អ្នកឃ្លាំមើល៖ គុណតម្លៃ​ដើម​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​រង​សម្ពាធ​ពី​ការដឹកនាំ​បែប​ឯកបក្ស

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​ថ្ងៃ​ចុងក្រោយ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

អតីត​សមាជិក​នៃ​ក្រុមតាក់តែង​រដ្ឋ​ធម្មនុញ្ញ​និង​ជា​អ្នក​ឃ្លាំមើលចាស់​វស្សា​មួយ​រូប ​បាន​អះ​អាងថា ការ​គ្រ​ប់​គ្រង​ស្ថាប័ន​រដ្ឋ​ទាំង​ស្រុ​ងដោយគណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ បាន​បង្ក​ជា​សម្ពាធ​ និង​ភាព​ផុយ​ស្រួយដល់​គុណ​តម្លៃដើមនៃ​ច្បាប់​កំពូល​របស់​ជាតិ​មួយ​នេះ។

ការថ្លែង​បែបនេះ​ មានឡើង​នៅចំខួប​ទី២៨ឆ្នាំ​ ចាប់​តាំង​ពីការ​ដាក់​ឱ្យ​ប្រើ​ប្រាស់រដ្ឋធម្មនុញ្ញ​តាំង​ពី​ឆ្នាំ១៩៩៣​មក ​ដែល​ជា​រដ្ឋ​ធម្មនុញ្ញ​គោល​ក្នុង​ការ​បង្កើត​ព្រះរាជា​ណាចក្រ​កម្ពុជា​ទីពីរ បន្ទាប់​ពី​គូភាគី​នយោបាយ​ដែល​មាន​មនោគម​វិជ្ជា​ផ្សេង​គ្នា​មាន​ជម្លោះ​ជាមួយ​គ្នាអស់រាប់​ទសវត្សរ៍​មក។

លោក​ សឺន ស៊ូបែរ្តិ៍ អតីត​សមាជិក​ក្រុម​តាក់តែង​រដ្ឋធម្មនុញ្ញ និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ពីឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ២០០៧ ​បាន​លើក​ឡើង​ថា​ ច្បាប់​កំពូល​ត្រូវ​បាន​តាក់តែង​ដំបូងដើម្បី​នាំ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ​យូរឆ្នាំមក​ហើយ។

រូបឯកសារ៖ លោក​ សឺន ស៊ូបែរ្តិ៍ ជាអតីត​សមាជិក​ក្រុម​តាក់តែង​រដ្ឋធម្មនុញ្ញ និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ពីឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ២០០៧។

ក្នុង​បទ​សម្ភាសន៍មួយ​ជាមួយ​វីអូអេ​ កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ លោក​ សឺន ស៊ូបែរ្តិ៍ ​ដែល​ជាអ្នក​នយោបាយ​ជើង​ចាស់​បាន​លើក​ឡើង​ថា៖

«បាទ! កាល​យើង​ចារ​រដ្ឋធម្មនុញ្ញ​ហ្នឹង យើង​ចារ​ក្នុង​គំនិត​ហ្នឹង​ ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​ដែល​របប​នយោបាយ​ខ្លះ​បាន​រំលោភ​ ដូចជា​ពិសេស ​ក្នុង​របប​ខ្មែរ​ក្រហម​ ដូច្នេះយើងមិនចង់​ឃើញ​របប​ហ្នឹង​កើត​ឡើង​ម​ក​វិញ»។

យ៉ាងណា​ក៏ដោយ ​២៨ឆ្នាំ​ក្រោយ​មក ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​អសនៈ​ស្ទើរទាំងស្រុងនៅ​ព្រឹទ្ធសភា​ អាសនៈ​ទាំងអស់​នៅ​រដ្ឋសភា​ ជាមួយ​នឹង​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​រំលាយ​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨។

លោក ​សឺន ស៊ូបែរ្តិ៍ បន្ថែមថា ​ស្ថិតក្នុង​បរិបទ​បែបនេះ​ រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​ហាក់​«អស់​ន័យ» ​ដោយ​សារ​តែគណបក្ស​តែមួយដឹកនាំ​រដ្ឋ មាន​អំណាច​ អាចនឹ​ងផ្លាស់​ប្ដូរ​រដ្ឋធម្មនុញ្ញ​តាមការ​ចង់​បាន​របស់​ខ្លួន​ ហើយ​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ​តាម​ខ្លួន​ចង់។

«វា​អស់​ន័យ​ ព្រោះ​យើង​និយាយ​ពី​ពហុបក្ស​ក្នុងមាត្រា​ វា​អស់ន័យ​ព្រោះ​ឥឡូវ​មិនមែនពហុបក្សផង​ ដល់​តែអ៊ីចឹងទៅមិន​ដឹង​និយាយ​ថា​ម៉េច»។

ចាប់​តាំង​ពី​ឆ្នាំ១៩៩៣មក​ រដ្ឋធម្មនុញ្ញ​បាន​ទទួល​វិសោធនកម្ម​ចំនួន​៩ដង​ ដែល​ថ្មីៗ​បំផុត​នេះ បាន​ប្រព្រឹត្ត​នៅ​ដើម​ឆ្នាំ២០១៨ ​ដោយ​មាន​ការបន្ថែម​បញ្ញត្តិ​អំពី​ការ​ការពារ​«ផល​ប្រយោជន៍​ជាតិ» អំពីការ​«ដក​ហូត»សិទ្ធិ​បោះឆ្នោត និង​អំពី​ការ​តបទល់​នឹង​«ការ​ជ្រៀត​ជ្រែក​កិច្ចកា​រផ្ទៃ​ក្នុង»​ពីសំណាក់រដ្ឋ​បរទេស។

លោក​ សឺន ស៊ូបែរ្តិ៍ បាន​ថ្លែង​បន្ថែម​ថា៖ «ស្អីៗ​ដែល​ចារ​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង វា​ត្រឹមត្រូវ ​ប៉ុន្តែ​ការ​អនុវត្ត​អត់​សូវ​ត្រឹម​ត្រូវ​ប៉ុន្មាន​ទេ​ ពី​ព្រោះគេប​ក​ស្រាយ តាម​តែ​ចិត្ត​គេ​ទៅ»។

លោក សឺន ស៊ូបែរ្តិ៍ បាន​បង្ហាញ​កង្វល់​អំពីកង្វះ​ឯករាជ្យ​ភាព និងអព្យាក្រឹតភាព​នៃ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការ​ជួយជ្រោង​តម្លៃ​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​នូវ​ច្បាប់​កំពូល​នេះ និង​ជំទាស់​នូវ​ច្បាប់ណា​ដែលមានស្មារតី​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៨ ដែល​មាន​សមាសភាព​សមាជិក​៣រូប​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ​ ៣រូប​ជ្រើស​តាំង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ​និង៣រូបទៀត​ជ្រើសតាំង​ដោយ​រដ្ឋសភា។

រូបឯកសារ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅតាមបណ្តោយមហាវិថីមុនីវង្ស ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

បច្ចុប្បន្ន វៀរលែង​តែសែរាជវង្ស​បីអង្គ ដែល​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ ​សមាជិក​៦រូប​ផ្សេង​ទៀត សុទ្ធ​ជា​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​កាន់​អំណាច​ រួមមាន​ លោក​ អ៊ឹម ឈុនលឹម ​អ្នកស្រី​ លី វួចឡេង​ លោក​ អ៊ឹម សួស្ដី ​លោក​ ហ៊ី សោភា ​លោក ​សំ ព្រហ្មនា ​និង​លោក​ អ៊ុត ឈន។

លោក​ អ៊ឹម ឈុនលឹម ​ប្រធាន​បច្ចុប្បន្ន​នៃ​ក្រុមប្រឹក្សា​ ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ដែល​ជា​ការិយាល័យ​នយោបាយ​សម្រេច​ចិត្ត​កំពូល​មាន​សមាជិក​៣៦នាក់ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​លោក​ឈរ​នៅលេខ១២ នៃ​បញ្ជី​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​ផង​ដែរ។

អ្នកស្រី ​លី វួចឡេង ​អតីត​ប្រធាន​សាលា​ឧទ្ធរណ៍​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម​កាល​ពីឆ្នាំ២០១៩។ អ្នកស្រីជា​សមាជិក​ឈរ​នៅ​លេខ​រៀង​១៧១​នៃ​បញ្ជី​គណៈ​កម្មា​ធិការ​មជ្ឈឹម​បក្ស​ប្រជាជន​កម្ពុជា។

លោក ​អ៊ឹម សួស្ដី អតីត​ប្រធាន​គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​កាល​ពី​ឆ្នាំ២០១៧។ លោក​ជា​សមាជិក​ឈរ​នៅ​លេខ​រៀង៧៨០​នៃ​បញ្ជី​គណៈ​កម្មាធិការ​មជ្ឈឹមបក្ស​ប្រជាជន​កម្ពុជា។

លោក ​ហ៊ី សោភា ​អតីត​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ​អតីត​ប្រធាន​តុលាការ​ខេត្តកណ្ដាល ជា​សហស្ថាបនិក​នៃ​ក្រមព្រហ្មទណ្ឌ ​និង​ក្រមរដ្ឋប្បវេណី​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​កាល​ពី​ឆ្នាំ​២០១៧។ លោកជា​សមាជិក​ឈរ​នៅ​លេខរៀង​៤០១​នៃ​បញ្ជី​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​កម្ពុជា។

លោក​ សំ ព្រហ្មនា ត្រូវ​បាន​ជ្រើស​តាំង​ដោយ​រដ្ឋសភា​ កាល​ពី​ឆ្នាំ២០១៦។ លោកជា​សមាជិកឈរនៅ​លេខ​រៀង​១៧៨​នៃ​បញ្ជី​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​កម្ពុជា។

លោក អ៊ុត ឈន ត្រូវ​បាន​ជ្រើសតាំង​កាល​ពី​ឆ្នាំ២០១៣ ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ លោកជា​សមាជិក​ឈរ​នៅ​លេខ​រៀង​២០៦​នៃ​បញ្ជី​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​កម្ពុជា។

លោក សឺន ស៊ូបែរ្តិ៍ បាន​លើក​ឡើង​ថា ការ​រង់ចាំ​បង្កើត​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដ​ល់​ទៅឆ្នាំ១៩៩៨ ជា​កំហុសដែល​នាំឱ្យ​ខកខាន​ដល់​ការធានា​ភាព​ជា​កណ្ដាល និង​សត្យានុម័ត​នៃ​ស្ថាប័ន​សំខាន់នេះ។​

«គណបក្ស​ប្រជាជន​អាច​ធ្វើវិសោធនកម្ម​ស្អី​ក៏​បាន​ដែរ មាន​នរណា​ទៅ​ជំទាស់ ព្រោះ​តែ​នេះ បោះឆ្នោត​១០០%​ហើយ ដល់​តែអ៊ីចឹងទៅ យើង​មិន​ដឹង​មាន​នរណា​ដែល​អាច​ពន្យល់ថា វា​មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​អំពី​ភាព​ងាយស្រួល​នៃ​ការ​ធ្វើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ដែរ នៅ​ពេល​លោក​តបត​នឹង​លោក សម រង្ស៊ី កាល​ពី​សប្ដាហ៍​មុន រហូត​ដល់​លោក​ថា បើ​សិន​ជា​លោក​ចង់ លោក​អាចដាក់បញ្ចូល​មាត្រា​អំពីការលើកលែង​ទោស​អតីត​នាយក​រដ្ឋមន្ត្រី ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀតផង ដោយ​ហេតុ​ថា​បក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​គ្រប់​គ្រាន់។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា គណបក្ស​ក្នុង​រយៈ​ពេល​២៨ឆ្នាំ​មក​នេះ បាន​«អនុវត្ត​ត្រឹមត្រូវ»​តាម​ខ្លឹម​សារ​នៃ​រដ្ឋធម្មនុញ្ញ ហើយ​ថា​វិសោធនកម្ម​នឹងប្រព្រឹត្ត​ទៅ​តាម​ភាព​ជាក់​ស្ដែង។

«ដូច​ជម្រាប​ខាងដើម​អ៊ីចឹង គឺ​ថា​រដ្ឋធម្មនុញ្ញ​ក៏​ដូចជា​ច្បាប់​ទូទៅ​ដែរ គឺ​ថា​ចំណុច​ណា​ដែល​វាមាន​ការ​ប្រែប្រួល​មិន​ស្រប​តាម​សភាពការណ៍​ថ្មី​នៃ​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ប្រទេស​ជាតិ អា​ហ្នឹង​វា​ត្រូវ​ធ្វើ​វិសោធន​កម្ម​ហើយ។ តែ​ទោះបី​ចង់​ធ្វើ​វិសោធនកម្ម​ចំណុច​ណា​ក៏​ដោយ ក៏​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​ចំណុច​ដែល​ប៉ះពាល់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ​និង​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី»។

ពាក់ព័ន្ធ​នឹង​ឯករាជភាព​នយោបាយ​របស់​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​វិញ លោក សុខ ឥសាន ​បាន​លើក​ឡើង​ថា៖

«ខ្ញុំសុំ​មិននិយាយ​អំពី​បញ្ហា​និន្នាការ​នយោបាយទេ។ ខ្ញុំ​និយាយ​អំពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ តាម​តួនាទី​ភារកិច្ច​ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ដូច្នេះ​គ្មានហេតុផល​អ្វី​ដែល​ចោទ​ថា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លម្អៀង​មក​លើ​គណបក្ស​កាន់អំណាច​ទេ​បាទ»។

រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន​មាន​១៧ជំពូក និង​១៦០មាត្រា។ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​បាន​តាក់​តែង​ស្រប​នឹង​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​ចង​ភ្ជាប់​កម្ពុជា​ឲ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស៕