មន្ត្រីផ្លូវការក្រសួងការពារជាតិកម្ពុជាបានថ្លែងនៅថ្ងៃអង្គារនេះថា ក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា និងកូរ៉េខាងជើងបានពិភាក្សាគ្នានៅក្នុងទីក្រុងភ្នំពេញអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
លោក ផាក ជែហ្គីយ៉ុង (Pak Jae-gyong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសកូរ៉េខាងជើងបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចំនួន៩រូបមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមិនាដើម្បីស្វែងយល់ពីវិស័យការពារជាតិរបស់កម្ពុជា។
លោក ផាក ជែហ្គីយ៉ុង បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ និងមេបញ្ជាការកងទ័ពជាន់ខ្ពស់កម្ពុជា ព្រមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា៖
«គាត់មកទស្សនកិច្ចសំខាន់បំផុតគឺពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្ត្រីការពារប្រទេសកូរ៉េងខាងជើងមកទស្សនកិច្ចនៅកម្ពុជានេះ សំដៅផ្លាស់ប្តូរនូវទស្សនវិស័យខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរ»។
លោកឧត្តមសេនីយ៍ ឯក ឈុំ សុជាតិ បានបញ្ជាក់ថា គណៈប្រតិភូយោធាជាន់ខ្ពស់កូរ៉េខាងជើងបានទស្សនានៅសាលាបច្ចេកទេសមួយចំនួនរបស់កងទ័ពកម្ពុជា ដើម្បីស្វែងយល់ពីវិស័យការពារជាតិរបស់កម្ពុជា។ ដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាជាន់ខ្ពស់កូរ៉េងខាងជើងនេះបានធ្វើឡើង ខណៈដែលកងទ័ពកម្ពុជា និងកងទ័ពថៃនៅតែប្រឈមមុខដាក់គ្នានៅក្នុងតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។
លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីសហប្រតិបត្តិការនិងសន្តិភាព (CICP) បានថ្លែងប្រាប់វីអូអេខ្មែរថា ដំណើរទស្សនកិច្ចរបស់លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងនៅពេលនេះមិនមានផលប្រយោជន៍ដុំកំភួនសម្រាប់កម្ពុជាទេ។ ប៉ុន្តែវាគ្រាន់តែជាការពង្រឹងទំនាក់ទំនងផ្នែកកាទូតប៉ុណ្ណោះ។ លោកវណ្ណារិទ្ធថ្លែងថា៖
«ខ្ញុំគិតថា ទាក់ទងនឹងវិស័យការពារជាតិចំពោះកម្ពុជា ប្រហែលជាយើងមិនសម្លឹងឃើញពីផលប្រយោជន៍ពីប្រទេសកូរ៉េខាងជើងទេ ពីព្រោះប្រទេសកូរ៉េខាងជើងចំពោះមតិ និងការយល់ឃើញរបស់អន្តរជាតិ គឺមិនមានភាពវិជ្ជមានច្រើនទេ។ ការទទួលស្វាគមន៍របស់គណៈប្រតិភូកូរ៉េខាងជើងលើកនេះ គឺជាការបង្ហាញនូវភាពឯករាជ្យមួយរបស់កម្ពុជាក្នុងវិស័យនយោបាយការបរទេសតែប៉ុណ្ណោះ»។
ស្រដៀងគ្នានេះដែរ លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានបញ្ជាក់ប្រាប់វីអូអេខ្មែរថាដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងនេះអាចនឹងជួយធ្វើឱ្យមានផ្លែផ្កាដល់វិស័យការពារជាតិកម្ពុជានៅពេលអនាគ។
«យើងគិតផលប្រយោជន៍របស់យើង។ យើងទាក់ទងជាមួយប្រទេសកាន់តែច្រើនកាន់តែល្អដើម្បី បន្សាបឥទ្ធិពលប្រទេសឯទៀត។ បើយើងមានទំនាក់ទំនងកាន់តែច្រើន យើងអាចបន្សាប់ឥទ្ធិពលនោះបាន»។
គណៈប្រតិភូយោធាជាន់ខ្ពស់កូរ៉េខាងជើងបានមកទស្សនកិច្ចកម្ពុជាលើកទីមួយនៅក្នុងឆ្នាំ១៩៩៥ ហើយទស្សនកិច្ចលើកនេះជាទស្សនកិច្ចលើកទីពីរចាប់តាំងពីឆ្នាំ១៩៩៥៕