ក្រុមសង្កេតការណ៍​បោះឆ្នោត ស្នើ​គ.ជ.ប​ឲ្យ​ឈប់​ប្តឹងផ្តល់​ប្រឆាំង​គណបក្ស​នយោបាយ

វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​លទ្ធផល​នៃ​ការ​សង្កេត​ការ​បោះឆ្នោត​ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​ចំនួន​២​ បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) បញ្ឈប់​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ ដែល​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹងភាពមិន​ប្រក្រតី​ណាមួយ​ ពាក់​ព័ន្ធ​ដំណើរ​ការ​បោះ​ឆ្នោត។ ​

ការ​ស្នើ​ឡើង​យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្តីពី​លទ្ធផល​នៃ​ការ​សង្កេត​ការចុះ​ឈ្មោះ​ និង​សវនកម្ម​បញ្ជី​ឈ្មោះ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ ដែល​រៀបចំ​ឡើង​ដោយអង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ឈ្មោះ​និចហ្វិច (Nicfec) និង​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល។ សនិ្នសីទ​នេះ​ ​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​នយោ​បាយ​ចំនួន​៥ ​និង​តំណាង​ស្ថានទូតចំនួន​២​រូប។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ Nicfec ​លើក​ឡើង​ថា​ ស្ថាប័ន​បោះ​ឆ្នោត គ.ជ.ប​ គួរ​តែ​បន្ត​ដោះស្រាយ​វិវាទ​ផ្សេង​ៗ​ជាមួយ​គណបក្ស​នយោបាយ​ដោយ​សន្តិវិធី ជា​ជាង​យក​វិធានការ​ច្បាប់​តាម​ផ្លូវ​តុលាការ​មក​តតាំង​នឹង​ការ​តវ៉ា​ណាមួយ​របស់​ភាគី​គណបក្ស​នយោបាយ។

លោកសំ គន្ធាមី នាយក​ប្រតិបត្តិ​របស់​អង្គ​ឃ្លាំមើល​ការ​បោះឆ្នោត​ Nicfec​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ​ ២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោក​មាន​ប្រសាសន៍​ថា៖ «ចង់​និយាយ​ថា​ យន្តការ​ហ្នឹង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ យើង​និយាយ​គ្នា​ទៅ​គណបក្ស​នយោ​បាយ​ គ.ជ.ប​ ហ្នឹង។ កុំ​ចាំ​បាច់​ប្តឹង​ទៅតុលាការ​ ប្រព័ន្ធ​តុលាការ​ បើ​មាន​បញ្ហា​អីបាទ។​ អាហ្នឹង​ចង់​និយាយ​អ៊ីចឹង»។

ការ​អធិប្បាយ​របស់​អ្នកសង្កេត​ការណ៍​បោះឆ្នោត​រូបនេះ​ គឺជា​ផ្នែក​មួយ​នៃអនុសាសន៍​ចំនួន​៨​សំខាន់ៗដែល​បាន​ធ្វើ​ឡើង​រួមគ្នា​ជាមួយ​អង្គការ​ខុមហ្វ្រែល​ក្នុងការ​លើក​កម្ពស់​តម្លាភាព​នៃ​ដំណើរការ​បោះ​ឆ្នោត​ ជាពិសេស ​គឺ​ការ​ធ្វើ​ឲ្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

អង្គការ​ខុមហ្វ្រែល​វាយ​តម្លៃ​ថា ​បញ្ជី​អ្នក​បាន​ចុះ​ឈ្មោះបោះ​ឆ្នោត​ឆ្នាំ​២០២០ ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​ជាង​២០​ម៉ឺន​នាក់ «មាន​គុណភាព​ទទួល​យក​បាន»។ ប៉ុន្តែ​ស្ថាប័នសង្កេតការណ៍​បោះឆ្នោត​មួយ​នេះ​ថា «សិទ្ធិ​អ្នក​បោះ​ឆ្នោត​ រួម​ទាំង​ការ​ចេញ​ឯកសារ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តែ​ជា​បញ្ហា​ប្រឈម»។

កាលពី​ខែធ្នូ​ ឆ្នាំ​២០២០ គ.ជ.ប​ បាន​ប្តឹង​លោក​ អ៊ី សាំងឡេង អនុ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ពី​បទ​ចោទ​ប្រកាន់​ចំនួន​៣ ​គឺ«បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ជេរ​ប្រមាថ​ជា​សាធារណៈ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ជា​សាធារណៈ​របស់​មន្ត្រី​គណបក្ស​នេះ។

ការ​ចោទ​ប្រកាន់​របស់​គ.ជ.ប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នយោបាយ​រូប​នោះ បាន​អធិប្បាយ​តាម​ការ​ផ្សាយ​វីដេអូ​ផ្ទាល់​លើ​បណ្តាញ​សង្គម​របស់​គណ​បក្ស​លោកថា ​មេ​ឃុំ​មួយ​ចំនួន​ បាន​ធ្វើ​ខុស​នីតិវិធី​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​ជន​ដែល​មិន​ស្នាក់​នៅ​ក្នុង​ឃុំ​ដែល​ត្រូវ​បោះ​ឆ្នោត​នោះ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​ខុមហ្វ្រែល លោក យ៉េង​ វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លើកឡើង​ថា​ សា្ថប័ន​សាធារណៈ​ដូចជា​គ.ជ.ប​ មិន​ត្រូវ​អាង​លើ​បណ្តឹង​ព្រហ្មទណ្ឌ​មក​ប្តឹង​តំណាង​គណបក្ស​នយោបាយ​ដែល​បាន​បង្ហាញ​ការ​ជំទាស់​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ហា​ផ្សេង​ទៀត​ពាក់ព័ន្ធទៅ​នឹងការ​បោះឆ្នោតនោះទេ។

«យើង​មិន​គាំទ្រ​ ហើយ​យើង​នៅ​តែ​ទាមទារ​ថា​ ស្ថាប័ន​សាធារណៈ​ទាំងអស់​ មិនមែន​តែ​គ.ជ.ប​ទេ​បាទ​ ហើយ​ករណី​នេះ យើង​និយាយ​ពី​គ.ជ.ប​ មិន​ត្រូវ​យក​រឿង​ព្រហ្មទណ្ឌ​ចាប់​ទោស​អូស​ដំណើរ​ទៅ​ដល់​អ្នក​ដែល​តួអង្គ​គណបក្ស​នយោបាយ​ដែល​ចេញ​ថ្លែង​នូវ​អ្វី​ដែល​ថា​ ធ្វើ​ឲ្យ​គាត់​ខឹង​សម្បារ​អី​ ឬ​ក៏​អន់​ចិត្ត​ប៉ះពាល់​ដល់​គាត់។ គាត់​អាច​ទាមទារ​ឲ្យ​កែ​តម្រូវ​ គាត់​មាន​ការ​បក​ស្រាយ​មក​វិញ​មក​ ឬ​ក៏​ស្តី​បន្ទោស​អី​ចឹង​ទៅ​បាទ​ ប៉ុន្តែ​មិនគួរ​ មិន​គួរ​យក​រឿង​ព្រហ្មទណ្ឌ​មក​និយាយ​ទេ»។

រូបឯកសារ៖ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ លោក ​ស៊ិក ​ប៊ុនហុក ​ចេញ​ទៅ​ពិនិត្យ​មណ្ឌល​បោះឆ្នោត​ព្រឹទ្ធ​សភា ​កាល​ពី​ព្រឹក​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨ ​នៅ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ ​រាជធានី​ភ្នំពេញ។ ​(អូន ឆេងប៉រ/វីអូអេ))

លោក ​ស៊ិក​ ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ (គ.ជ.ប)​ មាន​ប្រសាស​ន៍​ថា​ លោក​មិន​មាន​យោបល់​ ដើម្បី​ឆ្លើយសំណួរ​តាម​ប្រព័ន្ធ​ព័ត៌មាន​នោះ​ទេ​ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​សួរ​អំពី​សំណើ​របស់​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឲ្យ​គ.ជ.ប​ឈប់​ប្តឹង​ផ្តល់គណបក្ស​នយោបាយ។

«ខ្ញុំ​គ្មាន​យោបល់​ត្រូវ​ឆ្លើយ​ជាមួយ​ប្រព័ន្ធ​ព័ត៌មាន​ទេក្មួយ​ បាន​ហើយ​ អរគុណ​ហើយ​បាទ»។

លោក​ សោម​ សូរីដា​ អគ្គលេខាធិការ​រង​ និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​ព័ត៌មាន​គ.ជ.ប ប្រាប់​VOA​ថា ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មិន​ដែល​យក​គណបក្ស​នយោបាយ​ណា​មក​ធ្វើ​ជា«សត្រូវ​» ហើយ​ក៏​មិន​ដែល​ប្តឹង​គណបក្ស​នយោបាយ​ណា​មួយ​ផង​ដែរ។ ប៉ុន្តែ​នៅ​ពេល​សួរ​អំពី​ករណី​បណ្តឹង​របស់​គ.ជ.បជាមួយ​អ្នក​នយោបាយ​មួយ​រូប​របស់គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នោះ​ លោក​ថា​ នោះ​ជា​រឿង​បុគ្គល​ក្នុង​គណបក្ស។

លោក​ សោម​ សូរីដា​ បញ្ជាក់​យ៉ាង​ដូច្នេះ៖ «គឺ គ.ជ.ប​ មិន​បាន​ប្តឹង​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​ទេ»។

លោក​បន្ថែម​ថា៖ «គឺ​ប្តឹង​បុគ្គល​មួយ​ដែល​មើល​ងាយ​ស្ថាប័ន​ជាតិ​ ដែល​ជា​ស្ថាប័ន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ គឺ​យើង​ធ្វើ​តែ​កិច្ចការ​ណា​ ដែល​វា​ប្រាស​ចាកពីគោលការណ៍ ​ហើយ​និងវា​រំលោភ​ទៅ​លើ​ស្ថាប័ន​ជាតិ​ទេ។ អ៊ីចឹង​ករណី​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​របស់​តុលាការ​ហើយ​គឺ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​ទៅ​លើ​បណ្តឹង​នេះ។ អ៊ីចឹង​ត្រឡប់​មក​វិញ​...សូម​កុំ​ភ្ជាប់​បណ្តឹង​នេះ​ទៅ​នឹង​ការ​ប្តឹង​របស់​គ.ជ.ប​ទៅ​លើ​គណបក្ស​នយោបាយ»។

ក្នុង​សនិ្នសីទសារ​ព័ត៌មានស្តីពី​លទ្ធផល​នៃ​ការ​សង្កេត​ការ​ចុះ​ឈ្មោះ​ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០២០​នេះ ដែល​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ប្រមាណ​៨,៨​លាន​នាក់ ក្រុម​អ្នក​សង្កេតការណ៍ ​បាន​បង្ហាញ​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតីមួយចំនួន​ ក្នុង​ដំណើរ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត។

ភាព​មិន​ប្រក្រតី​ទាំង​នោះ​ រួម​មាន​បញ្ហា​ឈ្មោះ​ស្ទួន​របស់​អ្នក​បោះឆ្នោត​ ប្រភេទ​អត្ត​សញ្ញាណ​ប័ណ្ណ​ដែល​ប្រើ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដូចជា​ប៉ូលិស និង​ទាហាន​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ឃុំ​ ដែល​ជា​បន្ទាយ​ ឬ​ក៏​ជា​ទី​តាំង​នៃ​ការ​ចុះ​បេសកកម្ម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ។

លោក កន សាវាង្ស​ អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ​ ២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោក​ កន សាវាង្ស​ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល​ថា​គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ គឺ​អាច​ទទួល​យក​បាន​ ប៉ុន្តែ​សិទ្ធិ​របស់​អ្នក​បោះឆ្នោត​ ​នៅ​មិន​ទាន់​ត្រូវ​បាន​បើក​ទូលាយ​ ពោល​គឺ​ពលរដ្ឋ​ចំណាក​ស្រុក​ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឬយ៉ាង​ណា​ទេ។

លោក​បន្ថែម​ថា​ នៅ​ឆ្នាំ​នេះ​ ក្រុម​អ្នកសង្កេត​ការណ៍​បន្ត​ទាមទារ​ឲ្យ​គ.ជ.ប ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ចុះ​បញ្ជី​ឈ្មោះ​ពលករ​ចំណាក​ស្រុក​ដែល​មាន​ជាង​២​លាន​នាក់ ព្រោះ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​មួយ​នេះ​ បាន​ឲ្យ​ដឹងថា ​ខ្លួន​នឹង​ធ្វើ​កំណែ​ទម្រង់​មួយចំនួន ក្នុង​នោះ​មានការ​សាកល្បងបោះ​ឆ្នោត​ដោយ​ប្រើ«ត្រា» និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាមប្រព័ន្ធ​អនឡាញ។

«អ៊ីចឹង​ហើយ​ខ្ញុំ​ឆ្នាំ​នេះ​ គឺ​យើង​បាន​អនុសាសន៍​បន្ថែម​ទៀត​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខាង​ក្រៅ​នេះ​ បើសិន​ជា​គ.ជ.ប​ ដែល​ប្រើប្រាស់​ត្រា​នេះ​ធ្វើ​វិសោធនកម្ម​ សុំ​ឲ្យ​ពិចារណា​មើល​វិសោធនកម្ម​អ្នក​ដែល​ចំណាក​ស្រុក​នៅ​ក្រៅផង​ ពីព្រោះ​អី​បើ​បាន​ធ្វើ​ហើយ​ គឺ​ធ្វើ​ឲ្យ​រួមគ្នា​ពីព្រោះ​ហេតុ​អី​ ២​លាន​នាក់។ ២​លាន​នាក់​ជាង​នេះ​ យើង​អត់​ដឹង​ទេ​ អត់​ដឹង​ថា ​ប៉ុន្មាន​ទេ​ ដែល​គាត់​អត់​មាន​ឈ្មោះ​បោះឆ្នោត»។

ក្នុង​បញ្ហា​ចុះ​ឈ្មោះ​ អ្នក​ធ្វើ​ការ​ក្រៅ​ប្រទេស​ ឬ​ពលករ​ចំណាក​ស្រុក​នោះ​ មន្ត្រីគ.ជ.ប​ តែងតែ​បញ្ជាក់​ថា​ គ.ជ.ប គឺជា​ស្ថាប័ន​ដែល​ចាំ​តែ​អនុវត្ត​ច្បាប់​ ដូច្នេះ​បើ​ពុំ​មាន​ច្បាប់​ចែងបើក​ផ្លូវ​ឲ្យ​ធ្វើ​ទេ​ នោះ​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​រស់​នៅ​ក្រៅ​ប្រទេស ​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។

គ.ជ.ប បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ដែល​ខក​ខាន​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០២០​ នេះ អាច​ទៅ​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ​ ២០២១​ និង​ឆ្នាំ២០​២២ ​បន្ត​ទៀត៕