លោក Daryl Kimball នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងអាវុធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថា៖ «កិច្ចការលំបាកមិនទាន់ចាប់ផ្ដើមនៅឡើយទេ ហើយវានឹងត្រូវការការប្រឹងប្រែងជាបន្តរហូតពីសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន និងកូរ៉េខាងជើង។ វាគឺជាដំណើរការមួយដែលនឹងត្រូវការពេលជាច្រើនឆ្នាំដើម្បីបញ្ចប់រួចរាល់»។
កន្លងមក លោក Trump បាននិយាយថា លោករំពឹងថានឹងទទួលបាន «លទ្ធផលវិជ្ជមានបំផុត» ពីកិច្ចប្រជុំនុយក្លេអ៊ែរកូរ៉េខាងជើងនេះ ប៉ុន្តែលោកក៏បាននិយាយផងដែរថា នេះទំនងគ្រាន់តែជាពេលចាប់ផ្ដើមនៃដំណើរការដោះស្រាយភាពខុសគ្នាពាក់ព័ន្ធនឹងការលុបចោលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដំណើរការដោះស្រាយនៃលក្ខខណ្ឌជាក់លាក់មួយចំនួនទាក់ទិននឹងការដកទណ្ឌកម្ម ក៏ដូចជាការផ្ដល់ជំនួយសេដ្ឋកិច្ច និងការធានាសន្តិសុខដល់ប្រទេសកូរ៉េខាងជើងតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Jim Mattis បាននិយាយកាលពីថ្ងៃទី ៣ ខែមិថុនាថា ប្រទេសកូរ៉េខាងជើងអាចទទួលបានការដកទណ្ឌកម្មចេញតែបន្ទាប់ពីប្រទេសនេះចាត់ «វិធានការដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចកែប្រែបានដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន» តែប៉ុណ្ណោះ។
គោលជំហរនេះគឺស្រដៀងទៅនឹងគោលជំហររបស់រដ្ឋាភិបាលលោក Kim Jong Un ដែលថា វិធានការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរ និងការធ្វើសម្បទានត្រូវតែផ្គូផ្គងគ្នាទៅវិញទៅមក។ ប៉ុន្តែ គោលជំហរនេះហាក់ដូចជាខុសពីការទាមទាររបស់សមាជិកមួយចំនួននៃក្រុមសន្តិសុខជាតិរបស់លោកប្រធានាធិបតី Trump ដែលចង់ឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងលុបចោលដោយឯកតោភាគីឲ្យបានឆាប់រហ័សនូវរាល់អាវុធប្រល័យលោករបស់ខ្លួនទាំងអស់ មុនពេលការធ្វើសម្បទានណាមួយត្រូវបានធ្វើឡើង។
ការចំណាយលើការលុបចោលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ប្រទេសកូរ៉េខាងជើងត្រូវគេប៉ាន់ប្រមាណថាមានក្បាលគ្រាប់នុយក្លេអ៊ែរពី ២០ ទៅ ៨០ មានកន្លែងស្រាវជ្រាវ និងផលិតនុយក្លេអ៊ែរទាំងបើកចំហ និងសម្ងាត់មួយចំនួន និងមានគ្រាប់ផ្លោងមីស៊ីលរាប់ពាន់គ្រាប់ដែលអាចបាញ់បានដោយបញ្ជាចេញពីយានចល័ត និងឧបករណ៍បាញ់មីស៊ីលចេញពីនាវាមុជទឹកដែលធ្លាប់បានសាកល្បងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ដោយសារតែមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ច្រើនបែបនេះ វាអាចចំណាយអស់ ២០ ពាន់លានដុល្លារអាមេរិកដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងឲ្យបានទាំងស្រុង ដោយមិនអាចកែប្រែបាន និងអាចផ្ទៀងផ្ទាត់បាន។
នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះ ដែលធ្វើឡើងដោយលោក Kwon Hyuk Chul សាស្ត្រាចារ្យយុទ្ធសាស្ត្រសន្តិសុខនៃសាកលវិទ្យាល័យ Kookmin ប្រទេសកូរ៉េខាងត្បូង។
លោក Kwon Hyuk Chul បានផ្អែកការវាយតម្លៃរបស់លោកមួយផ្នែកលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីអតីតកាលជាមួយនឹងប្រទេសកូរ៉េខាងជើង និងលើបទពិសោធន៍របស់ប្រទេសអ៊ុយក្រែននៅក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីសហភាពសូវៀតបានដួលរលំនៅក្នុងទសវត្សរ៍ ១៩៩០។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «នៅក្នុងដំណើរការលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រទាំងអស់ដែលអ៊ុយក្រែនមាន ត្រូវបានផ្ទេរទៅឲ្យប្រទេសរុស្ស៊ី និងត្រូវបានបំផ្លាញចោលនៅទីនោះ។ ដើម្បីធ្វើដូច្នេះ សហរដ្ឋអាមេរិកបានផ្ដល់កុងតឺនឺរធំៗ និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីជួយដល់ការលុបចោលកម្មវិធីនុយក្លេអ៊ែរនោះដោយសុវត្ថិភាព»។
ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Kookmin បានប៉ាន់ប្រមាណថា វាអាចចំណាយអស់ ៥ ពាន់លានដុល្លារអាមេរិកដើម្បីបំផ្លាញចោលឃ្លាំងអាវុធនុយក្លេអ៊ែរ និងកន្លែងផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Kwon Hyuk Chul បាននិយាយថា ថវិកា ៥ ពាន់លានដុល្លារអាមេរិកទៀត គឺត្រូវការដើម្បីបំពេញតាមការសន្យារបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ១៩៩៤ ជាមួយនឹងប្រទេសកូរ៉េខាងជើង ដើម្បីសាងសង់រ៉េអាក់ទ័រប្រើទឹកស្រាលពីរគ្រឿង ដើម្បីបង្កើតថាមពលអគ្គិសនី។
ថវិកា ១០ ពាន់លានដុល្លារអាមេរិកទៀតគឺសម្រាប់ជំនួយសេដ្ឋកិច្ច។ ថវិកានេះគឺត្រូវការដើម្បីធ្វើជាការលើកទឹកចិត្តបញ្ចុះបញ្ចូលថ្នាក់ដឹកនាំកូរ៉េខាងជើងឲ្យលះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន និងដើម្បីជួយផ្ទេរកម្មករនុយក្លេអ៊ែរចន្លោះពីជាង ៣ ពាន់ទៅ ១ ម៉ឺននាក់ ឲ្យទៅធ្វើការវិជ្ជាជីវៈផ្សេងៗនៅពេលដែលប្រទេសកូរ៉េខាងជើងមានសន្តិភាព។
លោក Trump បាននិយាយកាលពីពេលថ្មីៗនេះថា លោកមិនរំពឹងថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយរដ្ឋាភិបាលណាមួយនោះទេ ប៉ុន្តែសហរដ្ឋអាមេរិកអាចផ្ដល់ជាការវិនិយោគឯកជន ប្រសិនបើប្រទេសកូរ៉េខាងជើងលះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោក Kim Jong Un គួរតែងាកទៅរកប្រទេសកូរ៉េខាងត្បូង និងចិន ដើម្បីសុំជំនួយសេដ្ឋកិច្ចដោយផ្ទាល់ណាមួយ។
គម្រោងលុបបំបាត់នុយក្លេអ៊ែរ
របាយការណ៍កាលពីពេលថ្មីៗនេះរបស់សាកលវិទ្យាល័យ Stanford បានប៉ាន់ស្មានថា វាអាចចំណាយពេលជាង ១០ ឆ្នាំ ដើម្បីលុបចោលជារៀងរហូតនូវកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
របាយការណ៍សិក្សាស្រាវជ្រាវលំអិតអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនេះត្រូវបានធ្វើឡើងដោយលោក Siegfried Hecker អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនៃសាកលវិទ្យាល័យ Stanford ដែលធ្លាប់បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីអតីតកាលដើម្បីវាយតម្លៃកម្មវិធីភ្លុយតូនីញ៉ូមរបស់ប្រទេសនេះ លោក Robert Carlin អតីតអ្នកវិភាគកិច្ចការកូរ៉េរបស់ទីភ្នាក់ងារ CIA និងលោក Elliot Serbin ដែលជាអ្នកស្រាវជ្រាវ។
អ្នកស្រាវជ្រាវទាំង ៣ រូបនេះ បានលើកឡើងពីផ្នែកជាក់លាក់មួយចំនួនដែលតម្រូវឲ្យផ្ទៀងផ្ទាត់ដោយអ្នកត្រួតពិនិត្យមកពីក្រៅ ដែលក្នុងនោះមានដូចជា សារធាតុភ្លុយតូនីញ៉ូមដើម្បីបំបែកនុយក្លេអ៊ែរ សារធាតុ tritium សម្រាប់គ្រាប់បែកអ៊ីដ្រូហ្សែនដែលបន្សំមកពីសារធាតុយ៉ាងតិចពីរ សារធាតុអ៊ុយរ៉ាញ៉ូមដែលមានគុណភាពខ្ពស់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ មីស៊ីលដែលបាញ់បានរយៈចម្ងាយវែង មធ្យម និងខ្លី ម៉ាស៊ីនសម្រាប់សាកល្បង និងយានបង្ហោះមីស៊ីលទៅលើដែនអវកាសជាដើម។
អ្នកនិពន្ធទាំងនេះបានស្នើដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ ៣ ដំណាក់កាល ដែលអាចរារាំង ឬក៏ដាក់កំហិតចំពោះសកម្មភាពបន្ថែមទៀតនៅក្នុងឆ្នាំដំបូង លុបចោលកម្មវិធីនុយក្លេអ៊ែរនៅក្នុងរយៈពេល ៥ ឆ្នាំ និងលុបបំបាត់ជាអចិន្ត្រៃយ៍នូវសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅក្នុងរយៈពេល ១០ ឆ្នាំ៕
ប្រែសម្រួលដោយ ភី សុភាដា