នួន ជា៖ ខ្មែរក្រហម​មិន​បំផ្លាញ​ព្រះពុទ្ធសាសនា​ទេ

នួន ជា ដែល​ជន​ជាប់​ចោទ​អាយុ​៨៥​ឆ្នាំ​រូប​នេះ​ បាន​ហៅ​សំណួរ​របស់​សហព្រះរាជអាជ្ញា​អន្តរជាតិ​ថា ជា​ការ​មិន​យល់​ដល់​លទ្ធិព្រះពុទ្ធ​សាសនា។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អតីត​ប្រធាន​សភា​ខ្មែរក្រហម ​នួន ​ជា ​បាន​បដិសេធការ​ដែល​ថា​របប​ខ្មែរក្រហម​បាន​បំផ្លាញ​ព្រះពុទ្ធ​សាសនា ​ហើយ​ព្រមាន​ទៅ​លើ​សហព្រះរាជ​អាជ្ញារង​អាមេរិកាំង ​លោក ​ដេល លីសាក (Dale Lysak) ដែល​បាន​ប្រើ​សំណួរ​មុតស្រួច​ទៅ​លើ​ខ្លួន​ថា ​កុំ​ឲ្យ​ធ្វើ​ការ​វាយប្រហារ​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

«អ្នក​ខ្លះ​ដែល​ចោទ​ថា ​កម្ពុជា​ប្រជាធិបតេយ្យ​បំផ្លាញ​ព្រះពុទ្ធ​សាសនា ​បំផ្លាញ​អី​នេះ។ នេះ​គាត់​និយាយ​ខុស​ទេ។ នេះ​គាត់​មិន​យល់​ខ្លឹមសារ ​បេះដូង​របស់​ព្រះពុទ្ធ​សាសនា​ទេ។ ព្រះ​កាល​ពី​សម័យ​ព្រះមាន​កុដិ​មាន​អី​ឯណា។ ព្រះ​លោក​ប្រសូត្រ​ក្នុង​ព្រៃ ​ហើយ​គាត់​ត្រាស់ដឹង​នៅ​ក្នុង​ព្រៃ​ទេ។ ដូច្នេះ​កុំ​យក​បញ្ហា​ហ្នឹង​មក​វាយ​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។ វា​មិន​ត្រូវ​ទេ។ បក្ស​គ្មាន​វិធានការ​ណា​ទៅ​បំបិទ​សាសនា​ទេ»។

អតីត​ប្រធាន​សភា​ខ្មែរក្រហម​ដែល​ត្រូវ​គេ​ចាត់​ទុក​ជា​មេ​មនោគមវិជ្ជា​នៃ​របប​ខ្មែរក្រហម​ត្រូវ​បាន​សហព្រះរាជ​អាជ្ញា​អន្ដរជាតិ​សួរ​ជាន់​កែង​នៅ​ពេល​ដែល​គាត់​បាន​សម្ដែង​ការ​គោរព​ដល់​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​បន្ទប់​សវនាការ​មុន​នឹង​ឆ្លើយ​សំណួរ​របស់​សហព្រះរាជអាជ្ញា។

ជន​ជាប់​ចោទ​អាយុ​៨៥​ឆ្នាំ​រូប​នេះ​បាន​ហៅ​សំណួរ​របស់​សហព្រះរាជអាជ្ញា​អន្តរជាតិ​ថា ជា​ការ​មិន​យល់​ដល់​លទ្ធិព្រះពុទ្ធ​សាសនា។ នួន​ ជា​ បាន​និយាយ​ការពារ​ការ​វាយកម្ទេច​វត្ត​អារាម​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ភ្ជាប់​ជាមួយ​សំណួរ​របស់​សហ​ព្រះរាជអាជ្ញា​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​ថា ​សម័យ​ព្រះពុទ្ធអង្គ​មិន​ចាំបាច់​មាន​ព្រះវិហារ​នោះ​ទេ។

«យើង​ខ្ញុំ​មិន​ចង់​យក ​ព្រះពុទ្ធ​សាសនា​មក​លាយលំ ​និង​នយោបាយ​ទេ​ ហើយ​ពេល​នោះ​ក៏​គ្មាន​ព្រះសង្ឃ​ចួលរួម​ដែរ។ ការ​យល់​ព្រះពុទ្ធ​សាសនា ​ត្រូវ​យល់​ឲ្យ​ត្រូវ។​ បេះដូង​របស់​ព្រះពុទ្ធ​សាសនា​គឺ​សីល​ សមាធិបញ្ញា។ នេះ​ដែល​អនុវត្ត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​មិនមែន​វត្តអារាម​ជា​សំខាន់​ទេ។ វត្តអារាម​គ្រាន់​តែ​ជា​បូជនីយដ្ឋាន។ ក្រៅ​ពី​នេះ​មេត្តា ករុណា ​មុទិតា ​ឧបេក្ខា ហិរិក ឧត្តប្ប ខ្លាចបាប ​ខ្មាសបាប​ ស្អប់បាប ​មិន​ប្រព្រឹត្តិ​អំពើបាប។ នេះ​ហើយ​ជា​ខ្លឹមសារ​ព្រះពុទ្ធ​សាសនា»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​អស់​យ៉ាង​តិច​ចំនួន​១,៧​លាន​នាក់​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ជន​ជាប់​ចោទ​ដែល​ជា​មេដឹកនាំ​កំពូល​ដែល​នៅ​រស់រាន​មាន​ជីវិត​មាន​ នួន​ ជា ​ខៀវ ​សំផន និងអៀង ​សារី ​ព្រមទាំង​អៀង ​ធីរិទ្ធ ​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ក្រោម​ការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ ក៏ប៉ុន្តែ​អៀង ​ធីរិទ្ធ​ ត្រូវ​តុលាការ​រក​ឃើញ​ថា ​ពុំ​មាន​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការ​កាត់ទោស​នោះ​ទេ។

ព្រះវិហារ​ព្រះពុទ្ធ​សាសនា​រាប់ពាន់​ត្រូវ​បាន​វាយ​កម្ទេច​ចោល ​ហើយ​ព្រះសង្ឃ​នឹង​ត្រូវ​ធ្វើ​គុត​ប្រសិន​បើ​មិន​ព្រម​ចាក​សិក្ខាបទ​នោះ​ទេ។ មាន​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​ចម្លោះ​ពី​ ៦៥.០០០​ ទៅ​ ៨០.០០០​អង្គ​នៅ​មុន​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច។

ព្រះតេជគុណ ​ឡៃ ​សុជា​ ព្រះសង្ឃ​គង់​នៅ​វត្ត​នាគវ័ន្ត​នៅ​ភ្នំពេញ​ ដែល​បាន​ចូល​រួម​តាម​ដាន​សវនាការ​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​នេះ​ មាន​សង្ឃដីកា​ថា ​ការ​និយាយ​របស់​លោក​នួន​ ជា​ គឺ​គ្រាន់តែ​ជា​ការ​បិទបាំង​កំហុស​អតីតកាល​តែ​ប៉ុណ្ណោះ។

«ពាក្យ​សម្តី​របស់​គាត់ ​គ្រាន់​តែ​ជា​ការ​ដោះសារ​ទេ​ ព្រោះ​សម័យ​ដែល​គាត់​គ្រប់គ្រង​អំណាច​ហ្នឹង​គាត់​បាន​រំលាយ​ព្រះពុទ្ធ​សាសនា ​រហូត​ដល់​មាន​ការ​ផ្សឹក​ព្រះសង្ឃ រំលាយ​ព្រះពុទ្ធ​រូប​អី។ គាត់​និយាយ​ផ្ទុយ​ស្រឡះ​ពី​គាត់​ធ្វើ»។

នួន ជា ត្រូវ​តុលាការ​ចោទ​សួរ​ចាប់​តាំង​ពី​ព្រឹក​មក​ម្លេះ​គឺ​បន្ទាប់​ពី​ការ​ចោទ​សួរ​សាក្សី ​លោក​ ឡុង ​នរិន្ទ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅ​ក្នុង​ក្រសួង​ការបរទេស។ នួន​ ជា ​នៅ​ពេល​ជិត​បិទ​បញ្ចប់​សវនាការ​នៅ​ថ្ងៃ​នេះ​ ហាក់​ដូច​ជា​បង្ហាញ​ភាព​ក្រេវក្រោធ​ចំពោះ​សហព្រះរាជអាជ្ញា​បរទេស​ដែល​បាន​ចោទ​សួរ​រូប​គាត់​ផ្ទួនៗ​អំពី​វិស័យ​ព្រះពុទ្ធសាសនា​ក្នុង​សម័យ​ខ្មែរក្រហម។ គាត់​បាន​ប្រកាស​ថា ​គាត់​ជឿ​លើ​កម្មពៀរ​ក្នុង​ជាតិ​នេះ​ប៉ុន្ដែ​គាត់​មិន​បកស្រាយ​បន្ថែម​នោះ​ទេ។

អង្គជំនុំ​ជម្រះ​សាលាដំបូង​បាន​ផ្អាក​ការ​កាត់ទោស​នៅ​ល្ងាច​នេះ​ដំណាល​គ្នា​នឹង​ការ​ច្រានចោល​ឯកសារ​ដែល​បង្ហាញ​ដោយ​សហព្រះរាជអាជ្ញា​រង​លោក ដេល លីសាក ពី​សំណាក់​ជន​ជាប់​ចោទ​ នួន ​ជា ហើយ​អង្គជំនុះជម្រះ​សាលាដំបូង​គ្រោង​នឹង​ចាប់​ផ្តើម​សវនាការ​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ៍​ ទី​១០ ​ខែ​មករា ​ឆ្នាំ​២០១២ ​ខាង​មុខ​នេះ៕