លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ាបានសុំឱ្យមាន«បទបញ្ញត្តិខ្លាំងជាងមុន» ដើម្បីការពារអព្យាក្រឹតភាពនៃបណ្តាញអ៊ីនធឺណិត និងធ្វើឱ្យប្រាកដថាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ប្រព្រឹត្តដោយស្មើភាពគ្នាដល់ចរាចរណ៍អ៊ីនធឺណិតទាំងអស់»។
លោកបានស្នើសុំដូចនេះដល់គណកម្មការគមនាគមន៍សហព័ន្ធហៅកាត់ថា FCC ដែលកំពុងសរសេរបទបញ្ញត្តិថ្មីៗនៃចរាចរណ៍អ៊ីនធឺណិត កាលពីថ្ងៃចន្ទ។
លោកអូបាម៉ាបានសុំដល់គណកម្មការ FCC ឱ្យហាមប្រាមកុំឱ្យមានកិច្ចព្រមព្រៀងណាមួយ ដែលនឹងអនុញ្ញាតអ្នកផ្តល់អត្ថបទតាមអ៊ីនធឺណិតឱ្យបង់ប្រាក់ឱ្យក្រុមហ៊ុនផ្តល់អ៊ីនធឺណិត ដើម្បីផ្តល់អត្ថបទរបស់ពួកគេឱ្យបានឆាប់ជាងមុនដែលគេស្គាល់ថាជាការបង់ប្រាក់ដើម្បីទទួលអាទិភាព។ លោកក៏បានមានប្រសាសន៍ដែរថាក្រុមហ៊ុនផ្តល់សេវាកម្ម អ៊ីនធឺណិតដែលហៅកាត់ថា ISPs មិនគួរត្រូវអនុញ្ញាតឱ្យរាំងខ្ទប់អត្ថបទស្របច្បាប់តាមអ៊ីនធឺណិតមិនឱ្យពួកអ្នកប្រើប្រាស់ឃើញទេ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា គណកម្មការ FCC គួរដាក់បទបញ្ញ័ត្តិលើសេវាកម្មអ៊ីនធឺណិតលឿនសម្រាប់ពួកអ្នកប្រើប្រាស់ដូចជាការប្រើប្រាស់ទឹកភ្លើងសាធារណៈដែរ។
កាលពីពេលមុននេះក្នុងឆ្នាំនេះ គណៈកម្មការ FCC បានស្នើឱ្យមានការកែប្រែ
ច្រើនក្នុងវិធិដែលបណ្តាញអ៊ីនធឺណិត ធ្វើប្រតិបត្តិការនៅក្នុងស.រ.អា។
កាលពីខែឧសភាគណៈកម្មការគមនាគមន៍សហព័ន្ធ បានបោះឆ្នោតផ្តល់ផែនការមួយដែលអាចអនុញ្ញាតក្រុមហ៊ុនធំៗផ្តល់សេវាកម្មអ៊ីនធឺណិត ដូចជាក្រុមហ៊ុន at and t និង Comcast ជាដើម ឱ្យធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននានាដូចជាក្រុមហ៊ុន Google និង Facebook ជាដើម ដើម្បីផ្តល់ឱ្យពួកគេនូវការផ្សព្វផ្សាយអត្ថបទរបស់ពួកគេឱ្យបានលឿនជាងដល់ពួកអ្នកប្រើប្រាស់។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏សំណើដ៏ចម្រូងចម្រាស់នេះ បានត្រូវជំទាស់ដោយក្រុមអ្នកប្រើប្រាស់និងក្រុមហ៊ុនអ៊ីនធឺណិតឯទៀតៗ។ សេតវិមានឲ្យដឹងថា មានអត្ថាធិប្បាយសាធារណៈជិតបួនលានអំពីសំណើនេះបានត្រូវដាក់ជូនគណកម្មាការ FCC។
សេតវិមានបានឲ្យដឹងបន្ថែមទៀតថា សំណើរបស់លោក អូបាម៉ា នឹង«ធ្វើឱ្យប្រាកដប្រជាថាបណ្តាញ អ៊ីនធឺណិត បម្រើការមនុស្សគ្រប់គ្នាមិនមែនបម្រើតែក្រុមហ៊ុនមួយឬពីរនោះទេ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ