លោក ញឹក ប៊ុនឆៃ បង្កើត​គណបក្ស​ថ្មី​ក្រោយ​ទំនាស់​ផ្ទៃ​ក្នុង​ហ្វ៊ុនស៊ិនប៉ិច

លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​​ អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ​​ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)

អតីត​មេទ័ព​របស់​កម្លាំង​រាជានិយម​ហ៊្វុនស៊ិន​ប៉ិច គឺ លោក​ ញឹក​ ប៊ុនឆៃ​​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ផ្តាច់​ចំណង​នយោបាយ​ជាមួយ​អតីត​ចៅហ្វាយ​របស់​លោក​ គឺ​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ឈ្មោះ​ថា​ «គណបក្ស​រួបរួមជាតិ»។

អតីត​មេទ័ព​របស់​កម្លាំង​រាជានិយម​ហ៊្វុនស៊ិន​ប៉ិច គឺ លោក​ ញឹក​ ប៊ុនឆៃ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ផ្តាច់​ចំណង​នយោបាយ​ជាមួយ​អតីត​ចៅហ្វាយ​របស់​លោក​ គឺ​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ឈ្មោះ​ថា​ «គណបក្ស​រួបរួមជាតិ»។

ការ​ប្រកាស​របស់​លោក ញឹក​ ប៊ុនឆៃ​ អតីត​មេទ័ព​ស្មោះ​នឹង​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានសេចក្តី​រាយការណ៍​ព័ត៌មាន​ជា​បន្តបន្ទាប់​កាល​ពី​ពេល​ថ្មីៗ​នេះអំពី​ទំនាស់​ផ្ទៃ​ក្នុង​បក្ស​រវាង​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ និង​លោក​ ញឹក​ ប៊ុនឆៃ​ ដែល​ជា​អនុប្រធាន​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច។​ ​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ​ ខ័ណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​កន្លង​ទៅ លោក​ ញឹក ប៊ុនឆៃ​ មាន​ប្រសាសន៍​ថា​ ការ​ដឹកនាំ​បែប​អត្តនោម័ត​ដែល​នឹងនាំ​ទៅ​រក​អំពើ​ពុក​រលួយ​និង​បក្សពួកនិយម​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ​ បាន​ធ្វើ​ឲ្យ​លោក​និង​សមាជិក សមាជិកា​ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ចំនួន ​មិន​សប្បាយ​ចិត្ត​ ហើយ​ត្រូវ​ដើរ​ចេញ​ពី​គណបក្ស​ ដើម្បី​ផ្តើម​ផ្លូវ​នយោបាយ​ថ្មី​មួយ​ដោយ​ខ្លួន​ឯង។​

លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​។ (ហ៊ុល រស្មី/VOA)

«របៀប​ដឹកនាំ​ របៀប​គណបក្ស​ដូច​សព្វ​ថ្ងៃ​ហ្នឹង​ ខ្ញុំ​អត់​ពេញ​ចិត្ត​ព្រោះ​ការ​ដឹកនាំ​ហ្នឹង​ របៀប​គេ​ហៅ​ថា​ អត្តនោម័ត​ ការ​សម្រេច​ដោយ​ប្រធាន​អី​មួយ​ អញ្ចឹង​ទៅ​ដល់​អញ្ចឹង​ខ្ញុំ​តាំង​ពី​ដើម​ ដែល​ខ្ញុំ​កែទម្រង់​ថ្ងៃ​ ១៨​ ខែ​តុលា​ ឆ្នាំ​២០០៦​ ខ្ញុំ​កែ​ចំណុច​ហ្នឹង​ពី​អំណាច​ផ្តាច់​មុខ​ ទៅ​លើ​ប្រធាន​មក​ជា​អំណាច​ ដោយ​សមូហភាព​ ដែល​មាន​គណៈអចិន្ត្រៃយ៍​គណៈនាយក​តាម​បែប​ប្រជាធិបតេយ្យ។​ អញ្ចឹង​ហើយ​ដែល​ខ្ញុំ​ឃើញ​ហ្នឹង​ចំណុច​មួយ។​ ចំណុច​ពីរ​ ខ្ញុំ​កំពុង​តែ​ឃើញ​ថា​ អាច​នឹង​ឈាន​ទៅ​មាន​អំពើ​ពុករលួយ​អញ្ចឹង​ដែល​ខ្ញុំ​សង្ឃឹម​ថា​ គណបក្ស​នយោបាយ​ បើ​យើង​មាន​អំពើ​ពុករលួយ​ពី​ហ្នឹង​ហើយ​ បើ​យើង​ឈាន​ទៅ​ដឹកនាំ​ជាតិ​ ក៏​វា​ធ្វើ​ឲ្យ​ជាតិ​ហ្នឹង​ខ្ទេច​ខ្ទី​ដែរ។​ អញ្ចឹង​ដែល​ខ្ញុំ​អត់​ពេញចិត្ត​ទេ​ បក្សពួក​និយម​ ហើយ​គ្រួសារ​និយម​ថែមទៀត​»។

លោក​ សាយ ហាក់​ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ឆ្លើយ​តប​ភ្លាមៗ​ថា​ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ពុំ​មាន​ព្រះ​បំណង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​ទេ។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​សូម​ជម្រាប​ពាក្យ​ថា​ ពុករលួយ​នេះ​ លោក​មក​កាន់​ លោក​អត់​ដែល​បាន​ទទួល​អី​ ពុក​រលួយ​អី​ទេ។ អ្នក​ដែល​លក់​ស្នាក់ការ​ទាំង​អស់​ គឺ​ឯកឧត្តម​ ញឹក ប៊ុនឆៃ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ចាស់​នោះ​ ដោះ​ដូរ​ទាំង​អស់។​ លោក​គ្រាន់​តែ​ចង់​ដឹង​ថា ​តើ​មាន​អ្វី​ខ្លះ​ដែល​នៅ​សល់​ ដើម្បី​ធ្វើ​បញ្ជី​សារពើពន្ធ​ តែ​ប៉ុណ្ណឹង​ អត់​មាន​សើរើ​អី​ទាំង​អស់»។​

​លោក​ក៏​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ទាក់​ទិន​បញ្ហា​បក្ស​ពួក​និយម​ ហើយ​អះអាង​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ពុំ​បាន​ជួប​ការ​បែក​បាក់​ផ្ទៃ​ក្នុង​នោះ​ទេ ទោះបី​ជា​លោក​ ញឹក​ ប៊ុនឆៃ​ ប្រកាស​បង្កើត​គណបក្ស​ថ្មី​ក៏ដោយ។

«គណបក្ស​ហ៊្វុនស៊ីនប៉ិច​អត់​មាន​បែកបាក់​គ្នា​ទេ​ ព្រះ​អង្គ​ក៏​មិន​ដែល​ដេញ​អ្នក​ណា​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។​ សិទ្ធិ​របស់​បុគ្គល​មួយៗ​ចង់​ធ្វើ​នយោបាយ​ ចង់​ចេញ​ អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់​ ក៏​ប៉ុន្តែ​កុំ​យក​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ logo ​ហ៊្វុនស៊ិនប៉ិច​ ទៅ​ធ្វើ​ជា​របស់​បុគ្គល​ផ្សេង​អត់​បាន​ទេ»។

លោក​ អ៊ូ វីរៈ​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និងជា​ប្រធាន​វេទិកា​អនាគត ​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ថ្លែង​ថា​ គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ ពុំ​មាន​សារ​នយោបាយ​ថ្មី​ ឬ​គោលគំនិត​ថ្មី​សម្រាប់​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​នោះឡើយ។​ លោក​ថា​ បើ​ទោះជា​គណបក្ស​នេះ​ មិន​ជួប​ការ​បែកបាក់​គ្នា​ក៏ដោយ​ ក៏​គណបក្ស​នេះ​ មិន​អាច​មាន​ឱកាស​នឹង​ទទួល​បាន​ការ​គាំទ្រ​នោះ​ដែរ​ ហើយ​គណបក្ស​នេះ​រង់​ចាំ​តែ​ពេលវេលា​សម្រាប់​បិទ​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន​តែប៉ុណ្ណោះ។​

លោក អ៊ូ វីរៈ ថ្លែង​ថា៖

«នយោបាយ​ពួក​គាត់​តាំង​ពី​ដើម​មក​នយោបាយ​ស៊ី​កេរ្តិ៍។​ ពី​ដើម​មក​ គាត់​ស៊ីកេរ្តិ៍​សម្តេចតា​ ហើយ​ក្រោយ​មក​ស៊ី​កេរ្តិ៍​គណបក្ស​ប្រជាជន​ ឱប​ជើង​គណបក្សប្រជាជន​ ហើយធ្វើ​គណបក្ស​នយោបាយមួយ​ ប៉ុន្តែ​ទៅ​សុំ​អង្វរ​ ហើយ​និង​ស្តាប់​បញ្ជា​នៃគណបក្ស​នយោបាយ​មួយ​ទៀត​ អាហ្នឹង​គឺ​ខ្ញុំ​មើល​ទៅ​គ្មាន​ឱកាស​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ។​ ហើយ​អញ្ចឹង​បាន​ខ្ញុំ​ថា​ មិន​មែនគឺ​ទោះ​បី​គាត់​បែក​គ្នា​ក៏ដោយ​ មិន​បែក​គ្នា​ក៏ដោយ​ ក៏​ខ្ញុំ​មើល​ពួក​គាត់​ទាំង​ពីរ​នាក់​គឺ​ប្រហែល​ជាបញ្ចប់​ជីវិត​នយោបាយ​ហើយ»។

ព្រះ​អង្គម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ ព្រះ​ជន្ម​៧២​វស្សា​ ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី១ ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ និង​ជា​គូប្រជែង​កម្លាំង​យោធា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ទី២​នា​ពេល​នោះ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ច្រើន​លើស​លប់​នៅ​ក្នុង​ការ​បោះឆ្នោត​ ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨។ អាសនៈ​របស់​គណបក្ស​នយោបាយ​រាជា​និយម​មួយ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សូន្យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​ ដោយ​សារ​គណបក្ស​នេះ​បាន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ។​

លោក​ ញឹក​ ប៊ុនឆៃ​ ថ្លែង​នៅ​ចំពោះ​អ្នកសារព័ត៌មាន​ កាល​ពី​ថ្ងៃ​ពុធ​ដដែល​ថា​ គណបក្ស​នយោបាយ​របស់​លោក​នឹង​អាច​រកបាន​កៅអីពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។​ លោក​បាន​អះអាង​ផង​ដែរ​ថា ប្រភព​ថវិកា​គណបក្ស​ថ្មី​របស់​លោក​នឹង​ចេញ​មក​ពី​ការ​ចូលរួម​ចំណែក​របស់​សមាជិកសមាជិកា​ដែល​បាន​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ពុំ​នៅ​ពី​ក្រោយ​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ​របស់​លោក​នោះ​ទេ។​ លោក​ថា​ គោល​នយោបាយ​របស់​គណបក្ស​រួបរួម​ជាតិ​របស់​លោក​នឹង​ផ្តោត​ទៅ​លើ​វិបត្តិ​សង្គម​ដែល​ប្រជាជន​ខ្មែរ​កំពុង​ជួប​សព្វ​ថ្ងៃ​ ដូច​ជា​វិបត្តិ​ដីធ្លី​ និង​អំពើ​ពុករលួយ​ជាដើម៕