មន្រ្តីបោះឆ្នោតនៅរដ្ឋ North Dakota ភាគកណ្តាលសហរដ្ឋអាមេរិក និយាយថា បេក្ខជនគណបក្សសាធារណរដ្ឋម្នាក់ ដែលបានស្លាប់ដោយសារការឆ្លងជំងឺកូវីដ១៩ កាលពីខែតុលា បានជាប់ឆ្នោតទទួលបានអាសនៈជាសមាជិកសភារបស់រដ្ឋ North Dakota។
លោក David Andahl អាយុ ៥៥ ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វម្នាក់ដែលធ្លាប់បានបម្រើការក្នុងគណៈកម្មការរៀបចំដីធ្លីនិងផែកការនៃស្រុករបស់លោក ហើយលោកបានឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងជាសមាជិកសភាក្នុងសង្កាត់ទី ៨ នៃរដ្ឋនេះ។
ក្រុមគ្រួសាររបស់លោកបានបង្ហោះក្នុងបណ្តាញហ្វេសប៊ុកថា បេក្ខជនរូបនេះមានជំងឺផ្សេង មុនពេលលោកឆ្លងឆ្លងជំងឺកូវីដ១៩នោះ។
មន្ត្រីបោះឆ្នោតបានទុកឈ្មោះរបស់លោក Andahl នៅក្នុងសន្លឹកឆ្នោត បន្ទាប់ពីអគ្គរដ្ឋអាជ្ញារដ្ឋ North Dakota និយាយថា ប្រសិនបើលោកឈ្នះឆ្នោត នោះអ្នកជំនួសលោកអាចត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមួយ ឬអ្នកបោះឆ្នោះអាចសុំឲ្យមានការបោះឆ្នោតពិសេសមួយ។
លោក Andahl បានឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលដែលរដ្ឋ North Dakota ទទួលរងការឆ្លងផ្ទុះខ្លាំងបំផុតមួយនៃជំងឺកូវីដ១៩ ក្នុងពេលកន្លងទៅ៕