អ្នក​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ​អំពាវ​នាវ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល

រូបឯកសារ៖ រ៉ឺម៉ក​កង់​បី​កំពុង​រង់​ចាំ​ដឹក​ភ្ញៀវជាតិ​និង​អន្តរជាតិ​ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

​វ៉ាស៊ីនតោន — តំណាង​ក្រុម​ពលរដ្ឋ​ប្រកបរបរ​ក្រៅប្រព័ន្ធ​ស្នើ​ឱ្យរដ្ឋាភិបាល​កម្ពុជា​យក​ចិត្តទុកដាក់​ដល់​ជីវភាព​របស់​ពួកគេ ​ក្នុងពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​នានា​បាន​ធ្លាក់ចុះ ដោយសារតែ​ការ​ភ័យខ្លាច​ជំងឺកូវីដ​១៩។​

សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​មាន​សមាជិក​ជាង ២០០០​នាក់ ជា​អ្នក​រត់ម៉ូតូឌុប និង​រ៉ឺម៉ក​កង់បី ស្នើឱ្យ​រដ្ឋាភិបាល​ផ្តល់ជា​កញ្ចប់​ថវិកា​ខ្លះ ដើម្បី​ដោះស្រាយ​តម្រូវការ​ចាំបាច់​ដែល​មាន​ដូចជា​អាហារ​ប្រចាំ​ថ្ងៃ​និង​ថ្លៃសាំង។

លោក​ សុខ ឈុនអឿង អនុប្រធាន​សមាគម​កម្មករ​កម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​បញ្ជាក់ ​ប្រាប់​វីអូអេ​ កាលពីថ្ងៃ​ពុធ​ ថា៖ «ក្នុងពេល​កន្លងមក​ គឺ​ជា​យុទ្ធសាស្ត្រ​ល្អ​របស់​សម្តេច​នាយក ​ដែល​បាន​ជួយ​សមាគម​ស៊ីក្លូ​ ហើយអ្វី​ដែល​យើង​មើល​ឃើញ​ល្អ​ គឺ​ចង់ឱ្យ​ជួយ​មក​បងប្អូន​ក្រៅ​ប្រព័ន្ធ​ ជាពិសេស​អ្នក​រត់ម៉ូតូឌុប ក៏ដូចជា​អ្នក​រត់​រ៉ឺម៉ក»។

ការ​អំពាវនាវ​របស់​លោក ឈុន អឿង ​ធ្វើឡើង​ក្នុងពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុងតែ​ត្រៀម​លក្ខណៈ​ទប់​ទល់​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា ដោយ​បាន​ចាត់​វិធានការ​បិទ​ក្លឹប​កំសាន្ត សាលារៀន និង​ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ជាដើម។ វិធានការ​ដ៏​តឹង​រ៉ឹងនេះ​ដើម្បី​បង្កា​ការ​ឆ្លងវីរុស​នៅ​កម្រិត​សហគមន៍ ​ជាពិសេស​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។​

អ្នក​ប្រកប​របរ​រត់​រ៉ឺម៉ក និងម៉ូតូឌុប ខ្លះ​ក៏​បាន​ផ្អាក​ការងារ​ដោយ​ខ្លួនឯង​ផង​ដែរ​ ដោយ​ព្រួយបារម្ភ​ពី​សុខភាព​ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សុខ ឈុនអឿង។

លោក​ ឈុនអឿង ​បាន​បន្ថែម​ថា៖ «ការ​ជួយ​មាន​ដូចជា​ផ្តល់​ថ្លៃសាំង​ថ្លៃបាយ ​តាមរយៈ​សមាគម តាមរយៈ​សហជីព​ ដើម្បី​ជួយ​កាត់​បន្ថយ​ពួកគាត់ ​ក្នុងការ​គេចផុត​ពី​កូវីដ​ ពីព្រោះ​ពួកគាត់​មួយ​ចំនួន​ធំ​អត់ហ៊ាន​ចេញ​ប្រកប​មុខ​របរ​ព្រោះ​គាត់​ខ្លាច​ការ​ឆ្លង​មេរោគ​កូវីដ ១៩​នេះ​ដែរ»។​

ប្រទេស​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ ១១៩នាក់​ ភាគច្រើន​នៃ​ចំនួន​នេះ ​គឺជា​ទេសចរ​បរទេស​ដោយ​រួមទាំង​ជនជាតិ​បារំាង ​និង​អង់គ្លេស​ផងដែរ។ ​ក្នុង​ចំណោម​នេះ ​គឺ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ​៧២​នាក់ ហើយ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឆ្លង​កម្រិត​សហគមន៍​នៅ​ឡើយ​ទេ។​ នេះបើ​តាម​ការ​បញ្ជាក់របស់​ក្រសួង​សុខាភិបាល។​

កាលពីដើម​សប្តាហ៍​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជាក់ថា រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​ដោះស្រាយ​អ្នក​ប្រកប​របរ​កក្រៅប្រព័ន្ធទេ។

«រដ្ឋាភិបាល​ទៅមិន​រួចទេ ​និយាយ​ដោយត្រង់។ គ្រាន់តែ​អ្នក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នេះ ​រដ្ឋាភិបាល​ស្ទើរតែ​រកលុយ​មិនបាន​ទៅ​ហើយ។ បន្ថែម​ទៅ​ដោយ​តាំងពី​អ្នករត់​ម៉ូតូឌុប​ តាំងពី​អ្នករត់​ឡាន​ឈ្នួល​អីទៀត​ងាប់​រដ្ឋាភិបាល​ហើយ»។

យ៉ាងណាក៏ដោយ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ជួយ​ដល់​អ្នក​ក្រីក្រ​ទូទៅ​ដោយ​មិន​សំដៅ​តែ​លើអ្នក​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ​ទេ។

លោក ហ៊ុន សែន​បាន​ឆ្លើយ​បន្ថែម​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា៖

«អ្នក​ដែលមាន​បណ្ណ​ក្រីក្រ​រដ្ឋ​នឹង​ធ្វើ​អន្តរាគមន៍​ប៉ុន្តែ​ដូច​ដែល​ក្មួយ​សួរ​មក​ពូ​ថា​អ្នក​ដែល​រត់ម៉ូតូឌុប​គាត់​ត្អូញត្អែរ​ទៅ​តើ​មាន​រដ្ឋ​ប៉ះប៉ូវ​ទេ។ លក់​ម៉ូតូ​សិន​ទៅ​ទិញ​អង្ករ​ស៊ី​សិន»។

​អ្នក​ប្រកបរបរ​រត់​ម៉ូតូឌុប​ត្រូវបាន​ចាត់ទុក​ថា ជា​ក្រុម​ងាយ​រងគ្រោះ​ដោយសារ​តែ​ពួកគេ​រក​ចំណូល​បាន​មួយ​ថ្ងៃ​សម្រាប់​មួយថ្ងៃ​ដោយ​មាន ប្រាក់​សន្សំ​តិចតួច​ខ្លះ​សម្រាប់​បង់​រំលោះ​ម៉ូតូ​ដែល​ពួកគេ​បាន​ខ្ចី​បុល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទិញ​ប្រកប​ការងារ។​

លោក សុខ ឈុនអឿង ​បាន​បន្ថែម​ថា៖ «តាម​ពិត​កម្មករ​ក្រៅ​ប្រព័ន្ធ គាត់​មិន​អាច​ទៅ​លក់​មូ៉តូ ហើយ​ទៅទិញ​អង្ករ​ដូច​ប្រសាសន៍​របស់​សម្តេច​បាន​ទេ​ពីព្រោះ​តាម​ធម្មតា​គាត់​អាច​លក់​ពីម៉ូតូថ្មី​ទៅ​ទិញ​ម៉ូតូចាស់​ក៏​អាច​បាន។ ប៉ុន្តែ បើលក់​ម៉ូតូទិញ​ស្រូវទុក​ហូប គឺ​មិនអាច​ទេ»។​

មួយថ្ងៃ​ក្រោយមក​អាជ្ញាធរ​កម្ពុជា​បាន​បញ្ជាក់​ថា​ប្រសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី គឺ​គ្រាន់តែជា​ការ​លេងសើច​ប៉ុណ្ណោះ​ហើយបាន​ចាប់​ឃាត់​ខ្លួន​និពន្ធ​នាយក​សារព័ត៌មាន​តាម​អនឡាញ​ម្នាក់​ឈ្មោះ​សុវណ្ណ រិទ្ធី នៃ​ស្ថាប័ន​ TVFB ដែល​បាន​សរសេរ​ដកស្រង់​ប្រសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី។​

តុលាការក៏បាន​ចោទ​អ្នក​សារព័ត៌មាន​នោះ​ពី​បទ​ញុះញ៉ង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាថ៍។ រីឯ​ក្រសួងព័ត៌មាន​ក៏​បាន​ដក​អាជ្ញាបណ្ណ​របស់​ស្ថាប័ន​នោះផងដែរ។​

អតីត​គណបក្ស​ប្រឆាំង​បានរិះគន់​ចំពោះ​ការ​មិន​យកចិត្តទុកដាក់​នេះ ដោយ​បន្ថែម​ថា​អ្នករត់​ម៉ូតូឌុប​ខ្លះ គឺជា​មន្ត្រី​រាជការ​ដែល​ឆ្លៀត​ពេល​រក​ចំណូល​បន្ថែម​ក្រៅពីម៉ោង​ធ្វើការ​រដ្ឋ​ក៏​ព្រោះ​តែ​ជីវភាព​ខ្វះខាត។​

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​វីអូអេ​ថា​ពេលនេះ​មិន​មែន​ជា​ការ​លេងសើច​ទេ​ហើយ​បើទោះបី​ជា​លេង​សើច​ក៏ដោយ​ក៏​មិន​អាច​ជៀសផុត​ពី​ទំនួល​ខុសត្រូវ​ក្នុង​ការ​ដាក់ចេញ​នូវ​គោល​ការណ៍​ជួយ​ពលរដ្ឋ​ដែរ។

«លេង​ក៏ដោយ មិនលេង​ក៏ដោយ សូម​បញ្ចេញ​ថវិកា​ដែល​លោក​មានប្រសាសន៍​ថា មាន​ដល់​៨០០លាន ២០០០លាន​យក​មកប្រើ​មក​ហេតុអ្វី​បាន​ជា​ឱ្យ​ពលរដ្ឋ​ខ្លួនឯង​គាត់​ទៅរក​លក់ស្រែ​លក់​ចម្ការ​លក់​ម៉ូតូឌុប​យក​មក​ទិញ​អង្ករ​ចិញ្ចឹមជីវិត​ទៅវិញ។ នោះ​វា​មិន​ត្រឹមត្រូវ»។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​បាន​លើកឡើង​ថា​ដោយសារតែ ហេតុផល​កម្ចាត់​ជំងឺកូវីដ​១៩​គឺ​រដ្ឋ​ជាច្រើន​បាន​ដាក់​កំហិត​លើ​សិទ្ធិ​ពលរដ្ឋ​សាមញ្ញ ដោយ​ធ្វើបាប​អ្នក​រិះគន់​និង​ពង្រឹង​អំណាច​ខ្លួន​បន្ថែម។ អង្គការ​នេះ​ក៏​បាន​ស្នើ​ឱ្យ​ដោះលែង​អ្នក​សារព័ត៌មាន​នោះ៕