រូបភាពជុំវិញពិភពលោក ០៩ វិច្ឆិកា ២០១៦

បុរស​ម្នាក់​ក្នុង​សំលៀកបំពាក់​ទង់ជាតិ​អាមេរិក​ អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ នៅ​តំបន់ Capitol Hill ក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន។

លោកស្រី​ហ៊ីលឡារី គ្លីនតុន​បិទ​ភ្នែក​សញ្ជឹង​បន្តិច​ ស្របពេល​លោកស្រី​និយាយ​ទៅ​កាន់​ក្រុមការងារ​ និង​ក្រុម​អ្នកគាំទ្រ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Manhattan នៃ​បុរី​ញូវយ៉ក។ បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​បាន​​ចាញ់​ការ​បោះឆ្នោត​ទៅ​នឹង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ​ បន្ទាប់​ពី​មាន​ការ​ប្រជែងគ្នា​យ៉ាង​សស្រាក់សស្រាំ។ 

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ​ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ​ ជាមួយ​នឹង​ភរិយា​របស់​លោក​គឺ លោកស្រី Melania និង​គ្រួសារ​ អំឡុង​ពេល​ជួបជុំ​ក្រុម​អ្នក​គាំទ្រ​នៅ​យប់​ថ្ងៃ​បោះឆ្នោត​មួយ​ក្នុង​ក្រុង Manhattan បុរី​ញូវយ៉ក។

បាតុករ​ប្រមូល​ផ្តុំ​ជិត​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក។ 

ប្រជាពលរដ្ឋ​ចូលរួម​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​ការ​​ប្រកាន់​ពូជសាសន៍​ប្រឆាំង​នឹង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោកដូណាល់ ត្រាំ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ឡុងដ៍។

ឈ្មួញ​កណ្តាល​ផ្នែក​មូលប័ត្រ​ម្នាក់​បង្ហាញ​ប្រតិកម្ម​របស់​ខ្លួន ខណៈពេល​កំពុង​ទស្សនា​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ​ ធ្វើការ​ថ្លែង​សុន្ទរកថា​ជ័យជម្នះ​របស់​លោក នៅ​លើ​កញ្ចក់​ទូរទស្សន៍​មួយ​ក្នុង​ផ្សារ​មូលប័ត្រ​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ទង់ជាតិ​អាមេរិក​អាច​ត្រូវ​បាន​ឃើញ​នៅ​កញ្ចក់​បង្អួច​មួយ​នៃ​ស្ថានីយ​អវកាស​អន្តរជាតិ។

យុវនារី​ម្នាក់​ថតរូប​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ​នៅ​ពី​មុខ​ Trump House ដែល​ជា​កម្មសិទ្ធិ​របស់​លោកស្រី Lisa Rossi ក្នុង​ក្រុង Youngstown រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ស្រ្តី​ម្នាក់​ដើរ​នៅ​អំឡុងពេល​ធ្លាក់​ព្រិល​ក្នុង​ក្រុង Stockholm ប្រទេស​ស៊ុយអែត។

អ្នកស្រី​ Sharbat Gula (ខាង​ឆ្វេង) ​ជា «ក្មេងស្រី​អាហ្វហ្គានីស្ថាន​ភ្នែក​ពណ៌​បៃតង» ដែល​រូបថត​នៅ​ឆ្នាំ ១៩៨៥ នោះ​នៅ​ក្នុង​ទស្សនាវដ្តី National Geographic បាន​ក្លាយ​ជា​និមិត្តរូប​មួយ​នៃ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​របស់​អ្នកស្រី។ អ្នកស្រី​បាន​ទទួល​សោរ​អគារស្នាក់​នៅ​ពី​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បន្ទាប់​ពី​អ្នកស្រី​បាន​មក​ដល់​ក្រុង​កាប៊ុល។ មន្រ្តី​ប៉ាគីស្ថាន​បាន​និយាយ​ថា អ្នកស្រី Gula ត្រូវ​បាន​បញ្ជូនម​កកាន់​ប្រទេស​កំណើត​របស់​អ្នកស្រី​វិញ។

ផ្កា​ជា​ច្រើន​ត្រូវ​បាន​ដាក់​ក្នុង​ស្នាម​ប្រេះ​ក្នុង​ជញ្ជាំង​មួយ​អំឡុងពេល​រំឮក​ខួប​លើក​ទី​២៧ នៃ​ការ​ដួលរលំ​ជញ្ជាំង​ប៊ែកឡាំង​ ក្នុង​ប្រទេស​អាល្លឺម៉ង់។

«ត្រចៀក» មួយ​ត្រូវ​បាន​បណ្តុះ​ចេញ​ពី​ដៃ​អ្នក​ជំងឺ​ម្នាក់ ដែល​បាន​បាត់បង់​ត្រចៀក​ខាង​ស្តាំង​របស់​ខ្លួន​នៅ​ក្នុង​គ្រោះថ្នាក់​មួយ នៅ​មន្ទីរ​សហការ​មួយ​នៃ​មហាវិទ្យាល័យ Xi'an Jiaotong ក្នុង​ក្រុង Xi'an ខេត្ត Shaanxi ប្រទេស​ចិន។ 

ស្នាដៃ​សិល្បៈ​នៃ​រូប​ពងទា​ចៀន​យក្ស​ ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ស្នាដៃ​សិល្បៈ «Hecho en Casa» ក្នុង​ក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

អ្នក​កាន់​សាសនាហិណ្ឌូ​អង្គុយ​នៅ​លើ​ឥដ្ឋ​ព្រះវិហារ​មួយ​ដើម្បី​ប្រារព្ធ​ពិធី​ Rakher Upabash ក្នុង​ក្រុង Narayangonj ជិត​រដ្ឋធានី​ដាកា ប្រទេស​បង់ក្លាដេស កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

សត្វ​អូដ្ឋ​ដែលត្រូវ​បាន​តុបតែង​ធ្វើការ​សម្តែង​រាំ​ អំឡុងពេល​ការ​ប្រកួត​មួយ​នៅ​ Pushkar Fair ទី​ដែល​សត្វពាហនៈ​នានា ជាពិសេស​សត្វ​អូដ្ឋ ត្រូវ​បាន​នាំ​មក​យក​លក់​ និង​ជួញដូរ​ក្នុង​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា។

អាជ្ញាកណ្តាល​ត្រួត​ពិនិត្យ​មើល​គោលដៅ​សម្រាប់​ការ​ប្រកួត Ruetlischiessen ក្នុង​រយៈចម្ងាយ ៣០០ ម៉ែត្រ​ នៅ​ទីលាន Ruetli ភាគ​កណ្តាល​ប្រទេស​ស្វីស។

ឧប្បត្តិហេតុ​ដី​បាក់ស្រុត​មួយ​បាន​កើត​ឡើង​នៅ​ត្រង់​ចំណុច​ផ្លូវ​បែក​ជា​បួន​ជិត​ស្ថានីយ Hakata ក្នុង​ក្រុង Fukuoka ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុង​រូបភាព​ផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo។