រូបភាព​ជុំវិញ​ពិភពលោក ១៤ វិច្ឆិកា ២០១៩

សិស្ស​និស្សិត​ត្រូវ​បាន​នាំ​ចេញ​ពី​វិទ្យាល័យ Saugus បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​បាញ់​ប្រហារ​នៅ​​ទីក្រុង Santa Clarita រដ្ឋ កាលីហ្វ័រញ៉ា។

ក្រុម​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី​បូលីវី លោក Evo Morales កំពុង​ដើរ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​ នៅ​ទីក្រុង​ឡាប៉ាស ប្រទេស​បូលីវី។ លោក Evo Morales បាន​ចុះ​ចេញ​ពី​តំណែង​ ហើយ​បាន​ហោះ​ចេញ​ដោយ​ប្រើ​យន្ត​ហោះ​យោធាទៅកាន់​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​មាន​ស​​ម្ពាធ​ពី​ពួក​យោធា បន្ទាប់​ពី​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ប្រព្រឹត្ត​ការ​គៃ​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​​មុន ដែល​លោក​បាន​អះអាង​ថា លោក​ជា​អ្នក​ឈ្នះសម្រាប់​អាណត្តិ​ទី​៤​របស់​លោក។

មនុស្ស​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ដើរ​ដែល​គេ​ធ្វើ​បណ្ដោះ​អាសន្ន​នៅ​លើ​ទីលាន St. Mark ដែល​ជន់​លិច នៅ​ទីក្រុង Venice ប្រទេស​អ៊ីតាលី។

Omar (ឆ្វេង) និង​ម្ដាយ​របស់​ខ្លួន​ឈ្មោះ Lara ដែល​ជា​កូន​និង​ភរិយា​របស់​លោក Alaa Abu Fakher កំពុង​ចូល​រួម​បុណ្យ​សព Alaa Abu Fakher នៅ ​Choueifat។ លោក Alaa Abu Fakher ​ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​លីបង់ កាល​ពី​ពេល​ធ្វើ​បាតុកម្ម​នា​ពេល​យប់នៅ​ទីក្រុង​បេរូត។

យុវជន​ប៉ាឡេស្ទីន​ឈរ​នៅ​ក្នុង​​រណ្ដៅ​នៃ​អាគារ​ដែល​ត្រូវ​បាន​កម្ទេច បន្ទាប់​ពី​រង​ការ​បាញ់​ដោយ​មីស៊ីល​អ៊ីស្រាអែល​ ​កាល​ពី​យប់​​ម្សិល​មិញ នៅ​តំបន់ Al-Qarara នៅ​ខាង​កើត​​ក្រុង Khan Younis នៃ​តំបន់​ Gaza Strip។

ប៉ូលិស​ម្នាក់​​ចាប់​បាតុករ​ម្នាក់​ក្នុង​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រទេស​ឈីលី ក្នុង​ទីក្រុង​សាន់ត្យាហ្គោ កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៩។

បាតុករ​ម្នាក់​ប្រើ​ជំពាម​កៅស៊ូ​​បាញ់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់​អ៊ីរ៉ាក់​ម្នាក់​ថត​រូប​មុន​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត​វគ្គ​ជម្រុះ​សម្រាប់​បាល់​ទាត់​ពិភពលោក ឆ្នាំ​២០២២ ក្នុង​ជុំ​ទី​២ នៃ​ក្រុម​ C រវាង​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ នៅ​កីឡដ្ឋានអន្តរជាតិ Amman ក្នុង​ទីក្រុង​ អាម៉ាន់ ប្រទេស​ហ្សកដានី។

ក្រុម​អ្នក​ដើរ​ទស្សនា​កោត​សរសើរ​ដល់​សិល្បៈ​ដែល​មាន​ចំណង​ជើង​ថា «ពពក» ដែល​ធ្វើ​​ពី​អំពូល​ចំនួន​៦ពាន់ ក្នុង​ពេល​រៀប​ចំ​សម្រាប់​ពិធី​បុណ្យ​ពន្លឺ Lumiere Durham ក្នុង​ទីក្រុង Durham ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៩។

សត្វ​ក្ងាន​​មួយ​ក្បាល​កំពុង​ហែល​ទឹក​ក្នុង​បឹង Constance ក្រុង Constance ប្រទេស​អាល្លឺម៉ង់។