អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម បានសម្រេចនៅថ្ងៃពុធនេះថា នួន ជា មានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមការកាត់ទោសលើរូបគាត់។ ការសម្រេចនេះធ្វើឡើងប្រាំថ្ងៃប៉ុណ្ណោះមុននឹងការកាត់ទោសពេញអង្គសេចក្តីសំណុំរឿង០០២ ចាប់ផ្ដើម។
កាលពីខែសីហា អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការស្ដីពីកាយសម្បទារបស់ជនជាប់ចោទចំនួនបីនាក់ គឺនួន ជា អៀង សារី និងអៀង ធីរិទ្ធ ប៉ុន្ដែខៀវ សំផន បានបដិសេធការធ្វើកោសល្យវិច័យពីកាយសម្បទារបស់គាត់សម្រាប់ចូលរួមសវនាការ។
នៅក្នុងសវនាការរយៈពេលបីថ្ងៃ លោកសាស្ដ្រាចារ្យ ចន ខាំបែល (John Campbel) គ្រូពេទ្យជំនាញផ្នែកជំងឺមនុស្សចាស់ បានបញ្ជាក់ថា ផ្នែកសំខាន់ៗទាំងបួនក្នុងរាង្គកាយដែលជាមូលដា្ឋនបញ្ជាក់ពីសម្បទាមាំទាំរបស់នួន ជា គឺបេះដូង ខួរក្បាល សាច់ដុំ និងគ្រោងឆ្អឹង រួមទាំងប្រពន្ធ័ផ្សេងៗទៀត មិនមានបញ្ហា ដែលអាចរារាំងរូបគាត់ ក្នុងការចូលរួមសវនាការពេញអង្គសេចក្ដីនោះទេ។
នៅក្នុងសេចក្ដីសម្រេចដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងសរសេរថា នួន ជា៖ «មានកាយសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមសវនាការ»។
លោកចៅក្រម និល ណុន បញ្ជាក់បន្ថែមថា អង្គជំនុំជម្រះសាលាដំបូងកត់សម្គាល់ថា គ្រូពេទ្យជំនាញមិនបានរកឃើញអសមត្ថភាពរបស់នួន ជា សម្រាប់ចូលរួមសវនាការក្នុងពេលនេះទេ។
អតីតប្រធានសភាខ្មែរក្រហមអាយុ៨៥ ឆ្នាំរូបនេះត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងបទប្រល័យពូជសាសន៍ជាមួយនឹងជនជាប់ចោទបីនាក់ផ្សេងទៀតក្នុងសំណុំរឿង០០២។ ការចោទប្រកាន់ដែលទាក់ទងទៅនឹងការស្លាប់ និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាជិតពីរលាននាក់ ចន្លោះឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៩។
សហមេធាវីកម្ពុជារបស់ នួន ជា លោក សុន អារុណ មិនបានច្រានចោលការសម្រេចរបស់សាលាដំបូងនេះទេ។
«ត្រឹមត្រូវហើយ។ សុខភាពកូនក្ដីខ្ញុំគ្រាន់តែចាស់ប៉ុណ្ណោះ។ ប៉ុន្ដែគាត់នៅមានបញ្ញា និងអាចឆ្លើយឆ្លងបាន»។
ជាមួយគ្នានេះលោកមេធាវី សុន អារុណ បញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ចូលរួមសវនាការពេញអង្គសេចក្ដី ដែលនឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ៕