មេធាវី​លោក​នួន​ ជាប្តឹង​លោក​ហ៊ុន សែន​ លោក​ជា ស៊ីម ​លោក​ហេង​ សំរិន និង​មន្ត្រីរដ្ឋាភិបាល​ជិត​១០​នាក់​ទៀត

លោក​​ហេង សំរិន (ឆ្វេង)​ ប្រធាន​​​កិត្តិយ​ស​គណបក្ស​​ប្រជាជន​កម្ពុជា​​​លោក​​ជា ​ស៊ីម (កណ្តាល) ​ប្រធាន​​ព្រឹទ្ធសភា​​​ និង​លោក​នាយករដ្ឋ​​មន្ដ្រី​​ខ្មែរ​ហ៊ុន​ សែន (ស្តាំ)។

មេធាវី​អន្ដរជាតិ​របស់​លោក​នួន​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​បាន​ដាក់​បណ្ដឹង​ទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ប្រឆាំង​ទៅ​នឹង​លោក​នាយករដ្ឋ​មន្ដ្រី​ខ្មែរ​ហ៊ុន​ សែន ​និង​លោក​ជា ​ស៊ីម ​ប្រធានព្រឹទ្ធសភា ហើយនឹង​មន្ដ្រី​ជាន់ខ្ពស់​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជាកំពុងកាន់​អំណាច​ចំនួន​៩​រូប​ផ្សេង​ទៀត។ ​បណ្ដឹង​នេះ​ធ្វើការ​ចោទ​ប្រកាន់​ពី​ការ​ជ្រៀតជ្រៀក​សាលាក្ដី​ខ្មែរ​ក្រហម។

នៅ​ក្នុង​បណ្ដឹង​ដែល​ចែក​ជូន​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ ក្រោយ​ពី​ដាក់​ជូន​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ​លោក​មេធាវី ​ម៉ាយឃើល ​ផេសម៉េន ​(Michael ​Pestman) ​និង​ទីប្រឹក្សាច្បាប់​នៃ​មេធាវី​ការពារ​គឺ​លោក​អេនឌ្រូ​ អ៊ាននូ​ហ្ស៊ី ​(Andrew ​Ianuzzi)​ បាន​បង្ហាញ​ថា ​លោក​ហ៊ុន ​សែន​ លោក​ជា ​ស៊ីម​ លោក​ ហោ​ ណាំហុង ​លោក​គាត ​ឈុន ​លោក​អ៊ុក ​ប៊ុនឈឿន ​លោក​ស៊ីម​ កា ​លោក​ខៀវ ​សុភគ័ ​លោក​ខៀ​វ​ កាញារិទ្ធ​ លោក​ផៃ ​ស៊ីផាន​ និងលោក​គង់ ​សំអុល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​យុតិ្តធម៌​ ដោយ​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ជាបន្ដ​បន្ទាប់​គ្នា​ប្រឆាំ​ង​នឹង​សំណុំរឿង​០០៣ ​និង​០០៤ ​និង​ដោយបំពាន​ដីការកោះ​របស់​សហចៅក្រមស៊ើបអង្កេត​ និង​បដិសេធ​មិន​ផ្ដល់​សក្ខីកម្ម​ដល់តុលាការក្នុង​សំណុំរឿង​០០២​ ដោយ​មិន​ផ្តល់​ហេតុផល​ត្រឹម​ត្រូវ។

កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០០៩ សហ​ចៅក្រម​ស៊ើប​អង្កេត​សញ្ជាតិ​បារាំង ​លោក ​ម៉ាកសែល ​ឡឺម៉ុង​បាន​កោះហៅឥស្សរជនគណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រាំមួយ​រូប​ឲ្យ​ចូល​បំភ្លឺ​ក្នុង​តុលាការ​ រួម​មានជា ស៊ីម​ ប្រធានគណបក្ស ​លោក​ហេង​ សំរិន​ ប្រធានកិត្តិយស​គណបក្ស​នេះ ​លោក​ហោ ​ណាំហុងរដ្ឋ​មន្រ្ដី​ការ​បរទេស ​លោក​គាត​ ឈុន​ ​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ​លោក​អ៊ុក ​ប៊ុនឈឿន​ និង​លោក​ស៊ីម​ កា ​សមាជិក​ព្រឹទ្ធ​សភា។​ ប៉ុន្ដែ​ពួក​គាត់​មិន​បាន​ចូល​ខ្លួន​នោះ​ឡើយ។

លោក​មេធាវី​ម៉ាយឃើល ​ផេសម៉េន​បានប្រាប់​ក្រុម​អ្នក​កាសែត​នៅមុខ​តុលាការ​ក្រុងភ្នំពេញ​ថា​ ព្រះ​រាជ​អាជ្ញារង​ក្រុងភ្នំពេញ លោក​សុខ រឿន​បាន​សន្យា​ថា ​នឹង​ចាត់ការ​លើ​បណ្ដឹង​របស់​ពួក​លោក។

«យើង​បាន​និយាយ​ទល់មុខ​ជាមួយនឹង​លោក​ព្រះរាជ​អាជ្ញារង​ ហើយ​គាត់​ធានា​ថា ​សំណុំ​រឿង​នេះនឹងត្រូវចាត់​នីតិវិធី​ឲ្យ​បានលឿន​ និង​ស្រប​ទៅ​តាម​ច្បាប់»។

កាលពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ​លោកស្រី​ ​Patricia​ ​O’Brien អគ្គ​លេខាធិការ​រងអង្គការសហប្រជាជាតិទទួលបន្ទុក​កិច្ច​ការ​ច្បាប់​ ​បាន​ជួបពិភាក្សាការងារជាមួយលោកឧប​នាយករដ្ឋមន្ត្រី​ ​សុខ​ អាន ដែល​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាលាក្ដី​ខ្មែរក្រហម។ ​លោកស្រី​បាន​ព្រមាន​ឲ្យរាជ​រដ្ឋាភិបាលកម្ពុជា​ឈប់ធ្វើសេចក្តី​ថ្លែង​ការណ៍ទាំង​ឡាយដែលប្រឆាំងនឹង​សំណុំ​រឿង០០៣​ ​និង០០៤​ ​ហើយឱ្យឈប់ជ្រៀតជ្រែកក្នុងដំណើរ​ការ​នីតិវិធី​តុលាការ។​ ប៉ុន្ដែ​មន្ដ្រី​កម្ពុជា​បាន​បដិសេធ​ជា​បន្តបន្ទាប់​ថា​ រដ្ឋាភិបាល​ពុំបាន​រំខាន​ ជ្រៀតជ្រៀក​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​នោះ​ទេ។

លោក​កែវ ​រ៉េមី ​ប្រធាន​ក្រុមអ្នក​នាំពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​ប្រចាំ​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រីបានប្រតិកម្ម​ភ្លាមៗ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ព្រឹក​មិញ​នេះ ​ដោយហៅ​បណ្ដឹងរបស់​ក្រុម​ការពារ​ក្ដីនួន ​ជា​ ថា​ជា​ការ​ឆ្លៀត​ឱកាស។

«ឆ្លៀតឱកាស​ទាក់ទង​នឹង​លោកប៊្លុង ​ទាក់ទងនឹង​មន្ដ្រី ​UN​មក​ទស្សន​កិច្ច​ផង ​គាត់​មិន​ចង់​ឲ្យ​សំណុំរឿង​០០២​នេះ​ដំណើរការ​ទេ។ ​គាត់​ធ្វើ​ដើម្បី​បង្វែរ​ដំណើរ​ការ​កាត់ក្ដី​សំណុំរឿង​០០២ខាងមុខ។​ ខ្ញុំសោកស្ដាយ​ត្រង់​ថា ​មេធាវី​មាន​ការតព្វកិច្ច​ក្នុង​ការ​ការពារ​កូនក្ដី​ ក៏​ប៉ុន្ដែ​គាត់​មិន​ធ្វើ​កិច្ចការ​នោះ​ទេ»។

ក្រុម​ការពារក្ដី​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ធ្លាប់​បាន​ដាក់​បណ្ដឹង​ទៅកាន់​តុលាការ​ជាតិ​ឲ្យ​ដោះ​ស្រាយ​ការ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម ​ក៏​ប៉ុន្ដែ​តុលាការ​ក្នុង​ស្រុក​បានទាត់​បណ្ដឹង​នោះ​ចោល។​ លោក ​អេនឌ្រូ ​អ៊ាននូ​ហ្ស៊ី​សង្ឃឹម​ថា​ តុលាការ​ខ្មែរ​នឹង​ចាត់​ការ​លើ​បណ្ដឹង​របស់​ពួក​គាត់ក្នុង​ពេល​នេះ»៕