សហមេធាវីការពារក្តីឲ្យនួន ជា បានទទូចសារជាថ្មីម្តងទៀតឲ្យអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមផ្តោតការយកចិត្តដាក់លើជរាពាធនៃកូនក្តីរបស់ខ្លួន។ ជរាពាធធ្វើឲ្យនួន ជា គ្មានភាពរឹងមាំសម្រាប់ចូលរួមសវនាការកាត់ទោសគាត់ឲ្យបានពេញលេញទេ។ នេះបើយោងទៅតាមមេធាវីសហការពារក្តីនៅក្នុងការសួរដេញដោលលើសុខភាពនួន ជា ក្នុងសាវនាការទីថ្ងៃទី៣ស្តីពីបញ្ហាសុខភាពជនជាប់ចោទ និងលទ្ធភាពចូលរួមសវនាការ។ លោក ស៊ុន អារុណ សហមេធាវីកម្ពុជាបានថ្លែងនៅក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួននេះថា សុខភាពនួន ជា អាចផ្តល់ជាកង្វល់អវិជ្ជមានសម្រាប់ការកាត់ទោសរូបគាត់។
«ខ្ញុំយល់ថាការពិបាកពីខាងសុខភាពជាចម្បងរបស់គាត់ ដែលធ្វើឲ្យគាត់ព្រួយបារម្ភ ព្រមទាំងមេធាវីការពារគាត់ហ្នឹង ព្រួយបារម្ភណាស់ផ្នែកសុខភាពគាត់ហ្នឹង។ អាចមានឧបសគ្គអ្វីមួយដែលមិនអាចបន្តជាវិជ្ជមានរហូតក្នុងការសន្តិកាទៅអនាគត»។
យ៉ាងណាក៏ដោយក្រុមមេធាវីការពារក្តីមិនស្នើឲ្យដោះលែងនួន ជា ដែលមានអាយុ៨៥ឆ្នាំ នឹងបាក់ធ្មេញស្ទើរតែអស់រលីងពីមាត់នោះទេ។ លោកស៊ុន អារុណ បានរំឭកថា កូនក្តីរបស់លោកគ្មានចេតនាថានឹងមិនចូលរួមនៅក្នុងសវនាការនោះទេ។ ក៏ប៉ុន្តែ សុខភាពរបស់គាត់នឹងមិនអនុញ្ញាតឲ្យគាត់ចូលរួមសវនាការគ្រប់ដំណាក់កាលនោះឡើយ។
ថ្ងៃច័ន្ទគឺជាថ្ងៃទី១ នៃសវនាការស្តីពីសុខភាពអៀង ធីរិទ្ធ និងនួន ជា។ នួន ជា ខ្លួនឯងបាននិយាយថា គាត់មានបំណងចូលរួមសវនាការ ប៉ុន្តែគាត់មិនអាចប្រមូលអារម្មណ៍បានល្អ សម្រាប់ការសួរដេញដោល ការអានឯកសារ ឬក៏ស្តាប់សវនាការ។ ប៉ុន្តែគាត់មិនអាចប្រមូលអារម្មណ៍បានល្អ សម្រាប់ការសួរដេញដោល ការអានឯកសារ ឬស្តាប់សាវនាការលើសពីរយៈពេលមួយម៉ោង ឬ មួយម៉ោងកន្លះនោះ។
ក្នុងការសួរដេញដោលជាមួយលោកចន ខាំបែល វេជ្ជបណ្ឌិតជំងឺមនុស្សចាស់ ដែលបានធ្វើកោស័យវិច័យលើសុខភាពនួន ជា អៀង ធីរិទ្ធ និងអៀង សារី ក្រុមមេធាវីការពារក្តី បានសួរសង្កត់ធ្ងន់ពីប្រការដែលកូនក្តីរបស់ខ្លួនដែលធ្លាប់មានជំងឺដាច់សរសៃឈាមបេះដូង សរសៃខួរក្បាល បញ្ហាតម្រងនោម ការធ្លាយឈាមតាមក្រពះ និងបញ្ហាគ្រោងឆ្អឹងជាដើម ដែលអាចនាំឲ្យមានផលប៉ះពាល់វ័យជរារបស់គាត់។
ប៉ុន្តែលោកចន ខាំបែល នៅតែអះអាងដូចសេចក្តីសន្និដ្ឋាននៅក្នុងរបាយការណ៍កោស័លវិច័យរបស់លោកថា នួន ជា នៅមានលទ្ធភាពចូលរួមការកាត់ក្តីយ៉ាងពេញលេញ ហើយបញ្ហាសុខភាពដែលគាត់ដែលធ្លាប់ជួបប្រទះកាលពីពេលមុនមិនបង្កជាបញ្ហាទៀតឡើយនៅក្នុងពេលនេះ។
សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានគាំទ្រការសន្និដ្ឋានរបស់លោកចន ខាំបែល។
លោកសហមេធាវីនាំមុខ តំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីក៏បានសង្កេតឃើញដូចគ្នានេះដែរ។
«អ្នកជំនាញ គាត់មិនបានឃើញថា មានភ័ស្តុតាងណាមួយ បានបង្ហាញលោកនួន ជា មានការអន់ថយដំណើរការខួរក្បាល ឬក៏មានជំងឺពាក់ព័ន្ធទៅនឹងសរសៃប្រសាទ ដែលនាំប៉ះពាល់ដល់លោកក្នុងការចូលរួមសកម្មភាពតុលាការនោះទេ»។
នួន ជា ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស និងបទប្រល័យពូជសាសន៍ ជាមួយជនជាប់ចោទបីនាក់ផ្សេងទៀត គឺអៀង ធីរិទ្ធ អៀង សារី និងខៀវ សំផន នៅក្នុងសំណុំរឿង០០២។ បទចោទទាំងនេះទាក់ទងនឹងការសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជា ជាងមួយលានប្រាំពីរសែននាក់នៅចន្លោះឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់មេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់នេះ។
លោកចៅក្រម ណឹល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហម មិនបានប្រកាសពីការកំណត់កាលបរិច្ឆេទប្រកាសសេចក្តីសម្រេចបន្ទាប់ពីការបើកសវនាការរយៈពេលបីថ្ងៃស្តីពីបញ្ហាសុខភាពជនជាប់ចោទនោះទេ។ យ៉ាងណាក៏ដោយមានការស្នើសុំអ្នកជំនាញ ឲ្យពិនិត្យសុខភាពជនជាប់ចោទឡើងវិញ។
លោក ណឹល ណុន បានកំណត់ថា សហមេធាវីជនជាប់ចោទនួន ជា អាចដាក់ពាក្យស្នើសុំអ្នកជំនាញបន្ថែមយ៉ាងយូរបំផុតត្រឹមថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ៕