មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានបញ្ជូនទៅបង្ហាញខ្លួននៅចំពោះមុខស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីបំពេញបទចោទ និងកសាងសំណុំរឿង មុននឹងត្រូវបានបញ្ជូនទៅរក្សាទុកជាបន្តនៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោក នី ចរិយា និងមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អាដហុកទាំងបួននាក់ ដែលរួមមាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃុំខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការជុំវិញនឹងការពាក់ព័ន្ធរបស់មន្ត្រីគ.ជ.ប. និងសកម្មជនសិទ្ធិមនុស្សទាំងបួនរូប ក្នុងការបញ្ចុះបញ្ចូលឱ្យមានការនិយាយកុហក និងប្លែងសក្ខីកម្មចំពោះមុខសមត្ថកិច្ច។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាននិយាយប្រាប់វីអូអេថា មន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោកអគ្គលេខាធិការរងគ.ជ.ប. បានមកបង្ហាញខ្លួន ដើម្បីបំពេញសំណុំបែបបទអនុញ្ញាតិឱ្យរក្សាទុកពួកគេជាបន្តនៅអង្គភាពប្រឆាំងអំពើពុករលួយ ហើយសំណុំរឿងរបស់ពួកគេ កំពុងត្រូវបានតុលាការពិនិត្យពិចារណា។
«នៅរសៀលល្ងាចមិញហ្នឹង (ថ្ងៃសៅរ៍) យើងទទួលបានសំណុំរឿង ពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយយើងបានដំណើរការនៅក្នុងការចុះបញ្ជីកសាងសំណុំរឿង ហើយនៅពេលនេះ ខាងក្រុមការងារនៃក្រុមអយ្យការសាលាដំបូងរាជធានីភ្នំពេញកំពុងពិនិត្យទៅលើឯកសារសំណុំរឿងយ៉ាងល្អិតល្អន់»។
លោក លី សុផាន់ណា ក៏បានបន្ថែមដែរថា អំឡុងពេលនេះ អ្នកទាំងប្រាំរូប កំពុងស្ថិតក្នុងការរក្សារបស់ស្ថាប័នអយ្យការរបស់សាលាដំបូងដោយមិនមានកាលកំណត់ ដែលសម្រេចយកទីតាំងអង្គភាពប្រឆាំងអំពើពុករលួយជាទីតាំងមន្ត្រីនគរបាលយុត្តិធម៌ដែលកាន់សំណុំរឿងឃុំគ្រងរក្សាទុកអ្នកទាំងបួន។
អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានសម្រេចសាកសួរអ្នកទាំងប្រាំចាប់តាំងពីថ្ងៃពុធ មុននឹងសម្រេចឃាត់ខ្លួននៅព្រលប់ថ្ងៃព្រហស្បតិ៍ ក្រោយពីមានការឆ្លើយដាក់បន្ទុករបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលទើបនឹងបង្វែរចម្លើយទទួលស្គាល់ថានាងជានារីដែលសាសាងលើខ្សែអាត់សម្លេងទូរស័ព្ទជាមួយអនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ប៉ុន្តែក្នុងលិខិតចំហមួយកាលពីសប្ដាហ៍មុន ស្រីមុំ បានចោទមនុស្សប្រាំបីនាក់ ដែលមានទាំងបុគ្គលទាំងប្រាំរូបខាងលើផង មេធាវីរបស់នាង អ្នកស្រី ទ្រី ឈួន ប្រធានអង្គការសិទ្ធិស្រី សីលការ អ្នកស្រី ធីតា ឃឹះ និងមន្រ្តីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក សឺន សាលី ថាបានរួមគំនិតលួងលោមឱ្យនាងនិយាយបដិសេធ ចំពោះមុខសមត្ថកិច្ចនូវចំណងទាក់ទងស្នេហាជាមួយនឹងលោក កឹម សុខា។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រកាសប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា មានសំណុំរឿងពុករលួយជាប់ពាក់ព័ន្ធនឹងអ្នកទាំងប្រាំ ក្នុងករណីនៃការផ្ដល់សក្ខីកម្មរបស់ស្រីមុំ។ លោកក៏បានបន្តថា អ្នកស្រី ធីតា ឃឹះ និងអ្នកស្រីមេធាវី ទ្រី ឈួន បានរួចផុតពីការឃាត់ខ្លួន និងចោទប្រកាន់ ជាមួយនឹងចម្លើយដ៏ច្បាស់លាស់ និងត្រឹមត្រូវតាមវិជ្ជាជីវៈរបស់ពួកគេ។
ដោយឡែកចម្លើយបុគ្គលទាំងប្រាំរូប ត្រូវបានលោក ឱម យ៉ិនទៀង ឱ្យដឹងថា មានលក្ខណៈស៊ីសង្វាក់ជាមួយនឹងភស្តុតាង។
ការឃាត់ខ្លួន និងដំណើរការផ្លូវច្បាប់ទៅលើ លោក នី ចរិយា និងមន្រ្តីអាដហុកទាំងបួនរូប បានទទួលការរិះគន់ធ្ងន់ពីសំណាក់បណ្ដាសមាគមអង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងក្រៅស្រុកថាជាការយាយីប្រឆាំងនិងក្រុមមន្ត្រីសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានបន្ថែមថាសំណុំរឿងនេះនឹងត្រូវបានស្ថាប័នអយ្យការបន្តពិនិត្យមើល ហើយអាចនឹងមានការបញ្ជូនអ្នកទាំងប្រាំមកសាកសួរនៅសាលាដំបូងនៅព្រឹកថ្ងៃអាទិត្យ៕