គ្មាន​ការ​ស៊ើប​អង្កេត​ស្តី​អំពី​ខ្មែរឥស្លាម​ចូលរួម​ក្រុម​សកម្មប្រយុទ្ធ​នៅ​អ៊ីរ៉ាក់

បុរស​ខ្មែរ​ឥស្លាម​ម្នាក់ និយាយ​ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​ក្នុង​តុលាការ​ពិសេស ដែល​ត្រៀម​សម្រាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​នៅ​ក្នុង​ខេត្តកណ្តាល នៃ​ប្រទេស​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​គ្មាន​ការ​ចាប់​អារម្មណ៍​និង​បើក​ការ​ស៊ើប​អង្កេត​អំពីខ្សែ​វីដេអូ​មួយ​ដែល​បាន​អះអាង​ថា មាន​ពលរដ្ឋ​ខ្មែរ​ឥស្លាម​បាន​ចូល​រួម​ជាមួយ​ពួក​សកម្ម​ប្រយុទ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់។

កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​Youtube​ ដែល​មាន​រយៈពេល​១៣​នាទី​និង​២៩​វិនាទី​បាន​បង្ហាញ​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ដែល​និយាយ​ភាសាអង់​គ្លេស​បាន​យ៉ាង​ល្អ​អង្គុយ​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​ ដែលមាន​ទង់ជាតិ​ព័ណខ្មៅ​ដែល​ជា​សញ្ញា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ អ៊ីរ៉ាក់​ និង​ ស៊ីរី​ ដែល​ហៅ​កាត់​ថា «ISIS» ។

នៅ​ក្នុង​ខ្សែរ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា «គ្មាន​ជីវិត​ទេ​បើ​អត់​មាន​ជីហាដ(Jihad)»​ មាន​ក្រុម​សកម្ម​ប្រយុទ្ឋម្នាក់​បាន​នាំ​ខ្លួន​ឯង​ថា​ឈ្មោះ​ មុតថាណា អាល យេមេនី (Muthanna Al Yemeni) មក​ពី​ប្រទេស​អង់គ្លេស ដោយ​មានកន្សែង​ស​នៅ​លើ​ក្បាល​នៅ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ឋ​មួយ​ចំនួន​ទៀត​កាន់​អាវុធ​អាកា​៤៧​អង្គុយ​ក្នុង​ព្រៃ​មួយ​កន្លែង។

លោក យេមេនី បាន​អះអាង​ជា​ភាសារ​អង់គ្លេស​និង​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ថា «យើង​មាន​បង​ប្អូន​មក​ពី​ប្រទេស​អ៊ីរ៉ាក បង់ក្លាដេស កម្ពុជា អូស្រ្តាលី និងចក្រភព​អង់​គ្លេស»។

ក្រុម​សកម្មប្រយុទ្ឋ​ក្នុង​ខ្សែ​អាត់​វីដេអូ​នេះ ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ឥស្លាម​ចូល​រួម​សង្គ្រាម ជីហាដ (Jihad) ឬក៏​ការ​តស៊ូ​ដ៏​ពិសិដ្ឋ​ដែល​ពួកគេ​នឹង​នាំ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់។​

លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ និង​លោក​ កៀត ច័ន្ទថារិទ្ឋ​ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​មិន​អាច​ទាក់​ទង​បាន​ទេ។ ក៏ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​ចាប់​អារម្មណ៍​នឹង​វិដេអូ​ឃ្លីប​នេះ​ទេ ហើយ​ក៏​មិន​បាន​បើក​ការ​ស៊ើប​អង្កេត​ដែរ។​

«យើង​មិន​មាន​សារះ​សំខាន់​ណាមួយ​ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​អ្វី​គ្រាន់​តែ​ព័តមាន​មួយ​ដែល​មិន​អាច​ស្វែង​រក​ប្រភព​ពិត​ហ្នឹង​យក​មក​ធ្វើ​ការ​រាប់​នោះទេ»។

លោក អាម៉ាត់ យ៉ះ​យ៉ា ប្រធាន​សមាគម​អភិវឌ្ឃ​ឥស្លាម​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​ខ្សែរ​អាត់​វីដេអូ​នេះ​នៅ​ឡើយ។ ក៏​ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ថា ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចូល​រួម​ជាមួយ​ពួក​សកម្ម​ប្រយុទ្ឋ​នៅ​អ៊ីរ៉ាក់ទេ។​

លោក​បាន​បញ្ជាក់​ថា នៅ​កម្ពុជា​បើមាន​សកម្មភាព​នេះ​មែន យើង​ប្រាកដ​ជាដឹង។ តែ​ពលរដ្ឋខ្មែរ​ឥស្លាម​កន្លងមក ធ្លាប់​ប្រទេស​ថៃ​ចោទ​ប្រកាន់​ម្តង​ដែរ​ថា បាន​ចូល​រួម​ជាមួយ​នឹង​ពួក​ឥស្លាម​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ដើម្បី​ប្រឆាំង​និង​ប្រទេស​ថៃ​។​

«រឿង​ទាំង​អស់​ហ្នឹង​ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ឃោស​នាជា Propaganda របស់ «ISIS»​តាម​ខ្ញុំ​ដឹង»។​

លោក ស្លេស ណាស៊ី​ អគ្គលេខាធិការ​នៃ​អង្កការ​ក្រុម​ប្រឹក្សា​ឥស្លាម​អភិវឌ្ឃ​កម្ពុជា​មាន​ប្រសាសន៍​ថា​ពលរដ្ឋ​ឥស្លាម​នៅ​កម្ពុជា​ពុំ​មាន​ទំនាក់​ទំនង​ណា​មួយ​នឹង​ក្រុម​ឥស្លាម​ជ្រុល​និយម​ឬ​ក៏​ក្រុម​សកម្ម​ប្រយុទ្ឋនៅ​អ៊ីរ៉ាក់​ទេ។

«បើ​តាម​ខ្ញុំ​ដឹង​គឺ​ដូច​អត់​មាន​ពាក់​ព័ន្ឋ​ទេ​។​កន្លងមក​ហេតុ​ការណ៏​មួយចំនួន​ដែល​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពាក់​ព័ន្ឋ​និង​ភេវកម្ម​ភាគ​ច្រើន​ជាបរទេស​ដែល​គាត់​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​មួយ​ចំនួន​តូច​ដែល​ពាក់​ព័ន្ឋ​ដែល​ពាក់​ព័ន្ឋ​និង​បញ្ហា​ហ្នឹង​ដូច​ជាអត់​មាន​អ្វី​ច្រើនទេ»។

លោក ណាស៊ី បាន​បញ្ជាក់​ទៀត​ថា ជនជាតិ​ខ្មែរ​ឥស្លាម​មាន​ចរិក​ស្លូត​បូត​និង​ចំណេះ​ដឹង​នៅ​មាន​កម្រិត​ដែល​មិន​អាច​ចូល​រួម​ជាមួយ​ពួក​សកម្ម​ប្រយុទ្ឋ​ណាមួយ​បាន​ទេ៕