​មាន​តែ​ម្ខាងៗ​ជាដើម​ ទាំង​អស់​ហ្នឹង​ហើយ គឺ​ជា​ផ្នែក​មួយ​ដែល​ឆ្លុះ​បញ្ចាំងដោយ​របាយការណ៍​នៃ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ហ្នឹង​បាទ»។​

លោក​ ណុប វី ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​អង្គការ​ដែល​ទើប​បង្កើត​ថ្មី​មួយ​ឈ្មោះ​ថា​ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​អ្នក​សារព័ត៌មាន​នៅ​តែ​បន្ត​រង​ការ​យារយី​ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ។

«ខ្ញុំ​ឃើញ​ថា​ ការ​អនុវត្ត​ចំពោះ​អ្នក​សារព័ត៌មាន​សេរី ឬ​ក៏​អ្នក​សារព័ត៌មាន​ ដែល​គាត់​រំលេច​អំពី​បញ្ហា​សង្គម​នានា​ជូន​ទៅ​ដល់​រាជរដ្ឋាភិបាល​ គាត់​ចុះយក​ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ព្រៃ​ឈើ​ផ្សេងៗ ខ្ញុំ​ឃើញ​នៅ​មាន​ការ​គាបសង្កត់ ការ​គំរាមកំហែង ការ​ចុះ​ទៅ​ឃ្លាំមើល​ ការ​ព្រមាន​ចាប់ខ្លួន​ឬ​ក៏​ឃាត់​ខ្លួន​អី​អញ្ចឹង​ជាដើម»។​

ទោះបីជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​សេរីភាព​សារព័ត៌មាន​ក៏​ដោយ ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ណែន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្ព័ន្ធភាព​របស់​បក្ស​កាន់អំណាច​នេះ​ដែរ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ឃ្លាំមើល។

ក្រុម​អ្នក​រិះ​គន់​លើកឡើង​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្យាយាម​ក្តោបក្តាប់​អំណាច​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨​ នោះ មាន​ការ​កើនឡើង​នូវ​ករណី​គំរាមកំហែង ចោទប្រកាន់និង​ការ​វាយប្រហារ​ទៅលើ​អ្នក​សារព័ត៌មាន​ឯករាជ្យ សកម្មជន​នយោបាយ​និង​សកម្មជន​អង្គការ​សង្គមស៊ីវិល។

​វិទ្យុ​អាស៊ីសេរី បាន​បិទការិយាល័យ​របស់​ខ្លួនប្រចាំ​ក្រុង​ភ្នំពេញ​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០១៧ ដោយលើកហេតុផល​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ «ដែល​គេ​មិន​នឹក​ស្មាន​ដល់»ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ។

នៅ​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ស្ថានីយ៍​វិទ្យុ​ជាង ​២០ ដែល​ស្ថានីយ៍​ខ្លះ បាន​ផ្សាយ​បន្ត​កម្មវិធីព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​វីអូអេ។

កាសែត The Cambodia Daily ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស និង​ដែល​បាន​ជួយ​បណ្តុះបណ្តាល​អ្នក​កាសែតកម្ពុជា ព្រមទាំង​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​របស់​កម្ពុជា​អស់​រយៈ​ពេល​ជាង ​២០​ ឆ្នាំ​មក​ហើយ​នោះ ក៏​ត្រូវ​បង្ខំ​ចិត្ត​បិទ​ដែរ។

អតីត​អ្នកយក​ព័ត៌មាន​ពីរ​នាក់​នៃ​កាសែត​នេះ ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ញុះញង់ ហើយ​អតីត​អ្នក​យកព័ត៌មាន​ពីរ​នាក់​ទៀត​របស់​វិទ្យុអាស៊ីសេរី ក៏​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ចារកម្ម​ផងដែរ។ អ្នក​កាសែត​ទាំង​៤​នាក់​ដែល​រង​ការ​ចោទប្រកាន់​និង​ក្រុម​អ្នក​ឃ្លាំមើល​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន បាន​និយាយ​ថា​ការ​ចោទប្រកាន់​ទាំង​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ខ្ទប់​សំឡេង​របស់ពួកគេ​តែ​ប៉ុណ្ណោះ។

ថ្មីៗ​នេះ អាជ្ញាធរ​កម្ពុជា ក៏​បាន​ចាប់ឃុំ​ខ្លួន​អ្នក​កាសែត​និង​ដកហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ផងដែរ។

លោក ណុប វី មាន​ប្រសាសន៍​ថា៖ «ក្នុង​ដំណាក់​កាល​ចុងក្រោយ​នេះ ការ​បង្ក្រាប​ទៅ​លើ​TVFB រហូត​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញាប័ណ្ណ​ទៅ​ទៀត​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ទៅ​លើ​ការ​អនុវត្ត​តួ​នាទី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មិន​មាន​និន្នាការ​ក្នុង​ការ​ផ្សព្វផ្សាយ​តែ​សកម្មភាព​របស់​រដ្ឋាភិបាល​ហ្នឹងឯង​»។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា អាជ្ញាធរ បាន​ចាប់ខ្លួន​អគ្គនាយក​សារព័ត៌មាន​ TVFB គឺ​លោក សុវណ្ណ រិទ្ធី ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» ក្រោយ​ពីបាន​ដកស្រង់​សម្តី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​ផ្សាយ​លើ​ទំព័រ​ Facebook។

លោក ​Daniel Bastard នាយក​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ្រិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖

«ការ​ចាប់​អ្នក​កាសែត​ដាក់​គុក​ ដោយសារ​តែ​ការ​ដកស្រង់​សម្តី​ដើម​ទាំង​ស្រុង​របស់​លោក​នាយករដ្ឋមន្ត្រី គឺ​ជា​រឿង​លើស​ពី​មិន​សមហេតុផល​ទៅ​ទៀត​»។

ក្រសួង​ព័ត៌មាន​កម្ពុជា ក៏​បាន​សម្រេច​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ TVFB ក្រោយ​ពី​ការ​ចាប់ខ្លួន​ចាងហ្វាង​សារព័ត៌មាន​នេះ​រួច​ហើយ។

រូបឯកសារ៖ លោក អួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ថ្លែងទៅកាន់អ្នកកាសែតនៅមុខសាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ក្រសួង​ព័ត៌មាន ក៏​បាន​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន​មួយ​ទៀត​ឈ្មោះចក្រវាឡ​ធីវី​អនឡាន (CKV TV Online) ដោយ​អាជ្ញាធរ​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​របស់​ប្រព័ន្ធផ្សព្វផ្សាយ​នេះ​ថា «រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្លាប់​សាធារណៈ»។

លោក អ៊ុក គឹមសេង អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ថា រដ្ឋាភិបាល​មិន​បាន​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឬ​ក៏​ធ្វើទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​ទេ។

លោក​ចាត់​ទុកការ​វាយតម្លៃ​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ថា​ សំឡឹង​មើល​តែ​លើ​ភាព​អវិជ្ជមាន​របស់​កម្ពុជា​ប៉ុណ្ណោះ។

«អង្គការ​មួយ​នេះ [RSF] គាត់​មិន​ដែល​មើលឃើញ​ស្អី​ដែល​គាប់​ប្រសើរ​ល្អ​នៅ​កម្ពុជា​ទេ ប្រសិន​បើ​ធៀប​នឹង​ស្ថានភាព​ប្រទេស​ដទៃ គាត់​មើល​មិន​ឃើញ​ទេ»។​

ឆ្លើយតប​ទៅ​នឹង​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​និង​ការដក​អាជ្ញាប័ណ្ណ​ប្រព័ន្ធផ្សព្វផ្សាយ​ថ្មីៗ​នេះ លោក លោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា៖

«អ្នក​ទាំង​នោះ ពុំ​បាន​ធ្វើ​ទៅ​តាម​តួនាទីនិង​ការ​ទទួលខុសត្រូវ​របស់​អ្នក​សារព័ត៌មាន​ទេ»។ ប៉ុន្តែ លោក​បាន​បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​ពាក់ព័ន្ធ​នឹង​អ្នក​កាសែត ​The Cambodia Daily ​និង​អាស៊ីសេរី​ទេ ដោយ​លោក​ថា​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅឡើយ។

លោក យាង សុធារិន្ទ អតីត​អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ដោយ​អាជ្ញាធរ​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាន៍​មួយ​ថា​ ទោះបីជា​រូប​លោក​និង​សហសេវិក​របស់​លោក​គឺ​លោក អ៊ួន ឈិន ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក៏​ដោយ ក៏​សេរីភាព​របស់​លោក​ទាំង​ពីរ​ នៅ​មិន​ទាន់​មាន​ពេញ​លេញ​ដែរ។

«បើ​ងាក​មើល​មក​ជ្រុង​សម្រាប់​ពួកខ្ញុំ​គឺ​ទាំង​ពីរ​នាក់​ហ្នឹង សេរីភាព​របស់​ពួកខ្ញុំ​នៅ​តែ​អត់​មាន​ទេ។ ពួក​ខ្ញុំ​រស់នៅ​ដូច​ជា​សត្វ​ក្នុង​ទ្រុង​អញ្ចឹង។ បើ​យើង​និយាយ​ពី​គុក​ គឺ​ដូចជា​គុក​ឥត​ជញ្ជាំង គឺ​យើង​គ្មាន​សេរីភាព​ដើរ​ហើរ​ឆ្លង​ប្រទេស​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទេ»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ថា កម្ពុជា​ បាន​បោះជំហាន​ដ៏​ធំ​មួយ​ហើយ ដើម្បីសេរីភាព​សារព័ត៌មាន ដោយ​ការ​បង្កើត​ឲ្យ​មាន​អ្នកនាំពាក្យ​នៅ​តាម​ស្ថាប័ន​រដ្ឋាភិបាល​និង​ការ​ជួប​ពិសារ​អាហា រួម​គ្នា​ប្រចាំ​ឆ្នាំ​រវាង​អ្នក​សារព័ត៌មាន​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ជាដើម។

លោក​បន្ត​ថា ថ្វីត្បិត​តែ​អ្នក​សារព័ត៌មាន​នៅកម្ពុជា​ មាន​សេរីភាព​ក្នុង​ការ​រាយការណ៍​ព៏ត៌មាន ពួកគេ​ក៏​ត្រូវ​មាន​ការ​ទទួលខុសត្រូវ​ផងដែរ។

«នៅ​ក្នុង​បរិបទ​នៃ​ប្រជាជាតិ​ដែល​ប្រកាន់​នូវលទ្ធិប្រជាធិបតេយ្យ បាន​សេចក្តី​ថា​ជា​សង្គម​ចំហ​មួយ​ យើង​ត្រូវ​ការ​អ្នក​សារព័ត៌មាន​ដែល​មាន​សេរីភាព​ ប៉ុន្តែ អ្នក​សារព័ត៌មាន​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ក្នុង​ការ​និយាយ​របស់​ខ្លួន»។

​លោក​ ប៉ែន បូណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ថា ទោះបីជា​សេរីភាព​សារព័ត៌មាន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន មាន​ភាព​ល្អ​ប្រសើរ​ជាង​សម័យ​មុន​ទាំង​អស់ ក៏​អាជ្ញាធរ​គួរ​តែ​ធ្វើ​ការងារ​ច្រើន​ថែម​ទៀត។

«អាជ្ញាធរ​មួយ​ចំនួន​នៅ​ប្រកាន់​អាកប្បកិរិយា​មួយ​មិន​ទាន់​ទូលំទូលាយ​ចំពោះ​សារព័ត៌មាន។ដូច្នេះ នៅពេល​ដែល​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​មិន​បាន​ពេញលេញ មិន​ត្រឹមត្រូវ​ហាក់ដូចជា​បាន​បំពាន​ទៅលើ​អ្នក​ផ្សេង​ហ្នឹង ខណៈ​ដែល​អាជ្ញាធរ​មួយ​ចំនួន​ចាត់វិធានការ​ទៅ​វិញ​ វា​លើស»។

លោក​បន្ថែម​ថា ដើម្បី​លើក​កម្ពស់សេរីភាព​សារព័ត៌មាន​នេះ ទាំង​អាជ្ញាធរ​ ទាំង​អ្នក​សារព័ត៌មាន គប្បី​ព្យាយាមឆ្វេង​យល់​បន្ថែម​ទៀត​ពី​តួនាទីនិង​ការ​ទទួល​ខុសត្រូវក្នុង​សង្គម​រវាង​គ្នា​ទៅ​វិញ​ទៅមក៕​

លោក អូន ឆេងប៉រ នៃវីអូអេ រាយការណ៍បន្ថែមពីរាជធានីភ្នំពេញ