អ្នកតាមដាន៖ ២៩ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​ប្រឈម​ការប្រេះឆា​នយោបាយ និង​ការរំលោភ​សិទ្ធិ​មនុស្ស

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

២៩​ឆ្នាំក្រោយពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ ក្រុម​អ្នក​សង្កេត​ការណ៍​នៅ​ប្រទេស​កម្ពុជា ​មើល​ឃើញ​ថា កម្ពុជា​កំពុង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​បោះឆ្នោត​មិន​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​បាន​ក្លាយ​ជា​ចំណុច​ភូមិ​សាស្ត្រ​នយោបាយ​ដ៏​ចម្រូង​ចម្រាស។​

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ បាន​ធ្វើ​ឲ្យ​ភាគី​៤​ បញ្ចប់​ជម្លោះ​ជាមួយ​គ្នា ​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិប​តេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​ដែរ។ ​នោះ​ គឺ​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ​បរមរតន​កោដ្ឋ​សម្តេច​ឪ​ព្រះ​បាទ​នរោត្តម​សីហនុ ​ដែល​ជា​អ្នក​ផ្តួច​ផ្តើម។​

លោក​ ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​ចុះកិច្ច​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លេច​បាន​ទេ ​ហើយ​ថា ​បើគ្មាន​កិច្ច​ព្រមព្រៀង​នេះ​ទេ​ ​កម្ពុជា​ ក៏​គ្មាន​ការ​អភិវឌ្ឍ​ដែល​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​នោះ​ដែរ។​

លោក​បន្ត​ថា​ ទោះ​បី​កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​១៩៧០​ និង​១៩៨០​នៅ​កម្ពុជា​ក៏​ដោយ​ ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ នៅ​បន្ត​រួមរឹត​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​គាប​សង្កត់​លើ​ក្រុម​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ជំទាស់។ ​លោក​បន្ថែម​ថា​ អ្នក​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​ផ្សេងៗ​ ឬ​ក៏​បុគ្គល​ណា​ចេញ​មុខ​រិះគន់​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​ នោះ​ នឹង​ត្រូវ​បាន​ឆ្លើយ​តប​មក​វិញ​ដោយ​ការ​បង្ក្រាប​ និង​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សេរីភាព​មូលដ្ឋាន​ហ្នឹង​ គឺ​យើង​សំដៅ​ទៅ​លើ​ការ​ជួប​ជុំ​ ការ​បញ្ចេញ​មតិ​ ហើយ​និង​ការ​ធ្វើ​ការ​ខាង​សមាគម​អី​ជាដើម​ហ្នឹង​ឯង​ ដែល​កំពុង​ទទួល​រង​ការ​រឹតត្បិត​នៅ​លើ​សេរីភាព​ហ្នឹង​ ហើយ​ធ្វើ​ឲ្យ​ខាង​ក្រុម​ដែល​សំឡេង​ដែល​រិះ​គន់​រដ្ឋាភិបាល​ កំពុងតែ​មាន​ការ​រង​ទុក្ខ​ទោស​ ដូច​ការ​វាយ​ដំ​ ធ្វើ​ទុក្ខ​បុកម្នេញ​ផ្សេងៗ​ ការ​ចាប់​ខ្លួន​ចោទ​ប្រកាន់​ ប្រើ​ប្រាស់​កង​កម្លាំង​ ប្រដាប់​អាវុធ​ និង​សមត្ថកិច្ច​ទាំងអស់​ហ្នឹង​រួមទាំង​ខាង​តុលាការ​អីហ្នឹង​ គឺ​ធ្វើការ​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ក្រុម​សកម្មជន​ទាំង​អស់​ហ្នឹង​ រួមទាំង​ខាង​សកម្មជន​មនសិកា​ផ្សេងៗ​ទៀត»។​

អ្នក​វិភាគ​នយោបាយ​ម្នាក់ ​គឺ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​បន្ត​តម្កល់​ទុក​សារៈ​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​ ដែល​លោក​យល់​ថា​ បាន​រួម​ចំណែក​ដល់​ការ​កសាង​សន្តិភាព ​និង​ការ​បង្កើត​ប្រព័ន្ធ​នយោបាយ​ពហុបក្ស​នៅ​កម្ពុជា​តាម​បែប​ប្រជា​ធិបតេយ្យ​ ​ប៉ុន្តែ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​ និង​ការ​ជួប​ប្រជុំ​កំពុង​រង​ការ​បង្រ្កាប។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​លីកាដូ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​សកម្មជន​ និង​សិល្បករ​ ចំនួន​១៩​នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​ខែ​កក្កដា​ ដោយសារ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា​ជាង​៣០​នាក់​ ដោយ​សារ​ការ​ចោទ​ប្រកាន់​លើ​ការ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​ ពាក់​ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺឆ្លង​កូវីដ១៩។ ​នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch។ ​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​សកម្មភាព​នេះ​ថា ​ជា​ការ​ប៉ុនប៉ង​ ដើម្បី​បង្ក្រាប​មតិ​ប្រឆាំង ​ដែល​រិះគន់​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ និង​ផល​ប៉ះ​ពាល់​លើ​សេដ្ឋ​កិច្ច។​

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ថា​ ​អ្នក​រិះគន់​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ទំនង​ជា​មាន​និន្នាការ​នយោបាយ​ ហើយ​បាន​បំពេញ​ការងារ​ដោយ​ផ្អែក​លើ​ស្តង់ដារ​ពីរ។​

«ពួក​គាត់​តែង​តែ​ធ្វើ​ការ​រិះគន់តុលាការ​កម្ពុជា​ថា​ មិន​ឯករាជ្យ​ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង​ នៅ​ពេល​ដែល​យើង​អនុវត្ត​ច្បាប់​ ទៅ​លើ​ក្រុម​គូកន​បក្ខពួក​របស់​គាត់​ដែល​បំពាន​ច្បាប់​ហ្នឹង​ ហើយ​ដំណើរ​នីតិវធី​តាម​ផ្លូវ​តុលាការ ​ពួក​គាត់​បែរ​ជា​ធ្វើការ​រិះគន់​ ដាក់​សម្ពាធ​ និង​សុំ​ឲ្យ​រដ្ឋាភិបាល​លូក​លាន់​ចូល​កិច្ច​ការ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯក​រាជ្យ​ទៅ​វិញ​ ដើម្បី​ធ្វើការ​ដោះលែង​ក្រុម​ ឬ​ក៏​គ្នីគ្នា​របស់​គាត់​ហ្នឹង។ ​អ៊ីចឹង​អា​នេះ​ គឺ​ថា​ វា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​គាត់​មាន​ស្តង់ដារ​ពីរ»។ ​

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ គឺ​លោក ​សុខ ឥសាន​ អះអាង​ថា​ កម្ពុជា​គ្មាន​ការ​គាប​សង្កត់​សិទ្ធិ​សេរី​ភាព​ពលរដ្ឋ​ទេ​ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១៦​លាន​នាក់ ​កំពុង​រស់​នៅ​ក្រោម​ដំបូល​សន្តិភាព​ ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​ លោក​បន្ត​ថា ​រដ្ឋាភិបាល​កម្ពុជា​ បាន​អនុវត្ត​វិធានការ​ច្បាប់ ​ដើម្បី​ទប់​ស្កាត់​រាល់​«សកម្មភាព​អមិត្ត»​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

«បើ​សិន​ណា​ជា​ប្រទេស​ហ្នឹង​ មាន​ការ​គាប​សង្កត់​ មាន​ការ​រឹតត្បិត​ សិទ្ធិ​សេរីភាព​ ក៏ដូច​ជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ គឺ​មិន​មែន​ប្រជា​ពលរដ្ឋ​លោក​សប្បាយ​រីករាយ​នៅ​ក្នុង​ការ​ធ្វើ​ទេស​ចរណ៍​នៅ​ក្នុង​ប្រទេស​ ក្រៅ​ប្រទេស​ទេ»។​

នៅ​ដើម​ឆ្នាំ​២០២០​នេះ​ សហគមន៍​អឺរ៉ុប​ បាន​សម្រេច​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​ស្មើ​នឹង​២០​ភាគ​រយ​នៅ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ហៅ​កាត់​ថា ​EBA ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ហាមឃាត់​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មិន​ឱ្យ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៨​ ក្នុង​ពេល​មាន​ការ​បង្ក្រាប​លើ​អ្នក​ប្រឆាំង​ និង​សារ​ព័ត៌មាន​ឯករាជ្យ។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ មាន​ប្រសាសន៍​ថា ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ជា​កិច្ច​សន្យា​របស់​អន្តរជាតិ​ និង​កម្ពុជា​ ដែល​ធានា​អធិបតេយ្យ​ភាព​ ឯករាជ្យ​បូរណភាព​ និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​ ក៏​ដូច​ជា​ធានា​អព្យាក្រឹត​ភាព ​និង​ឯកភាព​ជាតិ​កម្ពុជា​ និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

ទោះ​យ៉ាង​ណា ​លោក​កត់​សម្គាល់​ថា​ កម្ពុជា​ ដោយ​សារ​តែ​ការ​ងាកទៅ​រក​ប្រទេស​ចិន​ កាន់​តែខ្លាំង​ឡើង​នោះ​ បាន​ធ្វើ​ឲ្យ​គោល​ការណ៍​អព្យាក្រឹត​ភាព​របស់​ខ្លួន​ស្ថិត​ក្នុង​ភាព​មន្ទិល។ ​លោក​អះអាង​ថា​ កម្ពុជា​ក៏​កំពុង​ក្លាយ​ជា​ទី​តាំង​ភូមិ​សាស្ត្រ​នយោបាយ​ ដែល​សហ​រដ្ឋ​អាមេរិក​ និង​ចិន​ កំពុង​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ការ​សង្ស័យ​ថា​ កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស់​ដែន​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ​ និង​តំបន់​ឧទ្យាន​ជាតិ​មួយ​ក្នុង​ខេត្ត​កោះកុង​ជា​គោល​ដៅ​យោធា​នៅ​ពេល​អនាគត។ ​ ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

«យើង​ឥឡូវ​នេះ​ រង​សម្ពាធ​ពី​មហា​អំណាច​បាទ​...​ហើយ​មហាអំណាច​ទាំង​ពីរ​ហ្នឹង ​គឺ​វា​ឈ្លោះ​គ្នា​ ដូច្នេះ​យើង​វា​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដែរ​ រវាង​អំណាច​ទាំង​ពីរ​នេះ​ហើយ។ ​ដូច​កាលមុន​ដែរ​ គឺ​យើង​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះសង្គ្រាម​នៅ​វៀតណាម​ ដោយ​សារ​យើង​ជួយ​ខាង​វៀតណាម​ ហើយ​ក៏ជួយ​ខាង​ពួក​ ពួក​កុម្មុយនីស្ត​ហ្នឹង​ដែរ​ ប្រឆាំង​នឹង​អាមេរិក​បាទ​...​រួច​សព្វ​ថ្ងៃ​នេះ​ គឺ​ស្ថានភាព​ហ្នឹង​ក៏ដូច​គ្នា​ដែរ​ ស្ថានភាព​អន្តរជាតិ​ហ្នឹង»។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ថ្លែង​ការពារ​ថា​ ការ​ប្រកួត​ប្រជែង​មនោគម​វិជ្ជា​របស់​មហា​អំណាច​គិត​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក​នោះ​ ជា​រឿង​របស់​មហា​អំណាច​ ប៉ុន្តែ​កម្ពុជា​នៅ​តែ​បន្ត​រក្សា​គោល​នយោបាយ​ការ​បរទេស​មិន​លម្អៀង​របស់​ខ្លួន​ដដែល។​

«គ្មាន​ពាក់ព័ន្ធ​អី​ជា​មួយ​កម្ពុជា​ទេ​ ហើយ​ការ​ចោទ​ថា​ កម្ពុជា​មាន​ដាក់​ទ័ព​ចិន​ កម្ពុជា​មាន​ យក​ប្រជាជន​ចិន​មក​នៅ​អី​គ្រប់​គ្រង​ទូទាំង​ប្រទេស។​ ខ្ញុំ​ថា​ បើ​ចិន​មក​នៅ​វាទ​...​ពីមុន​មក​ចោទ​ថា ​វៀតណាម​មក​នៅ​ពេញ​ដី​ខ្មែរ។​ បើពេញ​ដីខ្មែរខ្មែរ​១៦​លាន​នាក់​ទៅ​នៅ​ឯណា? ​ឥឡូវ​ ឥឡូវ​លែង​និយាយ​ពីវៀតណាម​ហើយ​និយាយ​ពីរឿង​ចិន​ម្តង»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជូន​ដំណឹង​សាលា​រាជធានី​ភ្នំពេញ​ថា​ការ​ប្រារព្ធ​ខួប​២៩​ឆ្នាំ​ នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ខណ្ឌ​ឫស្សី​កែវ​ ដោយ​មាន​អ្នក​ចូល​រួម​ជាង​១​ពាន់​នាក់​ ដែល​ជា​សមាជិក​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​សមាគម​និង​សហជីព​នានា។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជំទាស់​មិន​ឲ្យ​មាន​ការ​រៀប​ចំ​ពិធី​ទ្រង់ទ្រាយ​ធំ​ ដោយ​តម្រូវ​ឲ្យ​មាន​អ្នក​ចូល​រួម​តែ​១២០​នាក់​ប៉ុណ្ណោះ។ ​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក ​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ចោល ​ បាន​ប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា​នេះ​ «ជន​ជាតិ​ខ្មែរ​ទូទាំង​ពិភពលោក​នឹង​រៀប​ចំ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​វត្តមាន​យោធា​ចិន​លើ​ទឹក​ដី​ប្រទេស​កម្ពុជា»។​

ប៉ុន្តែ​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះដោយ​ទឹក​ជំនន់​នៅក្នុង​ស្រុក​មង្គលបុរី ​ខេត្ត​បន្ទាយ​មានជ័យ​ កាលពី​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ព្រមាន​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ទេ​ នៅ​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់ ​និង​ជំងឺ​កូវីដ១៩ ​ ដោយ​លោក​ថា​ លោក​ទទួល​ព័ត៌មាន​ថា​ មាន​ការ​ប្រមូល​មនុស្ស​តាម​បណ្តា​ខេត្ត​មក​តវ៉ា។​

លោក​មាន​ប្រសាសន៍​ថា៖​ «វា​ជិត​ដល់​ថ្ងៃ​២៣ ​ខែ​តុលា​គេ​ចង់​ធ្វើ​បាតុកម្ម។ ​ខ្ញុំ​សុំ​ផ្តាំ​អ្នក​ដែល​ធ្វើ​បាតុកម្ម​ ចង់​មក​ធ្វើ​បាតុកម្ម​ នៅ​មុខ​ស្ថានទូត​ចិន​ នៅ​ទីក្រុង​ភ្នំពេញ។​ ប្រយ័ត្ន​ប្រយែង​ គេ​កំពុង​តែ​ទឹក​លិច​ណ៎ា កុំមក​រញ៉េរញ៉ៃ​វើយ​ ប្រាប់​ឲ្យ​ហើយ​ និយាយ​គ្នា​ស្តាប់​ឲ្យ​បាន!»​

កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​២៩​ឆ្នាំ​មុន​ មាន​ប្រទេស​ចំនួន​១៨​ ជា​ហត្ថលេខី​ ក្នុង​នោះ​មាន​ប្រទេស​បារាំង សហ​រដ្ឋ​អាមេរិក​ អូស្ត្រាលី ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី ​ដូចជា​ថៃ​ ឥណ្ឌូណេស៊ី​ជាដើម។ ​ប្រទេស​កម្ពុជា​ តាម​កិច្ច​ព្រមព្រៀង​នេះ​ ផ្ដល់​ការ​សន្យា​ថា​ នឹង​បើក​ទូលាយ​ឲ្យ​មាន​សេរីភាព​ខាង​នយោបាយ​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​ការ​គោរព​សិទ្ធិ​មនុស្ស៕