រូបភាព​ជុំវិញ​ពិភពលោក​ ១៥ វិច្ឆិកា ២០១៨

លំនៅឋាន​​ត្រូវ​បាន​​ឆេះ​កម្ទេច​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅក្រុង Paradise រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ នាយក​ដ្ឋាន​ព្រៃ​ឈើ​និង​ការពារ​អគ្គិភ័យ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ឲ្យ​ដឹង​ថា ភ្លើង​ព្រៃ​ដែល​បំផ្លា​ញ​ទីក្រុង​ Paradise ​ត្រូវ​អាជ្ញាធរ​គ្រប់​គ្រង​បាន​៤០​ភាគ​រយ​ហើយ។

លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អង់គ្លេស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​​អាគារ​រដ្ឋាភិបាល​ 10 Downing Street ក្នុង​ទីក្រុង​ឡុងដ៍។ រដ្ឋ​មន្ត្រី​ទីស្តីការ​ពីរ​រូប​ដែល​រួម​មាន​ទាំង​​រដ្ឋ​លេខាធិការ​ Brexit លោក Dominic Raab​ ផង​នោះ​បាន​លា​ឈប់​ដើម្បី​ជំទាស់​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​បំបែក​ពី​សហភាព​អឺរ៉ុប​របស់​លោក​ស្រី Theresa May។ នេះ​ជា​ព្យុះ​ភ្លៀង​មួយ​ទៅ​លើ​​​លោក​ស្រី Theresa May ក្នុង​ការ​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំ​ទ្រ​នៅ​រដ្ឋ​សភា។

លោក​ Saleh Hassan al-Faqeh កាន់​ដៃ​កូន​ស្រី​អាយុ​៤​ខែ​ដែល​បាន​ស្លាប់​​​នៅ​បន្ទប់​​សម្រាប់​អ្នក​ខ្វះ​​អាហារូបត្ថម្ភ​​​នៃ​មន្ទីរ​ពេទ្យ​ al-Sabeen ក្នុង​ទីក្រុងសាណា ប្រទេស​យេម៉ែន។ អ្នកស្រី Fouad al-Reme គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​នេះ​បាន​និយាយ​ថា កុមារ Hajar នៅ​មាន​ស្មារតី​នៅ​ពេល​នាង​មក​ដល់​មន្ទីរ​ពេទ្យ​ ប៉ុន្តែ​នាង​មាន​សម្ពាធ​អុកស៊ីសែន​ទាប។ អ្នក​ស្រី​និយាយ​ថា៖ «នាង​ហាក់​ដូច​ជា​មាន​ស្បែក​នៅ​​លើ​ឆ្អឹង ដង​ខ្លួន​របស់​នាង​គឺ​ខ្សោយ​ខ្លាំង​ណាស់។

ក្រុម​អ្នក​គាំទ្រ​នាយក​រដ្ឋ​មន្ត្រី​ស្រីលង្កា​ដែល​​ចេញ​ពី​តំណែង​ ស្រែក​គាំទ្រ​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​មួយ​នៅ​ទីក្រុង​កូឡុំបូ។

ក្រុម​អ្នក​រាំ​របាំ​ប្រពៃណី​ពី​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​​ប៉ាពូអាស៊ីនូវែលហ្គីណេ កំពុង​រង់ចាំ​ការ​មក​ដល់​របស់​​ប្រធានា​ធិបតី​ចិន ស៊ីជិនពីង មុន​ពេល​ចាប់​ផ្ដើម​នៃ​ជំនួប​កំពូល​​«កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក» នៅ​រដ្ឋ​ធានី​​ព័រម៉ូរេសប៊ី (Port Moresby) ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ។

ក្រុម​ជន​ចំណាក​ស្រុក​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​​សហរដ្ឋ​អាមេរិក​ កំពុង​មើល​តាម​​ប្រឡោះ​​របង​ការពារ​ព្រំដែន​រវាង​ប្រទេស​ម៉ិកស៊ិក​និង​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង ​Tijuana ​ប្រទេស​ម៉ិកស៊ិក។

ពលរដ្ឋ​ប្រទេស​នីការ៉ាហ្គា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី Daniel Ortega ក្នុង​ពេល​មាន​ជំនួប​កំពូល​ Ibero-American លើក​ទី​២៦ នៅ​ទីក្រុង Antigua Guatemala ប្រទេស​ក្វាតេម៉ាឡា។

លោក Osamu Kitagawa ប្រធាន​ក្រុម​ហ៊ុន ​REAL-f Co ដោះ​ម៉ាស់​មុខ​ដែល​មាន​រូប​ដូច​មុខ​របស់​លោក​​ នៅ​រោង​ចក្រ​របស់​លោក​នៅ​​ក្រុង​ Otsu នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ជប៉ុន។

ផ្លេក​បន្ទោរ​នៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ ក្នុង​ពេល​មាន​ព្យុះ​ភ្លៀង​នៅ​ជិត​ទីក្រុង Ashkelon ប្រទេស​អ៊ីស្រាអែល។

មនុស្ស​ម្នាក់​ដើរកាត់សួន Independence Mall ក្នុង​ពេល​មាន​ធ្លាក់​ព្រិល​នៅ​រដ្ឋ Philadelphia សហរដ្ឋ​អាមេរិក។