ស្របពេលដែលមេដឹកនាំប្រទេសកម្ពុជាលោកហ៊ុនសែននិងមេដឹកនាំប្រទេសថៃ អាប់ភីស៊ីត វីចាជីវ៉ាគ្រោងនឹងជួបប្រជុំគ្នាលើកទីមួយក្នុងរយៈពេលមួយឆ្នាំ នៅក្នុងទីក្រុង New York ចុងសប្តាហ៍នេះ មន្ត្រីគណបក្សជំទាស់នឹងអ្នកជំនាញការខាងព្រំដែនបានទទូចថា កម្ពុជាមិនត្រូវមានសម្បទានណាមួយជាមួយថៃទេទាក់ទងនឹងដំណោះស្រាយរឿងព្រំប្រទល់ដែន។
សភាប្រទេសថៃមិនបានអនុម័តកំណត់ហេតុកិច្ចប្រជុំចំនួនបីដែល គណៈកម្មាការព្រំដែននៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែននិង ដំណើរការបោះបង្គោលព្រំដែន ដែលបង្កឲ្យបញ្ហាជម្លោះព្រំដែន មានភាពតានតឹងនៅតាមបណ្តោយព្រំដែន។ មន្ត្រីជំនាញការផ្នែកព្រំដែននិងមន្តី្រយោធាជាន់ខ្ពស់កម្ពុជាបាននិយាយថា ប្រទេសថៃ បានដឹងខ្លួនថាមិនអាចតវ៉ាអ្វីតាមផ្លូវច្បាប់លើឆាកអន្តរជាតិឲ្យឈ្នះភាគីកម្ពុជាបានទេ ដូច្នេះថៃអាចនៅតែបង្ខំឲ្យកម្ពុជាធ្វើសម្បទានព្រំដែននេះ នៅតំបន់ផ្សេងៗដែលកម្ពុជានិងថៃចោទប្រកាន់គ្នាពីការរំលោភបំពានចូលបូរណភាពទឹកដីទៅវិញទៅមក ដោយចាប់ផ្តើមពីតំបន់ក្បែរប្រាសាទព្រះវិហារ នៅពេលដែលកម្ពុជានៅបន្តចរចាទ្វេភាគី។
លោកស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង បាន ថ្លែងថា ប្រសិនបើកម្ពុជាធ្វើសម្បាទានឲ្យថៃ នោះកម្ពុជានឹងកាន់តែបាត់បង់ទឹកដីព្រោះកម្ពុជាបានបាត់បង់ច្រើនហើយនៅតាមទល់ដែនជាង៨០០គីឡូម៉ែត្រនៃប្រទេសទាំងពីរ។
"ធ្វើសម្បទានហ្នឹង ទៅអត់រួចទេ យើងវាអស់ច្រើនហើយណា! យើងអស់វាច្រើន ហើយ ពួកសៀម វាយកដូចខ្ញុំជំរាបហ្នឹង ដូចភ្នំឆ័ត្រ ភ្នំអីអញ្ចឹងទៅវា(ថៃ) យករួច ហើយណា! ហើយហ្នឹងយើងធ្វើសម្បទានស្អីទៀត? វា(ថៃ)ចង់បានស្អីទៀត? ប្រាសាទតាមាន់ ប្រាសាទស្អីហ្នឹងវាចង់មកយកទៀតហើយណា! បើសិនណាយើងឲ្យសម្បទានវា គឺថាវាមិនចេះចប់ទេ"។
លោកថ្លែងថាកម្ពុជាស្ថិតនៅក្នុងមូលដ្ឋានល្អផ្នែកច្បាប់ដែលគួររកវិធីបញ្ចប់បញ្ហាឲ្យបានឆាប់តាមរយៈសិទ្ធិសញ្ញាក្រុងបារីស និងតាមរយៈតុលាការអន្តរជាតិ ដើម្បីបកស្រាយឲ្យបានច្បាស់ពីទឹកដីក្បែរតំបន់ប្រាសាទព្រះវិហារ ដើម្បីបញ្ចប់ការភាន់ច្រឡំរបស់ថៃ។
"ប្តឹងតុលាការហ្នឹងគឺមិនមែនប្តឹងទេ គឺថាឲ្យតុលាការហ្នឹងបកស្រាយបញ្ជាក់បន្ថែម តែប៉ុណ្ណឹងទេ"។
រឿងក្តីប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃបានចប់សពគ្រប់ជាមួយនឹងសាល ក្រមតុលាការអន្តរជាតិក្រុងឡាអេដែលបានសម្រេចឲ្យកម្ពុជាឈ្នះក្តីហើយគ្រប់គ្រងប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ផ្អែកតាមផែនទីស្របច្បាប់អន្តរជាតិក្នុងឆ្នាំ១៩០៤។ ប្រទេសថៃមិនបានតវ៉ារឿងប្រាសាទព្រះវិហារមែន តែ នៅតវ៉ារឿងដីក្បែរបរិវេណប្រាសាទព្រះវិហារថាជាតំបន់ត្រួតស៊ីគ្នា ឬតំបន់សដែលថៃអះអាងថា គ្មានភាគីណាមួយជ្រៀតជ្រែក កែទម្រង់អ្វីបានផ្អែកតាម អនុស្សារណៈនៃការយោគយល់គ្នា ឬ MOU ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាជាមួយថៃកាលពីឆ្នាំ២០០០។
ប្រទេសកម្ពុជានិងថៃមានបញ្ហាតានតឹងផ្នែកយោធានិងការទូតមួយឆ្នាំចុងក្រោយដោយសារតែកម្ពុជាដាក់ប្រាសាទព្រះវិហាររបស់ខ្លួនចូលក្នុងបញ្ជីរបេតិកភ័ណ្ឌ ពិភពលោក និងរៀបចំគម្រោងការគ្រប់គ្រងប្រាសាទព្រះវិហារដែលថៃចាត់ទុកថា គម្រោងការនោះគឺអាចធ្វើឲ្យបាត់បង់ទឹកដីថៃលើតំបន់ត្រួតស៊ីគ្នា៤.៦គីឡូម៉ែតក្រឡា តែមន្ត្រីកម្ពុជាអះអាងថាថៃប្រើប្រាស់ផែនទីឯកតោភាគីដើម្បី កំណត់ខ្លួនឯង ដោយមិនគោរពផែនទីអន្តរជាតិដែលមេដឹកនាំថៃជំនាន់មុនធ្លាប់ទទួលស្គាល់។ប្រទេសទាំងពីរបានចរចាបញ្ហាព្រំដែនជាមួយគ្នាមិនចេះចប់មិនចេះហើយ។ កម្ពុជាស្តីបន្ទោសថៃថាគ្មានរដ្ឋបាលមានលំនឹង យករឿងព្រំដែនជាបញ្ហាកេញចំណេញនយោបាយ។ ឯថៃវិញ បានចោទប្រកាន់ថាកម្ពុជាលើបញ្ហាមួយចំនួនរួម ទាំងការមិនគោរពកិច្ចព្រមព្រៀងទ្វេភាគីឬ MOU ឆ្នាំ២០០០។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីក្រុង Seattle រដ្ឋ Washington កាលពីថ្ងៃអង្គារ ក្នុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសអាមេរិកនៅឡើយនេះ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអះអាងថា លោក ហ៊ុន សែន គួរបញ្ជាក់ជាមួយមេដឹកនាំថៃជាចុងក្រោយហើយក្នុងជំនួបប្រជុំនៅទីក្រុង New York ដើម្បីកុំឲ្យមានការអូសបន្លាយបញ្ហាព្រំដែនតទៅទៀត។
"ហើយខ្ញុំមិនចង់ឃើញទឹកដីខ្មែរបាត់បង់ហើយបាត់បង់ទៀត ដោយសារការ សម្បទាន ហើយឲ្យបាត់បង់ទឹកដីទេ យើងត្រូវយកគោលការណ៍ច្បាប់ ផែនទីអន្តរជាតិ ទាំងអស់ ជាមូលដ្ឋានវិញបាទ"។
លោក កឹម សុខាថ្លែងដូច្នេះដោយលោកយល់ថា ដើម្បីជៀសវាងនូវអំពើហិង្សា។
ទោះជាយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធានគណៈកម្មាការ ព្រំដែនកម្ពុជាបានថ្លែងថាកម្ពុជានឹងមិនធ្វើសម្បាទានណាមួយជាមួយថៃទេ ព្រោះតុលាការក្រុងឡាអេបានសម្រេចច្បាស់លាស់អស់ហើយ។
"អត់សម្បទានទេទោះជានៅតំបន់ប្រាសាទព្រះវិហារក៏យើងអត់មានធ្វើសម្បទាន យើងយកអ្វីដែលជាសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេយកមកអនុវត្តអ្វីដែលផែនទីផ្លូវការណ៍ ដែលតុលាការលោកយកមកជាផ្នែកមួយនៃដំណោះស្រាយ តាមសិទ្ធិសញ្ញា អនុសញ្ញាឆ្នាំ១៩០៤ ទៅហើយ ដូច្នេះមានអីនឹង តថ្លៃគ្នាកើត អត់មានអីតថ្លៃទេ យើងមិនមែនជាអ្នកលក់ព្រំទេណា! ពាក្យបារាំងថា អ្នកលក់ព្រំហ្នឹង វាមិនកើតទេ យើងមិនមែនអ្នកលក់ព្រំទេ ដូច្នេះថៃចង់ធ្វើអ្នកលក់ព្រំ ក៏ធ្វើតែគាត់ទៅ កុំតថ្លៃជាមួយយើងឲ្យសោះ យើងមិនមែនជាអ្នកលក់ព្រំទេបាទ"។
លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែមពីជំហររបស់លោកចំពោះបញ្ហាដែលកើត ឡើងនៅប្រាសាទតាមាន់ដែលមានការប្រទាញប្រទង់គ្នាពេលខ្លះនោះយ៉ាង ដូច្នេះទៀតថា៖
"រួចនៅខាងប្រាសាទតាមាន់ក៏អញ្ចឹងដែរដូចខ្ញុំជម្រាបអញ្ចឹងយើងមានឯកសារ ត្រឹមត្រូវពេញច្បាប់ផ្លូវការទៅទៀត ជាច្បាប់ដើមទៅទៀត ដូច្នេះពិបាកហ្នឹងថៃដែលថា គាត់មិនទទួលស្គាល់ បើគេដាក់ក្នុងដីខ្មែរទៅហើយ ព្រោះប្រាសាទតាមាន់មានបី តាមាន់ធំ តាមាន់តូច តាគ្រៀល ដូច្នេះអាហ្នឹងពិបាកគាត់និងតថ្លៃម៉េចកើត ជំហរយើងនៅតែដដែល អត់មានកិច្ចការអ្វីធ្វើជាសម្បទានឲ្យទេ នេះជាទឹកដីរបស់យើង ជាខ្សែព្រំដែនដែលកំណត់រួចហើយ ហើយនិងជាប្រាសាទដែលដាក់ក្នុងទឹកដីយើងរួចទៅហើយដូចជាប្រាសាទព្រះវិហារ ក៏ដូចជាប្រាសាទតាមាន់ដែរបាទ តាមាន់ធំ តាមាន់តូច ស្ថិតក្នុងទឹកដីខ្មែរ រឿងអីយើងធ្វើសម្បទាន ឲ្យគេ ដើម្បីបានដំណោះស្រាយ អាហ្នឹងយើងអត់ធ្វើទេបាទ"។
ទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍យោធាខ្មែរម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌ មិនឲ្យបញ្ចេញអត្តសញ្ញាណ បានចោទប្រកាន់ប្រទេសថៃថាបានទន្រ្ទានចូលទឹកដីកម្ពុជា៤០០ម៉ែត្រក៏មាន ១០០ម៉ែត្រក៏មាន ២០០ម៉ែត្រក៏មាន ១គីឡូម៉ែតក៏មាន ដូចជានៅភាគខាងជើងនិងភាគពាយ័ព្យនៃប្រទេសកម្ពុជា ដូចជាតំបន់បឹងត្រកួន កំរៀង ក្រងក់ ភ្នំឆ័ត្រ ភ្នំប្រាក់ជាដើម។
មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាដដែលដែលមានបទពិសោធន៍ខាងបញ្ជាកងទ័ពនៅសមរភូមិមុខជាយូរឆ្នាំមកទល់បច្ចុប្បន ហើយនិងមានពិសោធន៍ខាងផែនទី បានបារម្ភខ្លាចថាថៃទំនងជាមិនចង់ចរចារឿងព្រំដែននេះតាមរយៈពហុភាគីឬ ច្បាប់អន្តរជាតិទេ ព្រោះអាចនាំឲ្យបាត់បង់ តំបន់ទឹកដីដែលថៃកំពុង កាន់កាប់ក្នុងទឹកដីកម្ពុជា។ នាយទាហានដដែលបានពន្យល់ថាប្រសិនបើភាគីអន្តរជាតិត្រូវសើរើនោះ គេនឹងប្រើប្រាស់ផែនទីត្រឹមត្រូវ ដែលកម្ពុជាតម្កល់ទុកនៅឯអ.ស.ប។ នាយទាហានជាន់ខ្ពស់រូបនោះបាននិយាយដែរថាថៃទំនងជាអាចបញ្ចប់បញ្ហាព្រំដែនកម្ពុជានិងថៃប្រសិនបើកម្ពុជាធ្វើសម្បាទានទឹកដីកន្លែងខ្លះដល់ខ្លួនរាប់ទាំងតំបន់ប្រាសាទព្រះវិហារដែលថៃបានប្រកែកតវ៉ាជានិច្ចជាកាលនោះផង។
លោកវ៉ា គឹមហុង ថ្លែងថាតំបន់ដែលមានបញ្ហាប្រទាញប្រទង់គ្នារវាងកម្ពុជានិងថៃ ទាមទារឲ្យមានការដោះស្រាយឲ្យបានស្តែងឡើងតាមរយៈការបោះបង្គោល ព្រំដែន តែលោកបដិសេធធ្វើអត្ថាធិប្បាយថាកន្លែងណាដែលមានបញ្ហា ដោយ លោកអះអាងថាគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរកំពុងធ្វើកិច្ចការ។
"អាហ្នឹងជាតួនាទីរបស់យើង យើងកំពុងតែធ្វើកិច្ចការហ្នឹងតែយើងមិនអាចថា នៅត្រង់នេះ ត្រង់នោះទេ ព្រោះថាយើងកំពុងតែធ្វើកិច្ចការហ្នឹង យើងមិនទាន់(ផ្តល់)ឲ្យជាស្ថិតិត្រង់នេះ ត្រង់នោះខុស ខាងនេះចូលខាងយើង ខាងនេះចូលខាងគេ វាអត់បានទេបាទ"។
នៅពេលសួរថាតើលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងពិភាក្សាបញ្ហាអ្វីខ្លះ ជាមួយសមភាគីគឺលោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វីចាជីវ៉ា ក្នុងក្រុងញ៉ូវយ៉ក លោកវ៉ា គីមហុង អះអាងថាលោកមិនបានដឹងថាបញ្ហាអ្វីខ្លះ ដែលត្រូវជជែក គ្នាទេ តែលោកបញ្ចាក់យ៉ាងខ្លីថានឹងមានបញ្ហាទ្វេរភាគីមួយចំនួន រវាងប្រទេសទាំងពីរដែលត្រូវពិភាក្សា។
ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែន នឹងលោក អាប់ភីស៊ីត វីចាជីវ៉ា ត្រូវ គេរាយការណ៍មកថានឹងពិភាក្សាគ្នាពីយន្តការណ៍នានាដើម្បី ដោះស្រាយបញ្ហា ព្រំប្រទល់ដែននិងបញ្ហាតានតឹងផ្នែកនយោបាយរវាងប្រទេសទាំងពីរ ក្រោយពេល កិច្ចប្រជុំកំពូលអាមេរិក-អាស៊ានដែលលោក ប្រធានាធិបតី Barack Obama ជាប្រធានកិច្ចប្រជុំត្រូវធ្វើនៅថ្ងៃ២៤ កញ្ញាខាងមុខ ក្នុងទីក្រុងញ៉ូវយ៉ក សរអា។ មេដឹកនាំកម្ពុជាលោក ហ៊ុនសែនបានចេញដំណើរមកកាន់ទីក្រុងញ៉ូវ យ៉កហើយនៅថ្ងៃពុធមុននេះដែលគេមិនដឹងថាប្រជុំពិភាក្សាទ្វេភាគី ស្តីពីរឿង ជម្លោះព្រំដែន ជាមួយភាគីថៃ និងអាចដោះស្រាយបានរបៀបណា ហើយតើការរារែក ក្នុង ការនាំយករឿងព្រំដែននេះទៅដោះស្រាយលំដាប់ អន្តរជាតិ អាចនឹងមានដំណើរការទៅមុខឬក៏អាចបញ្ចប់ត្រឹមការចរចាគ្នារវាងនាយករដ្ឋមន្ត្រីទាំងពីរឬ យ៉ាងណា?។
ជាមួយនឹងការបដិសេធរបស់ថៃក្នុងការនាំយកបញ្ហាព្រំដែនទៅដោះស្រាយ ដោយច្បាប់អន្តរជាតិ ក្រុមអ្នកវិភាគរឿងព្រំដែនបាននិយាយថាការរារែករបស់ កម្ពុជាក្នុងការនាំបញ្ហា ព្រំដែនយកទៅចរចានៅឯអន្តរជាតិអាចពិបាក នឹងដោះសារជាមួយអន្តរជាតិចំពោះបញ្ហាថាតើហេតុអ្វីបានជាកម្ពុជាអាចបញ្ចប់កិច្ចចរចាជាមួយវៀតណាម តាមរយៈទ្វេភាគីតាមរយៈកិច្ចព្រមព្រៀងបំពេញ បន្ថែមដ៏ចម្រូងចម្រាសផ្អែកតាមសិទ្ធិសញ្ញាទស្សវត្សឆ្នាំ១៩៨០ ចុះហេតុអ្វី បានជាជាមួយថៃមិនអាចទៅវិញ? ហើយចុះបើ អន្តរជាតិ ត្រូវសើរើបញ្ហាព្រំដែនទាំង អស់ វាស់បង្គោលព្រំដែនតាមឧបរករណ៍ទំនើបដែលទាមទារឲ្យធ្វើទាំងព្រំដែនជាមួយថៃនិងវៀតណាម តើនឹងមានការអ្វីកើតឡើងសម្រាប់កម្ពុជា ហើយតើកម្ពុជានឹងឆ្លើយតបភាគីថៃយ៉ាងម៉េចប្រសិនបើភាគីថៃសួរថាតើការបញ្ចប់បញ្ហាវិវាទព្រំដែនជាមួយវៀតណាម ហេតុអ្វីធ្វើតាមរយៈទ្វេភាគី ហើយក៏តាមរយៈកិច្ចព្រមព្រៀងបំពេញបន្ថែមផងដែរ ចុះហេតុអ្វីចង់ប្រើជាមួយថៃ នូវច្បាប់អន្តរជាតិនិងផែនទីដែលតម្កល់ទុកនៅអសប?
ទោះជាយ៉ាងណាក៏ដោយកម្ពុជាដែលគ្រោងនឹងបោះបង្គោលព្រំដែនជាមួយវៀត ណាមឲ្យចប់នៅឆ្នាំ២០១២ត្រូវអាក់ខានទៅវិញដោយសារមេដឹកនាំគណបក្ស ជំទាស់លោកសម រង្សី បានចោទប្រកាន់ថាមានការរំលោភបំពានទឹកដីពេលបោះបង្គោល។ តែលោកសម រង្សី ពេលនេះកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចចេញ ពីការតាមចាប់ខ្លួនពីបទដកតម្រុយបង្គោលព្រំដែនក្រោយពីតុលាការប្រទេស កម្ពុជាបានកាត់ទោសឲ្យលោកជាប់គុគ២ឆ្នាំ។ តុលាការក្រុងភ្នំពេញបានចេញ សាលក្រមសំរេចទោសលោក សម រង្សីចំនួន១០ឆ្នាំបន្ថែមមួយករណីទៀតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ពីបទផ្សព្វផ្សាយឯកសារព្រំដែនក្លែងក្លាយ។