កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតីស.រ.អា.បារ៉ា់ក់អូបាម៉ាបានសម្តែងការសោកស្តាយដល់លោកប្រធានាធិបតីរុស្សី Vladimir Putin អំពីការបាញ់ទម្លាក់យន្តហោះប្រតិកម្មប្រយុទ្ធរុស្សីមួយគ្រឿងកាលពីសប្តាហ៍មុនដោយប្រទេស តួកគី ហើយលោកបានសុំដល់មេដឹកនាំវិមាន ក្រឹមឡាំង (Kremlin)ឲ្យកាត់បន្ថយភាពតានតឹងជាមួយប្រទេស តួកគី អំពីឧប្បត្តិហេតុនោះ។
មេដឹកនាំទាំងពីរនាក់នេះបានជួបគ្នា៣០នាទីនៅខាងក្រៅសន្និសីទកំពូលអ.ស.ប.ស្តីពីបម្រែបម្រួលអាកាសធាតុនៅខាងក្រៅក្រុង ប៉ារីស។ ប្រទេស តួកគី បាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះនោះក្រោយពីវាបានហោះចូលដែនអាកាស របស់ខ្លួន ដែលនាំឱ្យអ្នកបើកយន្តហោះរុស្សីម្នាក់និងយានិកម្នាក់ស្លាប់នៅក្នុងការវាយប្រហារនោះនិងក្នុងកិច្ចខិតខំសង្គ្រោះនៅពេលបន្ទាប់មក។លោក ពូទីន បានឆ្លើយតបដោយដាក់កំហិតការដាក់ទណ្ឌកម្មសេដ្ឋកិច្ប្រឆាំងនឹងរដ្ឋាភិបាលក្រុង អង់ការ៉ា។
រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងម៉ូស្គូ បាននិយាយថាលោកអូបាម៉ានិងលោក ពូទីន បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីសង្គ្រាមដែលមានតទៅទៀតនៅក្នុងប្រទេសស៊ីរីដោយមេដឹកនាំទាំងពីរនាក់នេះបានយល់ស្របគ្នាអំពីសេចក្តីត្រូវការឱ្យមានដំណោះស្រាយខាងនយោបាយនៃសង្គ្រាមដែលមានរយៈពេលបួនឆ្នាំកន្លះមកហើយរវាងក្រុមឧទ្ទាមដែលបានខិតខំបណ្តេញប្រធានាធិបតី Bashar al-Assad ឱ្យចេញពីតំណែងនិងកងកម្លាំងដែលស្មោះត្រង់ជាមួយរដ្ឋាភិបាលរបស់គាត់៕